ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណុំរឿងមន្ត្រីអាដហុក និងលោក នី ចរិយា ទៅដល់ដៃតុលាការ


ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)
ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ចំនួន​៤រូប និង​លោក នី ចរិយា ត្រូវ​បាន​បញ្ជូន​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​​មុខ​​ស្ថាប័ន​​អយ្យការ​​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៣០ ខែមេសា ឆ្នាំ​២០១៦​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ចំនួន​៤រូប និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​បញ្ជូន​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខស្ថាប័នអយ្យការនៃសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៣០ ខែមេសា ឆ្នាំ​២០១៦​នេះ ​ដើម្បី​បំពេញ​បទចោទ និង​កសាង​សំណុំរឿង មុននឹងត្រូវបានបញ្ជូន​ទៅ​រក្សា​ទុកជា​បន្ត​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក នី ចរិយា និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អាដហុក​ទាំង​បួន​នាក់ ដែល​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុនី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយសម្រេច​ឃុំ​ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ជុំវិញ​នឹង​ការ​ពាក់​ព័ន្ធ​របស់​មន្ត្រី​គ.ជ.ប. និង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ការ​និយាយ​កុហក និង​ប្លែង​សក្ខី​កម្ម​ចំពោះ​មុខ​សមត្ថកិច្ច។

លោក លី សុផាន់ណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​និយាយ​ប្រាប់​វីអូអេ​ថា មន្ត្រី​សិទ្ធិ​មនុស្សទាំង​បួន​រូប និង​លោក​អគ្គ​លេខា​ធិការ​រង​គ.ជ.ប. បាន​មក​បង្ហាញ​ខ្លួន ដើម្បី​បំពេញ​សំណុំ​បែប​បទ​អនុញ្ញាតិ​ឱ្យ​រក្សា​ទុក​ពួក​គេ​ជា​បន្ត​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​សំណុំ​រឿង​របស់​ពួក​គេ កំពុងត្រូវ​បាន​តុលាការពិនិត្យពិចារណា។

«នៅ​រសៀល​ល្ងាច​មិញ​ហ្នឹង (ថ្ងៃសៅរ៍) យើង​ទទួល​បាន​សំណុំ​រឿង ពី​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ហើយយើង​បាន​ដំណើរ​ការ​នៅ​ក្នុង​ការ​ចុះ​បញ្ជី​កសាង​សំណុំ​រឿង ហើយ​នៅ​ពេល​នេះ ខាង​ក្រុម​ការងារ​នៃ​ក្រុមអយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​ទៅ​លើឯកសារ​សំណុំ​រឿងយ៉ាង​ល្អិត​ល្អន់»។

លោក លី សុផាន់ណា ក៏​បាន​បន្ថែម​ដែរ​ថា អំឡុង​ពេល​នេះ អ្នក​ទាំង​ប្រាំ​រូប កំពុង​ស្ថិត​ក្នុង​ការ​រក្សា​របស់ស្ថាប័ន​អយ្យការ​របស់​សាលា​ដំបូង​ដោយ​មិន​មាន​កាល​កំណត់ ដែល​សម្រេច​យក​ទីតាំង​អង្គភាព​ប្រឆាំងអំពើពុករលួយ​ជា​ទីតាំង​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​កាន់​សំណុំ​រឿង​ឃុំ​គ្រងរក្សាទុកអ្នក​ទាំង​បួន។

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដឹកនាំ​ដោយ​ទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង បាន​សម្រេច​សាក​សួរ​អ្នក​ទាំង​ប្រាំចាប់​តាំង​ពី​ថ្ងៃ​ពុធ មុន​នឹង​សម្រេច​ឃាត់​ខ្លួន​នៅ​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​មាន​ការ​ឆ្លើយ​ដាក់​បន្ទុក​របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​ទើប​នឹង​បង្វែរ​ចម្លើយ​ទទួល​ស្គាល់​ថា​នាង​ជា​នារី​ដែល​សាសាង​លើខ្សែអាត់​សម្លេង​ទូរស័ព្ទ​ជាមួយ​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ប៉ុន្តែ​ក្នុង​លិខិត​ចំហ​មួយ​កាល​ពី​សប្ដាហ៍​មុន ស្រីមុំ បាន​ចោទ​មនុស្ស​ប្រាំបី​នាក់ ដែលមានទាំងបុគ្គលទាំងប្រាំរូប​ខាង​លើ​ផង មេធាវី​របស់​នាង អ្នក​ស្រី ទ្រី ឈួន ប្រធាន​អង្គការ​សិទ្ធិ​ស្រី សីលការ អ្នក​ស្រី ធីតា ឃឹះ និង​មន្រ្តី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក សឺន សាលី ថា​បាន​រួម​គំនិត​លួង​លោម​ឱ្យ​នាង​និយាយបដិសេធ ចំពោះ​មុខ​សមត្ថកិច្ច​នូវ​ចំណង​ទាក់​ទង​ស្នេហា​ជាមួយ​នឹង​លោក កឹម សុខា។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​ថា មាន​សំណុំ​រឿងពុក​រលួយ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ទាំង​ប្រាំ ក្នុង​ករណី​នៃ​ការ​ផ្ដល់​សក្ខីកម្ម​របស់​ស្រីមុំ។ លោក​ក៏​បានបន្ត​ថា អ្នកស្រី​ ធីតា ឃឹះ និង​អ្នក​ស្រី​មេធាវី ទ្រី ឈួន បាន​រួច​ផុត​ពី​ការ​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់ ជាមួយ​នឹង​ចម្លើយដ៏​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​តាម​វិជ្ជា​ជីវៈ​របស់​ពួក​គេ។

ដោយ​ឡែក​ចម្លើយ​បុគ្គល​ទាំង​ប្រាំ​រូប ត្រូវ​បាន​លោក ឱម យ៉ិន​ទៀង ឱ្យ​ដឹង​ថា មានលក្ខណៈស៊ីសង្វាក់ជាមួយនឹង​ភស្តុតាង។

ការ​ឃាត់​ខ្លួន និង​ដំណើរ​ការ​ផ្លូវ​ច្បាប់​ទៅ​លើ លោក នី ចរិយា និង​មន្រ្តី​អាដ​ហុក​ទាំង​បួន​រូប បាន​ទទួល​ការ​រិះ​គន់​ធ្ងន់​ពី​សំណាក់​បណ្ដា​សមាគម​អង្គការ​សង្គម​ស៊ីវិល ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ថា​ជា​ការ​យាយីប្រឆាំងនិង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​សាលាដំបូងរាជធានី​ភ្នំពេញ លោក លី សុផាន់ណា បាន​បន្ថែម​ថា​សំណុំ​រឿង​នេះនឹង​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​បន្ត​ពិនិត្យ​មើល ហើយ​អាច​នឹង​មាន​ការ​បញ្ជូន​អ្នក​ទាំង​ប្រាំ​មក​សាក​សួរនៅសាលា​ដំបូង​នៅ​ព្រឹក​ថ្ងៃអាទិត្យ៕

XS
SM
MD
LG