បន្ទាប់ពីសង្គមស៊ីវិល និងគណបក្សប្រឆាំងរិះគន់គម្រោងតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលធ្លាក់ឆ្នោតរបស់គណបក្សកាន់អំណាច ឲ្យធ្វើជាជំនួយការ ឬជាទីប្រឹក្សារបស់រដ្ឋាភិបាលថាជាការខ្ជះខ្ជាយថវិកាជាតិ ក្រសួងមហាផ្ទៃ បានច្រានចោលការលើកឡើងនោះ ដោយបានអះអាងថា គម្រោងនោះគឺជាការតែងតាំងមេឃុំ-ចៅសង្កាត់ដែលមិនបានឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតប៉ុណ្ណោះ។
គណបក្សកាន់អំណាច ប្រកាសធ្វើតាមក្រសួងមហាផ្ទៃ ដោយលុបចោលគម្រោងតែងតាំងអតីតមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ដែលចាញ់ការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យកន្លងទៅឱ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាថ្ងៃសុក្រនេះថា គណបក្សប្រជាជនកម្ពុជានឹងធ្វើតាមក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងនេះប្រកាសថា មិនមានការតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលធ្លាក់ឆ្នោត ឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជានឹងនៅតែរៀបចំការងារសម្រាប់មេឃុំ-ចៅសង្កាត់របស់ខ្លួន ដែលមិនជាប់ឆ្នោតទាំងនោះ ក្នុងក្របខ័ណ្ឌគណបក្ស។
«អាហ្នឹងយើងគោរពទៅតាមគោលការណ៍ដែលមានចែងរបស់ក្រសួងមហាផ្ទៃហើយ ព្រោះខ្ញុំមានមតិ ខ្ញុំមានមតិជាឯកជនផ្ទាល់ខ្លួនរបស់ខ្ញុំទេ ពីព្រោះឥលូវបើមានគោលការណ៍ ថាតែងតាំងជាទីប្រឹក្សាជាអីតាមក្រសួង តាមថ្នាក់ដឹកនាំក្រសួងអី ឥលូវបើអត់មានទេ អាហ្នឹងវាច្បាស់ជាអត់ហើយ។ ក៏ប៉ុន្តែបើសិនណាជាវាអត់មានទេ អានេះជាគោលនយោបាយរបស់គណបក្សវិញ។ ការងារធ្វើតាមគណបក្ស ហើយប្រាក់ឧបត្ថម្ភពីគណបក្សទៅ»។
កាលពីដើមសប្ដាហ៍នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនថា ការតែងតាំងអតីតមេឃុំ ចៅសង្កាត់ ដែលធ្លាក់ឆ្នោត ឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការរដ្ឋាភិបាល អាចនឹងធ្វើឡើងនៅក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ក្នុងពេលខាងមុខ ដោយលោកបានអះអាងថា ការធ្វើបែបនេះ គឺដើម្បីជួយដល់សមាជិកគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គឺធ្វើឡើងប៉ុន្មានខែក្រោយពីការចេញផ្សាយលិខិតមួយច្បាប់របស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដោយមានយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៦ ខែកុម្ភៈ។
លិខិតដដែលបានបញ្ជាឲ្យប្រធានស្ថាប័នរដ្ឋទាំងអស់ ត្រូវទទួលយកមេឃុំ-ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមិនបានជាប់ឈ្មោះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧នេះ ធ្វើជាជំនួយការ។
ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃនាសប្ដាហ៍នេះពីសំណាក់ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងចំពោះគម្រោងរបស់បក្សកាន់អំណាច ថានឹងធ្វើឱ្យខ្ជះខ្ជាយការប្រើប្រាស់ថវិកាជាតិ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ បដិសេធគម្រោងតែងតាំងមន្ត្រីឃុំ-សង្កាត់មកពីគណបក្សប្រជាជនកម្ពុជាដែលចាញ់ការបោះឆ្នោតឃុំ-សង្កាត់។
ក្រសួងមហាផ្ទៃបញ្ជាក់ក្នុងលិខិតនោះថា ការតែងតាំងមុខតំណែងជាទីប្រឹក្សាឬជំនួយការនេះធ្វើឡើងចំពោះតែមេឃុំ-ចៅសង្កាត់ និងជំទប់ទី១មួយចំនួន ដែលមិនបានឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះតែប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃក៏បញ្ជាក់ថា ការសម្រេចតែងតាំងនេះគឺជាការប្រើប្រាស់ធនធានមនុស្សដែលមានបទពិសោធន៍ និងមានសមត្ថភាពសម្រាប់ជួយការងារតាមក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាព និងថ្នាក់មូលដ្ឋាន។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានធ្វើឲ្យមានការកាត់បន្ថយការរិះគន់។ ទោះជាយ៉ាងណាលោកថា ការសម្រេចតែងតាំងមេឃុំ ចៅសង្កាត់ដែលមិនបានឈរឈ្មោះជាបេក្ខជនមកពីគណបក្សកាន់អំណាច គឺជាភាពលម្អៀងសម្រាប់គណបក្សដទៃទៀត។
លោកបញ្ជាក់ថា៖
«ការសម្រេចបែបនេះមានលក្ខណៈលម្អៀងដែរ។ ខ្ញុំឧទាហរណ៍ថា ចុះគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ដែលគេមិនបានឈរឈ្មោះដែរ ថាតើរដ្ឋាភិបាលត្រូវយកអតីតមន្ត្រីជាក្រុមប្រឹក្សា ឬក៏ជាមេឃុំចៅសង្កាត់មកពីគណបក្សផ្សេងហ្នឹង ឲ្យទទួលបាននូវមុខតំណែងដូចមុខតំណែងអតីតមន្ត្រីរបស់ខ្លួនដែរឬទេ? អញ្ចឹងនេះគឺជាចំណុចមួយដែលមានភាពខុសគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ»។
យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងការពារគណបក្សកាន់អំណាចថា ការតែងតាំងមេឃុំ-ចៅសង្កាត់ និងជំទប់ទី១របស់គណបក្សកាន់អំណាចដែលមិនបានឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ មិនធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិនោះទេ។
លោកមានប្រសាសន៍ថា៖
«អ្វីដែលបានគិតគូរ គឺរបស់គណបក្សទេជាជំនួយការរបស់ឯកឧត្ដមរដ្ឋមន្ត្រីអីផ្សេងៗ។ គណបក្សប្រជាជនលោកបានត្រៀមគិតគូររួចស្រេចមកហើយតាំងពីមុនបោះឆ្នោតមកម្ល៉េះហើយតាំងពីមានបេក្ខជនឃុំ-សង្កាត់ទៅឈរឈ្មោះហ្នឹង។ ហើយជាជំនួយការ ជំនួយអីរបស់រដ្ឋមន្ត្រី គឺថាឯកឧត្ដមរដ្ឋមន្ត្រីលោកមានសិទ្ធិរបស់លោក លោកមានថវិកាលោកប្រើប្រាស់ផ្សេងៗ ដូចអ្នកនាំពាក្យគណបក្សប្រជាជន ឯកឧត្ដម សុខ ឥសាន គាត់បានបញ្ជាក់អញ្ចឹង។ អត់មានប៉ះពាល់អីដល់ថវិកាជាតិនោះទេ»។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ ឃុំសង្កាត់នៅទូទាំងប្រទេសមានចំនួន១៦៤៦ និងចំនួនសមាជិកក្រុមប្រឹក្សាសរុបចំនួនជាងមួយម៉ឺននាក់។
ចំណែកលទ្ធផលបោះឆ្នោតឃុំ-សង្កាត់បណ្ដោះអាសន្ន ក្នុងឆ្នាំ២០១៧ ត្រូវបានគណបក្សនយោបាយដែលទទួលបានការគាំទ្រច្រើន ប្រកាសមុនការប្រកាសរបស់ គ.ជ.ប ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនទទួលបានសំឡេងមេឃុំ-ចៅសង្កាត់ ចំនួន១១៥៨។ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានសំឡេងជាមេឃុំ-ចៅសង្កាត់ជិត៥០០ នៅទូទាំងប្រទេស៕