ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីទី៣នៃវីរុសកូរ៉ូណា នៅសប្តាហ៍នេះ ដែលបានបណ្តាលឲ្យរដ្ឋាភិបាលបន្តច្បាប់ដាក់មនុស្សឲ្យនៅដាច់ពីគ្នាដ៏តឹងរ៉ឹងស ម្រាប់អ្នកចូលប្រទេសនោះ បន្ទាប់ពីប្រទេសនេះប្រកាសថា ការឆ្លងវីរុសនៅក្នុងប្រទេសលែងមានទៀតហើយ។
ករណីទាំង៣នោះ កើតមានលើអ្នកដែលបានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសនូវែលសេឡង់ មកពីប្រទេសផ្សេងៗទៀត នៅក្នុងពិភពលោក។ អ្នកឆ្លងចុងក្រោយបំផុតគឺមកពីប្រទេសប៉ាគីស្ថាន។ បុរសនោះត្រូវបានដាក់ឲ្យនៅដាច់ពីគេ។
អាជ្ញាធរ កំពុងធ្វើការដើម្បីតាមដានអ្នកដែលអាចទាក់ទងជាមួយបុសនោះ និងស្រ្តី ២នាក់ ដែលបានជិះយន្តហោះចេញពីចក្រភពអង់គ្លេស ហើយបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានត្រូវអនុញ្ញាតឲ្យចាកចេញពីការនៅដាច់ពីគេ កាលពីដំបូង ដើម្បីមើលសាច់ញាតិមានជំងឺ។
មានការព្រួយបារម្ភអំពីការកើនឡើងនូវវីរុសកូរ៉ូណា នៅក្នុងផ្នែកផ្សេងៗទៀតក្នុងពិភពលោក។
ឥណ្ឌា រាយការណ៍ថា មានករណីថ្មីចំនួនចំនួន ១២,៨៨១ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងយ៉ាងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ដែលខ្លួនបានឃើញក្នុងអំឡុងនៃការរាតត្បាតនេះ។ ឥណ្ឌាឥឡូវនេះ មានករណីឆ្លងវីរុសកូរ៉ូណាប្រហែល ៣៦៧,០០០ នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងប្រទេសរុស្ស៊ី។
រដ្ឋជាង ១០ទៀត នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងអត្រាខ្ពស់បំផុត ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលចំនួនមនុស្សស្លាប់នៅក្នុងប្រទេសបន្តធ្លាក់ចុះ។
នៅរដ្ឋអូក្លាហូម៉ា ជាទីកន្លែងដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងធ្វើជំនួបនយោបាយនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុង Tulsa បានរាយការណ៍កាលពីថ្ងៃពុធថា មានការឆ្លង ២៥៩ ករណី ក្នុងអំឡុង ២៤ម៉ោងមុន៕