ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​​​ជិត​៣លាន​នាក់​​ទៀត​កំពុង​ស្នើ​សុំ​​ប្រាក់​ផ្គត់​ផ្គង់​ពេល​​គ្មាន​ការងារ​ធ្វើ


ស្ត្រី​ម្នាក់​មើល​ព័ត៌មាន​អំពី​ការ​ដាក់​ពាក្យ​ការងារ​នៅ​មុខ​មជ្ឈមណ្ឌល WorkNet នៅ​ក្នុង​ក្រុង Arlington Heights កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​មើល​ព័ត៌មាន​អំពី​ការ​ដាក់​ពាក្យ​ការងារ​នៅ​មុខ​មជ្ឈមណ្ឌល WorkNet នៅ​ក្នុង​ក្រុង Arlington Heights កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ក្នុង​អំឡុង​ពេល ២ខែ​​ ​កន្លង​មក​នេះ​​ អ្នក​គ្មាន​ការងារ​ធ្វើ​ចំនួន ៣៦លាន ៥សែន​នាក់ បាន​ដាក់​ពាក្យ​​ស្នើ​សុំ​​​ជំនួយ​ដោយ​សារ​ការ​​​គ្មាន​ការងារ​ធ្វើ។ ចំនួន​នេះ​ស្មើ​និងជាង​ម្ភៃ​ភាគរយ នៃ​ចំនួន​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សរអា ដែល​មានទាំង​អស់​ជាង ១៦៤​លាន​នាក់។

ការ​កើន​ឡើង​នៃ​ការ​ដាក់​ពាក្យសុំជំនួយ​ដោយ​សារ​ការ​គ្មាន​ការងារ​ធ្វើ ​បាន​ធ្លាក់​ចុះ​បន្ដិច ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ​ពលរដ្ឋ​ជិត​ ៣​លាន​នាក់​ថែមទៀត នៅ​តែ​ស្នើសុំ​ប្រាក់​ផ្គត់​ផ្គង់​ពេលគ្មាន​ការងារ​ធ្វើ ​ ស្រប​ពេល​ដែល​ការ​រាត​ត្បាត​នៃវីរុស​កូរ៉ូណា​បន្ត​វាយ​លុកសេដ្ឋ​កិច្ច​ដ៏​ធំ​បំផុត​របស់​ពិភព​លោក។​

ក្នុង​អំឡុង​ពេល ២ខែ ​កន្លង​មក​នេះ អ្នក​គ្មាន​ការងារ​ធ្វើ​ចំនួន ៣៦លាន ៥សែន​នាក់ បាន​ដាក់​ពាក្យស្នើ​សុំ​ជំនួយ​ដោយ​សារ​ការ​គ្មាន​ការងារ​ធ្វើ។ ចំនួន​នេះ​ស្មើ​និងជាង​ម្ភៃ​ភាគរយ នៃ​ចំនួន​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សរអា ដែល​មានទាំង​អស់​ជាង ១៦៤​លាន​នាក់។

រដ្ឋាភិបាល​អាមេរិក​កាល​ពីសប្ដាហ៍​មុន​បាន​ឲ្យ​ដឹង​ថា អត្រា​គ្មាន​ការងារ​ធ្វើក្នុង​ខែ​មេសា​គឺ ១៤,៧% ប៉ុន្តែមន្ត្រី​សេដ្ឋកិច្ចសំខាន់​ៗ​របស់​រដ្ឋបាល​លោក Trump បាន​ឲ្យ​ដឹង​ថា តួ​លេខទំនង​ជា​ច្រើន​ជាង​នេះ ហើយ​អាចកើន​ឡើង​ដល់ ២៥% នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ រដ្ឋាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ជាតិ​បាន​ធ្លាក់​ចុះ ៤,៨% ភាគរយ នៅ​ក្នុង​ត្រីមាស​ទី១ ប៉ុន្តែ​តួលេខនេះ​គឺ​មុន​ពេល​នៃការ​ប៉ះពាល់​ពេញ​លេញ​នៃ​រោគ​រាត​ត្បាត​នេះ​ ចេញ​ជា​រូប​រាង។​

សភា និង​លោក​ប្រធានាធិបតី Donald Trump បាន​ផ្ដល់​ជំនួយ ៣លាន​លានដុល្លារ​ទៅ​ឲ្យពលរដ្ឋ​អាមេរិកាំង និង​អាជីវកម្ម​មួយ​ចំនួន​ធំ។ សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិតបតេយ្យ មាន​បំណង​ចង់​បន្ថែម​ជំនួយ​បន្ថែម​ទៀត ប៉ុន្តែ​សមាជិក​សភាគណបក្សសាធារណរដ្ឋ​ជំទាស់ ខណៈ​លោក​ប្រធានាធិបតី​ប្រកាន់​ជំហ​រង់​ចាំ​មើលសភាពការណ៍​សិន។

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Fox News ក្នុង​កម្មវិធី Fox Business កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​មុន លោក​ប្រធានាធិបតី Trump អះអាង​ថាបក្ស​ប្រជាធិបតេយ្យ​ចង់​ឃើញ​សេដ្ឋកិច្ច​អាមេរិក​ជួបវិបត្តិ​ ដើម្បី​ឆក់​ឱកាស​ឲ្យអតីត​អនុ​ប្រធានាធិបតី​ Joe Biden យក​ឈ្នះ​លើ​រូប​លោក ក្នុង​ការ​បោះ​ឆ្នោតជ្រើសរើសប្រធានាធិបតីនៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Trump បាន​ថ្លែង​ថា៖ «បើ​ការ​បើក ​[រដ្ឋ]​ ឡើង​វិញ​របស់​យើងកាន់​តែបរាជ័យ វា​ប្រហែល​ជា​រឹត​តែ​ល្អ​សម្រាប់​ពួក​គេ​ ​នៅ​ក្នុង​ការ​បោះឆ្នោត។ ពួកគេ​ចង់​ឃើញប្រទេស​របស់​យើង​បរាជ័យ ហើយ​អ្នក​ដឹង​ថា​វា​មាន​ន័យ​យ៉ាង​ណា ពីព្រោះ​ពួក​គេ​ចង់​ឃើញភាព​បរាជ័យ​ ជា​ជាង​ឃើញ​ខ្ញុំ​ជាប់​ឆ្នោត»។

​ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា​ថាសេដ្ឋកិច្ច​អាមេរិក​អាច​នឹង​ប្រឈម​នឹងការ​ថម​ថយច្រើន​ឆ្នាំ បើ​សិន​ជា​គ្មាន​ការ​ផ្ដល់ជំនួយឲ្យ​អ្នកធ្វើការ​ថែម​ទៀត​នោះ។ លោក​និយាយ​ថា ៤០% នៃ​គ្រួសារ​ពលរដ្ឋ​អាមេរិកដែល​រក​ចំណូល​បាន​តិច​ជាង​ ៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បាន​បាត់​បង់​ការ​ងារ​កាល​ពី​ខែ​មីនា​។​

លោក Powell បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​វីដេអូជាមួយ​វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ច​អន្តរជាតិថា៖ «ជំនួយថវិកា​បន្ថែម​អាចមាន​ទឹក​ប្រាក់ច្រើន​ ប៉ុន្តែ​វា ស័ក្តិសមបើ​សិន​ជា​វា​អាច​ជួយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រយៈពេល​វែង និង​ជួយ​ឲ្យ​យើង​រឹងមាំ​ក្នុង​ការ​ស្ដារ​ [សេដ្ឋកិច្ច] ឡើង​វិញ។​

លោក​បាន​ហៅ​ការ​ប្រែ​ប្រួល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ថា៖ «ការ​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់សេដ្ឋកិច្ច​សម័យ​ទំនើប» ហើយ​ថា​សហរដ្ឋ​អាមេរិក​ទំនង​ជា​ត្រូវ​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ​ «រយៈពេល​យូរ»។

លោក Powell បន្ត​ថា៖ «​កំណត់​ត្រា​បង្ហាញ​ថា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កាន់​តែ​ជ្រៅ​និង​យូរ​ជាង​នេះ​ អាច​បន្សល់​ទុក​នូវ​ការ​ខូចខាត​យូរ​អង្វែង​ដល់​សមត្ថភាព​ផលិតទំនិញនៃ​សេដ្ឋកិច្ច។ ការ​ក្ស័យធន​របស់​ក្រុម​គ្រួសារ ឬ​អាជីវកម្ម​ដែល​អាច​បញ្ជៀស​បាន​ អាច​ដាក់​បន្ទុក​លើកំណើន​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ»។

រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក លោក Steven Mnuchin និង​ទីប្រឹក្សាសេដ្ឋកិច្ច​របស់​លោក​ Trump ផ្សេងៗទៀត បាន​និយាយ​ថា សេដ្ឋ​កិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​មាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ​អស់​លោកព្យាករណ៍​ថា​កើន​ឡើង​វិញ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​តទៅ ហើយនឹង​បន្ត​កើន​ឡើងនៅ​ក្នុង​ឆ្នាំ​២០២១។ ទោះជា​យ៉ាង​នេះ​ក្ដី ការិយាល័យ​ថវិកា​សភា​កំពុង​តែ​ព្យាករណ៍​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នឹង​នៅ​ត្រឹម​ ៩,៥% នៅ​ចុង​ឆ្នាំ​ក្រោយ។

ពលរដ្ឋ​អាមេរិក​ជា​ច្រើនកំពុង​ស្នើសុំ​ជំនួយថវិកា​សម្រាប់​ពេលគ្មាន​ការងារ​ធ្វើ ដែល​ជា​ធម្មតា​មានចំនួន​តិច​ជាង​ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ​ប្រហែល​ពាក់​កណ្តាល។ ប៉ុន្តែ​ការ​បើក​ប្រាក់​ជំនួយនេះ កំពុង​ត្រូវ​បាន​ដំឡើង​ដល់ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ពី​សំណាក់​រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​រយៈពេល​បួន​ខែ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាត​ត្បាត។

