លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានការពារសមត្ថភាពរបស់រដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម លោក ឌិត ទីណា ជាប្រតិកម្មតបនឹងការរិះគន់ថា រដ្ឋមន្រ្តីវ័យជាង៤០ឆ្នាំរូបនោះមិនមានជំនាញកសិកម្ម។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃអង្គារនេះ លោក ហ៊ុន សែន ថ្លែងថា ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់ គឺចេះដាក់ចេញគោលនយោបាយ និងដឹកនាំឱ្យបានត្រឹមត្រូវ ហើយវាមិនចំាំបាច់ថា មានជំនាញកសិកម្មឡើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។ បញ្ហាវានៅកន្លែងហ្នឹង ដាក់ចេញនូវគោលនយោបាយ និងដឹកនាំឱ្យវាបានត្រឹមត្រូវ តែប៉ុណ្ណឹងទេ។ ខ្ញុំមិនប្រដៅចំពោះអ្នកវិភាគ ឬអ្នកដែលលើកឡើងនោះទេ ក៏ប៉ុន្តែខ្ញុំគួរតែរំឭកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថា វាទាល់តែអញជាជំនាញកសិកម្ម ទើបសមរម្យ»។
លោក ឌិត ទីណា ដែលទទួលការអប់រំនៅប្រទេសបារាំងជំនាញផ្នែករ៉ែ គឺជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ លោកជាកូនប្រុសរបស់លោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល និងជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។ លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្មេង វ័យជាង៤០ឆ្នាំ ក្នុងចំណោមរដ្ឋមន្រ្តីក្មេងៗផ្សេងទៀត និងបានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ខែតុលា ឆ្នាំ២០២២ ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែងរដ្ឋមន្រ្តីចាស់ គឺលោក វេង សាខុន។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមិនមានការឆ្លើយតបអ្វីបន្ថែមចំពោះការរិះគន់ថា លោកមានសែស្រឡាយឪពុករបស់លោកជាប្រធានតុលាការកំពូល និងថា លោកមិនមានជំនាញកសិកម្ម តែបែរជាមកគ្រប់គ្រងក្រសួងកសិកម្ម។ លោកគ្រាន់តែបញ្ជាក់ថា អ្វីដែលសំខាន់គឺការពិនិត្យមើលលើសកម្មភាពជាក់ស្តែងរបស់លោក។
លោក ឌិត ទីណា ថ្លែងថា៖ «ខ្ញុំបានបញ្ជាក់អស់ហើយនៅក្នុងសន្និសីទកាសែត ហើយក្រៅពីនេះទៀត ទុកជូនបងប្អូនប្រជាពលរដ្ឋយើងគាត់ពិនិត្យបន្តទៅ»។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា បញ្ជាក់ក្នុងសន្និសីទព័ត៌មានថា បើទោះបីជាលោកខ្វះជំនាញកសិកម្ម ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងនៅក្រសួងពាណិជ្ជកម្មបូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្ម នឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
ក្នុងសន្និសីទព័ត៌មាននោះ លោក ឌិត ទីណា បញ្ជាក់ថា វិស័យកសិកម្មនឹងត្រូវបានធ្វើឱ្យប្រសើរជាងមុន ប្រសិនបើមានកិច្ចសហការល្អរវាងស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធក្នុងវិស័យនេះ លើកិច្ចការសំខាន់ៗមួយចំនួន ដែលរួមមានការស្វែងយល់ពីទីផ្សារកសិកម្ម និងតម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម។
លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម និងបច្ចុប្បន្នជាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា វិស័យកសិកម្មនៅតែជួបប្រទះបញ្ហាប្រឈមច្រើន ជាពិសេសពាក់ព័ន្ធនឹងភាពក្រីក្ររបស់កសិករ ដែលត្រូវការអ្នកដឹកនាំដើម្បីធ្វើឱ្យវិស័យនេះមានភាពល្អប្រសើរជាងពេលកន្លងមក។ លោកបន្តថា បើរដ្ឋាភិបាលតែងតាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មដែលមានជំនាញស្រាប់ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម គឺអាចធ្វើកិច្ចការងារបានលឿនជាង ព្រោះវាមិនត្រូវការចំណាយពេលវេលាក្នុងការស្វែងយល់។ ប៉ុន្តែលោកយល់ថា បើរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មអាចរៀនសូត្រពីវិស័យនេះបានលឿន នោះការគ្រប់គ្រងក្រសួង និងការធ្វើឱ្យវិស័យនេះឈានទៅមុខគឺអាចទៅរួច។
លោកថ្លែងថា៖ «អ៊ីចឹងនៅក្នុងក្រសួងកសិកម្ម ក៏មានមន្ត្រីជាន់ខ្ពស់ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលអាចឡើងជំនួសបាន។ ហើយបើសិនជាយកអ្នកមានបទពិសោធន៍ មានចំណេះដឹង មានការយល់ដឹង ជាពិសេសនៅក្នុងក្រសួងស្រាប់មក [ដឹកនាំក្រសួងកសិកម្ម] ប្រហែលជាអាចធ្វើកិច្ចការ[លើវិស័យកសិកម្ម]នេះបានលឿនជាង។ ប៉ុន្តែយកពីអ្នកខាងក្រៅ ហើយអត់ធា្លប់មានបទពិសោធន៍ទាក់ទងការងារកសិកម្មហ្នឹង ត្រូវការពេលវេលាយូរ ព្រោះត្រូវការសិក្សាស្វែងយល់ការងារនៅក្នុងក្រសួង»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កត់សម្គាល់ថា មន្រ្តីក្រសួងកសិកម្មជាច្រើនមានសមត្ថភាព ប៉ុន្តែហាក់បីបាត់បង់ឱកាស ដោយសារមិនមានសែស្រឡាយជាមន្រ្តីជាន់ខ្ពស់ និងមិនមានទ្រព្យសម្បត្តិជាដើម។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា មានអ្នកជំនាញ ឬក៏អ្នកកាន់ការងារនៅនាយកដ្ឋានកសិកម្មច្រើន គាត់អាចមានបទពិសោធន៍ធ្វើកិច្ចការងារហ្នឹង ប៉ុន្តែពេលខ្លះមើលទៅលើលក្ខខណ្ឌនយោបាយ ទៅលើបរិយាកាសនយោបាយ ទៅលើការសម្រេចចិត្ត មើលទៅលើកិច្ចការងារ ស្មោះស្ម័គ្រ ធ្វើការងារជាមួយគណបក្សនយោបាយដែរ។ អ៊ីចឹងខ្ញុំគិតថា អ្វីដែលលើកឡើង និងរៀបចំឡើង គឺប្រហែលជាឈរលើគុណវិវឌ្ឍន៍ លើការចូលរួមនយោបាយ ឬគណបក្សនយោបាយដែរ ឬក៏មានខ្សែមានអីដែរ។ អ៊ីចឹងវាធ្វើឱ្យបាត់បង់ឱកាសអ្នកផ្សេងៗទៀត ដែលគាត់មានសមត្ថភាព ប៉ុន្តែគាត់គ្មានខ្សែ គ្មានទ្រព្យសម្បត្តិ គ្មានអ្នកធំៗ»។
ក្រោយកាន់តំណែងជារដ្ឋមន្រ្តី លោក ឌិត ទីណា បានចុះទៅជួបកសិករនៅតាមបណ្តាខេត្ត ហើយគេឃើញលោកចុះបញ្ជាគោយន្តភ្ជួរដីនៅតាមវាលស្រែផងដែរ។ លោកក៏បានធ្វើដំណើរអមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចស្រែរបស់ពួកគេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណៈរដ្ឋមន្រ្តីថ្មីត្រូវតែមនុស្សជំនាន់ថ្មី ដែលមានវ័យមិនលើសពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ដែលជាបេក្ខជននាយករដ្ឋមន្រ្តីបន្ទាប់ពីលោក ហ៊ុន សែន៕