នៅក្នុងសុន្ទរកថានៅពាក់កណ្តាលខែតុលា លោក Muhammadu Buhari នាយករដ្ឋមន្ត្រីនីហ្សេរីយ៉ា បាននិយាយថា ប៉ូលិសនៅក្នុងអង្គភាពពិសេសប្រឆាំងអំពើប្លន់ ត្រូវទទួលខុសត្រូវចំពោះទង្វើខុសឆ្គងរបស់ខ្លួន និងត្រូវមានយុត្តិធម៌។ លោកបាននិយាយថា ការបញ្ឈប់អង្គភាពនេះ គឺជាជំហានដំបូងក្នុងកំណែទម្រង់ប៉ូលិសទ្រង់ទ្រាយធំដើម្បីធានាថា តួនាទីចម្បងរបស់ប៉ូលិស គឺការពារអាយុជីវិតនិងជីវភាពរបស់ពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី លោក Davvyd Moore ដែលអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀង បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងអង្គភាពប៉ូលិសនៅក្នុងក្រុង Lagos កាលពីថ្ងៃទី១២ ខែតុលា។ លោកបាននិយាយថា ការសន្យាណាមួយរបស់រដ្ឋាភិបាលត្រូវតែមានការអនុវត្តពិតប្រាកដ ដោយសារតែពលរដ្ឋនីហ្សេរីយ៉ាបានឃើញថា ការសន្យាចំពោះកំណែទម្រង់ប៉ូលិសកាលពីមុន មិនត្រូវបានអនុវត្តនោះទេ។
លោក Moore ជឿជាក់ថា រដ្ឋាភិបាលគ្រាន់តែព្យាយាមធ្វើឱ្យបាតុករឈប់ខឹងតែប៉ុណ្ណោះ។
អ្នកនិពន្ធចម្រៀងរូបនេះ និងសកម្មជនផ្សេងទៀតកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតលើប៉ូលិសដែលប្រព្រឹត្តខុស និងដាក់ទណ្ឌកម្មដោយស្ថាប័នឯករាជ្យមួយ និងត្រូវមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងពេលធ្វើការតវ៉ា ដែលកំពុងតែកើតឡើងនេះ។
លោកបាននិយាយថា ក៏ត្រូវមានយុត្តិធម៌សម្រាប់មនុស្សដែលប៉ូលិសបានសម្លាប់ ឬរំលោភបំពានផងដែរ។
លោក Moore បាននិយាយថា របាយការណ៍នៃការចាប់ខ្លួន ការរំលោភបំពាន និងការស្លាប់នៅក្នុងការតវ៉ាមិនបានធ្វើឱ្យមានការរាថយនោះទេ។
លោក Moore បាននិយាយក្នុងសម្តីដើមថា៖ «វានឹងមិនបញ្ឈប់យើងនោះទេ។ ផ្ទុយទៅវិញ វាជាការជំរុញទឹកចិត្តយើង។ សាកស្រមៃមើលពីមូលហេតុដែលការស្លាប់របស់យើងមានតម្លៃ។ អ្នកឃើញមនុស្សម្នាស្លាប់ ហើយអ្នកដឹងថា មានមនុស្សស្លាប់។ អ្វីដែលយើងបានចាប់ផ្តើម ប្រសិនបើយើងមិនបញ្ចប់វានោះទេ នោះជារឿងដ៏កំសាក។ យើងនឹងមិនដកថយនោះទេ ទោះជាមួយវិនាទីក៏ដោយ។ យើងនឹងបន្តទៅមុខ រហូតរដ្ឋាភិបាលផ្តល់ឱ្យយើងនូវអ្វីដែលយើងទាមទារ»។
អ្នកស្រី Osai Ojigho នាយិកាការិយាល័យអង្គការ Amnesty International នៅក្នុងប្រទេសនីហ្សេរីយ៉ា បាននិយាយថា អង្គការសិទ្ធិមនុស្សមើលឃើញពីនិន្នាការនៃការយកយុវជនវ័យក្មេងជាគោលដៅរបស់ប៉ូលិសនៃអង្គការពិសេសនេះ។
អង្គការ Amnesty International បានកត់ត្រាករណីគំរាមកំហែងនិងការធ្វើទារុណកម្ម និងការបរាជ័យរបស់អាជ្ញាធរនីហ្សេរីយ៉ា ក្នុងការនាំជនបង្កឱ្យមកទទួលទោស។
អ្នកស្រី Osai Ojigho បាននិយាយក្នុងសម្តីដើមថា៖ «ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៃអង្គភាពពិសេសប្រឆាំងការឆក់ប្លន់របស់ស្នងការប៉ូលិស អ្នកត្រូវផ្លាស់ប្តូរអង្គភាពទាំងមូល។ នេះហើយជាមូលហេតុដែលការរំលាយ ឬលុបចោលអង្គភាពពិសេសនេះជាការវិវត្តដែលត្រូវបានគេស្វាគមន៍។ ប៉ុន្តែវាត្រូវការការផ្លាស់ប្តូរស៊ីជម្រៅជាងនេះទៀត ដោយសារតែនេះមិនមែនជាលើកទី ១ ទេ ដែលរដ្ឋាភិបាលបានហាមឃាត់អង្គភាពពិសេស និងហាមឃាត់ពួកគេមិនឱ្យអនុវត្តសកម្មភាពដដែលៗ ប៉ុន្តែពួកគេនៅតែបន្ត ម្តងហើយម្តងទៀត»។
អង្គការ Amnesty International កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងម៉ត់ចត់មួយទៅលើបទល្មើសទាំងនេះ និងពេលវេលាសម្រាប់អនុវត្តវិធានការ រួមជាមួយនឹងជំហានជាក់លាក់ផងដែរ។
អ្នកស្រី Osai Ojigho បាននិយាយថា មានទំនាក់ទំនងរវាងការតវ៉ាដែលលើកឡើងពីក្តីបារម្ភអំពីឥរិយាបថខុសច្បាប់របស់ប៉ូលិស និងចលនា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ដែលមានទ្រង់ទ្រាយធំជាងនេះ ហើយយុវជនក្មេងៗបានឆ្លងកាត់ និងកាន់តែយល់ដឹងអំពីអំពើហិង្សារបស់រដ្ឋ និងតម្រូវការសម្រាប់រដ្ឋក្នុងការការពារពួកគេ មិនមែនគាបសង្កត់ពួកគេនោះទេ។
លោក David Agbee អ្នកជំនាញសន្តិសុខក្នុងប្រទេសហ្គាណាបានតាមដានការតវ៉ា និងក្តីបារម្ភអំពីសកម្មភាពរបស់ប៉ូលិសនៅក្នុងប្រទេសនីហ្សេរីយ៉ានេះ។ លោកបាននិយាយថា អង្គភាពពិសេសប្រឆាំងការឆក់ប្លន់នេះមានបញ្ហាជាច្រើនឆ្នាំមកហើយ ហើយអង្គភាពប៉ូលិសនៅទូទាំងនីហ្សេរីយ៉ាត្រូវធ្វើកំណែទម្រង់ រួមទាំងការបណ្តុះបណ្តាលនិងធនធានល្អជាងមុន។
លោក David Agbee បាននិយាយក្នុងសម្តីដើមថា៖ «ប៉ូលិសដែលស្លៀកពាក់ឯកសណ្ឋានត្រូវបានគេរំពឹងថា គោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ពួកគេត្រូវធានាថា ពួកគេផ្តល់ការការពារ។ ពួកគេត្រូវធានាថា ពួកគេមិនចាប់ជំរិតពលរដ្ឋនោះទេ។ នៅពេលពលរដ្ឋធ្វើការរិះគន់ និងចោទសួរពីសកម្មភាពវិជ្ជាជីវៈរបស់ពួកគេ វាបង្ហាញថា មានអ្វីម្យ៉ាងដែលអ្នកត្រូវធ្វើ»។
ខណៈដែលបាតុកម្មនៅតែបន្តនៅក្នុងប្រទេសនីហ្សេរីយ៉ា មានរបាយការណ៍កាន់តែច្រើននៃការប្រើប្រាស់កងកម្លាំងប៉ូលិសប្រឆាំងនឹងក្រុមអ្នកតវ៉ា។ យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់ ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមមក ហើយប៉ូលិសត្រូវបានគេចោទប្រកាន់ពីការបើកការបាញ់ប្រហារនិងប្រើប្រាស់ឡានទឹក និងឧស្ម័នទឹកភ្នែក។
នៅក្នុងសុន្ទរកថារបស់លោក លោក Buhari បាននិយាយថា នឹងមានការស៊ើបអង្កេតចំពោះការសម្លាប់នេះ ប៉ុន្តែបានបន្ទោស «មនុស្សអាក្រក់មួយក្រុមតូច» ចំពោះទង្វើខុសឆ្គងរបស់ប៉ូលិសនីហ្សេរីយ៉ា។
លោកបានទទួលស្គាល់ពី «ក្តីបារម្ភពិតប្រាកដ» របស់ពលរដ្ឋនីហ្សេរីយ៉ា «អំពីការប្រើប្រាស់កម្លាំងហួសហេតុ និងនៅក្នុងករណីមួយចំនួន ការសម្លាប់ដោយមិនមានការកាត់ទោសពីតុលាការ របស់កងកម្លាំងប៉ូលិសនីហ្សេរីយ៉ា»៕