ជើងហោះហើរទី១របស់សហរដ្ឋអាមេរិកដែលដឹកជញ្ជូនជនចំណាកស្រុកដែលត្រូវបានគេឃុំឃាំងទៅកាន់មូលដ្ឋានយោធា Guantanamo នៅប្រទេសគុយបា បានចាប់ផ្តើមកាលពីថ្ងៃអង្គាម្សិលមិញនៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបង្ក្រាបលើចំណាកស្រុកខុសច្បាប់។ នេះបើតាមសេតវិមានហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជំរំ Guantanamo ត្រូវបានគេស្គាល់កាលពីពេលមុនជាមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ពួកជនសង្ស័យដែលត្រូវបានចោទប្រកាន់ជាអ្នកប្រព្រឹត្តបទល្មើសទាក់ទិននឹងភេរវកម្ម ក៏ប៉ុន្តែ ទីតាំងនេះក៏មានប្រវត្តិសាស្ត្រត្រូវបានគេប្រើប្រាស់ដើម្បីឃុំខ្លួនជនចំណាកស្រុក ហើយលោកប្រធានាធិបតី Trumpកាលពីសប្តាហ៍មុនបានបញ្ជាឱ្យមានការប្រុងប្រៀបរៀបចំជាមជ្ឈមណ្ឌលសម្រាប់«ជនចំណាកស្រុក»៣ម៉ឺននាក់នៅទីនោះ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt បាននិយាយនៅលើកម្មវិធីទូរទស្សន៍ Fox Business ថា៖ «ថ្ងៃនេះ ជើងហោះហើរលើកទី១ដែលដឹកជនចំណាកស្រុកខុសច្បាប់ពីសហរដ្ឋអាមេរិកទៅកាន់ច្រកសមុទ្រ Guantanamo កំពុងធ្វើឡើង។
លោកប្រធានាធិបតី Trump បានចាប់ផ្តើមអ្វីដែលរដ្ឋបាលលើកទី២របស់លោកកំពុងចាត់ទុកជាកិច្ច ខំប្រឹងប្រែងយ៉ាងខ្លាំងមួយដើម្បីប្រយុទ្ធជនចំណាកស្រុកខុសច្បាប់ ដែលធ្វើឱ្យមានការវាយឆ្មក់រកជនចំណាកស្រុក ការចាប់ខ្លួននិងការបញ្ជូនទៅកាន់ប្រទេសវិញតាមយន្តហោះយោធា។
លោកប្រធានាធិបតី Trump បានធ្វើឱ្យបញ្ហានេះក្លាយជាអាទិភាពនៅលើឆាកអន្តរជាតិដែរ ដោយបានបានគំរាមកំហែងប្រទេសកូឡុំប៊ីដោយការដាក់ទណ្ឌកម្មនិងការយកពន្ធគយយ៉ាងច្រើនចំពោះបដិសេធមិនទទួលនិងបញ្ជូនត្រឡប់វិញយន្តហោះ២គ្រឿងដែលផ្ទុកដោយជនដែលត្រូវវិលត្រឡប់ទៅកាន់ប្រទេសវិញ។
គុក Guantanamo ត្រូវបានបើកបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ហើយត្រូវបានប្រើប្រាស់ដើម្បីដាក់ពួកអ្នកទោសដោយគ្មានពេលកំណត់ ដែលត្រូវចាប់បានក្នុងអំឡុងនៃសង្គ្រាមនិងកិច្ចប្រតិបត្តិការផ្សេងទៀតដែលបានកើតមានឡើងបន្ទាប់។
ស្ថានភាពនៅទីនោះបានបណ្តាលឱ្យមានការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សហើយអ្នកជំនាញអង្គការសហប្រជាជាតិបានថ្កោលទោសគុកនោះថា ជាទីកន្លែង«ដ៏ព្រៃផ្សៃមួយ»៕
វេទិកាបញ្ចេញមតិ