ប្រទេសនូវែលសេឡង់កាលពីថ្ងៃចន្ទបានដកវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចនិងសង្គមទាំងអស់ លើកលែងតែនៅតាមច្រកព្រំដែន ក្រោយពីនាយរដ្ឋមន្ត្រីប្រកាសថា ប្រទេសនេះលែងមានករណីកូវីដ១៩ទៀតហើយ ដែលធ្វើឲ្យនូវែលសេឡង់ជាប្រទេសដំបូងបំផុតមួយក្នុងពិភពលោកដែលបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ការដកបម្រាមនេះធ្វើឡើងក្រោយពីក្រសួងសុខាភិបាលប្រកាសថាអ្នកជំងឺកូវីដ១៩ចុងក្រោយនៅនូវែលសេឡង់នេះបានជាសះស្បើយហើយ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានថ្លែងក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃចន្ទថា «យើងជឿជាក់ថាយើងបានបំបាត់ទាំងស្រុងនូវការចម្លងវីរុសកូរ៉ូណានៅប្រទេសនូវែលសេឡង់» ដោយលោកស្រីថ្លែងថាបើទោះបីកិច្ចការបង្ការជំងឺកូវីដ១៩នៅមានបន្ត ក៏លោកស្រីបានរាំអបអរការសម្រេចបានជោគជ័យថ្មីនេះ។
នៅពេលនេះរាល់ព្រឹត្តិការណ៍សាធារណៈនិងឯកជន ហាងលក់ទំនិញ វិស័យទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់អាចដំណើរការបានឡើងវិញដោយមិនតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គមដូចនៅតំបន់ភាគច្រើនក្នុងពិភពលោកនោះទេ។
ក្រោយពីត្រូវជាប់ការបិទសកម្មភាពក្នុងប្រទេសចំនួន៧៥ថ្ងៃ ពលរដ្ឋ៥លាននាក់របស់នូវែលសេឡង់អាចរើបឡើងវិញពីជំងឺរាតត្បាតដ៏ប្រល័យខណៈប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជាប្រេស៊ីល អង់គ្លេស ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងស្វះស្វែងទប់ទល់នឹងការរាតត្បាតបន្តនៃជំងឺកូវីដ១៩នៅក្នុងប្រទេសពួកគេរៀងៗខ្លួន៕