អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសមួយដោយធ្វើការស្តីបន្ទោសប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមិនបានចាត់វិធានការជាដុំកំភួន ដើម្បីស្តារស្ថានការណ៍ប្រទេសកម្ពុជា ដែលបានប្រឈមនឹងការធ្លាក់ចុះការគោរពសិទ្ធិមនុស្សដ៏គួរឲ្យបារម្ភគិតចាប់តាំងពីឆ្នាំទៅមិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងក្នុងសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៨ ថា នៅមុនការបោះឆ្នោត ខែកក្កដា ខាងមុខនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនមេដឹកនាំគណបក្សជំទាស់ រំលាយចោលគណបក្សជំទាស់ ធ្វើទុកបុកម្នេញ និងឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយ និងបិទ ឬពិនិត្យចាប់ពិរុទ្ធកាសែតឯករាជ្យ និងស្ថានីយវិទ្យុ។ ចំណែក អង្គចៅក្រមរបស់ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រើតុលាការធ្វើជាឧបករណ៍នយោបាយ ដើម្បីដាក់គុកអ្នករិះគន់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសរសេរតាមន័យដើមថា៖
«លោកប្រធាន យើងគាំទ្រសេចក្ដីថ្លែងការណ៍រួមដែលបានផ្តល់ឲ្យដោយប្រទេសនូវែលសេឡង់ ក្នុងនាមរដ្ឋជាង៤០ ក្នុងការអំពាវនាវឲ្យមានការពិចារណាបន្ថែមទៀត ប្រសិនបើស្ថានភាពមិនល្អប្រសើរឡើងវិញ ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោត និងការផ្តល់របាយការណ៍សង្ខេបដោយឧត្តមស្នងការ នៅមុនការប្រជុំខែមិថុនា»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់បន្តទៀតក្នុងន័យដើមថា៖
«រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាបានបរាជ័យដើម្បីចាត់វិធានការជាដុំកំភួន។ ប្រទេសកម្ពុជា កំពុងស្ថិតនៅលើគន្លងវិលទៅក្លាយជាថ្មីទៀត នៃរដ្ឋដឹកនាំដោយគណបក្សតែមួយ។ សមិទ្ធផលនានាដែលបានមករយៈពេល២៥ឆ្នាំនេះ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ប្រាក់រាប់កោដិដុល្លារចំណាយទៅលើជំនួយអភិវឌ្ឍន៍ក្នុងនោះ មានការគាំទ្រដល់កំណែទម្រង់យុត្តិធម៌ និងការកសាងនីតិរដ្ឋ កំពុងស្ថិតក្នុងភាពដែលធ្វើឲ្យប្រែជាគ្មានន័យអ្វីទាំងអស់ដោយសារតែការដណ្តើមអំណាចដោយចំហ។ ការបោះឆ្នោតនៅខែកក្កដា នឹងខ្វះខាតភាពស្របច្បាប់ ដោយគ្មានការចូលរួមរបស់គណបក្សប្រឆាំង»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងបន្តថា ឧត្តមស្នងការអ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សគួរតែត្រូវបានផ្តល់អាណត្តិ ឲ្យរាយការណ៍អំឡុងពេលបោះឆ្នោតនេះទាំងស្រុង។ ក្រុមប្រឹក្សាគួរតែទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ និងធ្វើឲ្យមានសកម្មភាពឡើងវិញរាល់គ្រប់គណបក្សនិងអ្នកនយោបាយ។ ក្រុមប្រឹក្សាមិនគួរឈរដោយមិនធ្វើអ្វីសោះខណៈដែលកម្ពុជាកំពុងស្រុតចូលទៅយ៉ាងលឿនក្នុងរបបអំណាចនិយម។
ការចេញសេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើឡើងមួយថ្ងៃក្រោយការចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសចំនួន៤៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលប្រទេសទាំងអស់នោះបានបង្ហាញពីក្តីបារម្ភចំពោះការរំលោភសិទ្ធិមនុស្សនិងការដើរបញ្ច្រាសទិសនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី ២១ខែមីនាឆ្នាំ២០១៨។
នៅថ្ងៃតែមួយនោះដែរឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ គឺ លោក ណី សំអុល ក៏បានប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងសេចក្តីថ្លែងការណ៍រួមមួយដោយប្រទេសជាង៤០ប្រឆាំងនឹងកម្ពុជា។ សេចក្តីថ្លែងការណ៍រួមនោះត្រូវបានថ្លែងដោយតំណាងមកពីប្រទេសនូវែលសេឡង់ ក្នុងនាមប្រទេស៤៤ផ្សេងទៀត។
លោក ណី សំអុល ខឹងសម្បារនឹងការណ៍ដែលប្រទេសកម្ពុជា មិនស្ថិតនៅក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃពុធនោះទេ តែបែរជាប្រទេសមួយក្រុម លើកឡើងពីបញ្ហាកម្ពុជា។
លោក ណី សំអុល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកតាមន័យដើមថា៖
«តើហេតុអ្វីបានជាគំនិតគួរឲ្យអស់សំណើចបែបនេះត្រូវបានគេស្នើឡើង? ហេតុផល គឺដោយសារតែប្រទេសកម្ពុជា នឹងមានការបោះឆ្នោតនៅខែកក្កដាឆ្នាំនេះ ហើយក៏ព្រោះតែពួកគេចង់ឲ្យមានការផ្លាស់ប្តូររបប ពួកគេមានបេក្ខជនដែលពួកគេ បានសន្មតជាមុនដើម្បីថាជាអ្នកឈ្នះ នេះគ្រាន់តែជាការរៀបរាប់ខ្លះៗប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ពួកគេគ្មានការអៀនខ្មាសក្នុងការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ហើយជាពិសេសការជ្រៀតជ្រែកទាំងនេះ ធ្វើឡើងភ្លាមៗនៅមុនពេលការបោះឆ្នោតដែលនឹងឈានមកដល់ក្នុងខែកក្កដានេះ»។
លោក ណី សំអុល បានថ្លែងបន្តក្នុងន័យដើមថា៖
«ហេតុដូច្នេះហើយ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ដែលមានចរិតនយោបាយបែបនេះ ដែលបង្កប់ទៅដោយបំណងអាក្រក់ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការថែរក្សាការពារច្បាប់និងសណ្តាប់ធ្នាប់ និងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន»។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតរបស់លោក ណី សំអុល ដែលធ្វើឡើងកាលពីថ្ងៃ ទី ២២ ខែ មីនា ឆ្នាំ ២០១៨ លោកបានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអំពីការវិវត្តនៃការគោរពសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ រាប់ចាប់ពីឆ្នាំ ១៩៩៣មក។ លោកអះអាងថា កម្ពុជាបានអនុញ្ញាតឲ្យមានទាំងអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងការិយាល័យឧត្ដមស្នងការអ.ស.ប.
ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងបានពន្យារអាណត្តិដល់បេសកកម្មរបស់អ្នករាយការណ៍ពិសេសនិងការិយាល័យដដែលនេះពីរឆ្នាំបន្ថែមទៀតកាលពីឆ្នាំ ២០១៦។
លោក ណី សំអុល បានបន្តថា រដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស ការគោរពយ៉ាងខ្ជាប់ខ្ជួននូវនីតិរដ្ឋ និងការជម្រុញលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្ទុយស្រឡះពីការប្រកាសផ្សាយថា «កម្ពុជាបានមកដល់ ផ្លូវបំបែកហើយ»។
លោកបានបន្ថែមថា បើនិយាយពីសិទិ្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌វិញ បច្ចុប្បន្ននេះប្រទេសកម្ពុជា ទទួលបានកំណើនឥតឈប់ឈរនៃសេដ្ឋកិច្ចជាមធ្យម ៧.៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍ ហើយនឹងបន្តកើនឡើង ៧.១ភាគរយក្នុងឆ្នាំនេះ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣ភាគរយ ក្នុងឆ្នាំ ២០០៤មក ១៣.៥ភាគរយ ក្នុងឆ្នាំ ២០១៤ ដែលធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត ក្នុងចំណោមប្រទេសដទៃទៀតក្នុងពិភពលោក។
អ្នកស្រី Kate Gilmore ឧត្តមស្នងការរង អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលស្គាល់ពីភាពសំខាន់នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច សង្គមវប្បធម៌ តែអ្នកស្រីក៏បានទទូចស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យគិតគូរផងដែរចំពោះការគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមសម្រង់ប្រសាសន៍របស់អ្នកស្រីដែលត្រូវបានបង្ហោះលើគណនីប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅព្រឹកថ្ងៃសុក្រ។
អ្នកស្រីត្រូវបានស្រង់សម្តីតាមន័យដើមយ៉ាងដូច្នេះ៖
«នៅប្រទេសកម្ពុជា មានភាពប្រសើរ ឡើងគួរឲ្យកត់សម្គាល់លើសិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ច ដូចជាការដាក់ឲ្យប្រើនូវគោលនយោបាយការពារសង្គម និងការបង្កើនប្រាក់ឈ្នួលអប្បបរមា ជាដើម។ ទោះជាយ៉ាងនេះក្តី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាសិទ្ធិដែលមិនអាចបំបែក ចេញពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ ហើយយើងសូមអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបង្វែរការធ្លាក់ចុះខ្សោយយ៉ាងខ្លាំងនាពេលថ្មីៗនេះនូវស្ថានភាពសិទ្ធិនយោបាយនិងសេរីភាពជាមូលដ្ឋាន»។
ស្របពេលជាមួយគ្នានេះ គណបក្សប្រឆាំងសង្គ្រោះជាតិដែលត្រូវបានរំលាយតាមបណ្តឹងរបស់រដ្ឋាភិបាល បានសាទរ និងគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រទេសចំនួន ៤៥។
យោងតាមសេចក្តីប្រកាសរបស់គណបក្សប្រឆាំងចុះថ្ងៃទី ២៣ ខែមីនានេះ គណបក្សប្រឆាំងសង្គ្រោះជាតិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវ និងការជំរុញរបស់បណ្តាប្រទេសទាំង៤៥ ឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ផ្តល់ភាពស្របច្បាប់ឡើងវិញ ដល់គណបក្សសង្គ្រោះជាតិ និងប្រគល់ជូនសមាជិកជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិវិញនូវអាសនៈជាតិ និងថ្នាក់ក្រោមជាតិដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្ស និងលុបចោលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានផ្តល់មូលដ្ឋានទូលំទូលាយសម្រាប់ការរំលាយគណបក្សនយោបាយ៕