ជនចំណាកស្រុក និងជនភៀសខ្លួនជាងមួយលាននាក់ បានមកដល់ទ្វីបអឺរ៉ុបកាលពីឆ្នាំមុន ដោយភាគច្រើននៃពួកគេរត់គេចចេញពីតំបន់ដែលមានជម្លោះ។ ហើយមានមនុស្សជាច្រើនទៀត ដែលមានបំណងចូលមកទ្វីបអឺរ៉ុប ក្នុងឆ្នាំនេះ។ មនុស្សរាប់ពាន់នាក់បានស្លាប់ ក្នុងការធ្វើដំណើរតាមសមុទ្រ ពីប្រទេសតួកគី ទៅប្រទេសក្រិក ឬពីអាហ្វ្រិកខាងជើង ទៅប្រទេសអ៊ីតាលី។ ប៉ុន្តែ មនុស្សរាប់ពាន់នាក់ផ្សេងទៀតក៏បានស្លាប់ ឬក៏បាត់ខ្លួនជារៀងរាល់ឆ្នាំ ដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេឆ្ងល់ថា តើមានរឿងអ្វី បានកើតឡើងចំពោះពួកគេទាំងនោះ។ គម្រោង «ជនចំណាកស្រុកដែលបានបាត់ខ្លួន» (Missing Migrants Projects) មានបំណងស្វែងរកហេតុផលនៅពីក្រោយការបាត់ខ្លួននោះ។
លោក William Lacy Swing និយាយថាជោគវាសនារបស់ជនចំណាកស្រុកជាច្រើន គឺស្ថិតក្នុងសភាពអាថ៌កំបាំង។ លោក Swing គឺជាអគ្គនាយកនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (International Organization for Migration)។
គ្មាននរណាម្នាក់ ដឹងពីចំនួនមនុស្សស្លាប់ ឬបាត់ខ្លួនទេ។ ពួកយើង ធ្វើការប៉ាន់ប្រមាណ លើមនុស្សដែល យើងអាចតាមដានបាន។ ឧទាហរណ៍ កាលពីឆ្នាំមុន យើងដឹងថា វាជាឆ្នាំដែលជាប់កំណត់ត្រា ដែលមានមនុស្សច្រើនជាង ៥.៣០០ នាក់បានស្លាប់តាមផ្លូវចំណាកស្រុក។ ប៉ុន្តែ វាមិនបានរាប់បញ្ជូល អ្នកផ្សេងទៀតដែលបានស្លាប់នៅក្នុងវាលខ្សាច់ ឬនៅតាមបណ្តោយផ្លូវចំណាកស្រុកផ្សេងទៀតទេ។ វាជារឿងពិបាកណាស់។
គម្រោង «ជនចំណាកស្រុកដែលបានបាត់ខ្លួន» ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការ IOM និងគណៈកម្មការអន្ដរជាតិទទួលបន្ទុកលើជនបាត់ខ្លួន (International Commission on Missiong Persons)។ លោក Swing និយាយថា វាបានចាប់ផ្តើមនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៣ បន្ទាប់ពីទូកលិចនៅក្បែរកោះLampedusa នៃប្រទេសអ៊ីតាលី។ មនុស្សច្រើនជាង ៣៦០ នាក់បានស្លាប់។ ជនរងគ្រោះជាច្រើន មកពី ប្រទេសអេរីទ្រា (Eritrea) សូម៉ាលី និងហ្គាណា ដែលបានជិះទូកចេញពីកំពង់ផែ Misrata នៃប្រទេសលីប៊ី។ ប៉ុន្នានថ្ងៃក្រោយមក ទូកមួយទៀតបានលិចនៅក្នុងតំបន់ដដែល ហើយបានសម្លាប់មនុស្សជាង ៣០ នាក់។
ជាច្រើនដងហើយ ដែលសាកសពនៃជនចំណាកស្រុក មិនបានរកឃើញ ឬក៏កំណត់បាននូវអត្តសញ្ញាណ។ ការពិនិត្យឡើងវិញទៅលើ រឿងនេះចំនួន៣.០០០ ករណី នៅចន្លោះឆ្នាំ ១៩៩០ និងឆ្នាំ ២០១៣ បានបង្ហាញឲ្យឃើញថា មានសាកសពតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ។
