ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ថ្មី​អំពី​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា​ផ្តោតលើ​ទំនាក់​ទំនង​ក្រុមជ្រុល​និយម​ជាមួយ​លោក​ Trump


រូបឯកសារ៖ វីដេអូ​ដែល​បង្ហាញ​ព្រឹត្តិការណ៍​កុបកម្ម​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចាក់បញ្ចាំង​ជូន​គណៈកម្មាធិការ​សភា នៅ​វិមាន​សភា ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ វីដេអូ​ដែល​បង្ហាញ​ព្រឹត្តិការណ៍​កុបកម្ម​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចាក់បញ្ចាំង​ជូន​គណៈកម្មាធិការ​សភា នៅ​វិមាន​សភា ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២។

គណៈ​កម្មាធិការ​សភា​ដែល​ស៊ើប​អង្កេត​កុបកម្ម​ថ្ងៃ​ទី ៦​ខែ​មករា​នៅ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​(Capitol)​ កាល​ពី​ឆ្នាំ​មុន​គ្រោង​នឹង​ស្តាប់​សក្ខីកម្ម​នៅថ្ងៃ​អង្គារ​ដែល​ភ្ជាប់​ក្រុម​ស្តាំនិយម​ជ្រុល​ទៅ​នឹង​ការ​បះបោរ​ ខណៈ​ពួកគេ​ព្យាយាម​រារាំង​ការ​បញ្ជាក់​ពី​ជ័យ​ជម្នះ​របស់​លោក ​Joe Biden ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ ឈ្នះ​លោក​Donald Trump​ដែល​កំពុង​កាន់​តំណែង​នា​ពេល​នោះ។​

គណៈ​កម្មាធិការ​សភា​តំណាង​រាស្រ្ត​មិន​ទាន់​និយាយ​ថា​ អ្នក​ណា​នឹង​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​ដែល​គេចាប់​អារម្មណ៍​ច្រើន​នេះ​ទេ​ ប៉ុន្តែ​សាក្សី​ម្នាក់​ត្រូវ​គេ​រំពឹង​ថា​ គឺ​លោក​Jason Van Tatenhove ​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​«អ្នក​ឃោសនា»​ដើម្បី​Oath Keepers ​ដែល​ជា​កង​ជីវពល​ប្រឆាំង​រដ្ឋាភិបាល។ ​សមាជិក​ក្រុម​នេះ​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​លោក​ Trump ​ប្រហែល​២​ពាន់​នាក់​ដែល​បាន​សម្រុក​ចូល​វិមាន​សភា។​

សក្ខីកម្ម​ផ្សេង​ទៀត​ត្រូវ​គេ​រំពឹង​ថា​ នឹង​ផ្តោត​លើ​តួនាទី​របស់​ Proud Boys ​ដែល​ជា​ក្រុម​ហ្វាស៊ីស​បែប​ថ្មី។​ មេ​ដឹកនាំ​ចំនួន​ប្រាំនាក់​របស់​ក្រុម​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​បំបះ​បំបោរ​ពាក់ព័ន្ធ​នឹង​ការ​បះបោរ​នៅ​វិមាន​សភា​ ហើយ​កំពុង​រង់ចាំ​ការ​កាត់ទោស​នៅ​ចុង​ឆ្នាំ​នេះ។ ​ ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​ក្រុម​ Oath Keepers ​ចំនួន​១១​នាក់​ ដែល​បី​នាក់​បាន​សារភាព​កំហុស​រួច​ហើយ។ ​លោក ​Trump ​បាន​ចំអក​ដល់​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មាធិការ​នេះ ​ដោយ​ហៅ​សមាជិក​ចំនួន​ប្រាំបួន​នាក់​ដែល​មាន​ អ្នក​ប្រជា​ធិបតេយ្យ​ប្រាំពីរ ​នាក់​និង​អ្នក​សាធារណរដ្ឋ​ពីរ​នាក់​ដែល​ប្រឆាំង​នឹង​លោក ​នោះ​ថា ​«ជាចោរ​នយោបាយ ​និង​អ្នក​លួច​ស្តាប់»។​

បញ្ហា​ប្រឈម​របស់​ក្រុម​ស៊ើប​អង្កេត​គឺ​ត្រូវ​បង្ហាញ​ពី​ទំនាក់​ទំនង​ដែល​ក្រុម​ជ្រុល​និយម​មាន​ជាពិសេស​ជាមួយ​លោក​ Trump​ ហើយនឹង​ទំនាក់​ទំនង​លម្អិត​បន្ថែម​ទៀត​ដែល​ពួកគេ​មាន​ជាមួយ​សហការី​ផ្នែក​នយោបាយ​របស់​លោកនៅពេល​ដែល​លោក​បាន​ស្វះស្វែង​រក្សា​អំណាច​ដោយ​បដិសេធ​ការ​រាប់​សន្លឹកឆ្នោត​ជាផ្លូវ​ការ​ម្តង​មួយ​រដ្ឋៗ​ដែល​ បង្ហាញ​ថា​ លោក ​Biden​ បាន​ឈ្នះ​នោះ។​

ចំណុច​ស្នួល​នៃ​សវនាការ​គឺ​សារ​តាម​Twitter​ ដែល​លោក​Trump​ ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​លោក​រាប់លាន​នាក់​នៅ​ថ្ងៃ​ទី១៩​ខែ​ធ្នូ​ឆ្នាំ​២០២០​ ដោយ​និយាយ​ថា ​«តាម​ស្ថិតិ​មិន​អាច​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ២០២០​បាន​ទេ។ ​មាន​ការ​តវ៉ា​ដ៏ធំ​នៅ​រដ្ឋធានី​នៅ​ថ្ងៃ​ទី​៦​ខែ​មករា។​ សូម​ទៅ​នៅ​ទី​នោះ ​ហើយ​ក្លាហាន​ឡើង!"

សមាជិក​រដ្ឋ​សភា​លោក​ Jamie Raskin ​សមាជិក​គណៈ​កម្មាធិការ​ដែល​នឹង​ដោះស្រាយ​ចម្ងល់​ជា​ច្រើន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​CBS News​ថា ​«ជា​ការណ៍​ពិត​ណាស់​ លោក​ Donald Trump​ គឺ​ជា​មនុស្ស​ស្នូល​ដែល​បាន​កំណត់​សកម្មភាព​គ្រប់​យ៉ាង។ ​លោក​គឺ​ជា​មនុស្ស ​... ដែល​បាន​កំណត់​យក​ថ្ងៃ​ទី ​៦​ ខែ​មករា​ជា​កាល​បរិច្ឆេទ​សម្រាប់​ការ​តវ៉ា​ដ៏​ធំ ​ហើយ​លោក​បាន​ប្រកាស​ដូច្នេះ​នៅ​ក្នុង​ Twitter ​របស់ លោក​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ បន្ទាប់ពី​ការ​ប្រជុំ​ឆ្កួត​មួយ​(ជាមួយ​ជំនួយ​ការ​នយោបាយ)​ ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ការ​ប្រជុំ​ដ៏​ឆ្កួត​បំផុត​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​របស់​លោក​Trump​ទាំង​មូល៕

XS
SM
MD
LG