ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នូវែលសេឡង់​​រក​ឃើញ​ករណី​ឆ្លង​ថ្មី​​នៃ​ជំងឺ​កូវីដ១៩ ក្រោយ​គ្មាន​​​ការ​ឆ្លង​អស់​​១០២​ថ្ងៃ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ អ្នកស្រី Jacinda Ardern ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយអំពីជំងីកូវីដ១៩ នៅ​សភា ក្នុងក្រុង Wellington កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ អ្នកស្រី Jacinda Ardern ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយអំពីជំងីកូវីដ១៩ នៅ​សភា ក្នុងក្រុង Wellington កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​កាល​ពី​ថ្ងៃ​អង្គារបាន​ចេញ​ប្រកាស​មួយ​ឲ្យ​បិទ​សកម្មភាព​សង្គម​នៅ​ក្នុង​ទីក្រុង Auckland ដែល​ជា​ទីក្រុង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស។ ការ​បិទ​សកម្មភាព​សង្គម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ដែល​ឆ្លង​ក្នុង​សហគមន៍ ក្រោយ​ពី​គ្មាន​ករណី​ឆ្លង​ទាល់តែ​សោះ​អស់​រយៈពេល ១០២ ថ្ងៃ​មក​ហើយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Wellington អ្នកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern ជាមួយ​នឹង​អគ្គនាយក​សុខាភិបាល​នូវែលសេឡង់​លោក Ashley Bloomfield បាន​ប្រកាស​ថា ទីក្រុង Auckland នឹង​ត្រូវ​រឹតត្បិត​កម្រិត​ទី​បី រហូត​ដល់​អធ្រាត្រ​ថ្ងៃ​សុក្រ បន្ទាប់​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៤ ត្រូវ​បាន​រកឃើញ​លើ​អ្នក​ដែល​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ។

អ្នកស្រី Ardern ថ្លែង​ថា ករណី​ឆ្លង​ថ្មី​នេះ​កើតចេញ​ពី​ប្រភព​មិន​ច្បាស់លាស់ ហើយ​ពាក់ព័ន្ធ​កន្លែង​ធ្វើការ​ផ្សេង​គ្នា។

ការ​រឹតត្បិត​កម្រិត​ទី​បី​នេះ​មាន​ន័យ​ថា ប្រជាជន​នឹង​ត្រូវ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ ខណៈ​ដែល​បារ និង​អាជីវកម្ម​ជាច្រើន​ទៀត​នឹង​ត្រូវ​បិទ។

អ្នកស្រី Ardern បាន​បន្ថែម​ទៀត​ តំបន់​ផ្សេងៗ​ទៀត​របស់ប្រទេស​នឹង​ត្រូវ​ហាមឃាត់​ដល់​កម្រិត​ទី​ពីរ​រហូត​ដល់​ថ្ងៃ​សុក្រ ដែល​មាន​ន័យ​ថា ការ​ជួបជុំ​គ្នា​ជា​ក្រុម​ធំៗ​នឹង​កម្រិត​ត្រឹម​ ១០០ នាក់ ហើយ​ប្រជាជន​ត្រូវ​រក្សា​គម្លាត​ពី​គ្នា។

កន្លង​មក ប្រទេស​នូវែលសេឡង់​ត្រូវ​បាន​សាកលលោក​កោតសរសើរ​ចំពោះ​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG