អតីតមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ស្មោះត្រង់នឹងគណបក្សរាជានិយមហ៊្វុន ស៊ីនប៉ិច គឺ លោក ញឹក ប៊ុនឆៃ ត្រូវបានកោះហៅឱ្យចូលខ្លួន ដើម្បីប្រគល់អាវុធ និងដកហូតក្រុមអង្គរក្សការពារជាបន្ទាន់ ក្រោយពីព្រះមហាក្សត្រខ្មែរបញ្ចប់តំណែងរបស់លោកពីទីប្រឹក្សារដ្ឋាភិបាលកម្ពុជាតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការដកតំណែង និងអាវុធរបស់លោកនេះគឺ ធ្វើឡើងភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក្នុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនានេះ។
នៅមុនការបោះឆ្នោតនោះ លោក ញឹក ប៊ុនឆៃ បានទូរស័ព្ទទាក់ទងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិអំពីការស្នើឲ្យអ្នកគាំទ្របក្សខ្មែររួបរួមជាតិបោះឆ្នោតឲ្យបក្សប្រឆាំង នៅក្នុងឃុំដែលបក្សខ្មែររួបរួមជាតិមិនមានលទ្ធភាពដាក់បេក្ខជនឲ្យឈរឈ្មោះ។ នេះបើតាមការបញ្ជាក់ពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះ។
«គាត់គ្រាន់តែនិយាយជាមួយខ្ញុំ គាត់ថា គាត់ឲ្យឃុំណា ដែលអត់មានបេក្ខជនគាត់ហ្នឹង អ្នកដែលគាំទ្រគាត់ហ្នឹង ឲ្យបោះឆ្នោតឲ្យសង្គ្រោះជាតិហ្នឹងហើយ ព្រោះខ្ញុំវាមិនចាប់អារម្មណ៍ ព្រោះដោយសារបើគាត់មានអ្នកគាំទ្រ គាត់ដាក់បេក្ខជនបានហើយ។ ខ្ញុំវាមានទៅស្អី អាហ្នឹង ហ្នឹង។ បើគាត់ដាក់បេក្ខជនរបស់គាត់អត់បានផង តើគាត់មានអ្នកគាំទ្រឯណា អាហ្នឹងនិយាយឲ្យស្រួលស្តាប់ណ៎ា។ ខ្ញុំៗ វាអត់ចាប់អារម្មណ៍ អត់យកចិត្តទុកដាក់រឿងហ្នឹងទេណ៎ា»។
ទោះជាមិនមានការពិភាក្សាអំពីការច្របាច់បញ្ចូលគ្នានៃគណបក្សខ្មែររួបរួមជាតិ និងគណបក្សសង្គ្រោះជាតិក្តី លោក អេង ឆៃអ៊ាង បានឲ្យដឹងថា គណបក្សប្រឆាំង ស្វាគមន៍អ្នកប្រជាធិបតេយ្យឲ្យមករួបរួមជាមួយគណបក្សប្រឆាំង ដែលជាគោលការណ៍មួយរបស់គណបក្សក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អេង ឆៃអ៊ាង បានបន្ថែមថា៖
«គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ គឺយើងចង់រួបរួមខ្មែរអ្នកសេ្នហាជាតិ អ្នកប្រជាធិបតេយ្យទាំងអស់ហ្នឹង ហ្នឹងហើយ យើងអត់មាន អត់មានបដិសេធទេ ដែលថា គណបក្សណាក៏ដោយ ដែលចង់មកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ គឺយើងស្វាគមន៍»។
គេសង្កេតឃើញថា ក្រោយពេលលោក ញឹក ប៊ុនឆៃ ទាក់ទងជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិដូច្នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានគេដកហូតមុខតំណែងនិងអាវុធ ព្រមទាំងអង្គរក្សការពារផងដែរ។
យោងតាមលិខិតកោះអញ្ជើញលោក ញឹក ប៊ុនឆៃ ចុះហត្ថលេខាដោយលោក ជួន សុវណ្ណ ស្នងការក្រុងភ្នំពេញ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៧ ឱ្យដឹងថា លោក ញឹក ប៊ុនឆៃ បានទៅបំភ្លឺនៅសាលាខេត្តបន្ទាយមានជ័យ ថា លោកមានអាវុធខ្លីចំនួន ១០ដើម និងអាវុធវែងចំនួន១៦ដើម។
លិខិតដដែល ដែល VOA ទទួល បានរៀបរាប់ថា លោក ញឹក ប៊ុនឆៃ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១០ដើម និងបានប្រគល់អាវុធវែងមួយដើម ជូនលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ រួចរាល់ហើយ។
យ៉ាងណាក៏ដោយ លោក ជួន សុវណ្ណ បានក៏បញ្ជាក់ក្នុងលិខិតដដែលថា លោក ញឹក ប៊ុនឆៃ ត្រូវប្រគល់អាវុធ ចំនួន១៥ដើមផ្សេងទៀត នៅពេលលោកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
VOA មិនអាចទាក់ទងលោក ជួន សុវណ្ណ បានទេ នៅរសៀលថ្ងៃច័ន្ទ ដោយទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។ VOA ក៏ពុំអាចទាក់ទងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសុំក្តីអធិប្បាយផងដែរនៅថ្ងៃច័ន្ទនេះ។
