លោក លី កេឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យមានចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធក្នុងក្របខណ្ឌថ្នាក់តំបន់។
ក្នុងការសាទរដល់កម្ពុជា លោក លី កេឈាំង បាននិយាយថា ប្រទេសចិនគាំទ្រកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ ស្របតាមស្ថានភាពជាតិរបស់ខ្លួន។ លោកបាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ការរួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ និងរួមគ្នាកសាងសហគមន៍ចិន - កម្ពុជាដោយមានអនាគតរួមគ្នា។
លោកបាននិយាយថា ប្រទេសចិនមានឆន្ទៈបង្កើនការសម្របសម្រួលនិងកិច្ចសហការជាមួយកម្ពុជា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការចិន - អាស៊ាន និង កិច្ចសហប្រតិបត្តិការ Lancang-Mekong ហើយបន្តឆ្ពោះទៅរកការចរចាស្តីពីក្រមប្រតិបត្តិ (COC) នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារបរិស្ថានដែលមាននិរត្តរភាពសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់។ លោកលី កេឈាំង បានបន្ថែមថា ប្រទេសចិនគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅឆ្នាំ ២០២០។
លោក ប្រាក់ សុខុន ដែលកំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នេះបាននិយាយថា កម្ពុជាបានកោតសរសើរជំនួយយូរអង្វែងរបស់ប្រទេសចិន ហើយមានឆន្ទៈពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់និងអន្តរជាតិ និងជំរុញការកសាងសហគមន៍កម្ពុជា- ចិន ដោយមានអនាគតរួមគ្នា៕