រូប​ឯកសារ៖ ស្លាកសញ្ញា​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ជំនួយ​សម្រាប់​អ្នក​អត់​មាន​ការងារ​ធ្វើ​ដោយសារ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​ទូរស័ព្ទ​ទំនើប​មួយ។
រូប​ឯកសារ៖ ស្លាកសញ្ញា​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ជំនួយ​សម្រាប់​អ្នក​អត់​មាន​ការងារ​ធ្វើ​ដោយសារ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​ទូរស័ព្ទ​ទំនើប​មួយ។

កម្រិត​ខ្ពស់​បំផុត​នៃ​ការ​ស្នើ​សុំ​ប្រាក់​ជំនួយ​ពេលគ្មាន​ការងារ​ធ្វើ​ ប្រហែលជា​បាន​កើត​ឡើង​នៅ​ក្នុង​ចុង​ខែ​មីនា ជា​មួយ​ចំនួន​អ្នក​ស្នើសុំចំនួន ៦លាន​៩សែន​នាក់។​

ល្បឿន​នៃ​ស្នើសុំ​ប្រចាំ​សប្តាហ៍​បាន​ថយចុះ​នៅ​រៀងរាល់សប្ដាហ៍​ក្នុង​រយៈ ៨​សប្តាហ៍​ចុងក្រោយចាប់តាំងពីពេលនោះមក ប៉ុន្តែចំនួន​នៃ​ការ​ស្នើ​សុំ​រាប់​លាន​ករណី​នេះ នៅ​តែ [ច្រើន] ​លើស​ពេល​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ចរបស់​សរអា ក្នុង​អំឡុង​ពេល​ជា​ច្រើន​ទសវត្ស​កន្លង​មក​នេះ បើ​គិត​តាំង​ពី​វិបត្តិ​សេដ្ឋ​កិច្ចដូចនៅ​ក្នុង​នៅ​សរអា កាល​ពី​ទស្សវត្ស ១៩៣០។ ចំនួននៃ​ការ​ស្នើ​សុំ​ប្រាក់​ជំនួយនេះ​ បាន​កើន​ឡើង​ច្រើន​លើសការ​ស្នើ​សុំ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ ទៅទៀត។

ប៉ុន្តែ​ពាណិជ្ជកម្ម​អាមេរិក កំពុង​តែ​ងើប​ឡើងវិញ​យឺតៗ ទោះ​បី​ជា​ចំនួន​នៃ​ការ​ស្លាប់ដោយ​វីរុសកូរ៉ូណា​ ​បាន​កើនឡើង​ដល់ ៨ម៉ឺន ៦ពាន់​នាក់ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក ហើយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគមាន​សរុប​ជាង​ ១លាន​ ៤សែន​ករណី​ទៅ​ហើយ។ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​កើន​ដល់​ ១សែន ៤ម៉ឺន ៧ពាន់​នាក់​ត្រឹម​ខែ​សីហា​ខាង​មុខ។

អភិបាល​រដ្ឋ​ទាំង ៥០​រដ្ឋ ​បាន​ចាប់​ផ្ដើម​បើក​សេដ្ឋកិច្ចឡើង​វិញ​ដោយ​សន្សឹមៗ ហើយ​ក្នុង​ករណី​មួយ​ចំនួន​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ អាច​បើក​ហាង​របស់​ពួក​គេ​ឡើង​វិញ​បាន បើ​សិន​ជា​ពួក​គេ​អាច​រក្សាគម្លាត​ឲ្យ​អតិថិជន​នៅ​ពីរ​ម៉ែត្រ​ពី​គ្នា​ ហើយ​អនុញ្ញាត​ឲ្យ​ហាង​លក់​ទំនិញ​បើក​ឡើង​វិញ​បើ​សិន​ជា​ម្ចាស់​ហាង​អាច​កំណត់​ចំនួន​អ្នក​ចូលក្នុង​ហាង​បាន។

ក្នុង​ករណី​ខ្លះ​ ពលរដ្ឋ​អាមេរិកាំង​ចង់​គេច​ចេញ​ពី​ការ​ជាប់​នៅ​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​សប្ដាហ៍ ហើយ​បាន​សម្រុក​ទៅ​កាន់​ភោជនីយដ្ឋាន ដែល​ធ្វើ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន ប្រឆាំង​នឹង​បទបញ្ជា​នៃ​ការ​កំណត់​ចំនួន​អតិថិជន​ដែលពួក​គេ​គួរ​ទទួល។ ​អតិថិជន​ទាំង​នោះ​កម្រ​ពាក់​ម៉ាស់ ដែលអាច​ជួយ​ទប់​ស្កាត់​លទ្ធភាព​នៃ​ឆ្លង​មេរោគ​នេះ​បាន។

រោងចក្រ​មួយ​ចំនួន​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ចុង​ខែ​ឧសភា​ ទោះបី​ជាគេ​មិន​ទាន់​ច្បាស់​ទេថា តើ​កម្មករ​ទាំង​អស់​នឹង​អាច​រក្សា ​គម្លាត​សុវត្ថិភាព​ពី​គ្នា​ ដើម្បី​កាត់​បន្ថយ​ឱកាសនៃ​ការ​ឆ្លង​មេរោគ​ដោយ​វិធី​ណា៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG