នៅសល់តែជាង៤០ថ្ងៃទៀតប៉ុណ្ណោះ ចៅសង្កាត់ និងក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ នឹងឡើងកាន់តំណែងនៅតាមសង្កាត់ ដែលគណបក្សប្រឆាំងមួយនេះបានឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
គណបក្សប្រឆាំងអះអាងថា ឈ្នះតំណែងចៅសង្កាត់ច្រើនជាងគណបក្សប្រជាជនកម្ពុជាដោយទទួលបាន៥៧ក្នុងចំណោមសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំគណបក្សបានជួបប្រជុំជាមួយចៅសង្កាត់ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គណបក្សសង្រ្គោះជាតិបានណែនាំឲ្យចៅសង្កាត់ដែលជាប់ឆ្នោតទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈចៅសង្កាត់ទាំងនោះបានបង្ហាញក្តីបារម្ភថា អាចនឹងមានការរើសអើងពីសំណាក់រដ្ឋាភិបាល និងថ្នាក់លើ ហើយគម្រោងអភិវឌ្ឍន៍មិនត្រូវបានបែងចែកឲ្យស្មើគ្នា។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានណែនាំឲ្យចៅសង្កាត់ និងក្រុមប្រឹក្សាទាំងអស់ បម្រើប្រជាពលរដ្ឋឲ្យបានល្អ ក្នុងនោះមានការផ្តល់សេវាឯកសារទាន់ពេលវេលា និងមានវត្តមាននៅសង្កាត់ជាប្រចាំ។ លោកក៏បានណែនាំឲ្យចៅសង្កាត់ និងក្រុមប្រឹក្សាទាំងអស់ មានអាកប្បកិរិយាល្អ និងរួសរាយទៅកាន់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ប្រហែលជា៤៥ថ្ងៃទៀត ចូលកាន់តំណែង រឿងសេវាសាធារណៈ ដាក់ឲ្យប្លែក សាលាឃុំពីមុន អត់មានអ្នកទទួលភ្ញៀវ មិនញញឹមញញែមរាក់ទាក់ អត់តែ អត់កាហ្វេ អត់កៅអីអង្គុយ ដាក់ទាំងអស់»។
លោក យឹម សុវណ្ណ ក៏បានស្នើឲ្យចៅសង្កាត់ទាំងអស់ កុំរើសអើងចំពោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា និងស្នើឲ្យធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
លោកក៏បានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ និងធ្វើយ៉ាងណាកុំឲ្យគណបក្សដទៃយកភាពអសកម្មណាមួយមកចាប់កំហុស។
លោកបានបញ្ជាក់ថា៖ «ស្មៀនក្រសួងមហាផ្ទៃណា ហើយក្រុមប្រឹក្សាមកពីគណបក្សផ្សេងជុំវិញខ្លួនយើងហ្នឹង សុទ្ធតែកំពុងបាញ់ភ្នែកមកហើយ។ មិនបាច់ធ្វើច្រើនទេ ៥០០ឃុំសង្កាត់ហ្នឹង ធ្វើបាបមេឃុំយើងតែ៣ហ្នឹង ផ្អើលទូរទស្សន៍ ផ្អើលអីហ្នឹង ខូចឈ្មោះគណបក្សខ្ទេច បងប្អូនត្រូវប្រុងប្រយ័ត្ន។ សូមអង្វរ សុំប្រយ័ត្នឲ្យមែនទែន»។
ខណៈសង្ឃឹមថា ចៅសង្កាត់ទាំងនោះនឹងបម្រើប្រជាពលរដ្ឋបានល្អ ដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ អ្នកនាំពាក្យរូបនោះ ក៏បានបង្ហាញក្តីបារម្ភចំពោះការរើសអើងពីរដ្ឋាភិបាលចំពោះចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ។
លោក យឹម សុវណ្ណ បានថ្លែងប្រាប់VOAថា៖ «ការព្រួយបារម្ភមាន ក៏ប៉ុន្តែនៅតែសង្ឃឹមថា គណបក្សកាន់អំណាចហ្នឹង គាត់ធ្វើសេចក្តីសម្រេចអ្វីក៏ដោយ អត់មានការរើសអើងទេ។ បើសិនជាលទ្ធភាពថវិកាបែងចែកទៅឲ្យឃុំសង្កាត់ បានប៉ុណ្ណា គឺត្រូវបែងចែកឲ្យមានសមធម៌ និងបែងចែកអត់មានការរើសអើងទេ»។
ចៅសង្កាត់ដែលជាប់ឆ្នោត នឹងចូលកាន់តំណែងនៅខែកក្កដា ខាងមុខនេះ។ នេះជាលើកដំបូងហើយ ដែលគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ទទួលបានតំណែងចៅសង្កាត់នៅរាជធានីភ្នំពេញច្រើនជាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២ គណបក្សប្រឆាំងមួយនេះ ទទួលបានតំណែងចៅសង្កាត់តែ ៤០ប៉ុណ្ណោះនៅទូទាំងប្រទេស។
