កម្មវិធីអភិវឌ្ឍស្រ្តីពិភពលោករបស់អ្នកស្រី Ivanka Trump សម្រេចបានជិតពាក់កណ្តាលគោលដៅរបស់ខ្លួន និងនៅក្នុងគម្រោងជួយដល់ស្ត្រីប្រមាណ ៥០ លាននាក់ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ឲ្យមានសេដ្ឋកិច្ចប្រសើរឡើងត្រឹមឆ្នាំ ២០២៥ នោះ។
នេះបើតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីគំនិតផ្តួចផ្តើមនៃការរីកចម្រើន និងការអភិវឌ្ឍស្រ្តីពិភពលោកដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ក្នុងពេលដែលកម្មវិធីនេះ ជិតឈានចូលដល់គំរប់ខួប ២ ឆ្នាំរបស់ខ្លួននោះ។
នៅក្នុងរបាយការណ៍ដដែល អ្នកស្រី Ivanka Trump ជាកូនស្រីរបស់លោកប្រធានាធិបតី Donald Trump ថ្លែងថា៖ «នោះជាជីវិតមនុស្សរាប់លាននាក់ដែលទទួលបានសេចក្តីសង្ឃឹមពេញលេញ គឺម្តាយៗអាចផ្គត់ផ្តង់ដល់កូនៗរបស់គេបានប្រសើរជាងមុនស្ រ្តីដែលជាអ្នកត្រូវចាប់ផ្តើមមុខជំនួញ ហើយក្លាយជាអ្នកបង្កើតការងារ ហើយនិងដាក់ទុនវិនយោគសម្រាប់សហគមន៍របស់ពួកគេ»។
របាយការណ៍នេះបានឲ្យដឹងថា កម្មវិធីនេះបានអនុវត្តទៅលើស្ត្រីប្រមាណ ១២,៦ លាននាក់នៅជុំវិញពិភពលោក ក្នុងឆ្នាំ ២០២០ បើទោះបីជាមានការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាយ៉ាងណាក្តី។ តួលេខនេះបានកើនឡើងពីចំនួន ១២,២ លាននាក់ ក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំទីមួយនៃការចាប់ផ្តើមអនុវត្តកម្មវិធីនេះ។
កម្មវិធីនេះបានអនុវត្តទៅលើស្ត្រីប្រមាណចំនួន ២៤,៨លាន នាក់ក្នុងរយៈពេល ២ ឆ្នាំដំបូងរបស់ខ្លួន គឺស្មើប្រហែលជិតពាក់កណ្តាលនៃចំនួនគោលដៅ ដែលបានកំណត់គឺស្ត្រីចំនួន ៥០ លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
កម្មវិធីនេះជួយបណ្តុះបណ្តាលជំនាញចាំបាច់ដែលស្ត្រីត្រូវការក្នុងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ខ្លួន។ គម្រោងនេះបានដំណើរការអនុវត្តន៍កម្មវិធីរបស់ខ្លួនដោយធ្វើដៃគូជាមួយរដ្ឋាភិបាលបរទេសនិងផ្នែកឯកជនផ្សេងៗ។
លោក Trump បានបង្កើតកម្មវិធីនេះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាឲ្យរដ្ឋាភិបាលអាមេរិកដាក់ការអភិវឌ្ឍស្ត្រីជាសកល ជាបញ្ហាសំខាន់ក្នុងគោលនយោបាយការបរទេស និងសន្តិសុខជាតិ។ លោក Trump បានលើកកម្ពស់កម្មវិធីនេះក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកនិង អាហ្រ្វិកខាងត្បូង។
សភាបានផ្តល់ថវិកាចំនួន ៣០០ លានដុល្លារ សម្រាប់កម្មវិធីស្ត្រីនេះ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ចេញពីកញ្ចប់ថវិកាសហព័ន្ធប្រចាំឆ្នាំ៕