ការសិក្សាថ្មីមួយរបស់សាលវិទ្យាល័យ Columbia នៃបូរីញូវយ៉ក ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ បង្ហាញថា ភាពយឺតយ៉ាវរបស់សហរដ្ឋអាមេរិកក្នុងការបិទសកម្មភាពក្នុងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បានបណ្តាលឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់។
ការស្រាវជ្រាវនេះបានរកឃើញថា ប្រសិនអាជ្ញាធរអាមេរិកបានចាប់ផ្តើមចេញវិធានការរឹតត្បិតនានាដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា តាំងពីថ្ងៃ ទី១ ខែមីនាម៉្លេះ គឺពីរសប្តាហ៍មុនពេលអាជ្ញាធរបានចាប់ផ្តើមបិទសកម្មភាពសង្គមក្នុងរដ្ឋនានារបស់សហរដ្ឋអាមេរិក នោះគេទំនងអាចបញ្ចៀសការស្លាប់បាន ៨៣% នៃចំនួនអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ ដែលមាននៅអាមេរិកមកទល់នឹងពេលនេះ។
ការសិក្សានេះត្រូវផ្តល់ថវិកាដោយវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក និងមូលនិធិវិទ្យាសាស្ត្រជាតិ។
ការសិក្សារកឃើញថា សូម្បីការចាត់វិធានការឆ្លើយតបបានតែមួយសប្តាហ៍លឿនជាងក្នុងពេលកន្លង ក៏អាចសង្គ្រោះជីវិតមនុស្សរបស់ដល់ ៣៦.០០០ នាក់ ដោយអាចមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ក្នុងដំណាក់កាលដំបូងនៅកន្លែងផ្ទុះឆ្លងដូចជាក្រុងធំៗ ញូវយ៉ក និងក្រុង New Orleans។
អ្នកសិក្សាបានធ្វើការសន្និដ្ឋានរបស់ពួកគេដោយប្រើគំរូព្យាករណ៍ modeling ផ្អែកលើទិន្នន័យពីប្រសិទ្ធភាពនៃវិធានការរឹតត្បិតសកម្មភាពសង្គមកន្លងមក ដូចជាការតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម ដែលត្រូវអាជ្ញាធរអាមេរិកអនុវត្តនៅពាក់កណ្តាលខែមីនា ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសដែលបង្កជំងឺកូវីដ១៩។
ការសិក្សាបង្ហាញថា នៅពេលរដ្ឋនានាចាប់បើកសកម្មភាពសង្គមឡើងវិញ អាជ្ញាធរត្រូវតាមដានការឆ្លងថ្មីយ៉ាងខ្លាំងដើម្បីបង្ការការផ្ទុះឆ្លងទ្រង់ទ្រាយធំម្តងទៀត៕