ការប្រើប្រាស់ម៉ាស៊ីនភ្លើងនៅក្នុងប្រទេស នីហ្សេរីយ៉ា កំពុងកើនឡើងដោយសារតែការដាច់ភ្លើងជាប់ជាប្រចាំ។ អាជីវកម្មនានានៅក្នុងប្រទេស នីហ្សេរីយ៉ា ចំណាយជាងពាក់កណ្តាលនៃថវិការបស់ខ្លួនទៅលើម៉ាស៊ីនភ្លើងជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារ Rural Electrification Agency នៃប្រទេសនេះ។ ការពឹងផ្អែកលើម៉ាស៊ីនភ្លើងត្រូវបានគេជឿថា រួមចំណែកយ៉ាងខ្លាំងដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិមួយស្តីអំពីការប្រែប្រួលអាកាសធាតុក្នុងប្រទេស ប៉ូឡូញ។
សំឡេងចេញពីម៉ាស៊ីនភ្លើងបន្លឺចេញពីក្នុងតំបន់អាជីវកម្មគ្រប់កន្លែងនៅក្នុងប្រទេស នីហ្សេរីយ៉ា។
លោក Abayomi Michaelកំពុងរៀបចំចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃរបស់លោក នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋធានី Abuja។
លោកបញ្ឆេះម៉ាស៊ីនភ្លើងរបស់លោក ដើម្បីប្រើម៉ាស៊ីនថតចម្លងនិងម៉ាស៊ីនបោះពុម្ពរបស់លោក។ ប៉ុន្តែការពឹងផ្អែកលើថាមពលអគ្គិសនីនេះមានតម្លៃថ្លៃខ្លាំងណាស់។
លោក Abayomi Michael បានថ្លែងថា៖
«អ្នកឃើញទេ ពន្លឺភ្លើងខ្សោយណាស់ចាប់តាំងពីថ្ងៃម្សិលម៉ិញមកម្ល៉េះ។ វាខ្សោយអីចឹងតែម្តង។ ខ្ញុំមិនអាចធ្វើការងារណាមួយបានទេ។ ខ្ញុំត្រឹមតែអាចទៅស្ថានីយ៍ប្រេងនិងទិញប្រេងប៉ុណ្ណោះ»។
នៅក្នុងប្រទេសនីហ្សេរីយ៉ា អាជីវកម្មភាគច្រើនគឺដូចជាអាជីវកម្មរបស់លោក Michael ដែរ ដែលត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើងដើម្បីអាចធ្វើអាជីវកម្មបាន។
អាជីវកម្មទាំងអស់នៅនីហ្សេរីយ៉ាចំណាយប្រាក់ប្រមាណ១៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំទៅលើម៉ាស៊ីនភ្លើង គឺសរុបទាំងការចំណាយទៅលើការនាំចូល ការចំណាយលើប្រេងឥន្ធនៈ និងការធ្វើឲ្យអាជីវកម្មស្ថិតស្ថេរ។
ប៉ុន្តែខណៈពេលដែលអាជីវកម្មត្រូវចំណាយច្រើនលើម៉ាស៊ីនភ្លើង អ្នកចែកចាយម៉ាស៊ីនភ្លើងដូចជា លោក Arinze Isiegbunam និយាយថា មុខជំនួញរបស់លោកដំណើរការល្អ។
លោក Arinze Isiegbunam ថ្លែងថា៖
«ខ្ញុំធ្លាប់លក់គ្រឿងអេឡិចត្រូនិច ប៉ុន្តែខ្ញុំសង្កេតឃើញថា តម្រូវការម៉ាស៊ីនភ្លើងកើនឡើង អញ្ចឹងខ្ញុំត្រូវផ្អាកឈប់លក់ទូរទស្សន៍និងឧបករណ៍ផ្សេងៗទៀត ហើយផ្តោតសំខាន់លើម៉ាស៊ីនភ្លើង ព្រោះមនុស្សកាន់តែច្រើនត្រូវការវា។ ដូចថ្ងៃនេះ ខ្ញុំលក់ដាច់ម៉ាស៊ីនភ្លើងអស់លើសពីបីគ្រឿងទៅទៀត»។
មានតែអគ្គិសនីតែ១៨ភាគរយប៉ុណ្ណោះដែលផលិតនៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានផលិតចេញពីប្រភពកើតឡើងវិញដូចជាថាមពលព្រះអាទិត្យនិងខ្យល់។
ក្រៅពីបង្កើតសំឡេងរំខាន ម៉ាស៊ីនភ្លើងក៏បញ្ចេញឧស្ម័នដែលមានគ្រោះថ្នាក់នានាទៅក្នុងបរិយាកាសផងដែរ ដូចជាឧស្ម័នកាបូនម៉ូណូអុកស៊ីតជាដើម។
ក្រុមអ្នកជំនាញចោទប្រកាន់រដ្ឋាភិបាលនីហ្សេរីយ៉ាថាព្រងើយកន្តើយលើការអភិវឌ្ឍថាមពលផ្សេងទៀត បើទោះបីជាមានផលប៉ះពាល់សេដ្ឋកិច្ចពីការពឹងផ្អែកខ្លាំងទៅលើម៉ាស៊ីនភ្លើងក៏ដោយ។
លោក Jaye Gaskiais អ្នកជំនាញខាងថាមពលនិងជាអ្នកសេដ្ឋកិច្ចមួយរូប បានមានប្រសាសន៍ថា៖
«ផ្ទះនីមួយៗមានម៉ាស៊ីនភ្លើង ហើយសហគ្រាសតូចនិងមធ្យមទាំងអស់សុទ្ធតែមានម៉ាស៊ីនភ្លើង។ ក្រុមហ៊ុននិងសាជីវកម្មធំៗទាំងអស់មិនត្រឹមតែមានម៉ាស៊ីនភ្លើងនោះទេពួកគេថែមទាំងមានរោងចក្រផលិតអគ្គិសនីទៀតផង ប៉ុន្តែអគ្គិសនីដែលផលិតបានមិនត្រូវបានដាក់បញ្ចូលទៅក្នុងបណ្តាញអគ្គិសនីរដ្ឋនោះទេ ដូច្នេះអគ្គិសនីទាំងនេះមិនអាចដាក់ឲ្យប្រើប្រាស់ជាសាធារណៈបាននោះទេ។ នេះជាកត្តាដែលធ្វើឱ្យសេដ្ឋកិច្ចមិនអាចដំណើរការបានល្អ»។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari គឺជាប្រតិភូម្នាក់ក្នុងចំណោមប្រតិភូ ២០០០០នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសប៉ូឡូញ កាលពីខែធ្នូ កន្លងទៅនេះ។
គោលដៅត្រូវបានដាក់សម្រាប់ប្រទេសនីមួយៗ ឲ្យកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្រិតការកើនឡើងកម្តៅផែនដីត្រឹមតែ១,៥អង្សាសេប៉ុណ្ណោះ។
ប៉ុន្តែប្រទេសនីហ្សេរីយ៉ាជាអ្នកផលិតប្រេងកំពូលនៅក្នុងទ្វីបអាហ្វ្រិក និងជាអ្នកនាំចូលម៉ាស៊ីនប្រើថាមពលឥន្ធនៈផូស៊ីលធំជាងគេផងដែរ។
ក្រុមអ្នកជំនាញនិយាយថា វានឹងមិនងាយស្រួលទេសម្រាប់លោកប្រធានាធិបតី Buhari ក្នុងការហាមឃាត់មិនឲ្យប្រើប្រាស់ម៉ាស៊ីនភ្លើងនៅតាមផ្ទះជាង៦០លានខ្នងនោះ៕
ប្រែសម្រួលដោយកញ្ញា ផន បុប្ផា