ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ច្របូក​ច្របល់​ដោយសារ​ជំងឺ​កូវីដ១៩​ក្នុង​ទ្វីប​អាហ្វ្រិក​នាំ​ឱ្យ​មាន​ពួក​ជ្រុល​និយមឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​ភេរវកម្ម​


រូបភាពឯកសារ៖ មនុស្ស​ម្នាឈរ​នៅ​ទីខូចខាតនៃជំរំ​មួយ​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយសមាជិក​ឥស្លាមនៃក្រុមឧទ្ទាម Boko Haram ក្នុងទីក្រុង Dalori ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបភាពឯកសារ៖ មនុស្ស​ម្នាឈរ​នៅ​ទីខូចខាតនៃជំរំ​មួយ​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយសមាជិក​ឥស្លាមនៃក្រុមឧទ្ទាម Boko Haram ក្នុងទីក្រុង Dalori ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​ឧត្តម​សេនីយ​ឯក ​Dagvin Anderson ​ នៃ​ទី​បញ្ជាការ​កិច្ច​ប្រតិបត្តិការ​ពិសេស​ស.រ.អា.​ក្នុង​ទ្វីប​ អាហ្វ្រិក ​និយាយ​ថា​ ​អង្គការ​ជ្រុល​និយម​ឃោរឃៅ​ហៅ​កាត់​ថា​ VEOs ​បាន​ឆ្លៀត​ឱកាស​ពេល​មាន​ភាព​ច្របូក​ច្របល់​ដោយសារ​វីរុសកូរ៉ូណា​ក្នុង​ទ្វីប​អាហ្វ្រិក ​ដើម្បី​ជំរុញ​គោល​ដៅ​វាយ​ប្រហារ​ពួក​វា​ក្នុង​សង្គម​ងាយ​រង​គ្រោះ​ ​ពី​ប្រទេស ​នីហ្សេរីយ៉ា​ ទៅ​ដល់​ប្រទេស​ម៉ូហ្សំប៊ិក។​

លោក​បាន​និយាយ​ជា​មួយ​ពួក​អ្នក​កាសែត​តាម​រយៈ​ប្រព័ន្ធ ​ Video Zoomពី​ទីស្នាក់ការ​ធំ​នៃ​ AFRICOM​ នៅ​ក្នុង​ក្រុង ​Stuttgart ​ប្រទេស​អាល្លឺម៉ង់។ ​លោក​ឧត្តម​សេនិយ​ឯក​ Dagvin Anderson បាន​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មាន​ជំនឿ​ថា​ ពួក​ជ្រុលនិយម​នឹង​រក​ឱកាស​ទាញយក​ផល​ប្រយោជន៍ហើយ​ជំងឺ​កូវីដ​នាំ​ឱ្យ​មាន​ឱកាស​ទាំង​នេះ​ ​ពី​ព្រោះ​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​បញ្ហា​ពិបាកៗ​ច្រើន​...​យើង​ដឹង​ដែរ​ថា​ រដ្ឋាភិបាល​និង​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​ អាហ្វ្រិក​ក៏មាន​ភាព​តាន​តឹង​ដែរ​ហើយ​ពួក ​VEOs ​នឹង​ទាញ​យក​ប្រយោជន៍​ពី​ការណ៍​នេះ។​ ខ្ញុំ​មិន​អាច​និយាយ​ប្រាប់​លោក​អ្នក​ថា​ ​តើ​ពួក​វា​ធ្វើ​បែប​ណា​ដោយ​ពិតប្រាកដ​ទេ​ ​ពី​ព្រោះ​វិធានការ​របស់​ពួក​វា​អាច​ធ្វើ​តាម​វិធី​ផ្សេងៗ​ក្នុង​ប្រទេស​នីមួយៗ។​ពួក​ VEOs ​ទាំង​នេះ​មាន​ថាមភាព​ណាស់ហើយ​ពួក​វា​មាន​ការ​បត់បែន​ណាស់។​ ពួក​វា​នឹង​រក​ចំណុច​ខ្សោយ​ដែល​ពួក​វា​អាច​ទាញ​យក​ប្រយោជន៍​បានហើយ​ ពួក​វា​តាម​វាយ​ប្រហារ​លើ​ចំណុច​ខ្សោយ​ទាំង​នេះ»។