ជាការពិតណាស់ ចំពោះការបាត់ខ្លួននេះ មានសាកសពជាច្រើន ដែលអ្នកមិនដែលឃើញ និងមិនដែលស្គាល់។ ហើយអ្វីដែលពិបាកនោះគឺ មិនត្រឹមតែទុក្ខព្រួយពីការបាត់បង់សាច់ញ្ញាតិ អ្នកជាទីស្រឡាញ់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែ វាហាក់ដូចជារឿងសោកសៅទ្វេដងដោយសារតែអ្នកមិនអាចបញ្ជាក់ឲ្យបានច្បាស់ពីជនដែលបាត់ខ្លួននោះ ទាំងខាងផ្លូវកាយ ផ្លូវចិត្ត ឬស្មារតី។
ហើយ លោក Swing និយាយថា ក៏មិនមានការបញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់ផងដែរ។
តើប្តីឬប្រពន្ធខ្ញុំ នៅរស់ដែរឬទេ? តើខ្ញុំគឺជាស្ត្រីមេម៉ាយ ឬបុរសពោះម៉ាយឬ? ចុះទ្រព្យសម្បត្តិរបស់ពូកយើង? ដូច្នេះ អ្នកឃើញថា វាពិតជាទុក្ខសោកគួរឲ្យឈឺចាប់ នៅពេលដែលជនទាំងនោះបាត់ខ្លួន ហើយគ្មានវិធីក្នុងការស្វែងរកសាកសពបាននោះ។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា មានកត្តាជាច្រើនដែលធ្វើឲ្យមានចលនាមនុស្សរាប់លាននាក់ធ្វើដំណើរដើម្បីស្វែងរកជីវិតប្រសើរជាងមុន។
ឥឡូវនេះ យើងមានវិបត្តិបន្តបន្ទាប់ ស្មុគស្មាញ និងរីករាលដាល ពីភាគខាងលិចនៃទ្វីបអាហ្រ្វិក ឆ្លងទៅឈូងសមុទ្រ Bengal ដែលនៅចន្លោះនោះមានតំបន់ដែលមានស្ថេរភាពតិចតួចណាស់។ មិនថាតែជំងឺអេបូឡា (Ebola) នៅអាហ្វ្រិកខាងលិច ឬក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម (Boko Haram) នៅប្រទេសនីហ្សេរីយ៉ា បញ្ហាមិនទាន់បានបញ្ចប់នៅប្រទេសលីប៊ី យ៉េមែន ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់នោះទេ ហើយជាការពិតណាស់ បញ្ហាដ៏ធំបំផុតគឺ សង្គ្រាមប្រាំមួយឆ្នាំនៅប្រទេសស៊ីរី។
លោកនិយាយថា មូលហេតុដែលធ្វើឲ្យមានចំណាកស្រុកមួយទៀតនោះគឺ «កំណើនអសមភាពសេដ្ឋកិច្ច រវាងលោកខាងជើង និងខាងត្បូង »។
លំហូរចូលនៃជនចំណាកស្រុក និងជនភៀសខ្លួន នៅក្នុងទ្វីបអឺរ៉ុបត្រូវបានគេហៅថា ជាវិបត្តិធំជាងគេបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ មើលឃើញបញ្ហានេះខុសពីអ្នកដទៃ។
វាមិនមែនជាភាសាដែល យើងនឹងប្រើនៅអង្គការ IOMទេ ។ យើងឃើញថា វាជាបញ្ហាប្រឈមនៃការធ្វើចំណាកស្រុក។ វាជា វិបត្តិសហជីព និងវិបត្តិនៃភាពជាអ្នកដឹកនាំ ច្រើនជាងវិបត្តិនៃការធ្វើចំណាកស្រុក ពីព្រោះ ការឯកភាពគ្នា កាន់តែច្រើន នៅក្នុងតំបន់ ដែលធ្វើឲ្យជនចំណាកស្រុកមានឆន្ទៈក្នុងការចែករំលែកការទទួលខុសត្រូវ នោះចំនួនតួលេខនឹងអាចគ្រប់គ្រងបាន។
