ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកជំនាញសិទ្ធិមនុស្សនិងតំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិខ្វែងគំនិតគ្នាលើសាលក្រមផ្តន្ទាទោសលោក កឹម សុខា


លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​ផ្ទះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្បត់​ជាតិ ដែល​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ចំនួន ២៧ ឆ្នាំ ក្រោយ​ពី​រក​ឃើញ​ថា​មាន​ទោស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​ផ្ទះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្បត់​ជាតិ ដែល​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ចំនួន ២៧ ឆ្នាំ ក្រោយ​ពី​រក​ឃើញ​ថា​មាន​ទោស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ប្រតិកម្ម​ខ្លាំងៗ​ដោយចាត់ទុក​សាលក្រម​ផ្តន្ទទោស​លោក ​កឹម សុខា ​ថា​ «មាន​លក្ខណៈនយោ​បាយ​»។ ក៏ប៉ុន្តែ​ ស្ថានបេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​បាន​ប្រតិកម្មខ្លាំងៗបក​ទៅ​វិញ ដោយ​ចាត់​ទុក​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​របស់​ អ.ស.ប បែបនេះ ថា​«មាន​ចេតនា​នយោបាយ និង​មាន​បំណង​បំភ័ន្ត​សាធារណជន»។

កាលពី​ថ្ងៃពុធ ទី៨ ខែមីនា ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ អ.ស.ប បាន​ព្រមាន​ថា សាលក្រម​កាត់ទោស​លោក កឹម សុខា អតីត​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវបាន​រំលាយ ឱ្យ​ជាប់​ឃុំរយៈពេល ២៧ ឆ្នាំនៅក្នុង​ផ្ទះ «នឹងមាន​ផលប៉ះពាល់​ដល់​សិទ្ធិសេរីភាព​នយោបាយ​និង​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិនៅ​ប្រទេស​កម្ពុជា មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ» ឈាន​មក​ដល់​នៅ​ខែកក្កដា​ខាងមុខនេះ។

ក្រុម​អ្នក​ជំនាញ​ដែល​មាន​សមាជិក​ ៩ ​នាក់​ បាន​លើក​ឡើង​ថា៖ «យើង​ជឿ​ថា​ការ​ផ្តន្ទាទោស​លើ​លោក កឹម សុខា មាន​លក្ខណៈ​នយោបាយ ហើយ​ជា​ភស្តុតាង​បន្ថែម​ទៀតនៃ​ទំនោរ​ដែល​កំពុង​បន្ត​កើត​មាន​មួយនៃ​ការ​អនុវត្តខុស​នៃ​ច្បាប់​ដើម្បីដៅ​ដៃគូ​ប្រជែង​ខាង​នយោបាយ​ និង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល»។

មួយ​ថ្ងៃក្រោយ​មក ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ដែល​ដឹកនាំ​ដោយឯកអគ្គរាជទូតនិង​តំណាង​អចិន្ត្រៃយ៍កម្ពុជា លោក អ៊ិន តារា បាន​ប្រតិកម្ម​បកទៅវិញ​ដោយ​ច្រានចោល​រាល់​ការ​លើកឡើង​ទាំងអស់​របស់​ក្រុម​អ្នក​ជំនាញ​នៃ​ អ.ស.ប។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ៩ ​ខែមីនា​ បាន​លើក​ឡើង​ថា​ ការ​អត្ថា​ធិប្បាយ​របស់​ក្រុម​អ្នកជំនាញ​ «មិន​ត្រឹម​តែ​ពុំមាន​សំអាង​ត្រឹមត្រូវ ហើយ​ថែម​ទាំង​បង្ក​ឱ្យ​មាន​ការ​ភាន់ច្រឡំទៀតផង​។ មតិ​របស់​ក្រុម​ការងារ​នេះ ពុំមាន​ទម្ងន់​អ្វីទាល់​តែសោះ រាប់​ទាំង​ទម្ងន់​ផ្លូវច្បាប់​មក​លើ​រដ្ឋ​អធិបតេយ្យ​មួយ»។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ អ.ស.ប ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​ Vitit Muntarbhorn អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ការ​ឃុំខ្លួន​លោក កឹម សុខា បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ដំណើរការ​កាត់ក្តី​ «មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​»។

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ អ.ស.​ប ចាត់​ទុក​ថា​ «គ្រាន់​តែ​ជា​ការ​បំផ្លើស​ និង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យល់​ដឹង​នៅ​មាន​កម្រិត​ ឬ​ពុំ​មាន​ឆន្ទៈ​ចង់​យល់​ដឹង​អំពី​នីតិវិធី​តុលាការ​កម្ពុជា ពី​សំណាក់​ក្រុម​អ្នក​រាយការណ៍​ពិសេស​ទាំង​នោះ»។

កាលពី​ថ្ងៃទី ៣ ខែ​មីនា លោក កឹម សុខា អ្នក​នយោបាយ​ប្រឆាំង​ជើង​ចាស់​មួយ​រូប ត្រូវបាន​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​យ៉ាងធ្ងន់​ធ្ងរ​ដោយ​ឱ្យ​លោក​ជា​ប់ឃុំរយៈពេល ​២៧​ ឆ្នាំ​នៅ​ក្នុង​ផ្ទះ​ ហើយ​សិទ្ធិ​នយោបាយ​របស់​លោក ត្រូវបាន​ដក​ហូត​ជា​ស្ថាពរ​។ សហគមន៍​អន្តរជាតិ​ ជាពិសេស​តំណាង​រដ្ឋា​ភិបាល​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ បាន​រិះគន់​ខ្លាំងៗ​លើសាលក្រម​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​រដ្ឋាភិបាល​ទាំង​នោះ​ កុំ​ឱ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នយោបាយ​របស់​កម្ពុជា។ សាលក្រម​នេះ​បានធ្វើឡើងមិន​ដល់​ប្រាំខែ មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ខាងមុខនេះ។

ក្រុមអ្នក​ជំនាញ​នៃ​ អ.ស.ប ក៏បាន​បញ្ជាក់​ផងដែរ​ថា សាលក្រម​នេះ​ «ឆ្លុះបញ្ចាំង​ពី​បរិយាកាស​នយោបាយ​ដ៏អាក្រក់មួយសម្រាប់​ការ​ធ្វើ​សកម្មភាព​នយោបាយ» នៅ​ក្នុងដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដោយ​«អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​លោក​ កឹម សុខា វិញ ហើយ​ធានាឱ្យ​មាន​ការ​គោរពសិទ្ធិមូលដ្ឋាន​របស់​លោក»។

ក៏ប៉ុន្តែ ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ក្រើន​រំឭកឱ្យ ក្រុម​អ្នកជំនាញ​នៃ អ.ស.ប «ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ក្រម​សីលធម៌​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិ​វិធីពិសេស ក្នុង​ការ​បំពេញ​មុខ​ងារ​របស់ខ្លួន» ដោយ​អះអាង​ថា បើ​ទោះ​បីជា​អវត្តមាន​អ្នក​នយោបាយ​មួយចំនួនក្តី «ក៏​ប្រទេស​កម្ពុជា​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​បោះឆ្នោត​ជា​សកល​នៅខែ​កក្កដា​ខា​ងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព និង​ឆ្លុះបញ្ចាំង​យ៉ាង​ពេញ​លេញ​ពីឆន្ទៈរបស់​ពលរដ្ឋ»។ ​

នៅថ្ងៃទី ២៣ ខែកក្កដា​ខាង​មុខនេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧៕

XS
SM
MD
LG