ការកោះហៅលោក ញឹក ប៊ុនឆៃ កើតមានឡើង ក្រោយអតីតមេទ័ពស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ រូបនេះ ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចនរោត្តម សីហមុនី បញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រក្សាប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ ព្រះរាជក្រិត្យរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី ចុះព្រះហស្ថលេខាថ្ងៃទី៥ ខែមិថុនា មិនបានផ្តល់ហេតុផលនៃការបញ្ចប់តំណែងនេះទេ។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីលោក ញឹក ប៊ុនឆៃ នៅរសៀលថ្ងៃច័ន្ទនេះ តែមិនទាន់អាចទាក់ទងបាន។ ឯលោក ទុំ សំបុល អតីតមន្ត្រីរបស់គណបក្សខ្មែររួបរួមជាតិ ក៏មិនអាចបញ្ជាក់បានអំពីព័ត៌មានដែលថា លោក ញឹក ប៊ុនឆៃ ប្រុងរំលាយបក្សរបស់លោកជាមួយបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ ថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុន ក្រោយការដកហូតតំណែងរបស់លោក លោក ញឹក ប៊ុនឆៃ ថា លោកមិនមានគំនិតក្នុងចូលរួមជាមួយគណបក្សជំទាស់នោះទេ ហើយនោះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ។ លោក ញឹក ប៊ុនឆៃក៏បានឱ្យ VOA ដឹងផងដែរថា មានការដាក់ពង្រាយកម្លាំងប្រដាប់អាវុធព័ទ្ធផ្ទះលោក ក្នុងសង្កាត់ជ្រោយចង្វាររយៈពេលបីថ្ងៃផងដែរ ចាប់តាំងពីថ្ងៃសៅរ៍ទី៣ រហូតដល់ល្ងាចថ្ងៃទី៦ ដោយមានកម្លាំងប៉ូលិស កងរាជអាវុធហត្ថ និងទាហានជាដើម ក៏ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតពីហេតុការណ៍នោះទេ។
លោក ញឹក ប៊ុនឆៃ ធ្លាប់ដឹកនាំកម្លំាងទ័ពដែលស្មោះត្រង់នឹងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ប្រយុទ្ធជាមួយកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងការវាយប្រហារមួយកាលពីឆ្នាំ ១៩៩៧ ដែលគេពណ៌នាថា ជារដ្ឋប្រហារយោធាកណ្តាលក្រុងភ្នំពេញ។ ឧត្តមសេនីយ៍ និងពលទាហានជាច្រើននាក់របស់គណបក្សហ៊្វុនស៊ីនប៉ិច បានស្លាប់ក្នុងការវាយប្រហារនោះ ហើយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ក៏បាត់បង់តំណែងជាសហនាយករដ្ឋមន្ត្រីទីមួយ ខណៈដែល លោក ហ៊ុន សែន បានបន្តកាន់តំណែងជាសហនាយករដ្ឋមន្ត្រីទីពីរ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម យល់ថា គណបក្សសង្គ្រោះជាតិ អាចនឹងមានអ្នកគាំទ្រច្រើន ប្រសិនបើលោក ញឹក ប៊ុនឆៃ ចង់ចូលរួមក្នុងនាមជាបុគ្គលឯករាជ្យ ដែលមិនរណបនឹងបក្សនយោបាយណាផ្សេង ជាពិសេសនោះគឺបក្សប្រជាជនកម្ពុជា។
អ្នកវិភាគរូបនេះពន្យល់ថា លោក ញឹក ប៊ុនឆៃ គួរលាឈប់ពីប្រធានគណបក្សខ្មែររួបរួមជាតិ ដើម្បីបញ្ចៀសការចោទប្រកាន់ដែលអាចធ្វើមកលើបក្សប្រឆាំង ថាកំពុងគៀគរ កម្លាំងជាអតីតកងទ័ព។ លោក មាស នី ថា ការចូលរួមរបស់លោក ញឹក ប៊ុនឆៃ ក្នុងបក្សប្រឆាំង អាចជាគ្រោះកាចមួយដល់បក្សប្រឆាំង ដែលបានបន្តកើនសំឡេងក្នុងការបោះឆ្នោតពីរលើកចុងក្រោយនៅឆ្នាំ២០១៣ សម្រាប់ការបោះឆ្នោតជាតិ និងឆ្នាំ ២០១៧ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
«បើសិនជាគណបក្សរួបរួមជាតិនេះ ជាគណបក្សមួយដែលមានឯករាជ្យពិតប្រាកដ ប៉ុន្តែគាត់ដើរចូលទៅក្នុងសង្គ្រោះជាតិ ដោយមានវត្តមានឯកឧត្តម ញឹក ប៊ុនឆៃ ក្នុងហ្នឹងផង។ វានឹងអាចនាំគ្រោះមកឲ្យសង្គ្រោះជាតិ ដោយគណបក្សប្រជាជនអាចចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើការគៀងគរកម្លាំងដែលមានកងទ័ពនៅពីក្រោយខ្នង។ អីចឹងទៅ ហើយវាងាយស្រួលនៅក្នុងការរុញឲ្យស្ថានភាពវាចូលទៅដូចឆ្នាំ ១៩៩៧ ទៀត»។
លោក ញឹក ប៊ុនឆៃ ត្រូវគេដឹងថា ធ្លាប់បានបំបែកភាពទាល់ច្រកខាងនយោបាយ កាលពីជាង ១០ឆ្នាំមុន ក្នុងនាមលោក ជាអនុប្រធានសភាទីពីរ ហើយក្នុងគ្រាដែលគណបក្សហ៊្វុនស៊ីនប៉ិចបានបន្តបាត់ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ៕
(លោក សុខ ខេមរា នៃ VOA រាយការណ៍បន្ថែម)