ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​ថ្មី បទចោទប្រកាន់​ថ្មី ខណៈ​បាតុករ​ថៃ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​​​រាជវង្ស


រូបឯកសារ៖ ប៉ូលិស​វាយឆ្មក់​ឈរ​យាមល្បាត​ ខណៈ​ដែល​បាតុករ​ម្នាក់​ប៉ុនប៉ង​ឆ្លង​របង​លួស​ចូល​ទៅ​ទីបញ្ជាការ​ប៉ូលិស​ថៃ ដែល​ស្ដាប់​តាម​បទបញ្ជា​ដោយ​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ថៃ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិស​វាយឆ្មក់​ឈរ​យាមល្បាត​ ខណៈ​ដែល​បាតុករ​ម្នាក់​ប៉ុនប៉ង​ឆ្លង​របង​លួស​ចូល​ទៅ​ទីបញ្ជាការ​ប៉ូលិស​ថៃ ដែល​ស្ដាប់​តាម​បទបញ្ជា​ដោយ​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ថៃ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ទី១ ខែមករា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លើក​ទី៣៨ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មកថ្មីៗ​នេះ ក្រោម​ច្បាប់​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​ ខណៈ​បន្ត​ការ​បង្ក្រាប​ចលនា​បាតុកម្ម ដែល​មិន​ធ្លាប់​មាន​ពី​មុនមក​នៅ​ក្នុង​ប្រទេស។

មាត្រា​១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ ហាមឃាត់​ការ​ប្រមាថព្រះចេស្តា​ព្រះមហាក្សត្រ និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ០៣ ទៅ​១៥​ឆ្នាំ ចំពោះ​ការ​បំពាន​ច្បាប់​នេះ។

ច្បាប់ខាង​លើ​នេះ​មិនសូវ​ត្រូវ​បាន​យក​មកប្រើប្រាស់​នោះ​ទេ ចាប់តាំង​ពី​ព្រះមហាក្សត្រ​ Maha Vajiralongkorn បាន​ស្នង​តំណែង​ពី​ព្រះបិតា​របស់​ទ្រង់ ព្រះបាទ Bhumibol Adulyadej ដែល​បាន​សោយទីវង្គត​កាល​ពី​ឆ្នាំ ២០១៦។ យ៉ាងណាក៏ដោយ​ ​នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ​បាន​កំពុង​ប្រើប្រាស់​ច្បាប់​នេះ ដើម្បី​បង្រ្កាប​បាតុកម្ម​ដែល​កំពុង​តែ​បន្តធ្វើឡើង ដែល​បាតុកម្ម​នេះកោះហៅ​ឲ្យ​រដ្ឋាភិបាល​ថៃ​លាលែង​ពី​តំណែង ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញថ្មី និង​កំណែទម្រង់​ទៅ​លើ​ស្ថាប័ន​ព្រះមហាក្សត្រ។

ប្រទេស​ថៃជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ចាប់​តាំង​ពីឆ្នាំ១៩៣២​មក​ ប៉ុន្តែ​រដ្ឋប្រហារជោគជ័យ​ចំនួន​ ១៣​លើកដោយ​ក្រុម​យោធា​គាំទ្រស្ថាប័ន​រាជវង្ស បាន​ពង្រីក​អំណាច​របស់​ស្ថាប័ន​រាជវង្សលើ​អំណាច​របស់រដ្ឋាភិបាល។ បាតុកម្ម ដែលបាន​ផ្ទុះ​ឡើង​តាម​ដងផ្លូវ​នានា​នៅ​ក្រុង​បាងកក សម្រាប់​ពេល​មួយ​ភាគធំ​នៃ​ឆ្នាំ​២០២០ បាន​ចោទប្រកាន់​ព្រះ​មហាក្សត្រ ​Maha Vajiralongkorn ពី​ការ​បំពានរដ្ឋធម្មនុញ្ញ​តាម​រយៈ​ការ​ដាក់​ទ្រព្យ​សម្បត្តិ​របស់​រាជវាំង និង​កងយោធាអភិជន​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ព្រះអង្គ ក៏ដូចជា ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ផ្ទៃ​ក្នុងផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ។

ក្រុម​បាតុករ​ចង់​ឲ្យ​មាន​ការ​ប្រគល់​មក​វិញ​នូវ​ទ្រព្យ​សម្បត្តិ​តម្លៃ​រាប់ពាន់លាន​ដុល្លារ​របស់​ស្ថាប័ន​រាជវង្សថៃ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រជាជន​ជាជាង​ព្រះមហាក្សត្រ ហើយ​លុបចោល​មាត្រា​១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ និងដាក់​ស្ថាប័ន​ព្រះមហាក្សត្រក្រោមការ​គ្រប់គ្រង​មាំទាំ​ដោយរដ្ឋធម្មនុញ្ញ។​

អាជ្ញាធរ​កំពុងប្រឈម​នឹង​ការ​លំបាក​ដើម្បី​ទប់ទល់​នឹង​បាតុករ។ ការ​លើកឡើង​បែប​វាយប្រហារ​ពី​សំណាក់​ក្រុម​បាតុករមក​លើស្ថាប័ន​រាជវង្ស និងមក​លើ​ច្បាប់​ការពារ​ការ​វាយប្រហារ​មកស្ថាប័ន​រាជវង្ស ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់នៅ​លើ​ផ្ទាំង​បដា​ព្យួរ​តាម​ស្ពាន និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ទម្រង់​ជា​រូប​ត្លុក​កំប្លែង និង​ការ​ប្រើប្រាស់​សញ្ញា​ទ្រុងជ្រូកឬ hashtag។

​អាជ្ញាធរ​កំពុងចាត់​ចំណាត់ការ​មក​លើ​បាតុករ​វិញ​តាមរយៈ​ការ​ចោទប្រកាន់ផ្សេងៗ​ដែល​ថា ក្រុម​បាតុករ​កំពុង «គំរាមកំហែង បរិហារកេរ្តិ៍ ឬ​ប្រមាថ» ស្ថាប័ន​ព្រះមហាក្សត្រ​ ដែល​នេះ​ជា​ទង្វើ​ត្រូវ​បាន​ច្បាប់​ហាមឃាត់។

យោង​ទៅ​តាមអង្គការ​គាំពារ​សិទ្ធិ «គណៈមេធាវីថៃ​ដើម្បី​សិទ្ធិមនុស្ស» សកម្មជន​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី០១ ខែ​មករា ក្រោមឈ្មោះដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «ណាត់» (Nut) គឺ​ជា អ្នក​កាន់​គេហទំព័របណ្តាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​បាតុករ​មួយ​ក្រុម ប៉ុន្តែត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃទី០២ ខែ​មករា បន្ទាប់​ពី​ត្រូវ​បានរង​ការ​ចោទប្រកាន់​ក្រោម​មាត្រា១១២ ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ជុំវិញ​ការ​លក់​ប្រតិទិន​ ដោយ​ប្រើប្រាស់​នូវ​រូប​ទា​ជ័រ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្ត​រូប​បែប​បញ្ចើចបញ្ចើ​មួយ​ដើម្បី​ចំអក​ទៅ​លើ​ស្ថាប័ន​រាជវង្ស​ថៃ។

ក្រុម​បាតុករខាង​លើ​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មានសប្តាហ៍​តែ​ប៉ុណ្ណោះ បទប្រកាន់​ក្រោម​មាត្រា១១២ ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​បាន​បន្ត​កើន​ឡើង»។

មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​លើក ខណៈ​មាត្រា​១១២ ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​បាតុករ​ពាក់ព័ន្ធនឹង​អាកប្បកិរិយាដែល​ត្រូវ​បាន​ចាត់ទុក​ថា​ គឃ្លើន ​ដូចជា ការ​ចម្អក​មក​លើ​ជម្រើស​សម្លៀកបំពាក់​របស់​ព្រះមហាក្សត្រ ការ​ជំរុញ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ទី​ដែល​ព្រះមហាក្សត្រ​ Maha Vajiralongkorn​ បាន​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៅ​ទី​នោះ ឲ្យ​ស៊ើបអង្កេត​ភាព​ស្របច្បាប់​ចំពោះ​ការ​គង់ប្រថាប់​របស់​ព្រះអង្គ។

លោក Sunai Phasuk នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ប្រាប់​ VOA ថា៖

«ទោះ​បី​ជា​មាន​ការ​សំដៅ​រិះគន់​សូម្បី​តែបន្តិចបន្តួច​ក៏​ដោយក្នុង​ពេល​ឥឡូវនេះ​ទៅ​លើស្ថាប័ន​រាជវង្សគឺ ​នឹង​ត្រូវ​រង​ការ​ដាក់​ទោសទណ្ឌ​»។

បទ​ចោទប្រកាន់​ជា​បន្តបន្ទាប់ក៏​ចង្អុល​បង្ហាញ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​បែប​ទូលំទូលាយ​ ដែល​អនុញ្ញាត​ឲ្យ​សាធារណជនដាក់​ពាក្យ​បណ្តឹង​ផ្ទាល់​ទៅ​នគរបាល ដែល​ជា​ធម្មតា​តែង​បង្វែរ​ពាក្យ​បណ្តឹងទៅ​កាន់​តុលាការ​ មិន​ថា ករណី​តូចស្រាល​កម្រិត​ណា​នោះ​ទេ។

លោក Khemthong Tonsakulrungruang សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Chulalongkorn ក្នុងក្រុង​បាងកក​បាន​និយាយ​ថា ប៉ូលិស​ដែល​បាន​ដាក់​ពាក្យ​បណ្តឹងប្រឆាំង​នឹង​ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួនទី​ ៣៨​ «មិន​អាច​សូម្បី​តែ​ផ្តល់​ចម្លើយ​ទៅ​កាន់​មេធាវី​ពាក់ព័ន្ធ​នឹង​បែបផែន​ដែល​ការ​ឃាត់ខ្លួន​នេះជា​បទចោទប្រកាន់​ពី​ការ​រំលោភបំពាន​មាត្រា១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ។ ហើយ​នេះ​គឺ​ដោយសារ​ហេតុផល​នយោបាយ​ទាំងស្រុង»។

លោក​បាន​ថ្លែងថា៖ «ច្បាប់​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​សព្វទិសទី។ អ្នក​ណា​ក៏​អាច​ដាក់ពាក្យ​បណ្តឹង​បាន​ដែរ ហើយ​តុលាការ​កំពូល​មិនកំណត់​ច្បាស់នូវ​លំនាំ​ដែល​ច្បាប់​នេះ​គួរ​ត្រូវ​បាន​ប្រើប្រាស់​នោះ​ទេ។ វា​នៅ​តែ​ពាសវាលពាសកាល​អញ្ចឹង»។

បទចោទប្រកាន់​ផ្សេងៗ​នៅ​ក្រោម​ច្បាប់​ខាងលើនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អគ្គស្នងការ​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​កាល​ពី​ខែ​មុននេះ បាន​ថ្កោលទោស​ការ​បង្រ្កាប​លើ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ ជាពិសេស​ការ​ចាប់ខ្លួន​យុវជន​អាយុ ១៦​ឆ្នាំ​ពី​ការ​ដើរ​បង្ហាញ​ម៉ូដ​បែប​ចំអក​លើ​របៀប​ស្លៀកពាក់​របស់ស្ថាប័ន​រាជវង្ស។

«​ហួសពី​ភាព​ភ័យខ្លាច»

ច្បាប់​ប្រឆាំង​ការ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ យ៉ាងហោចណាស់​សម្រាប់​ពេល​នេះ បាន​បរាជ័យនៅ​ក្នុង​ការ​បំបិទសំឡេងក្រុម​មេ​ដឹកនាំ​បាតុកម្ម ដែល​ភាគច្រើន​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ពី​បទ​ចោទប្រកាន់​មួយ​ចំនួន និង​ដែល​បាន​និយាយ​ថា រាល់ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ ច្បាប់​នេះនឹង​បាត់បង់​ឥទ្ធិពល​ជា​បន្តបន្ទាប់។

លោក Attapon Buapat មេដឹកនាំ​ក្រុម​បាតុករ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​បាន​និយាយ​ថា៖ «ប្រជាជន​មិន​ខ្លាច​មាត្រា​១១២ ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ត​ទៅ​ទៀត​ទេ»។​

លោក​បាន​បន្តថា៖ «គ្រប់គ្នា​ដែល​កំពុង​តែ​ធ្វើ​ការ​តវ៉ា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់សេរីភាព និង​សិទ្ធិ​របស់​ពួកយើង​ថា នឹង​ត្រូវ​បាន​រំលោភបំពាន​នៅ​ថ្ងៃ​ណា​មួយ។ យើង​បាន​បោះជំហាន​ផុត​ពី​ភាព​ភ័យខ្លាច​នោះ​ហើយ​សម្រាប់​ពេល​ឥឡូវ​នេះ។ អ្វី​នឹង​កើត​ឡើង គឺ​វា​នឹង​កើតឡើង»។

ក្រុមបាតុករ​បាន​ផ្អាក​ធ្វើ​បាតុកម្ម​មុន​ពេល​បុណ្យ​ណូអែល និងការ​កើត​មាន​រលកទីពីរ​នៃ​ជំងឺ​កូវីដ១៩ ​នៅ​ប្រទេស​ថៃ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​បិទសកម្មភាព​សង្គម​ដោយ​ផ្នែក​នៅ​ទូទាំង​ប្រទេស។ ហើយ​មិន​ច្បាស់​ថា ពួកគេ​នឹងធ្វើ​ការ​ប្រមូល​ផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​សារជាថ្មី​នៅ​ពេល​ណា​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG