ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ជំនួយ​ការ​សេតវិមាន​ថា​ លោក ​Trump ​ខឹង​ ងាយ​បង្ក​ហេតុ​ នៅ​ពេល​ការ​ចាញ់​ឆ្នាំ​២០២០​ បង្ហាញ​ច្បាស់


លោកស្រី Cassidy Hutchinson អតីតជំនួយការរបស់ប្រធានខុទ្ទកាល័យ​សេតវិមាន លោក Mark Meadows ក្នុងរដ្ឋបាល លោក Trump ផ្តល់សក្ខីកម្មនៅសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Cassidy Hutchinson អតីតជំនួយការរបស់ប្រធានខុទ្ទកាល័យ​សេតវិមាន លោក Mark Meadows ក្នុងរដ្ឋបាល លោក Trump ផ្តល់សក្ខីកម្មនៅសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

អតីត​ជំនួយ​ការ​សេតវិមាន​លោក​ស្រី​ Cassidy Hutchinson ​បាន​ប្រាប់​សមាជិក​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ថា​ លោក​ Donald Trump​ប្រធានាធិបតី​កាលណោះ​ កាន់តែ​ខឹង​និង​ងាយ​បង្ក​ហេតុ​អំពី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០។ ​លោក​ស្រី​ផ្តល់​សក្ខីកម្ម​ថា​ លោក​ Trump​ បាន​យល់ព្រម​ជាមួយ​ពួក​កុបកម្ម​នៅ​វិមានសភា​ (Capitol)​ កាល​ពី​ថ្ងៃ​ទី ៦​ ខែ​មករា​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ពួក​គេ​បាន​អំពាវនាវ​ឱ្យ​ព្យួរ​ក​លោក​ Mike Pence អនុ​ប្រធានាធិបតី​ពេល​នោះ​ ព្រោះ​លោក​មិន​ព្រម​រារាំង​លទ្ធផល​បោះឆ្នោត។​

លោកស្រី ​Hutchinson ​បាន​និយាយ​ថា ​ខណៈ​អ្នក​គាំទ្រ​លោក​Trump ​រាប់​ពាន់នាក់​នៅ​វិមាន​សភា​ស្រែក​ថា​ «ព្យួរក​លោក​ Mike Pence!»​ លោក​Trump​ បាន​ប្រាប់​លោក​ Mark Meadows ​ប្រធាន​ខុទ្ទកាល័យ​សេតវិមាន​ដែល​ជា​ចៅហ្វាយ​លោកស្រី​ ថា ​«Mike​សមតែ​អញ្ចឹង» ។​ លោកស្រី​បាន​ដក​ស្រង់​សម្តី​របស់​លោក​ Meadows ​ថា​លោក ​Trump​«មិន​គិត​ថា ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក​ Pence​បាន​ធ្វើ​អ្វី​ខុស​ទេ»។​

អ្នក​គាំទ្រ​លោក ​Trump ​បាន​លើក​ដែក​សម្រាប់​ព្យួរក​នៅ​លើ​សួន​ច្បារ​ជាតិ​ (National Mall)​ ដែល​អាច​មើល​ឃើញ​ពី​វិមានសភា តែ​ទោះ​ជា​យ៉ាងណា​កង​សន្តិសុខ​របស់​លោក ​Pence​ បាន​ប្រញាប់​ប្រញាល់​យក​លោក​ទៅ​កាន់​ទីសុវត្ថិភាព ​ខណៈ​ការ​គំរាម​កំហែង​បាន​ផ្ទុះ​ឡើង។ ​ អ្នក​បះបោរ​ខ្លះ​បាន​ចូល​មក​ដល់​ចម្ងាយ​ប្រហែល​១២​ ម៉ែត្រ​ពី​លោក​ Pence។​

ក្រោយ​មក​ លោក ​Trump​ បាន​សរសេរ​ tweet​ថា​ «លោក​ Mike Pence ​មិន​មាន​ភាព​ក្លាហាន»​ រារាំង​មិន​ឱ្យ​សភា​បញ្ជាក់​ថា​ លោក ​Joe Biden ​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ឈ្នះ​លោក​ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ​២០២០​នោះ​ទេ ។​ ប៉ុន្តែ​ទីបំផុត​ជាង​មួយ​ម៉ោង​ក្រោយ​មកទើប​លោក ​Trump​ បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​វិមានសភា​ បន្ទាប់ពី​លោក​មិន​បាន​អើពើ​នឹង​ការ​អង្វរ​ពី​សមាជិក​គ្រួសារ​ រួមទាំង​កូនស្រី​របស់​លោក​ឈ្មោះ ​Ivanka ​ ​ជំនួយ​ការ​សេតវិមាន​ និង​ទីប្រឹក្សា​ផ្សេង​ទៀត​ដែល​សុំ​ឱ្យ​លោក​ប្រកាស​ជា​សាធារណៈ​ឱ្យ​បញ្ឈប់​កុបកម្ម។​

លោកស្រី​Hutchinson ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ចម្ងាយ​តែ​ប៉ុន្មាន​ជំហាន​ពី​ការិយាល័យ​ប្រធានាធិបតី​របស់​លោក​Trump​នោះ​ បាន​និយាយ​ថា ​លោកស្រី​បាន​ដឹង​ពី​លោក​Anthony Ornato ​ជំនួយ​ការ​លោក​ Meadows ​ដែល​ទទួល​បន្ទុក​សម្រប​សម្រួល​ព័ត៌មាន​សន្តិសុខ​លម្អិត​របស់​លោក ​Trump​ថា​ បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នា​នៅ​ជិត​សេតវិមាន ​មុន​ការ​ធ្វើ​បាតុកម្ម​នៅ​វិមាន​សភា​នោះ​ ​លោក​ប្រធានាធិបតី​នៅ​ពេល​នោះ​បាន​ព្យាយាម​ចាប់​ចង្កូត​ឡាន​ limousine ​ពី​ភ្នាក់ងារ​សេវា​សន្តិសុខ​(Secret Service)​ ហើយ​ទាមទារ​ទៅ​វិមានសភា​ដើម្បី​ចូលរួម​ជាមួយ​អ្នក​គាំទ្រ​របស់​លោក។​
លោក ​Trump ​បាន​ប្រាប់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នៅ​ឯការ​ជួបជុំ​នេះ​ថា​ លោក​នឹង​ចូលរួម​ជាមួយ​ពួកគេ​ក្នុង​ការ​ដើរ​ទៅ​កាន់​វិមានសភា​ ប៉ុន្តែ​ក្រុម​សន្តិសុខ​របស់​លោក​បាន​កំណត់​ថា​ វា​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ ហើយ​ពួកគេ​ក៏​ដឹក​លោក​ត្រឡប់​ទៅ​សេតវិមាន​វិញ។​

លោកស្រី​Hutchinson ​បាន​និយាយ​ថា​លោកស្រី​ត្រូវ​បាន​លោក​Ornato ​ប្រាប់​ ថា​ ​នៅក្នុង​រថយន្ត ​limousine​នោះ​ លោក ​Trump ​«មាន​អារម្មណ៍​ថា​... ​គាត់​គិត​ថា​ពួកគេ​នឹង​ទៅ​វិមាន​សភា» ​ហើយ ​«ខឹង​ខ្លាំង​ណាស់»​ នៅ​ពេល​ដែល​គាត់​ដឹង​ថា​ពួកគេ​មិន​ទៅ៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)

XS
SM
MD
LG