អ្នកវិភាគមួយចំនួនក្នុងប្រទេសកម្ពុជា លើកឡើងថា ក្រៅពីសមត្ថភាពនៃការវិភាគដ៏សាមញ្ញរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលត្រូវបានឃាតករបាញ់សម្លាប់រូបនេះ ក៏បានបន្សល់ទុកគំរូនៃការធ្វើខ្លួនយ៉ាងសាមញ្ញក្នុងនាមជាអ្នករៀនសូត្រចេះដឹងបានជ្រៅជ្រះម្នាក់ដែរ។
លោកបណ្ឌិត មាស នី ខាងការអភិវឌ្ឍសង្គមបានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហានេះថា «យើងឃើញនៅក្នុងប្រទេសរបស់យើងនេះ អ្នករៀនកាន់តែខ្ពស់ ចារិកកាន់តែឡូយ ហើយធ្វើឲ្យអ្នកដទៃកាន់តែពិបាកជួប ដែលខ្មែរយើងហៅថា កាលណារៀនកាន់តែខ្ពស់ ឬកហ្នឹង ក៏កាន់តែធំដែរ ប៉ុន្តែសម្រាប់លោក កែម ឡី លោកចូលចិត្តធ្វើភាពជាគំរូមួយ គឺបង្ហាញភាពសាមញ្ញ ទោះបីជាលោករៀនបានសញ្ញាប័ត្របណ្ឌិតហើយក៏ដោយ»។
លោក កែម ឡី ត្រូវបានឃាតករបាញ់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកាលពីថ្ងៃទី១០ខែកក្កដាកន្លងទៅនេះ នៅពេលដែលលោកកំពុងអង្គុយនៅតុកាហ្វេក្នុងហាងស្តារម៉ាតមួយកន្លែងនៅចំកណ្ដាលទីក្រុងភ្នំពេញ។
កាលនៅមានជីវិត អ្នកវិភាគបញ្ហាសង្គមនិងនយោបាយនៅកម្ពុជាដ៏មានប្រជាប្រិយភាពរូបនេះ បានចូលរួមផ្តល់ការវិភាគត្រង់ៗរបស់លោកនៅតាមវិទ្យុនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត ទៅលើបញ្ហាសំខាន់ៗនានាដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ដូចជាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការកាប់បំផ្លាញព្រៃឈើ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនឯកជនជាដើម។
ពីរថ្ងៃមុនពេលលោកត្រូវបានបាញ់ស្លាប់ លោក កែម ឡី បានធ្វើការវិភាគជាសាធារណៈទៅលើរបាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការ Global Witness ដែលមានចំណងជើងថា «Hostile Takeover» ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជា ដែលអ្នកវិភាគខ្លះចាត់ទុកថា ជារបាយការណ៍ដ៏រសើបបំផុតមួយអំពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឬពេលជួបជាមួយប្រជាពលរដ្ឋម្តងៗ លោក កែម ឡី មិនចង់ឲ្យគេហៅលោកតាមងារជាបណ្ឌិតរបស់លោកទេ។ ផ្ទុយទៅវិញ លោកចូលចិត្តនិយាយធម្មតានិងពន្យល់ជាពាក្យពេចន៍សាមញ្ញៗ ដែលជនានុជនអាចយល់បានងាយស្រួល។
លោកក៏និយមស្លៀកពាក់បែបយ៉ាងសាមញ្ញ ជាពិសេសគឺសំលៀកបំពាក់កីឡា ដែលលោកចូលចិត្ត។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោក កែម ឡី តែងតែធ្វើខ្លួនជាមនុស្សសាមញ្ញម្នាក់ ដែលនរណា ក៏អាចជួបប្រាស្រ័យទាក់ទងជាមួយលោកបានដែរ។
«លោក កែម ឡី តែងតែធ្វើឲ្យខ្លួនគាត់ហ្នឹង អាចត្រូវបានគេជួបបាន។ គេសុំជួបពេលណាក៏បាន គឺសាមញ្ញភាពរបស់គាត់ហ្នឹងគឺថាពេលដែលមានយុវជនឬក្រុមមហាជនដែលចង់ជួបលោក កែម ឡីហ្នឹង គឺគាត់តែរៀបចំពេលវេលាឲ្យគ្រប់គ្រាន់ សម្រាប់ឲ្យមានការជួបប្រជុំគ្នា ហើយនៅពេលជួបម្តងៗគឺលោកនិងពួកយើងតែងតែព្យាយាមផ្តល់ការវិភាគឬនាំគ្នាវិភាគតែស្ថានភាពសេដ្ឋកិច្ច សង្គមនិងនយោបាយគឺមិនបានទាញទៅចូលគណបក្សណាមួយទេបាទ »។
ដោយសារតែលោក កែម ឡី ត្រូវគេដឹងថា ក៏ជាស្ថាបនិកម្នាក់នៃគណបក្សនយោបាយថ្មីមួយដែលទើបបង្កើតឡើងឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកត្រូវបានអ្នកខ្លះ ចោទប្រកាន់ថា បានយកងារជាអ្នកវិភាគបញ្ហាសង្គមរបស់លោក ទៅប្រើដើម្បីរិះគន់រដ្ឋាភិបាលនិងគណបក្សដទៃទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ដល់គណបក្សនយោបាយថ្មីនោះ ទោះបីជាលោកតែងតែបានបដិសេធនិងមិនមានតួនាទីណាមួយនៅក្នុងគណបក្សថ្មីនោះក៏ដោយ។
ប៉ុន្តែ លោកបណ្ឌិត មាស នី ថ្លែងថា លោក កែម ឡី មិនមានគោលបំណងបម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយណាមួយនោះទេ តែផ្ទុយទៅវិញ លោកអះអាងថា លោក កែម ឡី គ្រាន់តែចង់ធ្វើជាគំរូដ៏ល្អមួយដល់យុវជននិងព្យាយាមដឹកនាំពួកគេឲ្យក្លាយជាយុវជនឯករាជ្យ ដែលចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង។
«យុវជនយើងសព្វថ្ងៃនេះមួយចំនួន ត្រូវបានអ្នកនយោបាយទាញឲ្យផ្កាប់មុខឲ្យទៅរកគណបក្សនយោបាយរបស់គេ តែសម្រាប់គោលគំនិត អ្វីដែលលោក កែម ឡីចង់បានចង់ឃើញនោះ គឺយើងចង់ឃើញយុវជនដែលចេះឈរនៅលើជំហរខ្លួនឯង ហើយមានការវិភាគគ្រប់ជ្រុងជ្រោយ ហើយសម្រេចចិត្តដោយខ្លួនឯង គឺមិនចង់ឲ្យយុវជនផ្កាប់មុខ ឬត្រូវបានគេលាបពណ៌ទៅខាងណាមួយទេ»។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ដែលធ្លាប់ទទួលបានការជ្រួយជ្រោមជ្រែងពីលោក កែម ឡីផងដែរនោះ បានអះអាងថា ការស្លាប់របស់លោក កែម ឡី បានបន្សល់ទុកគំរូនៃភាពក្លាហានដល់យុវជនជំនាន់ក្រោយដូចជាក្រុមរបស់លោកជាដើម។
លោកបានថ្លែងនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទដែរ ថា ទោះបីជាកិច្ចការងាររបស់ក្រុមលោក អាចប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ក៏ក្រុមរបស់លោក នៅតែបន្តបេសកកម្មពីលោក កែម ឡីតទៅទៀតដែរ។
«រាល់ថ្ងៃនេះ យើងនៅតែបន្តបេសកកម្មរហូត ដោយយើងមានការចុះទៅតាមមូលដ្ឋាន ដើម្បីចុះពិនិត្យមើលនិងស្រាវជ្រាវ។ និយាយឲ្យចំ គឺយើងនៅតែបន្តកិច្ចការហ្នឹង ទោះបីជាលោក បានលាចាកលោកទៅហើយក៏ដោយ»។
លោក កែម ឡី បានធ្វើសកម្មភាពចុះស្រាវជ្រាវនិងចងក្រងឯកសារអំពីបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះរួមទាំងបញ្ហានៅតាមតំបន់កោះជាប់ព្រំដែនប្រទេសជិតខាងកម្ពុជាផង។
លោក កែម ឡី ក៏គ្រោងនិពន្ធនិងបោះពុម្ពរឿងកំប្លែងរបស់លោកចំនួន៩៩រឿងនៅចុងឆ្នាំ២០១៦នេះផងដែរ ប៉ុន្តែ លោកសរសេរទើបបាន១៩រឿងប៉ុណ្ណោះ ត្រឹមពេលដែលត្រូវបានឃាតករបាញ់សម្លាប់នោះ៕