ក្រោយពេលឡើងកាន់តំណែងថ្មីថ្មោងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោកនី ចរិយាបានរងការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងរបស់នាង ខុម ចាន់តារាទី ហៅស្រីមុំ ជាសំណុំរឿងចម្រូងចម្រាស់ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។ អតីតមន្ត្រីការពារសិទ្ធិមនុស្សរូបនេះតែងតែចេញមុខឃ្លាំមើល និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះសិទ្ធិមនុស្ស។ ពេលនេះលោក នី ចរិយាកំពុងត្រូវបានឃុំខ្លួននៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រឈមមុខទោសជាប់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ។
ករណីចម្រូងចម្រាស់មួយ ដែលទាក់ទងនឹងជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស បានកើត ឡើងនៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០១៥កន្លងទៅ ដែលនាំឲ្យមានការឃុំខ្លួនអ្នកភូមិចំនួន២រូបក្នុងពន្ធនាគារអស់រយៈពេល៨ខែ។
ករណីនេះបានធ្វើឲ្យលោកនី ចរិយា អតីតមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ទទួលរងបណ្តឹងពីព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ក្រោយពេលលោកនី ចរិយាធ្វើសន្និសីទព័ត៌មានការពារអ្នកភូមិ២រូប ដែលសមាគមអាដហុក (Adhoc)រកឃើញថា តុលាការចាប់ខ្លួនពួកគេដោយអយុត្តិធម៌។
ក្រោយពេលទទួលបានដំណឹងថា លោកនី ចរិយារងការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីពីតុលាការកាលពីដើមខែឧសភានោះ ជនរងគ្រោះដែលធ្លាប់ត្រូវបានលោកនី ចរិយាជួយកន្លងមក បានបង្ហាញការសោកស្តាយ និងមិនសុខចិត្ត ដែលអតីតមន្ត្រីការពារសិទ្ធិមនុស្សដែលធ្លាប់តែជួយគេរាប់ពាន់នាក់នោះ បែរជាត្រូវរងការឃុំខ្លួនទៅវិញ។
អ្នកស្រីយុង គឹមលៀង គឺជាអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ស្វាមីរបស់អ្នកស្រីត្រូវបានអតីតមន្រ្តីការពារសិទ្ធិមនុស្សគឺលោកនី ចរិយាជួយឲ្យរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ កាលពីឆ្នាំ២០១៥។
អ្នកស្រីនៅតែចាំមិនភ្លេចនូវគុណបំណាច់ ដែលលោកនី ចរិយាមានចំពោះក្រុមគ្រួសារអ្នកស្រី ហើយអ្នកស្រីស្ទើរតែមិនជឿនៅពេលឮព័ត៌មានថា លោកនី ចរិយាត្រូវបានចាប់ខ្លួននោះ។
