បណ្តារដ្ឋសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានបោះឆ្នោតជ្រើសតាំងមេធាវីការពារសិទ្ធិមនុស្សជនជាតិអង់គ្លសលោក Karim Khan ជាអគ្គរដ្ឋអាជ្ញាបន្ទាប់ សម្រាប់អាណត្តិរយៈពេល៩ឆ្នាំ។
បន្ទាប់ពីការបោះឆ្នោតចំនួនពីរជុំកាលពីថ្ងៃទី១២ ខែកុម្ភៈ នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉ក លោក Karim Khan បានយកឈ្នះលើបេក្ខជនបីរូបផ្សេងទៀតដើម្បីក្លាយជារដ្ឋអាជ្ញាទីបីប្រចាំតុលាការក្រុងឡាអេ។ ជាអ្នកនាំមុខនៅក្នុងការបោះឆ្នោតជុំដំបូង លោក Khan ទទួលបាន៧២សំឡេងក្នុងចំណោម១២៣សំឡេង នៅក្នុងការបោះឆ្នោតជុំទីពីរ។ ការទទួលបានសំឡេងភាគច្រើនចំនួន៦២ គឺចាំបាច់ដើម្បីទទួលបានការជ្រើសតាំង។
លោក Khan បានយកឈ្នះលើលោក Carlos Castresana Fernandez មកពីអេស្ប៉ាញ លោក Fergal Gaynor ពីអៀរឡង់ និងលោក Francesco Lo Voi ពីអ៊ីតាលី។
លោក Khan បានតំណាងឲ្យរដ្ឋាភិបាល ប្រមុខរដ្ឋ មេដឹកនាំនយោបាយ មន្រ្តីយោធា និងជនរងគ្រោះ នៅចំពោះមុខតុលាការអន្តរជាតិ។
កាលពីឆ្នាំ ២០១៨ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចាត់តាំងរូបលោកជាទីប្រឹក្សាពិសេសដើម្បីដឹកនាំក្រុមស៊ើបអង្កេតលើឧក្រិដ្ឋកម្មដ៏ឃោឃៅដែលត្រូវបានចោទថា ប្រព្រឹត្តឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅប្រទេសអ៊ីរ៉ាក់ រួមមានឧក្រិដ្ឋកម្មប្រឆាំងនឹងកុលសម្ព័ន្ធ Yazidis ផងដែរ។
លោក Khan នឹងស្នងតំណែងអគ្គរដ្ឋអាជ្ញា បន្តពីលោកស្រី Fatou Bensouda នៅថ្ងៃទី១៦ ខែមិថុនា នៅពេលអាណត្តិរយៈពេល៩ឆ្នាំរបស់លោកស្រីត្រូវបានបញ្ចប់។
លោកស្រី Bensouda ដែលជាជនជាតិហ្គំប៊ី ជាអគ្គរដ្ឋអាជ្ញាដ៏ម៉ឹងម៉ាត់មួយរូប ដោយលោកស្រីតាមប្រមាញ់យកមេដឹកនាំសង្គ្រាមនៅអាហ្វ្រិក និងមេដឹកនាំមួយចំនួននៅលើពិភពលោកមកប្រឈមមុខផ្លូវច្បាប់។ លោកស្រីបានធ្វើឲ្យរដ្ឋបាលអតីតប្រធានាធីបតីអាមេរិកលោក Donald Trump មានការខឹងសម្បារជុំវិញការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលត្រូវបានចោទថា ប្រព្រឹត្តឡើងដោយកងកម្លាំងយោធាអាមេរិកាំងនៅអាហ្វហ្គានីស្ថាន និងជុំវិញការបើកការស៊ើបអង្កេតលើការប្រព្រឹត្តរបស់អ៊ីស្រាអែលមកលើជនប៉ាឡេស្ទីន។
រដ្ឋបាលលោក Trump បានតបតវិញដោយដកហូតទិដ្ឋាការមកកាន់សហរដ្ឋអាមេរិករបស់លោកស្រី Bensouda ហើយបន្ទាប់មកបានបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមលើការចូលក្នុងសហរដ្ឋអាមេរិកមកលើលោកស្រី និងមន្រ្តីតុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយរូបទៀត។ រដ្ឋបាលថ្មីដឹកនាំដោយលោក Biden បានបង្ហាញថា ខ្លួននឹងពិនិត្យមើលការដាក់ទណ្ឌកម្មនេះ ប៉ុន្តែមិនបានលុបចោលបទបញ្ជាក្រោមអាណត្តិលោកប្រធានាធិបតី Trump ដែលបានដាក់មកលើមន្រ្តីតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅឡើយទេ។ សហរដ្ឋអាមេរិក មិនមែនជារដ្ឋសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និងបានចាប់ផ្តើមដំណើរការសវនាការនៅឆ្នាំ ២០០២ បន្ទាប់ពីប្រទេសចំនួន ៦០ បានអនុម័តនូវសន្ធិសញ្ញាក្រុងរ៉ូម។ សព្វថ្ងៃមានប្រទេសចំនួន ១២៣ ជាសមាជិក។
លោកស្រី Akila Radhakrishnan ប្រធានអង្គការ Global Justice Center បាននិយាយថា៖ «យើងស្វាគមន៍ការបោះឆ្នោតជ្រើសតាំងលោក Karim Khan ជារដ្ឋអាជ្ញាថ្មីប្រចាំតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងទន្ទឹងរង់ចាំសហការជាមួយរូបលោកដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពីឧក្រិដ្ឋកម្មអន្តរជាតិ រួមមាន អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ។ លោកស្រីរដ្ឋអាជ្ញា Bensouda បានចាត់វិធានការសំខាន់ៗដើម្បីពង្រឹងទស្សនវិស័យ និងចំណាត់ការការងារផ្តោតលើយេនឌ័រនៅការិយាល័យរដ្ឋអាជ្ញា ហើយយើងសង្ឃឹមថា លោករដ្ឋអាជ្ញា Khan នឹងបន្តពង្រឹងកេរដំណែលនេះ»។
លោកស្រី Liz Evenson នាយិការងផ្នែកយុត្តិធម៌អន្តរជាតិប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការបោះឆ្នោតជ្រើសតាំងត្រូវបានធ្វើឡើងនៅពេលដែល«តុលាការត្រូវការខ្លាំងជាងពេលណាទាំងអស់» ប៉ុន្តែ កំពុងប្រឈមមុខនឹងទាំងបញ្ហាសមត្ថភាពផ្ទៃក្នុង និងសម្ពាធពីខាងក្រៅ»។
លោកស្រីបាននិយាយក្នុងសម្តីដើមថា៖ «យើងរំពឹងថា លោក Karim Khan នឹងដោះស្រាយបញ្ហាខកខាននានា ខណៈបង្ហាញនូវឯករាជ្យភាពមុតមាំដើម្បីនាំយកសូម្បីតែជនមានអំណាចខ្លាំងក្លាមកប្រឈមមុខនឹងផ្លូវច្បាប់។ នៅក្នុងស្ថានភាពញាំញីដោយឧក្រិដ្ឋកម្មដ៏អាក្រក់ៗនៅជុំវិញពិភពលោក រួមមានប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី និងប៉ាឡេស្ទីន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាមាគ៌ាសំខាន់មួយដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត និងកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរដែលជាការព្រួយកង្វល់ខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ រួមមាន អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មពីការប្រើប្រាស់កម្លាំងយោធា។ មកទល់ពេលនេះ ករណីចំនួន ៣០ ត្រូវបាននាំយកមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ចៅក្រមបានចេញការផ្តន្ទាទោសចំនួន៩ករណី និងឲ្យរួចទោសចំនួន៤ករណី៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា