រដ្ឋមន្ត្រីកសិកម្មលោក ឌិត ទីណា ប្រាប់កសិករឱ្យគិតគូរពីទីផ្សារមុនការដាំដុះ ឬចិញ្ចឹមសត្វដើម្បីចៀសវាងការផ្គត់ផ្គង់លើសតម្រូវការ ហើយពិបាករកទីផ្សារ ដែលជាហេតុនាំឱ្យមានការខាតបង់។
រដ្ឋមន្ត្រីវ័យក្មេងដែលទើបតែងតាំងថ្មីរូបនេះកំពុងចុះជួបកសិករនៅមូលដ្ឋានតាមបណ្តាខេត្តមួយចំនួន រួមមានខេត្តតាកែវ កំពត កែប និងព្រះសីហនុជាដើម។ អំឡុងពេលនៃការចុះជួបកសិករនោះ លោកឌិតទី ណាលើកឡើងថា បញ្ហាប្រឈមក្នុងវិស័យកសិកម្មបានបន្តកើតឡើង ដោយសារការផលិតលើសតម្រូវការអ្នកប្រើប្រាស់ ឬអ្នកបរិភោគ ហើយកសិករក៏មិនបានព្យាយាមស្វែងយល់អំពីតម្រូវការជាក់ស្តែងនៅលើទីផ្សារ។
នៅពេលជួបសំណេះសំណាលជាមួយកសិករនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លោកឌិត ទីណាដែលទើបចូលកាន់តំណែងបានរយៈពេលជាងមួយខែនេះបានលើកឡើងថា កសិករមិនជួបផលវិបាក ដោយសារកង្វះស្បៀងទេ តែការខាតបង់របស់ពួកគេ គឺបណ្តាលមកពី ការដាំដុះដំណាំ និងចិញ្ចឹមសត្វច្រើនពេក ដែលផ្គត់ផ្គង់ក្នុងគ្រួសារខ្លួនឯងមិនអស់ផង ហើយត្រូវលក់មិនដាច់ ឬមិនចំណេញទៀត។ លោកថា នេះជាទើបជាបញ្ហាប្រឈមពិតប្រាកដ។
បើតាមឃ្លីបវីដេអូមួយដែលមានរយៈពេលជាង២៣នាទី និងបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក ឌិត ទីណា ថ្លែងថា៖ «កុំភ្លេចថា នៅពេលដែលយើងចេះតែផលិត នៅពេលនោះយើងនឹងជួបបញ្ហា ព្រោះថា យើងឆ្លងកាត់ហើយ យើងឆ្លងផុតហើយនៅវគ្គដែលយើងផលិតសម្រាប់តែហូបខ្លួនឯង។ ឥឡូវខ្ញុំសួរអ្នកនៅទីនេះ ពេលយើងផលិតមក យើងហូបអស់ទេ? បាទ អត់អស់ទេៗ។ អ៊ីចឹងចំណុចនេះសំខាន់ណាស់។ យើងអត់វេទនា អត់ខ្វះអីហូបទេ។ ប៉ុន្តែថាបើមានការពិបាក គឺពិបាករឿងលក់មិនដាច់ ឬក៏លក់នៅសល់ លក់មិនសូវចំណេញឬលក់ទៅខាត។ ប៉ុន្តែអត់ឱ្យយើងអត់បាយ អត់អីហូបដូចពីមុនទេ [គឺ]មិនមែនទេ»។
រដ្ឋមន្ត្រីវ័យជាង៤០ឆ្នាំរូបនេះ បន្ថែមថា ដើម្បីធ្វើឱ្យកសិកម្មរីកចម្រើនទៅមុខបាន គឺទាំងអ្នកផលិត អ្នកលក់ អ្នកទិញ និងអ្នកផ្គត់ផ្គង់ បូករួមមន្ត្រីកសិកម្ម និងមន្ត្រីខេត្តនីមួយៗ ត្រូវចេះសហការគ្នាទៅវិញទៅមក ដោយត្រូវចូលរួមរៀបចំគម្រោង និងសិក្សាស្រាវជ្រាវពីទីផ្សារជាមុន ហើយចាំធ្វើឬផលិតអ្វីមួយតាមក្រោយ។
លោក ឌិត ទីណា ដែលគេសា្គល់ថា ជាកូនប្រុសប្រធានតុលាការកំពូល លោក ឌិត មុន្ទី នោះ ត្រូវគេសង្កេតឃើញចុះទៅជួបជាមួយកសិករនៅតាមបណ្តាខេត្តមួយ ចំនួនដើម្បីព្យាយាមដោះស្រាយបញ្ហាប្រឈមដំបូងគេ គឺបញ្ហាស្រូវធ្លាក់ថ្លៃ ហើយបញ្ហានេះកំពុងកើតឡើងនៅខេត្តមួយចំនួនដូចជាបន្ទាយមានជ័យ និងបាត់ដំបង។
ប្រធានសមាគមសម្ព័ន្ធ សហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះ ហាក់ដូចជាបង្ហាញពីការមិនទទួលខុសត្រូវលើបញ្ហាទីផ្សារជូនកសិករ តែបែរជាដាក់បន្ទុកដល់កសិករទៅវិញ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «បើសិនជាឱ្យប្រជាពលរដ្ឋ ធ្វើកសិកម្មដើម្បីតែហូបខ្លួនឯង តើយើងគួរមានរៀបចំមុខរបរ ឬក៏ការងារណាមួយដើម្បីទាក់ទាញនូវចំណូលសេដ្ឋកិច្ចសម្រាប់គ្រួសាររបស់គាត់ អាហ្នឹងជាអ្វីដែលយើងត្រូវគិតជាយុទ្ធសាស្ត្រ។ ដោយសារតែគាត់អត់មានកន្លែងធ្វើការងារ គាត់មិនមានវិជ្ជាជីវៈ គាត់មិនមានមុខរបរជាក់លាក់ហ្នឹងហើយបានគាត់ប្រើប្រាស់ដីធ្លីដែលមានដើម្បីធ្វើកសិកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក៏ដូចជាលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់»។
លោកបន្ថែមថា ក្រសួងកសិកម្មគួរតែជួយកសិករតាមការស្វែងរកដំណោះស្រាយចំពោះបញ្ហាតម្លៃប្រេង តម្លៃជីថ្នាំកសិកម្មឡើងថ្លៃ និងទុនដែលកសិករយកមកប្រើប្រាស់ក្នុងការធ្វើកសិកម្មនេះ និងត្រូវពង្រឹងសកម្មភាពរបស់មន្ត្រីកសិកម្មនៅតាមខេត្ត ស្រុកនីមួយៗឱ្យចុះដិតដល់ជាមួយកសិករក្នុងការដោះស្រាយបញ្ហាប្រឈមភ្លាមៗ។
លោកនិយាយថា៖ «ប្រេងក៏ឡើងថ្លៃ តម្លៃជីថ្នាំកសិកម្មក៏ឡើងថ្លៃខ្ពស់ ខណៈទុនដែលគាត់ត្រូវការយកមកទិញប្រេងជីថ្នាំ សម្ភារៈកសិកម្មហ្នឹង គឺគាត់ខ្ចីបុលពីធនាគារមីក្រូហិរញ្ញវត្ថុឯកជន ហើយការប្រាក់ហ្នឹងវាខ្ពស់។ ហើយមួយវិញទៀត យើងឃើញថា ភាពអសកម្មរបស់មន្ត្រីកសិកម្ម មិនទាន់ចុះដិតដល់ ឬប្រមូលបញ្ហា បណ្តុះបណ្តាលបញ្ហាឱ្យចេះវេចខ្ចប់ ចេះដោះស្រាយ[បញ្ហា]ទេ។ អ៊ីចឹងមួយឆ្នាំៗ សួរប្រជាពលរដ្ឋថា គាត់បានជួបមន្ត្រី ឬមន្ត្រីកសិកម្មបានប៉ុន្មានដង ហើយទៅដល់ផ្ទះប្រជាពលរដ្ឋបានប៉ុន្មាន?»
អ្នកជំនាញផ្នែកកសិកម្មនិងជាអ្នកនយោបាយមួយរូបមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺលោក យ៉ង សាំងកុមារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការធ្វើកសិកម្ម បែងចែកជាពីរ គឺធ្វើកសិកម្មបែបប្រពៃណីសម្រាប់ហូប និងបែបពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋធ្វើកសិកម្មបែបពាណិជ្ជកម្ម ព្រោះកសិករក៏ត្រូវការសេដ្ឋកិច្ច ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ និងកូនរៀនជាដើម។
លោកយល់ថា ទាក់ទងទីផ្សារកសិកម្ម និងការដោះស្រាយបញ្ហាកសិកម្ម គឺអាស្រ័យលើគោលនយោបាយរបស់គណបក្សដឹកនាំប្រទេស និងអាស្រ័យលើឆន្ទៈអ្នកនយោបាយ ហើយចំណុចនេះ ប្រជាពលរដ្ឋខ្លួនឯង ត្រូវតែចេះទាមទារនូវអ្វីដែលខ្លួនចង់បានដើម្បីឱ្យអ្នកដឹកនាំប្រទេស និងអ្នកនយោបាយដោះស្រាយបញ្ហាទាំងនោះ។
បើតាមលោក យ៉ង សាំងកុមារ ក្រសួងកសិកម្មត្រូវតែរឹតបន្តឹងការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស និងត្រូវផ្តល់សិទ្ធិអំណាចដល់មន្ត្រីកសិកម្មថ្នាក់ក្រោម និងផ្តល់ធនធានគ្រប់គ្រាន់ដល់មន្ត្រីទាំងនោះ ចុះធ្វើការឱ្យបានជាប់ជាមួយកសិករ ក្នុងការពង្រឹងសមត្ថភាពកសិករឱ្យចេះផលិតឆ្លើយតបតម្រូវការទីផ្សារ។
លោកថ្លែងថា៖ «ក្នុងនាមជាអ្នកដឹកនាំនយោបាយរបស់ក្រសួងកសិកម្មមួយ តើគោលនយោបាយរបស់គាត់ទៅណា? គោលនយោបាយគាត់ទុកឱ្យទីផ្សារជាអ្នកកំណត់ជោគវាសនារបស់កសិករ? ឬក៏គោលនយោបាយគាំទ្រឱ្យកសិករគាត់អាចមានសមត្ថភាព ដើម្បីផលិតឆ្លើយតបតម្រូវការទីផ្សារ?»
វិស័យកសិកម្មបានរួមចំណែកប្រមាណ៦០%ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យធ្លាក់ពីអាត្រា ៥០ភាគរយក្នុងឆ្នាំ២០០៧ មកត្រឹម ២១ភាគរយ ក្នុងឆ្នាំ២០១១។ ហើយ ក្នុងឆ្នាំ២០២១ វិស័យកសិកម្មបានរួមចំណែកប្រមាណ ២២,៨ភាគរយ ក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ៕