«ខ្ញុំគ្រាន់តែឮសំឡេងគាត់តាមវិទ្យុ ខ្ញុំស្រក់ទឹកភ្នែក ហ្មង៎ នឹកឃើញខ្លោចចិត្ត។ ខ្ញុំដឹងគុណគាត់ណាស់ ។ កាលប្តីខ្ញុំជាប់ពន្ធនាគារ គ្រួសារខ្ញុំមានទុក្ខលំបាកវេទនាណាស់ ដល់តែគាត់[លោកនី ចរិយា]ជួយរកខុសត្រូវអញ្ចឹងទៅ ក៏បានដោះលែងគ្រួសារខ្ញុំចេញមកវិញ ជួបជុំក្រុមគ្រួសារ។ កូនខ្ញុំក៏បានចូលរៀន បានប្តីមកធ្វើការរកស៊ីចឹញ្ចឹមគ្រួសារវិញ ជីវភាពគ្រួសារមានកម្លាំងមេគ្រួសារ»។
អ្នកស្រីបន្ថែមទៀតថា ជីវភាពក្នុងពន្ធនាគារមិនស័ក្តសមនឹងមន្រ្តីការពារសិទ្ធិមនុស្សដូចលោកនី ចរិយានោះទេ។
«កន្លែងហ្នឹង[ពន្ធនាគារ]សមតែមនុស្សខុស និងមនុស្សអាក្រក់ ដែលអាចរស់នៅ។ តែសម្រាប់លោក នី ចរិយា គាត់ជាមនុស្សល្អណាស់។ គាត់ជួយប្រជាពលរដ្ឋដោយស្មោះត្រង់។ កន្លែងហ្នឹងមិនសមនឹងគាត់រស់នៅទេ។ ខ្ញុំចង់សុំដល់រដ្ឋាភិបាល សុំឲ្យជួយដោះលែងគាត់»។
អ្នកស្រីសួង លក្ខិណាគឺជាអ្នកភូមិម្នាក់ទៀត ដែលស្វាមីអ្នកស្រីបានរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ និងបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ក្រោយការស្វែងរកយុត្តិធម៌ដោយលោក នី ចរិយា។ ដូចគ្នាដែរ អ្នកស្រីមានការស្តាយ ស្រណោះចំពោះការឃុំខ្លួនលោកនី ចរិយា។
«នឹកឃើញដល់គុណបំណាច់ដែលគាត់ខំជួយប្តីនាងខ្ញុំឲ្យចេញពីពន្ធនាគារ។ គាត់ជួយដោយមិនមានការស៊ូកប៉ាន់អ្វីទាំងអស់ ដោយយុត្តិធម៌។ ខ្ញុំមានការក្តុកក្តួលក្នុងចិត្តណាស់ អាណិតអាសូរគាត់ ព្រោះគាត់រងគ្រោះដោយអយុត្តិធម៌។ គេចោទប្រកាន់ថា គាត់ស៊ូកប៉ាន់សាក្សីហ្នឹង គឺខ្ញុំអត់ជឿទេ ព្រោះមនុស្សគាត់នេះ មនុស្សល្អណាស់»។
មានប្រភពចេញពីគ្រួសារកសិករក្រីក្រមួយក្នុងខេត្តព្រៃវែង និងមានបងប្អូន៦នាក់ លោកនី ចរិយាបានរៀនចប់ថ្នាក់បាក់ឌុបនៅឆ្នាំ១៩៨៨ ក្នុងខេត្តព្រៃវែង។ បច្ចុប្បន្ននេះ លោកនី ចរិយា មានវ័យ៤៦ឆ្នាំ។
បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកច្បាប់នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០០០ លោកនី ចរិយាបានចាប់ផ្ដើមប្រឡូកក្នុងសកម្មភាពការពារសិទ្ធិមនុស្ស ដោយចូលបម្រើការនៅសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)។
អស់រយៈពេល១៦ឆ្នាំក្នុងតួនាទីជាមន្ត្រីការពារសិទ្ធិមនុស្ស លោកនី ចរិយាគឺជាអតីតប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) មុនពេលលោកសម្រេចចិត្តឈានជើងចូលបម្រើការងារជាមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាដើមឆ្នាំ២០១៦។
ក្រោយពេលឡើងកាន់តំណែងថ្មីថ្មោងជាអគ្គលេខាធិការរងនៃគ.ជ.ប. លោកនី ចរិយាក៏បានរងការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ សំណុំរឿងចម្រូងចម្រាស់ ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយនោះ បាននាំឲ្យមន្ត្រីសមាគមអាដហុក (Adhoc)៤រូបផ្សេងទៀតមានទាំងប្អូនប្រុសលោកនី ចរិយាផងនោះ ជាប់ចោទពីបទសូកប៉ាន់សាក្សី។
ភរិយាលោកនី ចរិយាគឺអ្នកស្រីយ៉ែម ចន្ថាបានឲ្យដឹងថា ស្វាមីរបស់អ្នកស្រីគឺជាបុគ្គលដែលមានឆន្ទៈមោះមុតក្នុងការងារមនុស្សធម៌ និងតែងតែជួយជនរងគ្រោះនៃអំពើអយុត្តិធម៌នៅពេលលោកធ្វើការងារសិទ្ធិមនុស្ស។ លោកស្រីអះអាងថា ស្វាមីរបស់លោកស្រីមិនបានលូកដៃក្នុងករណីនាងខុម ចាន់តារាទី ហៅស្រីមុំនោះទេ ដោយសារតែលោកបានបញ្ចប់តួនាទីជាមន្ត្រីសិទ្ធិមនុស្សហើយ។
«គាត់តែងតែប្រាប់បងថា យើងដើរលើផ្លូវរលាក់ យើងតែងដួល គ្រិចដៃ គ្រិចជើងតែប៉ុណ្ណឹងឯង។ គាត់ថា ផ្លូវរលាក់ កាលណាយើងមិនខំប្រឹងនាំគ្នាធ្វើផ្លូវហ្នឹងឲ្យវាស្រួលទេ អញ្ចឹងគាត់មានតែដើរទៅមុន ដើរបណ្តើរ មើលផ្លូវបណ្តើរ ដើម្បីឲ្យអ្នកក្រោយគេស្រួលដើរ»។
កាលពីខែឧសភាកន្លងទៅ អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍មួយស្តីពីអ្នកទោសនយោបាយនៅកម្ពុជា។ លោក នី ចរិយា ដែលធ្លាប់ជាមន្ត្រីការពារសិទ្ធិមនុស្សមួយរូបដែលហ៊ានរិះគន់រដ្ឋាភិបាលចំៗ និងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជេរជាសាធារណៈថាជា«ក្មេងព្រហើន»រូបនេះ ក៏ត្រូវបានចាត់ទុកជាអ្នកទោសនយោបាយមួយរូបផងដែរ។
ក្នុងនាមជាអតីតមិត្តរួមអាជីពជាអ្នកឃ្លាំមើលសិទ្ធិមនុស្សជាមួយលោក នី ចរិយា លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ថ្លែងថា លោកនី ចរិយា គឺជាបុគ្គលសកម្មមួយរូបក្នុងការងារសិទ្ធិមនុស្ស។
«កាលណារំឭកអំពីលោកនី ចរិយា គឺនឹកឃើញដល់កាលដែលយើងធ្លាប់ធ្វើការជាមួយគ្នា ដែលលោកបានធ្វើកន្លងមក ពាក់ព័ន្ធនឹងវិស័យការពារសិទ្ធិមនុស្ស។ លោកនី ចរិយា ពីមុនមកគឺជាបុគ្គលិកសមាគមអាដហុក (Adhoc) ហើយលោកបានចុះធ្វើការយ៉ាងសកម្ម ដើម្បីការពារសិទ្ធិពលរដ្ឋ ក៏ដូចជាជួយពលរដ្ឋទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាដីធ្លី។ គាត់ជាមនុស្សប្រកាន់ខ្ជាប់ចរិតសុភាពរាបសារ តែម៉ឺងម៉ាត់នឹងការងារ»។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាមិត្តរួមការងាររបស់លោកនី ចរិយារយៈពេលប្រមាណ៣ខែកន្លងមកនេះ រំឭកពីលោកនី ចរិយាយ៉ាងដូច្នេះ៖
