លោក John Ali បានរត់ចេញពីភូមិរបស់គាត់ក្បែរទីក្រុង Gwoza ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា នៅពេលក្រុមឧទ្ទាម Boko Haram បានធ្វើការវាយប្រហារលើភូមិនោះ។ លោក Ali គិតថា គាត់នឹងមិនចាកចេញពីផ្ទះយូរនោះទេ ប៉ុន្តែគាត់មិនបានត្រឡប់ទៅវិញជិត២ឆ្នាំហើយ។ ផ្ទះរបស់គាត់នៅពេលនេះគឺជាខ្ទមប្រក់ដោយស័ង្កសីដ៏ក្តៅក្នុងជំរំពោរពេញទៅដោយជនភៀសខ្លួន ក្នុងក្រុង Maiduguri នៃរដ្ឋ Borno។
លោក Ali គ្មានប្រាក់ទេ គាត់មិនអាចស្វែងរកការងារធ្វើបាន ហើយគាត់ពឹងផ្អែកលើទីភ្នាក់ងារជួយសង្គ្រោះសម្រាប់អាហារ២ពេលដែលគាត់ និងគ្រួសារទទួលបានរាល់ថ្ងៃ។
«រហូតមកដល់ថ្ងៃនេះ ក្រុម Boko Haram នៅតែមាននៅទីនោះ។ ពួកគេមានស្ថេរភាព។ ពួកគេថែមទាំងបោះជំរំក្នុងភូមិរបស់យើងទៀតផង។ ដូច្នេះយើងគ្មានផ្លូវដែលអាចត្រឡប់ទៅវិញបានទេ ប៉ុន្តែពួកយើងពិតជាចង់ត្រឡប់ទៅវិញណាស់»។
លោក Ali គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជននីហ្សេរីយ៉ាជាង ២.១លាននាក់ ដែលបានរត់គេចពីការវាយប្រយុទ្ធគ្នារវាងក្រុម Boko Haram និងក្រុមយោធានៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ ការប្រយុទ្ធគ្នានោះបានបន្សល់នៅការខូចខាតភូមិ និងទីក្រុង និងធ្វើឲ្យផ្លូវសំខាន់ៗជាច្រើនមិនអាចធ្វើដំណើរបាន។
របាយការណ៏របស់រដ្ឋាភិបាល រដ្ឋ Borno ដែល VOA ទទួលបានបង្ហាញថា ក្រុមឧទ្ទាមបានបំផ្លាញលំនៅឋានជិត១លានខ្នង និងថ្នាក់រៀនប្រហែល៥.០០០បន្ទប់។
ប្រជាជនភៀសខ្លួនមួយចំនួនធំមិនបានរស់នៅក្នុងជំរំទេ ប៉ុន្តែបានទៅស្នាក់នៅតាមផ្ទះក្នុងទីក្រុងផ្សេងៗទូទាំងប្រទេសនីហ្សេរីយ៉ា។ តែទោះជាយ៉ាងណា មន្រ្តីមួយរូបនៃរដ្ឋ Borno បានប្រាប់ VOA ថា រដ្ឋាភិបាលមិនចង់ឲ្យជំរំប្រជាជនភៀសខ្លួនទាំងនោះក្លាយជាជំរំអចិន្រ្តៃយ៍សម្រាប់ពួកគេទេ។ ក្រុង Maiduguri បានក្លាយជាជម្រកសម្រាប់ប្រជាជនប្រហែល៨០០.០០០ (៨០ម៉ឺន)នាក់ដែលបានរត់គេចពីក្រុម Boko Haram នេះបើយោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។
ទីភ្នាក់ងារជាតិគ្រប់គ្រងការសង្រ្គោះបន្ទាន់ (NEMA) និយាយថា ពួកគេចង់បញ្ជូនប្រជាជនដែលភៀសខ្លួនទាំងនេះត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញក្នុងឆ្នាំនេះ ប៉ុន្តែលុះត្រាតែទីក្រុងដែលត្រូវបានបំផ្លាញដោយការវាយប្រហារនោះ អាចឲ្យប្រជាជនរស់នៅបាន។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារ NEMA លោក Sani Datti និយាយថា សុវត្ថិភាពគឺជាបញ្ហាមួយផ្សេងទៀត។
«ក្រុមឧទ្ទាមត្រូវបានកម្ចាត់ចេញស្ទើរតែគ្រប់សហគមន៍ ប៉ុន្តែនៅតែមានសេសសល់បន្តិចបន្តួចពីកន្លែងមួយទៅកន្លែងមួយ។ ដូច្នេះខ្ញុំគិតថាអ្វីដែលយើងកំពុងតែធ្វើឥឡូវនេះ គឺព្យាយាមបោសសម្អាតសហគមន៍ទាំងអស់ ដើម្បីឲ្យយើងអាចប្រកាសប្រាប់ប្រជាជនឲ្យត្រឡប់ទៅវិញដោយសុវត្ថិភាព»។
ក្រុមយោធានីហ្សេរីយ៉ានិយាយថា ពួកគេបានរឹតបន្តឹងសន្តិសុខក្នុងទីក្រុង Maiduguri បានបើកឲ្យដំណើរការឡើងវិញផ្លូវសំខាន់ៗដែលឆ្ពោះទៅទីក្រុងនេះ និងកំពុងបណ្ដេញក្រុម Boko Haram ចេញពីភូមិដាច់ស្រយាលដែលពួកយុទ្ធជនរបស់ក្រុមនេះកំពុងលាក់ខ្លួន។ ក៏ប៉ុន្តែប្រជាជនដែលចាកចេញពីផ្ទះសម្បែងទាំងនេះនិយាយថា ពួកគេនៅមិនទាន់មានអារម្មណ៏ថាមានសុវត្ថិភាពនៅឡើយ។
លោក Musa Ghuba គឺជាកសិករម្នាក់ដែលពីមុនបានរស់នៅក្នុងភូមិមួយក្បែរក្រុង Gwoza ហើយបានរត់គេចខ្លួនទៅទីក្រុង Maiduguri។ លោកសង្ឃឹមថានឹងបានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកនឹងមិនទៅវិញទេ រហូតទាល់តែតំបន់ចាស់របស់លោកមានសន្តិភាពដូចពីមុន។
ដោយគ្មានការងារធ្វើ និងគ្មានវិធីដែលអាចត្រឡប់ទៅផ្ទះវិញបាន ប្រជាជនភៀសខ្លួនរាប់លាននាក់ដូចជា លោក Ghuba នៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា៕
ប្រែសម្រួលដោយ ទុំ ម្លិះ