ចៅសង្កាត់ចាក់អង្រែក្រោម ដែលជាប់ឆ្នោត លោក ផល ស៊ីថុន អាយុ៥០ឆ្នាំ ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ បានថ្លែងប្រាប់VOA ថា លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសង្កាត់នៅពេលខាងមុខ។ លោកបន្តថា លោកនឹងខិតខំផ្តល់សេវាមូលដ្ឋានឲ្យបានល្អ ដោយបម្រើសេវាទាំងថ្ងៃចុងសប្តាហ៍។
លោកបានថ្លែងប្រាប់VOAថា៖ «យើងកំណែទម្រង់ រដ្ឋបាលនៅសាលាសង្កាត់។ មានន័យថា ២៤ម៉ោង លើ២៤ម៉ោង មិនរាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ រដ្ឋបាលសាលាសង្កាត់ត្រូវមានមនុស្សប្រចាំការ ជាពិសេសចៅសង្កាត់ត្រូវតែប្រចាំការ»។
ទោះជាយ៉ាងណា លោកក៏បានបង្ហាញការបារម្ភថា អាចនឹងមានការរើសអើងក្នុងការផ្តល់ថវិកា និងគម្រោងអភិវឌ្ឍន៍សម្រាប់សង្កាត់ដែលមានចៅសង្កាត់មកពីគណបក្សប្រឆាំង។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវ ទីមួយស្ថាប័នរដ្ឋ ដែលធ្លាប់បានសហការជាមួយសាលាសង្កាត់ ក្រសួងមន្ទីរ ក្រោមឱវាទរបស់សាលាក្រុង មេត្តាកុំរើសអើង។ ទីពីរសូមអំពាវនាវដល់សប្បុរសជន ដែលមានចិត្តក្នុងការអភិវឌ្ឍសង្កាត់ សូមមេត្តាជួយសង្កាត់ចាក់អង្រែយើងផង»។
ចៅសង្កាត់ជាប់ឆ្នោតរូបនោះ បានឲ្យដឹងថា លោកនឹងដោះស្រាយបញ្ហាគ្រឿងញៀន ប្រព័ន្ធលូស្ទះ និងប្រព័ន្ធខ្សែភ្លើង មិនមានរបៀបរៀបរយនៅក្នុងសង្កាត់។
ចៅសង្កាត់ជាប់ឆ្នោតម្នាក់ទៀតសម្រាប់សង្កាត់ចោមចៅទី១ លោក កង វង អាយុ៣៣ឆ្នាំ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង បានថ្លែងប្រាប់VOAដែរថា លោកនឹងរៀបចំផ្លូវវ៉េងស្រេង ឲ្យមានសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរនៅតាមផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ លោកបន្តថា លោកតាំងចិត្តថា នឹងខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងមិនរើសអើងចំពោះក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចនោះទេ។
លោកបានថ្លែងប្រាប់VOAថា ៖ «និយាយមួយម៉ាត់ មិនរើសអើងលើបុគ្គលណាទេ(ក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា)។ យើងអត់មានមានរើសអើង។ យើងនឹងហៅពួកគាត់មកជួយសហការ មិនថា មេឃុំគណបក្សប្រជាជនដែលគាត់កាន់ពីមុនហ្នឹងមក»។
ទោះជាយ៉ាងណា លោកក៏បានអំពាវនាវកុំឲ្យរដ្ឋាភិបាល ឬអាជ្ញាធរថ្នាក់លើរើសអើងសង្កាត់ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹង ខ្ញុំសូមអំពាវនាវឲ្យគាត់ កុំមានការរើសអើង ធ្វើម៉េចកាតព្វកិច្ចអ្វីដែលគាត់អាចផ្តល់ដល់ពួកយើងខ្ញុំ ជាចៅសង្កាត់ដែលឡើងថ្មីនេះ សូមឲ្យគាត់ផ្តល់មកតាមអ្វីដែលគាត់អាចផ្តល់បាន»។
លោកបានបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់មានគម្រោងផ្លាស់ប្តូរមេភូមិនៅឡើយទេ តែលោកបារម្ភថា មេភូមិទាំងនោះ មិនអាចធ្វើការជាមួយចៅសង្កាត់ និងក្រុមប្រឹក្សាមកពីគណបក្សសង្រ្គោះជាតិបាន។
គណបក្សប្រឆាំងបានអះអាងថា ថវិកាសម្រាប់ការអភិវឌ្ឍឃុំសង្កាត់បច្ចុប្បន្ននេះ នៅមានចំនួនតិចតួចនៅឡើយ គឺត្រឹមតែ ៣ទៅ៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។ គណបក្សបានសន្យាថា នឹងផ្តល់ថវិកាដល់ឃុំសង្កាត់នីមួយៗយ៉ាងតិច៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខ។