អង្គការ IOM និងគណកម្មាការអង្គការអន្ដរជាតិលើជនដែលបានបាត់ខ្លួន បាននិយាយថា«សហគមន៍អន្តរជាតិនៅមិនទាន់បានធ្វើការអភិវឌ្ឍយុទ្ធសាស្រ្តដែលប្រទាក់ក្រឡា និងមានប្រសិទ្ធភាពនៅឡើយទេ» ដែលមិនត្រឹមតែដើម្បីដោះស្រាយជាមួយនឹងបញ្ហានាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ដោះស្រាយបញ្ហាបាត់ខ្លួនរបស់ជនចំណាកស្រុកផងដែរ ។ ពួកគេបាននិយាយថា «ខណៈ ពេលដែលរដ្ឋាភិបាលស្ទាក់ស្ទើរ ធ្វើឲ្យមានជនរងគ្រោះរបួសនិងស្លាប់កើនឡើងជាបន្តបន្ទាប់»។
លោក Swing បាននិយាយថានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ គ្រប់យ៉ាងបានធ្វើរួចរាល់ ដើម្បីធានាថាអ្នកដំណើរនិងបុគ្គលិកបម្រើការលើយន្តហោះទាំងអស់ត្រូវបានធ្វើការកំណត់បញ្ជាក់។ លោកបាននិយាយថា កិច្ចការដូចនេះ មិនត្រូវបានកើតមានទេនៅពេលទូកដឹកជនចំណាកស្រុក និងជនភៀសខ្លួនបានលិចនោះ។ ជាញឹកញាប់ អ្នកដំណើរ មិនមានឯកសារសម្គាល់អត្តសញ្ញាណខ្លួនឡើយ។ ហើយមិនមានហេតុផលផ្លូវច្បាប់ ឬការធានារ៉ាប់រង ដើម្បីកំណត់បញ្ជាក់ផងដែរ។
គម្រោង«ជនចំណាកស្រុកដែលបានបាត់ខ្លួន» នេះ ពឹងផ្អែកលើមនុស្ស ១០.០០០ នាក់ ដែលបានដាក់ពង្រាយក្នុងតំបន់ចំនួន៤៨០កន្លែងនៅក្នុង១៦០ ប្រទេស។ គោលដៅរបស់គម្រោងនេះ គឺដើម្បីប្រើប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យកំណត់អត្តសញ្ញាណ ICMP ដើម្បីកំណត់ព័ត៌មានលើជនដែលបានបាត់ខ្លួន។ វានឹងរួមបញ្ចូល «សំណាកហ្សែន ការធ្វើតេស្ត និងការផ្គូផ្គង DNA ដើម្បីជួយកំណត់អត្តសញ្ញាណជនចំណាកស្រុកដែលបានស្លាប់»។
ឥឡូវនេះ ពួកយើងធ្វើបានច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយខ្ញុំគិតថាយើងមានការភ្ញាក់ផ្អើលពីការឆ្លើយតបវិជ្ជមាន នៅពេលដែលប្រជាជនយល់អំពីតួលេខ និងសោកនាដកម្ម ដែលតំណាងឲ្យក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ដូច្នេះ ខ្ញុំគិតថា វាគឺជាអ្វីដែលយើងអាចធ្វើបាននៅទីនោះ ដើម្បីទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលក្នុងការតាមដានការស្លាប់របស់ជនចំណាកស្រុក និងអ្នកដែលបានបាត់ខ្លួន នៅតាមបណ្តោយផ្លូវចំណាកស្រុកនៅទូទាំងពិភពលោក។
គម្រោងនេះមានគោលបំណងដើម្បី «ស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល និងអ្នកដទៃទៀតក្នុងការកត់ទុកមនុស្សដែលបានបាត់ខ្លួន ពីតំបន់ដែលមានជម្លោះ ការរំលោភបំពានសិទ្ធិមនុស្ស គ្រោះមហន្តរាយ ឧក្រិដ្ឋកម្ម ការធ្វើចំណាកស្រុកមិនទៀងទាត់ និងកាលៈទេសៈផ្សេងៗទៀត»៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង