ប្រជាជននីហ្សេរីយ៉ាកំពុងអបអរការឡើងកាន់តំណែងរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអ្នកស្រី Ngozi Okonjo-Iweala ជាស្រ្តីដំបូងនិងជាជនជាតិអាហ្វ្រិកដំបូងជាអគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក។
អ្នកស្រី Ngozi Okonjo-Iweala ត្រូវបានតែងតាំងជាអគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោកWTO កាលពីថ្ងៃចន្ទ បន្ទាប់ពីគូប្រជែងតែមួយរបស់អ្នកស្រីគឺរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងអ្នកស្រី Yoo Myung-Hee ដកខ្លួនចេញពីការប្រកួត។
ការតែងតាំងនេះបានធ្វើឲ្យអ្នកស្រីក្លាយជាស្រីដំបូងនិងជាជនជាតិអាហ្រ្វិកដំបូងដែលនឹងដឹកនាំស្ថាប័នពាណិជ្ជកម្មសាកលមួយនេះ។ តាំងពីការប្រកាសនោះមក ប្រជាជននីហ្សេរីយ៉ាបានរីករាយយ៉ាងខ្លាំង។
នៅតាមបណ្តាញសង្គម ស្ត្រីជនជាតិនីហ្សេរីយ៉ារាប់ពាន់នាក់កំពុងអបអរដោយដោយចម្លងស្ទីលស្លៀកពាក់របស់អ្នកស្រី ដែលជារឿយៗមានលក្ខណៈប្រភេទ«អង់ការ៉ា» របស់ជនជាតិដើម ហើយផ្សំជាមួយនឹងកន្សែងដូចគ្នា។
អ្នកស្រីToochukwu Ohanu បានចូលរួមក្នុងការប្រកួតមួយឈ្មោះ«ធ្វើដូចអ្នកស្រី Ngozi» ឬ« Be like Ngozi»។ អ្នកស្រីនិយាយថា៖«ក្នុងនាមជាស្រ្តីអាហ្វ្រិកម្នាក់ ធ្វើឲ្យខ្ញុំត្រៀមខ្លួនជានិច្ច។ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាង។ ជាស្ត្រីជនជាតិអាហ្វ្រិកអាចកាន់តំណែងនេះ វាពិតជារឿងអស្ចារ្យណាស់ ដូច្នេះហើយបានជាវាគួរឲ្យចាប់អារម្មណ៍ជាពិសេសសម្រាប់ខ្ញុំក្នុងការចូលរួមប្រកួតស្លៀកពាក់ដូចអ្នកស្រី Ngozi Okonjo-Iweala នៅលើប្រព័ន្ធសង្គម twitter»។
អ្នកស្រី Okonjo-Iweala បានសន្យាថានឹងផ្តល់អាទិភាពលើការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌និងការទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ នៅពេលដែលអ្នកស្រីចូលកាន់តំណែងនៅថ្ងៃទី០១ ខែមីនា។
សេដ្ឋវិទូនីហ្សេរីយ៉ាលោក Ken Ife និយាយថាការតែងតាំងរបស់អ្នកស្រីមានន័យថាការតំណាងរបស់អាហ្វ្រិកនៅលើបញ្ហាពាណិជ្ជកម្មសាកលនឹងប្រសើរជាងមុន។
លោកនិយាយថា៖«វាជាពរមួយដ៏ធំសម្រាប់អាហ្វ្រិកនិងនីហ្សេរីយ៉ាជាពិសេសដោយសារតែអ្នកស្រីនឹងជួយគាំទ្រប្រទេសទន់ខ្សោយនានាឲ្យមានសំឡេង។ ហើយបញ្ហាដែលកំពុងក្តៅគគុកមួយចំនួនដែលយើងកំពុងប្រឈម យើងដឹងថាអាចនឹងត្រូវបានយកមកពិភាក្សា»។
សេដ្ឋវិទូលោក Eze Onyekpere និយាយថាការប្រឈមមួយដ៏ធំ សម្រាប់នាយិកាWTO ថ្មីនេះ គឺការជំរុញពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសដែលកំពុងព្យាយាមការពារសេដ្ឋកិច្ចរបស់ពួកគេដែលត្រូវបានប៉ះទង្គិចដោយជំងឺកូវីដ១៩។ លោកនិយាយថា៖«អ្នកស្រីនឹងមានភារកិច្ចនាំអ្នករាល់គ្នាមកកាន់តុពិភាក្សាដើម្បីបង្ហាញថាពាណិជ្ជកម្មដែលគ្មានឧបសគ្គនិងគ្មានវិធានការពារ ផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា»។
អ្នកស្រី Okonjo-Iweala អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា បានចូលរួមការប្រកួតធ្វើជានាយកអង្គការWTO ជាមួយនឹងបេក្ខជនជាច្រើននាក់ផ្សេងទៀត បន្ទាប់ពីអតីតមេដឹកនាំលោក Roberto Azevêdo បានចុះចេញពីដំណែងកាលពីខែសីហា។
ជ័យជម្នះរបស់អ្នកស្រីមានការយឺតយ៉ាវនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បដិសេធមិនគាំទ្របេក្ខភាពរបស់អ្នកស្រី ទោះបីជាមានសមាជិកជាច្រើនផ្សេងទៀតដូចជាប្រទេសចិនគាំទ្រ អ្នកស្រីក៏ដោយ។
អ្នកជំនាញនិយាយថាការតែងតាំងរបស់អ្នកស្រី Okonjo-Iweala អាចជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិកដែលចូលបានជាធរមានកាលពីខែមុន៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