ចៅសង្កាត់បឹងទំពុន២ ដែលជាប់ឆ្នោត លោក ជា យ៉ាម៉ន បានថ្លែងប្រាប់VOAថា លោកនឹងតវ៉ាប្រសិនបើមានការបែកចែកថវិកាសម្រាប់ការអភិវឌ្ឍសង្កាត់ មិនស្មើគ្នា បើធៀបនឹងសង្កាត់ផ្សេងៗទៀត។ លោកបន្តថា លោកមិនមានជំនឿថា កាកបាទក្រហមកម្ពុជា នឹងសហការជាមួយសង្កាត់ដែលលោកដឹកនាំ ដើម្បីជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនោះទេ។
លោក ជា យ៉ាម៉ន បានឲ្យដឹងទៀតថា លោកនឹងប្រុងប្រយ័ត្នចំពោះការផ្តល់សេវានៅតាមមូលដ្ឋាន។
លោកបានថ្លែងថា៖ «ខ្ញុំបានត្រៀមខ្លួន ក្នុងនាមខ្ញុំជាបេក្ខជនចៅសង្កាត់គណបក្សសង្រ្គោះជាតិបឹងទំពុន២។ គឺខ្ញុំបានត្រៀមលក្ខណៈទុកជាមុនហើយ។ ខ្ញុំនឹងមិនបារម្ភអ្វីទាំងអស់ ដែលយើងតែបារម្ភថា គេនឹងសាកល្បងយើង។ គេតែងយកនុយ ធ្វើឲ្យយើងជាប់អន្ទាក់របស់គេ»។ រាល់ការចង់យកលុយមកសូកខ្ញុំហ្នឹង អីទាំងអស់ហ្នឹង គឺយើងមិនទទួលលុយគាត់ទេ»។
ចៅសង្កាត់ជាប់ឆ្នោតរូបនោះ ក៏បានអះអាងទៀតថា លោកនឹងរៀបចំសង្កាត់របស់លោកឲ្យមាន របៀបរៀបរយ និងបរិស្ថានល្អ។ លោកក៏បានស្នើឲ្យមានការប្រកួតប្រជែងសម្រាប់សង្កាត់ដែលរក្សាបរិស្ថានបានល្អ ដែលលោកថា នេះជាបទពិសោធន៍មួយដែលលោកបានរៀនសូត្រពីក្រៅប្រទេស។
បើតាមអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ការឈ្នះចៅសង្កាត់លើសគណបក្សកាន់អំណាច គណបក្សប្រឆាំងនឹងមានតំណែងប្រធានក្រុមប្រឹក្សាសម្រាប់ខណ្ឌនៅរាជធានីភ្នំពេញ ហើយនឹងទទួលបានតំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា តំណែងនេះអាចមានឥទ្ធិពលដល់ការសម្រេចបែងចែកគម្រោងអភិវឌ្ឍន៍ក្នុងខណ្ឌ និងសង្កាត់។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមានគោលការណ៍ និងនីតិវិធីក្នុងការបែងចែងថវិកា និងមានគម្រោងត្រឹមត្រូវសម្រាប់អភិវឌ្ឍសង្កាត់។ លោកបន្តថាចៅសង្កាត់ជាប់ឆ្នោតជាមន្រ្តីសាធារណៈដែលបម្រើប្រជាពលរដ្ឋ ដូច្នេះលោកថានឹងមិនមានការរើសអើងនោះទេ។
លោក ផៃ ស៊ីផាន បានបន្ថែមថា ប្រសិនបើមានការរើសអើង ចៅសង្កាត់ទាំងនោះអាចប្តឹងមកក្រសួងមហាផ្ទៃបាន។
លោកបានថ្លែងប្រាប់VOAថា៖ «ហើយគាត់មានសិទ្ធិ បើអ្នកណា មិនសហការជាមួយគាត់ គាត់អាចប្តឹងមកក្រសួងមហាផ្ទៃ។ មិនមែនដោយយកលេសថា គាត់មកពីគណបក្សថ្មី ដែលគាត់មិនអាចធ្វើបាន កាលណាគាត់និយាយអញ្ចឹង បានគាត់ថា អត់មានសមត្ថភាពទេ។ អ្វីដែលអតីតគណបក្សប្រជាជន លោកបានធ្វើ ធ្វើបន្តទៀត ខ្ញុំមើលទៅអត់មានអ្វីដែលជាឧបសគ្គទេ»។
អ្នកនាំពាក្យរូបនោះ ក៏បានអំពាវនាវកុំឲ្យមានការរើសអើងគ្នា ដោយសារការបោះឆ្នោតមិនមែនជាការដណ្តើមឈ្លោះប្រកែកគ្នាទេ គឺជាការផ្តល់សេវាកម្ម និងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។
បើតាមគណបក្សសង្រ្គោះជាតិ បក្សប្រឆាំងដណ្តើមអាសនៈពីបក្សកាន់អំណាចបានជាច្រើន នៅរាជធានីភ្នំពេញ និងខេត្តធំៗ រួមមានខេត្តសៀមរាប កំពង់ចាម បាត់ដំបង និងកំពង់ធំ។
គណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួនឈ្នះតំណែងមេឃុំចៅសង្កាត់ ជិត៥០០ ក្នុងចំណោម១៦៤៦ ឃុំសង្កាត់ទូទាំងប្រទេស ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