«រំឭកដល់លោកនី ចរិយា គឺខ្ញុំនឹកឃើញមុនគេ គឺធ្លាប់ធ្វើការនៅ NGO។ ធ្វើការនៅ NGO មួយម៉ាត់ហ្នឹងច្រើនណាស់។ គាត់ជាមនុស្សដែលព្យាយាមធ្វើការ ហើយនឹងគោរពម៉ោងពេលវេលាបានល្អ»។
ជាឳពុកនៃកូន៣នាក់ លោកនី ចរិយាបានរៀបការជាមួយភរិយារបស់លោកគឺអ្នកស្រីយ៉ែម ចន្ថាក្នុងឆ្នាំ១៩៩៥ ជាពេលដែលអ្នកទាំង២កំពុងសិក្សានៅឯប្រទេសអាល្លឺម៉ង់។
ចំណងអាពាហ៍ពិពាហ៍ដែលមានអាយុកាលជាង២០ឆ្នាំនេះ នៅពេលនេះត្រូវបានខណ្ឌចែកដោយរនាំងដែក ក្រោយពេលតុលាការចោទអតីតមន្ត្រីអាដហុក (Adhoc) រូបនេះពីបទសមគំនិតសូកប៉ាន់សាក្សី និងសម្រេចឃុំខ្លួនលោកនី ចរិយានៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីដើមខែឧសភា។
ក្នុងអំឡុងពេលជិត២ខែនៃការឃុំខ្លួនរបស់លោកនី ចរិយា អ្នកស្រីយ៉ែម ចន្ថាតែងតែទៅសួរសុខទុក្ខស្វាមីជារៀងរាល់សប្តាហ៍។
«សួរសុខទុក្ខ ឲ្យកូននិយាយជាមួយប៉ាវា។ គាត់ធ្លាប់តែជួយបង្រៀនកូន។ គាត់តែងសួរ រំឭកមេរៀនខ្លះៗ ឲ្យកូនសូត្រមេលេខឲ្យគាត់ស្តាប់ ជារឿងលក្ខណៈគ្រួសារដែលធ្លាប់នៅជុំគា្ន។ បងគ្មានអីក្រៅពីសួរសុខទុក្ខគាត់ផ្នែកសុខភាព ហូបចុកអីហ្នឹងទេ»។
អ្នកស្រីយ៉ែម ចន្ថាឲ្យដឹងទៀតថា លោកនី ចរិយាស្លៀកពាក់ឯកសណ្ឋានអ្នកទោសពណ៌ទឹកក្រូចចាស់ ហើយការសួរសុខទុក្ខម្តងៗមានរយៈពេលប្រហែល២០នាទី។ ក្រោយលោកស្រីសួរសុខទុក្ខស្វាមីនៅឯពន្ធនាគារ លោកស្រីថ្លែងប្រាប់ VOA ទាំងអួលដើមកយ៉ាងដូច្នេះ៖
«ឲ្យតែនិយាយរឿងនៅបែកគ្នាអញ្ចឹង បងកម្សត់ អាណិតកូន។ វាចេះតែសួរ។ មេឃចង់ភ្លៀងអញ្ចឹង វាសួរ "ប៉ាយូរមកម៉្លេះ មេឃជិតភ្លៀងហើយ"។ ហើយវាថា "ម៉ាក់ដឹងកាលណា ប៉ាមកបាយជុំគ្នាមួយយើង"។ ពេលខ្លះ ភ្លេចខ្លួន បងហៅវាមករៀន បង្រៀងវានៅផ្ទះ វាថា "ចាំឲ្យប៉ាមក[បង្រៀន]វិញ"។ ដូចថ្ងៃ១មិថុនា គេសិទ្ធិកុមារអី បងនាំកូនបងទៅសួរសុខទុក្ខប៉ាវានៅពន្ធនាគារ។ ហ្នឹងសិទ្ធិកុមារគ្រួសារបង»។
ចាប់តាំងពីលោកនី ចរិយាត្រូវបានឃុំខ្លួន អ្នកស្រីយ៉ែម ចន្ថា វ័យ៤៦ឆ្នាំ ត្រូវដើរតួនាទីជាម្តាយផង និងជាឳពុកផងនៅក្នុងគ្រួសារ។
«២៤ម៉ោងរបស់គាត់ឥឡូវ ១ខែជាងហ្នឹង គឺនៅក្នុងពន្ធនាគារ។ គាត់អត់បានធ្វើអីទាំងអស់។ គាត់ធ្លាប់តែធ្វើការ មមារញឹកនឹងការងារ ហើយឥឡូវគាត់ត្រូវទៅនៅក្នុងបន្ទប់ហ្នឹង អង្គុយសម្លឹងជញ្ជាំង មើលដំបូលអញ្ចឹងទៅ។ អត់បានធ្វើការងារអីឲ្យបានផលប្រយោជន៍ដល់សង្គម អញ្ចឹង គាត់ស្ត្រេស»។
ទោះជាយ៉ាងណាក្តី អ្នកស្រីយ៉ែម ចន្ថានៅតែរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ និងដោះលែងស្វាមីអ្នកស្រីឲ្យមានសេរីភាពវិញ៕