ការសិក្សាថ្មីមួយរបស់ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញថា ការរាតត្បាតជំងឺកូវីដ១៩ បណ្តាលឲ្យមាន«ការបាត់បង់ការរៀនសូត្រយ៉ាងច្រើន»របស់កុមារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការយូនីសេហ្វ ដែលជាដៃគូមួយគាំទ្រក្រសួងអប់រំសម្រាប់ការសិក្សាមួយនេះ។
សេចក្តីប្រកាសអង្គការយូនីសេហ្វចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថា ការសិក្សានេះបង្ហាញនូវលទ្ធផលថ្មី«គួរឱ្យភ្ញាក់ផ្អើល»អំពីការបាត់បង់ការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ដែលពួកគេភាគច្រើនមិនបានសិក្សារៀនសូត្រក្នុងថ្នាក់រៀន។ ការសិក្សានេះបានមកពីការវាយតម្លៃចុងក្រោយរបស់ក្រសួងអប់រំទៅលើការរៀនសូត្រនៅថ្នាក់ទី៦ ដែលត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ លើសិស្សានុសិស្សជាង៦ពាន់នាក់នៅក្នុងសាលារៀនចំនួន២៣០នៅទូទាំងប្រទេសកម្ពុជា។
ដោយប្រៀបធៀបជាមួយការវាយតម្លៃដូចគ្នានៅឆ្នាំ២០១៦ ភាគរយនៃសិស្សានុសិស្ស ដែលមិនអាចបង្ហាញអំពីជំនាញចំណេះដឹងមូលដ្ឋានផ្នែកភាសាខ្មែរ បានកើនឡើងពី៣៤%ទៅ៤៥% និងផ្នែកគណិតវិទ្យាបានកើនឡើងពី៤៩% ទៅ៧៤%។ នេះបើតាមការសិក្សា។
បើតាមសេចក្តីប្រកាសព័ត៌មាន សាលារៀននៅប្រទេសកម្ពុជាត្រូវបានបិទអស់រយៈពេល២៥០ថ្ងៃនៅឆ្នាំ២០២០ និង២០២១ ដែលចំនួននេះស្ទើរតែស្មើនឹងពីរភាគបីនៃឆ្នាំសិក្សាចំនួនពីរឆ្នាំ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លទ្ធផលទាំងនេះគឺជាលទ្ធផលគួរឱ្យបារម្ភ។ យើងបានខិតខំប្រឹងប្រែងធ្វើការងារជាមួយដៃគូទាំងអស់របស់យើង ដើម្បីដាក់ចេញនូវវិធានការរៀនសូត្រពីចម្ងាយ នៅពេលសាលារៀនបិទទ្វារក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ ការសិក្សានានាក៏បានបង្ហាញថា វិធានការទាំងនេះពិតជាបានជួយរក្សាការរៀនសូត្រសម្រាប់កុមារជាច្រើន ប៉ុន្តែលទ្ធផលនៃការវាយតម្លៃលើការរៀនសូត្របានបញ្ជាក់ថា សកម្មភាពទាំងនេះមិនទាន់គ្រប់គ្រាន់ ដើម្បីមកបង្គ្រប់មកវិញចំពោះសកម្មភាពទាំងអស់ ដែលកុមារបានបាត់បង់ នៅពេលពួកគេមិនបានរៀនសូត្រនៅក្នុងថ្នាក់»។
ក្រសួងអប់រំក៏បានចាត់វិធានការចាំបាច់មួយចំនួនដូចជាការកំណត់ការបង្រៀនមេរៀនបំប៉ននៅពេលសាលារៀនបើកឡើងវិញភ្លាម ប៉ុន្តែក្រុមការងារបច្ចេកទេសបានព្រមព្រៀងថា វិធានការទាំងនេះចាំបាច់ត្រូវបានពង្រីក និងពង្រឹង ដើម្បីជួយសិស្សានុសិស្សឱ្យតាមទាន់ការរៀនសូត្រ តាមរយៈការបង្កើនការផ្ដោតគោលដៅទៅលើសិស្សានុសិស្សនៅក្នុងស្ថានភាពលំបាកបំផុត ដែលបានបាត់បង់ការរៀនសូត្រច្រើនបំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