នៅ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ទ្វីប​ អាហ្វ្រិកពួក​ជ្រុល​និយម​កាន់​សាសនា​ឥស្លាម​ បាន​បិទ​ប្រព័ន្ធ​សិក្សា​អប់រំ។ លោក​ Anderson ​បាន​និយាយ​យោង​ដល់​សាលារៀន​ជាង​៣​ពាន់​ដែល​បាន​ត្រូវ​បិទ​ដោយ​ពួក​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ម៉ាលី​និង​ប្រទេស ​ Burkina Faso។ ​នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ ​កុងហ្គោ ​សាធារណ​រដ្ឋ​អាហ្វ្រិក ​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​និង​ប្រទេស​ម៉ូហ្សំប៊ិក​ ​ពួក​ជ្រុល​និយម​កាន់​សាសនា​ឥស្លាម ​បាន​ប្រើប្រាស់​ទុក្ខ​សោក​ក្នុង​មូលដ្ឋាន​ដើម្បី​បំពេញ​សកម្មភាព​ពួក​វា។​

លោក​បាន​និយាយ​ថា​ ​ក្រុម​ខ្លះ​ក្នុង​ចំណោម​ក្រុម​ទាំង​នេះ​ពឹង​ពាក់​លើ​ជំនួយ​បរទេស​ពី​ក្រុម​ស៊ី​ឈ្នួល​ច្បាំង​ដែល​គ្មាន​ការ​ទាក់​ទង​ច្បាស់លាស់​ជា​មួយ​ពួក​ឯទៀតៗ។​ គេ​យល់​ថា​ ពួក​ Wagner Group​ ដែល​ប្រកប​ដោយ​អាថ៌​កំបាំង​មាន​សកម្មភាព​នៅ​ក្នុង​ប្រទេស​ចំនួន​២០​ក្នុង​ទ្វីប​អាហ្វ្រិក​ដោយមាន​រួម​បញ្ចូល​ប្រទេស​ម៉ូហ្សំប៊ិក ​លីប៊ី​ ស៊ូដង់ ​ Ivory Coast ​និង​សាធារណ​រដ្ឋ​ អាហ្វ្រិក​កណ្តាល។​

លោកឧត្តមសេនីយ​ឯក​ Dagvin Anderson​ បាន​និយាយ​ជា​ថ្មី​អំពី​មតិ​ពួក​អ្នក​វិភាគ​ដែល​និយាយ​ថា ​ពួក ​Wagner Group​ មាន​ការ​ទាក់​ទង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដែល​ជា​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​រុស្សី​បាន​បដិសេធ។ លោក​ Anderson ​ បាន​មាន​ប្រសាសន៍​ទៀត​ថា៖​

«ប្រទេស​រុស្សី​បាន​ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​ពួក​ Wagner Group។​ ខ្ញុំ​យល់​ឃើញ​ថា​ ពួក​នេះ​អាច​ធ្វើ​ឱ្យ​មាន​អន្តរាយ​ច្រើន​ណាស់។​ ខ្ញុំ​ឃើញ​ថា​ពួក​នេះ​ធ្វើ​ឱ្យ​មាន​ការ​ខូច​ប្រយោជន៍​ដែល​ជា​ការ​គំរាម​កំហែង​អន្តរជាតិ​រួមគ្នា។​ ជា​អកុសល​អ្វី​ដែល​យើង​ឃើញ​គឺ​ពួក​វា​បាន​បញ្ឆេះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​លីប៊ី។​ មាន​ការ​និយាយ​ថា​ ពួក​វា​ជា​ពួក​យោធា​ឯកជន​ធ្វើការ​តាម​កុងត្រា។​ ខ្ញុំ​យល់​ថា​ ​បើ​គិត​ឱ្យ​បាន​វែងឆ្ងាយ​ពួក​នេះ​ជា​ក្រុម​មួយ​មាន​សកម្មភាព​ខ្លាំងក្លា​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​កាសែត​ដែល​ថា​ ​ក្រុមហ៊ុន​ឯក​ជន​មិន​អាច​នាំ​ចូល​ប្រព័ន្ធ​អាវុធ​ច្រើន​បែប​នេះ​បាន​ទេ។​ ទាំង​នេះ​ជា​ប្រព័ន្ធ​អាវុធ​ផ្តល់​ឱ្យ​ដោយ​រដ្ឋ»។​

លោក ​Anderson​ ក៏​បាន​និយាយ​អំពី​សេចក្តី​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ​ទីស្នាក់​ការ​ធំ​នៃ​កិច្ច​ប្រតិបត្តិការ​ពិសេស​ស.រ.អា.​ក្នុង​ទ្វីប ​អាហ្វ្រិក​នឹង​លើក​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​មួយ​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប។ ​លោក​បាន​កត់​សម្គាល់​ថា​ ​ការ​បង្អាក់​ដោយ​វិបត្តិ​វីរុស​កូរ៉ូណា​មិន​កែ​ប្រែ​ឬ​បន្ថយ​កិច្ច​ប្រតិបត្តិការ​របស់​ស.រ.អា.​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទេ ​ ហើយ​លោក​បាន​បង្ហាញ​ហេតុ​ផល​ថា​ ​ការ​ផ្ទេរ​អគ្គ​បញ្ជាការដ្ឋាន​នេះ​អាច​មាន​ផល​ប៉ះពាល់​តិចតួច​ដល់​ការងារ​របស់​ក្រុម​យោធា​អាមេរិកាំង​នៅទី​នោះ។​

លោក ​Anderson ​បាន​ថ្លែង​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​បារម្ភ​គឺ​ផល​ប៉ះពាល់​ប្រកបដោយ​មហន្តរាយ​ដោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ លើ​សេវា​និង​ស្ថាប័ន​នានា​ក្នុង​ទ្វីប​ អាហ្វ្រិក។​ លោក​បាន​កត់​សម្គាល់​ថា​ ​មុខនាទី​ក្រុម​យោធា​មាន​កំហិត​ហើយ​ជួន​កាល​យឺត​ពេក។​ លោក​បាន​និយាយ​បន្ថែម​ថា៖

«ជា​ញឹកញយ​យើង​ប្រៀប​ដូច​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ដែរ​គឺ​ថា​ នៅ​ពេល​ លោក​អ្នក​និយាយ​ទូរស័ព្ទ​ប្រាប់​ពួក​គេ​អំពី​អគ្គិភ័យ​នោះ​ ​ពេល​នោះ​ភ្លើង​បាន​ឆេះ ​ទៅ​ហើយ​ហើយ​ យើង​គួរ​ធ្វើ​អ្វីៗ​ដើម្បី​ទប់ស្កាត់​អគ្គីភ័យ។​ យើង​ត្រូវ​ចាត់​វិធានការ​កុំ​ឱ្យ​ភ្លើង​នេះ​ឆេះ​រាលដាល​បាន។​ ដូច្នេះ​ទោះបីជា​ខ្ញុំ​សរសើរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​គ្រប់​គ្នា​ដល់​អ្វី​ដែល​ក្រុម​យោធា​អាមេរិកាំង​បាន​ធ្វើប៉ុន្តែ​នោះ​ពេល​លោក​អ្នក​ប្រកាស​សញ្ញា​អគ្គីភ័យ​វា​ប្រហែល​យឺត​បន្តិច​ហើយ។ យើង​គួរ​ចាត់​វិធានការ​ជា​មុខ​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការ​អន្តរាយ»។​

ឧត្តមសេនិយ​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា​ ​នៅ​ពេល​នេះ​គ្រួសារ​និង​សហគមន៍​នៅ​ទូទាំង​ពិភពលោកប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​និង​ការ​ភ័យ​ខ្លាចនៅ​ពេល​វីរុស​កូរ៉ូណា​នៅ​តែ​រាល​ដាល​ត​ទៅ​ទៀត។​ ដំណោះស្រាយ​ខាង​យោធា​តែឯងមិន​អាច​ដោះស្រាយ​សេចក្តី​ត្រូវ​ការ​សម្រាប់​សន្តិសុខ​ម្ហូប​អាហារ​ សាលា​រៀន​ការ​ថែទាំ​សុខភាព​ឱ្យ​បាន​សមរម្យ​និង​សេវា​រដ្ឋាភិបាល​ជាមូលដ្ឋាន​បាន​ទេ។​ពួក​ជ្រុល​និយម​ខ្លះ​និយាយ​ថា​ ពួក​វា​បាន​ងើប​ឡើង​ដើម្បី​ដោះស្រាយ​អំពើ​អយុត្តិធ៌ម​ទាំង​នោះ​--​ក៏​ប៉ុន្តែ​លោក ​Anderson បាន​មាន​ប្រសាសន៍​ថា​ វិធី​ហិង្សា​របស់​ពួក​វា​ទាល់ច្រក​ហើយ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG