ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​ស៊ើប​អង្កេត​កុបកម្ម​វិមាន​សភា​អាមេរិក​បង្ហើប​សំណើ​កាត់ទោស​អ្នក​អុកឡុក​សាក្សី​


សំណេរ​មួយ​ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​អំឡុង​សវនាការ​ផ្តល់​សក្ខីកម្ម​អំពី​ព្រឹត្តិការណ៍​ ៦ មករា ២០២១ នៅ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២។
សំណេរ​មួយ​ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​អំឡុង​សវនាការ​ផ្តល់​សក្ខីកម្ម​អំពី​ព្រឹត្តិការណ៍​ ៦ មករា ២០២១ នៅ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២។

ពួក​សមាជិក​សភា​ ដែល​ស៊ើប​អង្កេត​កុបកម្ម​ថ្ងៃ​ទី​៦​ ខែមករា​នៅ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​ Capitol ​កាលពី​ឆ្នាំ​ទៅ​នោះ​ កំពុង​ផ្តល់​សញ្ញា​ថា ​ ពួកគេ​អាច​បញ្ជូន​សំណើ​ទៅ​ក្រសួង​យុត្តិធម៌​សុំឱ្យ​កាត់ទោស​អ្នក​អុកឡុក​សាក្សី​ដោយ​ខុសច្បាប់​និង​រំខាន​សាក្សី ​ដែល​ផ្តល់​សក្ខីកម្ម​ឱ្យ​គណៈ​កម្មការ​នេះ។​ ​

សមាជិក​រដ្ឋ​សភា​លោក​ស្រី ​Liz Cheney​ ដែល​ជា​អនុ​ប្រធាន​គណៈ​កម្មការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា​ បាន​លាត​ត្រដាង​កាលពី​ថ្ងៃ​អង្គារ​នូវ​សារ​អនាមិក​២​ដែល​ត្រូវ​បាន​គេ​ផ្ញើរ​ទៅ​ឱ្យ​សាក្សី​ ដែល​ចូលរួម​សវនាការ​នោះ​ ដោយ​សរសេរ​ថា ​ អតីត​ប្រធានាធិបតី ​លោក​ Donald Trump ​បាន​តាម​ដាន​សវនាការ​នោះ​យ៉ាង​ដិត​ដល់​ ហើយ​បាន​បន្ត​រំពឹង​លើ​ភាព​ស្មោះ​ត្រង់។​

គណៈ​កម្មការ​នោះ​កំពុង​ស៊ើប​អង្កេត​ថា​ តើ​កុបកម្ម​នោះ​បាន​កើត​មាន​ឡើង​យ៉ាង​ដូចម្តេច ​និង​តួនាទី​របស់​លោក ​Trump​ នៅ​ក្នុង​ការ​ព្យាយាម​ច្រានចោល​បរាជ័យ​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជាថ្មី​កាលពី​នៅ​ឆ្នាំ​២០២០។ ​

ការ​បញ្ចេញ​លិខិត​របស់​លោក​ស្រី​ Cheney ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការ​ផ្តល់​សក្ខីកម្ម​រយៈ​ ពេល​២​ម៉ោង​ដោយ​អ្នកស្រី ​Cassidy​ Hutchinson ​អតីត​អ្នក​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​លោក ​Mark Meadow ​ដែល​ជា​នាយ​ខុទ្ធកាល័យ​ចុង​ក្រោយ​របស់​លោក ​Trump។​

អ្នកស្រី ​Hutchinson ​បាន​ពណ៌នា​យ៉ាង​លម្អិត​ពី​របៀប​ដែល​លោក ​Trump ​ខឹង​សម្បារ ​និង​បង្កហេតុ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ នៅពេល​បរាជ័យ​របស់​លោក​ចាញ់​លោក ​Joe Biden​ ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​កាន់តែ​បង្ហាញ​ច្បាស់​ ហើយ​បក្ស​ពួក​របស់​លោក​បាន​ច្រានចោល​ការ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក​ដែល​ថា ​ លោក​ត្រូវ​បានគេ​លួច​បន្លំ​មិន​ឱ្យ​ជាប់​ឆ្នោត​ឡើង​វិញ​នោះ។​

បណ្តាញ​ទូរទស្សន៍ ​CNN ​បាន​ដកស្រង់​សម្តី​ប្រភព​មិន​ប្រាប់​អត្តសញ្ញាណ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​ចុះ​ផ្សាយ​ថា ​ អ្នក​ស្រី ​Hutchinson ​ជា​សាក្សី​ម្នាក់​នៃ​សាក្សី​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ទាក់ទង​ ដោយ​ប៉ុនប៉ង​ប្រើ​ឥទ្ធិពល​លើ​ការ​ផ្តល់​សក្ខីកម្ម​របស់​អ្នក​ស្រី៕

XS
SM
MD
LG