រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា ប្តេជ្ញាចិត្តក្នុងការបម្រើផលប្រយោជន៍កសិករខ្មែរ បើទោះបីជាលោកមិនមានជំនាញក្នុងការដាំដុះ និងការបង្កបង្កើនផលកសិកម្មក៏ដោយ។
កាលពីថ្ងៃទី១៧ ខែតុលានេះ លោក ឌិត ទីណា ដែលគេសា្គល់ថាជាកូនប្រុសប្រធានតុលាការកំពូល លោក ឌិត មុន្ទី បានស្បថចូលកាន់តំណែងក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជារដ្ឋមន្ត្រីកសិកម្មស្តីទី ពេលដែលរដ្ឋមន្ត្រីកសិកម្មចាស់ លោក វេង សាខុន ត្រូវបានដកចេញពីតំណែង ក្រោមហេតុផលខ្វះកិច្ចសហការជាមួយមន្ត្រីឯទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែតុលានោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានលើកឡើងថាផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគឺជាអាទិភាពនៃការចូលមកកាន់ការងារថ្មីរបស់លោក។ លោកបន្តថា បើទោះលោកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកសិកម្មនេះ តែលោកជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងចំនួន២ គឺក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម។
លោក ឌិត ទីណា បញ្ជាក់ក្នុងសន្និសីទព័ត៌មានថា៖ «អ្វីដែលសំខាន់គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាយើង។ នេះគឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ»។ លោកបន្ថែមថា វិស័យកសិកម្មនឹងត្រូវបានធ្វើឱ្យប្រសើរជាងមុន ប្រសិនបើមានកិច្ចសហការល្អរវាងស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធក្នុងវិស័យនេះ លើកិច្ចការសំខាន់ៗមួយចំនួន ដែលរួមមានការស្វែងយល់ពីទីផ្សារកសិកម្ម និងតម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម។
លោក ឌិត ទីណា ថ្លែងថា៖ «ដូច្នេះបើសិនជាយើងមិនបានយល់ពីទីផ្សារ មិនបានសម្របខ្លួនទៅតាមទីផ្សារ គឺយើងនឹងជួបនូវការលំបាក។ នៅក្នុងចំណុចនេះ ខ្ញុំយល់ថាអ្វីដែលគួរធ្វើទៅថ្ងៃមុខ គឺជាការចូលរួមទាំងអស់គ្នាមិនមែនតែខ្ញុំបាទម្នាក់ឯង រដ្ឋមន្ត្រីអាចធ្វើការងារកើតទេ។ មន្ត្រីយើងត្រូវចូលរួមសិក្សាជាមួយគ្នា ពិនិត្យមើលជាមួយគ្នា លទ្ធភាពក្នុងការសម្របសម្រួលជាមួយទីផ្សារ។ យើងមិនអាចទៅកែសម្រួលទីផ្សារបានទេ...។ ឥឡូវប្រសិនបើជាយើងបានយល់ហើយចំនុចទីពីរគឺ កសិករ និងអ្នកផលិតខ្លួនឯងផ្ទាល់។ អ្នកផលិតខ្លួនឯងផ្ទាល់មានការទុកចិត្ត បើសិនជាលោកទុកចិត្តថា ធ្វើការមួយនេះទៅទីផ្សារនឹងទទួលយក ពេលនោះទើបបានជោគជ័យ»។
ទោះបីខ្វះជំនាញកសិកម្មក៏ដោយ លោក ឌិត ទីណា មានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើការនៅក្រសួងមុនៗ បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្មនឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
លោកបន្ថែមថា៖ «អ៊ីចឹងចំការនៃបទពិសោធន៍នេះ គឺជាផ្នែកមួយដែលឱ្យយើងដឹងថាអ្វីដែលត្រូវដើរ ទៅឆ្វេងឬទៅស្តាំ ត្រជាក់ឬក្តៅ។ ឯចំណេះដែលបានមកពីអ្នកជំនាញ ជាផ្នែកមួយទៀតដែលនិយាយថា គេមួយចំនួនដែលបានធ្លាប់ដើរទៅហើយបានចងក្រងជាសៀវភៅហើយយ៉ាងម៉េច។ អ៊ីចឹងបូកផ្នែកលើចំណុចទាំង២នេះហើយ ដែលធ្វើឱ្យខ្ញុំមានសុទិដ្ឋិនិយមថា ទោះវិស័យនេះថ្មីសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំគិតថា ខ្ញុំនឹងអាចស្វែងយល់បាន»។
ស្របពេលមានការផ្លាស់ប្តូររដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មនេះ សមាគមដែលធ្វើការលើវិស័យចិញ្ចឹមសត្វនៅកម្ពុជារំពឹងថា រដ្ឋមន្ត្រីថ្មី នឹងធ្វើការជិតស្និទ្ធជាមួយកសិករ ជាពិសេសដោះស្រាយបញ្ហាប្រឈមរ៉ាំរ៉ៃ គឺទីផ្សារសម្រាប់ផលិតផលកសិកម្ម។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រសួងកសិកម្មដែលលោកថាជាអាណាព្យាបាលរបស់កសិករ គួរពិនិត្យមើល និងបង្កើនកិច្ចសហការជាមួយកសិករក្នុងការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការរកទីផ្សារនាំចេញ ព្រោះបច្ចុប្បន្ន ការចិញ្ចឹមសត្វ មិនថាជ្រូក មាន់ ទា គឺផលិតបានលើសតម្រូវការទីផ្សារក្នុងស្រុក ដែលធ្វើឱ្យខាតបង់ដល់អ្នកផលិត។
លោកនិយាយថា៖ «ចំណីឡើងថ្លៃ តែសាច់ចុះថ្លៃ អាហ្នឹងប្អូនគិតមើលថាវាប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វឬអត់? ហើយយើងក៏មិនបន្ទោសទៅរាជរដ្ឋាភិបាលដែរ ដោយសារវិស័យចិញ្ចឹមសត្វនេះមានការកើនឡើង ដោយសារបងប្អូនគាត់មានចំណាប់អារម្មណ៍ងាកមកចិញ្ចឹមសត្វ ដូចមាន់ ជ្រូក ទា គោ ក្របី អ៊ីចឹងទៅ ។ គាត់ផ្តោតមកលើការចិញ្ចឹម អ៊ីចឹងវាលើសពីតម្រូវការទីផ្សារ អ៊ីចឹងយើងមានតែគិតគូរធ្វើការនាំចេញទៀត ព្រោះយើងលើសហើយត្រូវតែធ្វើការនាំចេញ»។
ចំណែកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន រំពឹងថា រដ្ឋមន្ត្រីថ្មីនឹងផ្តល់សេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ជាពិសេសវារីវប្បករ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមដូចជាបញ្ហាទីផ្សារ ការពង្រឹងយន្តការត្រួតពិនិត្យគុណភាពត្រីនាំចូល ដែលគោរពតាមស្តង់ដារប្រព័ន្ធវារីវប្បកម្ម។
លោកបន្ថែមថា ការពង្រឹងយន្តការពិនិត្យគុណភាពត្រីនាំចូល ក៏ជាកត្តាសំខាន់មួយដែលអាចជួយឱ្យកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី មានលទ្ធភាពប្រកួតប្រជែងទីផ្សារត្រីជាមួយប្រទេសជិតខាងបានផងដែរ។
លោកថ្លែងថា៖ «នៅស្រុកគេ ត្រីរបស់គេថ្លៃជាងយើងផង ប៉ុន្តែហេតុអ្វីត្រីនាំចូលមកវាថោក? អ៊ីចឹងជាវិបត្តិ។ អ៊ីចឹងខ្ញុំសង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រីថ្មី លោកជាបញ្ញវន្ត លោកនឹងជួយមើលពីបញ្ហានៃការនាំចូលឱ្យមានការត្រួតពិនិត្យឱ្យមានតម្លាភាព ហើយមានការបង់ពន្ធត្រឹមត្រូវអ៊ីចឹងទៅ យើងអាចប្រកួតប្រជែង[ទីផ្សារត្រី]បានហើយ។»
លោកបន្ថែមថា៖ «ខ្ញុំរួមគ្នាជាមួយរដ្ឋ និងរដ្ឋាភិបាល [ធ្វើការងារនេះ]ដើម្បីអភិវឌ្ឍន៍វិស័យវារីវប្បកម្ម [ដោយខ្ញុំ]អត់ធ្វើនយោបាយ[នោះទេ]»។
ដោយឡែកប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា បើទោះជាបីជាមានការផ្លាស់ប្តូររដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ក៏វិស័យកសិកម្មមិនអាចឃើញកំណើនមួយប្រកបដោយចីរភាព ប្រសិនបើរដ្ឋមន្ត្រីថ្មី នៅតែមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ដូចជាបញ្ហាទីផ្សារ បញ្ហាទុន បញ្ហាប្រព័ន្ធធារាសាស្រ្ត និងបច្ចេកទេសជាដើមនោះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនៅក្នុងពីធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែតុលា ដោយបានផ្តល់ការកត់សម្គាល់ថា រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ទាំងនៅលើទិដ្ឋភាពសន្តិសុខស្បៀង ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងពេលមានវិបត្តិ ការបង្កើតការងារនិងការចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ប៉ុន្តែលោកថា វិស័យកសិកម្មនៅតែរួតរឹត ដោយបញ្ហាប្រឈមមួយចំនួន ដូចជា កំណើនផលិតភាពកសិកម្មនៅមានកម្រិតទាប ដោយសារកត្តាកង្វះការប្រើប្រាស់ពូជសុទ្ធល្អ កង្វះការអនុវត្តន៍បច្ចេកទេសនិងបច្ចេកវិទ្យាសមស្រប ហើយប្រព័ន្ធស្រោចស្រពក៏មិនទាន់ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងបញ្ហាផ្សេងទៀតដូចជាការធ្លាក់ចុះគុណភាពដីកសិកម្ម កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រោយពេលប្រមូលផល និងកង្វះការកែច្នៃផលិតផលកសិកម្មជាដើម។
ក្រៅពីនេះ លោក អូន ព័ន្ធមុនីរ័ត្ន សង្កេតឃើញថា ការនាំចេញផលិតផលកសិកម្មភាគច្រើនទៅកាន់ប្រទេសជិតខាងនៅមានលក្ខណៈក្រៅផ្លូវការដែលជាទូទៅទទួលរងហានិភ័យនៃការប្រែប្រួលថ្លៃ កង្វះការសម្រមសម្រួលស្ថាប័ននិងការធ្វើសុខដុមនីយកម្មគម្រោងនិងកម្មវិធីដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន វិស័យកសិកម្មបានរួមចំណែកប្រមាណ៦០%ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យធ្លាក់ពីអាត្រា ៥០ភាគរយក្នុងឆ្នាំ២០០៧ មកត្រឹម ២១ភាគរយ ក្នុងឆ្នាំ២០១១។ ហើយលោកថា ក្នុងឆ្នាំ២០២១ វិស័យសិកម្មបានរួមចំណែកប្រមាណ ២២,៨ភាគរយ ក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់៕