ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ពេល​ប្រគល់​សារតាំង ប្រធាន​អ.ស.ប.ថ្មី ប្តេជ្ញា​ជួយ​អភិវឌ្ឍន៍​កម្ពុជា


រូបឯកសារ៖ ស្លាកសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ។ (AP Photo/Bebeto Matthews)
រូបឯកសារ៖ ស្លាកសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ។ (AP Photo/Bebeto Matthews)

អ្នក​ស្រី​ ប៉ូលីន​ Pauline Tamesis​ ប្រធាន​អ.ស.ប.​ថ្មី​ប្រចាំ​នៅ​កម្ពុជា​​ នៅថ្ងៃ​អង្គារ​នេះ​ ​មិន​បាន​លើក​ពី​ស្ថានភាព​ធ្លាក់ចុះ​នៃការ​គោរព​សិទ្ធិ​មនុស្ស​​ទេ​នៅ​ពេល​លោកស្រី​ប្រគល់សារតាំង​ជូនលោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស។

អ្នកស្រី​ ប៉ូលីន ថាម៉េស៊ីស​ ​(Pauline Tamesis)​ ​ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ ​(អ.ស.ប.)​ ​ថ្មី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ប្តេជ្ញាជួយ​ជ្រោម​ជ្រែង​ដល់​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​វិស័យ​អាទិភាពនានា​ តាម​រយៈ​ប្រព័ន្ធ​អង្គការសហ​ប្រជាជាតិ។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធាន​អ.ស.ប.​នៅ​កម្ពុជា​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​អង្គារ​នេះ។​

អ្នកស្រី​ ថាម៉េស៊ីស​ ដែល​មាន​តួនាទី​ជា​អ្នកតំណាង​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ផង​នោះ​ ត្រូវ​បាន​តែងតាំង​ឲ្យកាន់​ការងារ​ជា​ប្រធាន​អ.ស.ប.នៅ​កម្ពុជា​ ជំនួស​អ្នកស្រី​ ​Claire Van der Vaeren​ ​ដែល​បាន​បញ្ចប់​បេសក​កម្ម​របស់​អ្នកស្រី​នៅ​កម្ពុជា​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ។​

សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធាន​អ.ស.ប.​នៅ​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​ អ្នកស្រី ​ថាម៉េស៊ីស​ ​បានប្រគល់​សារតាំង​ជូន​លោក​ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ក្នុង​ខណៈ​ដែល​អ្នក​ស្រី​បាន​ចូល​កាន់​តួនាទី​របស់​អ្នកស្រី​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ ថាម៉េស៊ីស​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធាន​អ.ស.ប.​នៅ​កម្ពុជា ​តាម​ន័យ​ដើម​ថា៖

«ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ ដែល​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​ឯក​ឧត្តម​ទេស​រដ្ឋមន្ត្រី ​និង​បាន​ប្រគល់​ជូន​នូវ​សារតាំង​របស់​លោក​អគ្គលេខា​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​តែង​តាំង​ខ្ញុំ​ជា​ប្រធាន​អ.ស.ប.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា»។​

អ្នកស្រី​ត្រូវ​បាន​ស្រង់​ប្រសាសន៍​បន្ថែម​តាម​ន័យ​ដើម​ថា៖​

«ក្នុង​កិច្ច​ប្រជុំ​នោះ​ ខ្ញុំ​ក៏​បាន​ឆ្លៀត​ឱកាស​ផង​ដែរ​ ក្នុង​ការ​បញ្ជាក់​សារ​ជាថ្មី​ម្តង​ទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រព័ន្ធ​សហ​ប្រជាជាតិ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​វិស័យ​អាទិភាព​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា»។

សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធាន​អ.ស.ប.​នៅ​កម្ពុជាមិន​បាន​លើក​ឡើង​អំពី​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ទាក់​ទិន​នឹង​ការគោរព​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ និង​ដែល​បាន​ក្លាយ​ជាក្តី​បារម្ភ​របស់​ឧត្តម​ស្នងការ​ ​អ.ស.ប.​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នោះ​ទេ។​

អ្នកស្រី​ ​Kate Gilmore​ ​ឧត្តម​ស្នងការ​ អ.ស.ប.ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ សង្គម​វប្បធម៌​ទេ​ តែ​អ្នក​ស្រី​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជាគិត​គូរ​ផង​ដែរ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស។ ​នេះ​បើ​យោង​តាម​សម្រង់​ប្រសាសន៍​របស់​អ្នកស្រី​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​Twitter​ ​របស់​ការិយាល័យ​ឧត្តមស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កាល​ពី​សប្តាហ៍​មុន។​

អ្នកស្រី​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«នៅ​ប្រទេស​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​លើ​សិទ្ធិ​សេដ្ឋ​កិច្ច និង​សង្គម​កិច្ច​ ដូច​ជា​ការ​ដាក់​ឲ្យ​ប្រើ​នូវ​គោល​នយោបាយ​ការពារ​សង្គម​ និង​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ ជាដើម។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​ សិទ្ធិ​ខាង​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ និង​វប្បធម៌​គឺ​ជា​សិទ្ធិ​ដែល​មិន​អាច​បំបែក​ចេញ​ពី​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ឡើយ​ ​ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​បង្វែរ​ការ​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ នូវ​ស្ថានភាព​សិទ្ធិ​នយោបាយ​និង​សេរីភាព​ជា​មូលដ្ឋាន»។​

អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ចរបស់​អ្នកស្រី​នៅ​កម្ពុជា​ កាលពី​ខែ​កុម្ភៈ​ បាន​ចេញ​សេចក្តី​ការណ៍​មួយ​ ដោយ​បាន​ពណ៌នា​ថា៖​ «ប្រទេស​កម្ពុជា​បាន​មក​ដល់​ផ្លូវ​បំបែក​ហើយ»​ ​និង​បាន​ស្នើ​បាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តម្កល់​ការ​គោរព​សិទ្ធិ​មនុស្ស​ជាធំ​ ដែល​ជា​មូលដ្ឋាន​គ្រឹះនៃ​ការ​រក្សា​ឲ្យ​បាន​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង»។​

យ៉ាងណាក៏​ដោយ​ លោក​ ​ណី សំអុល​ ​ឯក​អគ្គរាជទូតតំណាង​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​នៅ​ទី​ក្រុង​ហ្សឺណែវ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៨​ ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថា ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​លើក​ស្ទួយ​ ការ​ការពារ​សិទ្ធិ​មនុស្ស​ ការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នីតិរដ្ឋ ​និង​ការ​ជំរុញលទ្ធិ​ប្រជា​ធិបតេយ្យ​ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដែល​ផ្ទុយ​ស្រឡះ​ពីការ​ប្រកាស​ផ្សាយ​ថា​ «កម្ពុជា​បាន​មក​ដល់​ផ្លូវ​បំបែក​នោះ»។

ប្រតិកម្ម​របស់​លោក​ ណី សំអុល ក៏​បានធ្វើ​ឡើង​ផង​ដែរ​ ក្រោយ​ពី​ប្រទេស​ចំនួន​ ៤៥​ដែល​តំណាង​ឲ្យ​សហគមន៍​ប្រជា​ធិបតេយ្យ​ដ៏ធំមួយ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម សម្តែង​«ក្ដីបារម្ភ​យ៉ាង​ជាក់​ច្បាស់»​ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​នាវា​ប្រជា​ធិបតេយ្យ​កម្ពុជា។​

សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​អន្តរាគមន៍​ដោយ​អ្នកស្រី​ ​Jillian Dempster​ ​នៃ​ប្រទេស​នូវែល​សេឡង់ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​បាន​នូវ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ​រាល់​ការ​បោះ​ឆ្នោត​ត្រូវ​តែ​រៀប​ចំ​ឡើង​ដោយ​សេរី ​យុត្តិ​ធម៌ ​និង​ត្រឹម​ត្រូវ។​ ​... ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ ​ដែល​គណបក្ស​ជំទាស់​ដ៏​ធំ​ចម្បង​ ត្រូវ​បាន​ដក​ចេញតាម​តែ​អំពើ​ចិត្ត​[មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង]​នោះ​ ​មិន​អាច​ត្រូវ​បាន​ពិចារណា​ចាត់​ទុក​ថា ​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​បាន​នោះ​ទេ»៕

XS
SM
MD
LG