ក្រសួងអប់រំកម្ពុជា បានអនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ នៅគ្រប់កម្រិតថ្នាក់ក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី០១ខែវិច្ឆិកានេះតទៅ ដែលនាំឱ្យសាកលវិទ្យាល័យមួយចំនួនកំពុងរៀបចំលក្ខណៈទទួលសិស្សនិស្សិតចូលរៀនផ្ទាល់វិញក្នុងដំណាក់កាលដំបូងនៃការសាកល្បងដោយគោរពទៅតាមគោលការណ៍សុវត្ថិភាពសុខភាពសាធារណៈរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ចំពោះសាលា គ្រូនិងក៏ដូចជាសិស្សនិស្សិតមួយចំនួនការបើកទ្វារសាលារៀនឡើងវិញ ដើម្បីអនុញ្ញាតិសិស្សឲ្យចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ឡើងវិញ នៅតែជាបញ្ហាប្រឈម បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គនៃការរៀនតាមប្រព័ន្ធអនឡាញអស់ពេលជាច្រើនខែកន្លងមកហើយ។
យុវសិស្សព្រំ រតនា ជានិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មជីវសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់វីអូអេនៅព្រឹកថ្ងៃចន្ទនេះថា មកទល់ពេលនេះលោកមិនទាន់ទទួលបានដំណឹងពីការបើកសាកលវិទ្យាល័យក្នុងការចូលទៅរៀនផ្ទាល់យ៉ាងណាទេ។ ប៉ុន្តែលោកបញ្ជាក់ថា លោកនៅតែបន្តរៀនតាមអនឡាញធម្មតានិងថាសាលាអនុញ្ញាតឲ្យចូលរៀនផ្ទាល់បានចំពោះម៉ោងត្រូវរៀននៅបន្ទប់ពិសោធន៍តែប៉ុណ្ណោះ។
លោកនិយាយថា៖ «ខាងសាលាអត់ទាន់ប្រាប់ច្បាស់លាស់ទេ គ្រាន់តែប្រាប់ថាឲ្យចូលមកពិសោធន៍សិន ហើយចាំ មើលពេលក្រោយទៀតសាលាផ្តល់ព័ត៌មានបើសិនជាអត់មានការឆ្លងទៀតហា៎»។
យុវសិស្សរូបនេះបានស្នើសុំឲ្យសាលាពន្លឿនដំណើរការនៃការបើកចូលរៀនផ្ទាល់ក្នុងថ្នាក់រៀនវិញដោយយល់ថាការសិក្សាតាមប្រព័ន្ធអនឡាញមានភាពរអាក់រអួលនិងធ្វើឲ្យពិបាកក្នុងការប្រាស្រ័យទាក់ទងគ្រូ និងមិត្តភក្តិក្នុងអំឡុងពេលសិក្សាជាពិសេសពេលសេវាអ៊ីនធឺណេតចុះខ្សោយ។
លោក បូ វីន និស្សិតឆ្នាំទី៤ជំនាញភូមិវិទ្យានិងរៀបចំដែនដីនៅមហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញដូចគ្នាដែរ បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាថ្នាក់របស់លោកមិនទាន់អាចចូលរៀននៅក្នុងថ្នាក់រៀនដោយផ្ទាល់បានភ្លាមៗបានទេព្រោះខាងសាលាកំពុងរៀបចំ ដោយសារសិស្សមានចំនួនច្រើននាក់។
និស្សិតអាយុ២១ឆ្នាំដដែលបានស្នើសុំឲ្យមានការបើកសាលាដើម្បីបានចូលរៀននៅថ្នាក់ផ្ទាល់ឆាប់ៗខណៈយុវជនរូបនេះជានិស្សិតត្រៀមសរសេរសារណាបញ្ចប់ឆ្នាំទី៤និងតែងមានអារម្មណ៍មិនមូលល្អក្នុងអំឡុងពេលរៀនតាមប្រព័ន្ធអេឡិចត្រូនិក ។ ទោះបីជានិស្សិតរូបនេះមានការព្រួយបារម្ភចំពោះការឆ្លងនៃជំងឺរាតត្បាតក្នុងថ្នាក់រៀនផ្ទាល់យ៉ាងណាក្តី ក៏លោកនៅតែពេញចិត្តក្នុងការជ្រើសរើសរៀននៅក្នុងថ្នាក់រៀនផ្ទាល់ជាជាងការរៀនតាមអនឡាញ។
លោកបញ្ជាក់ថា៖ «ព្រោះអីរៀនអនឡាញពេលខ្លះយើងត្រូវចុះ Survey [ការស្ទង់មតិ] ចុះអីចឹងយើង Survey [ការស្ទង់មតិ] អនឡាញអត់កើតទេអត់មានលទ្ធផលអីទេ។ ចឹងយើងទៅថ្នាក់ ទៅខេត្តចុះfield [ទីតាំង] មួយគ្នាអីចឹង ហ្នឹងបានល្អជាង។ ដូច្នេះខ្ញុំគិតថាប្រសិទ្ធភាពហ្នឹង ទោះបីអនឡាញយើងចូលរៀនគ្រប់ពេលគ្រប់ម៉ោង Focus [ផ្តោត] ខ្លាំងយ៉ាងណាក៏ដោយក៏ខ្ញុំអត់គាំទ្រឲ្យនៅរៀនអនឡាញដែរចង់ឲ្យគាត់ទៅរៀនផ្ទាល់ទាំងអស់គ្នា»។
សេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២១ បានបញ្ជាក់ក្នុងន័យដើមថា៖ «សាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងដំណើរការឡើងវិញសាកល្បងក្នុងដំណាក់កាលទី១ ដោយសាកល្បងបើកទៅលើមុខវិជ្ជាពិសោធន៍ឆ្នាំទី៤ នៃមុខជំនាញគីមី រូបវិទ្យា ជីវវិទ្យា បរិស្ថាន និងវិស្វកម្មជីវសាស្ត្រ ។ ករណីដែលការបើកដំណើរការសាកល្បងលើកទី១ ប្រព្រឹត្តទៅទទួលបានជោគជ័យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបន្តដំណើរការសាកល្បងលើកទី២ លើមុខជំនាញខាងលើសម្រាប់ឆ្នាំទី១ ទី២ និងទី៣ បន្តទៀត»។
លោក ងួន ផែសុភ័ក្ត្រ ព្រឹទ្ធបុរសនៅមហាវិទ្យាល័យវិស្វកម្មសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះដែរថា ផ្នែកវិស្វកម្មមិនទាន់ទទួលសិស្សឲ្យមករៀននៅថ្នាក់ផ្ទាល់វិញទាំងស្រុងបានទេ លើកលែងតែមុខវិជ្ជាដែលមានការពិសោធន៍តែប៉ុណ្ណោះទើបអាចមករៀននៅថ្នាក់ផ្ទាល់ដោយសារតម្រូវការចាំបាច់ក្នុងការធ្វើពិសោធន៍ផ្ទាល់។ លោកបន្ថែមថាគ្រឹះស្ថានសិក្សាត្រូវធ្វើការស្នើសុំពីក្រសួងអប់រំមុននឹងធ្វើការបើកដំណើរការ។
លោកបញ្ជាក់ថា៖ «ការរៀនអនឡាញគឺមុខវិជ្ជាមួយចំនួនគឺអត់អាចជំនួសបានទេ គឺត្រូវមាន Lab មានពិសោធន៍ផ្ទាល់។ ចឹងខ្ញុំចង់ហើយ ចង់តែត្រឡប់ទៅរកភាពដើមដែលយើងមិនមានការភ័យខ្លាចឆ្លងកូវីដហ្នឹងហើយកូនសិស្សទាំងគ្រូរៀនដោយពេញកម្លាំងកាយចិត្តដោយមិនមានការបារម្ភហ្នឹងបានសមត្ថភាពគុណភាពមានពេញ ចឹងខ្ញុំចង់។ ប៉ុន្តែពេលនេះអ្វីដែលយើងចង់គឺមិនអាចធ្វើទៅបានព្រោះអាទិភាពសុខសុវត្ថិភាពអាយុជីវិតគ្រូ និងកូនសិស្សរបស់យើង»។
ក្រសួងអប់រំបានប្រកាសថា ការបើកឱ្យដំណើរការឡើងវិញនៃសាលារៀនទូទាំងប្រទេសនាថ្ងៃទី០១ខែវិច្ឆិកានេះ បន្ទាប់ពីការសាកល្បងគ្រប់គ្រងការរៀនក្នុងបរិបទកូវីដបានទទួលបានជោគជ័យ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
គណៈអភិបាលរាជធានីខេត្តត្រូវបន្តកំណត់ភូមិសាស្ត្រដើម្បីបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតឡើងវិញ។ ចំណែកគ្រឹះស្ថានឧត្តមសិក្សានិងវិទ្យាស្ថានបច្ចេកវិទ្យា ត្រូវធ្វើការស្នើសុំការអនុញ្ញាតពីក្រសួងអប់រំនិងចុះអនុស្សារណៈនៃការយោគយល់គ្នា។ នេះបើតាមក្រសួងអប់រំ។
ក្រសួងក៏បានបន្តទៀតដែរថា ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួមមានដូចជា៖ លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យចេះប្រើប្រាស់វីដេអូនាំការបង្រៀននិងសន្លឹកកិច្ចការដែលផលិតដោយនាយកដ្ឋានជំនាញនៃក្រសួងនិងចែកចាយក្នុងបណ្តាញតេឡេក្រាម វេបសាយ ឬកម្មវិធីទូរស័ព្ទដៃ។ រីឯមុខវិជ្ជាផ្សេងទៀតត្រូវព្យួរនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំបន្ទាប់។
និស្សិតស្រី សោម ពេជ្ររស្មី ដែលកំពុងត្រៀមបញ្ចប់ឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រាប់ថាកញ្ញានៅសិក្សាតាមប្រព័ន្ធអនឡាញដដែល និងមិនទាន់ទទួលបានដំណឹងពីការបើកឲ្យចូលរៀនតាមថ្នាក់វិញនោះទេ។
នៅថ្ងៃចន្ទនេះដែរសាកលវិទ្យាល័យវេស្ទើនវិញក៏បានប្រកាសថាសាលានឹងបើកដំណើរការឡើងវិញកម្រិតសាកល្បងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
លោក ហេង គីមគង់ ជាបេក្ខជនបណ្ឌិតផ្នែកអប់រំនៅសាកលវិទ្យាល័យ Queenslandប្រទេសអូស្ត្រាលីបានប្រាប់វីអូអេតាមសារអ៊ីមែលថា កត្តាដែលធ្វើឱ្យសាលារៀនរួមទាំងសាកលវិទ្យាល័យមិនទាន់រួចរាល់សម្រាប់ការបើកឡើងវិញនៅថ្ងៃនេះគឺដោយសារតែវីរុសកូរ៉ូណានៅតែបន្តជាបញ្ហាកង្វល់ ទោះបីជាមានការចាក់វ៉ាក់សាំងបានអត្រាខ្ពស់នៅកម្ពុជាយ៉ាងណាក្ដី។
ខណៈពេលដែលអនុញ្ញាតឱ្យសាលារៀននិងសាកលវិទ្យាល័យបើកឡើងវិញរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវធានាថាសិស្សភាគច្រើនរួមទាំងកុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ នេះនឹងកាត់បន្ថយលទ្ធភាពនៃការឆ្លងកូវីដ-១៩ក្នុងចំណោមសិស្សវ័យក្មេង។នេះបើតាមអ្នកជំនាញផ្នែកអប់រំរូបនេះ។
លោកបានបន្ថែមថា៖ «គ្មានការសង្ស័យទេការបិទសាលាដែលអូសបន្លាយពេលយូរបានធ្វើឱ្យប្រព័ន្ធអប់រំរបស់យើងចុះខ្សោយយ៉ាងខ្លាំង។ ថ្វីត្បិតតែជំងឺកូវីដ-១៩បានឈានទៅដល់ការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអប់រំទាំងមូលក៏ដោយវាបានជះឥទ្ធិពលអវិជ្ជមានដល់សិស្សទាំងអស់ជាពិសេសអ្នកដែលមកពីគ្រួសារក្រីក្រឬជួបការលំបាក។ សិស្សទាំងនេះប្រហែលជាមិនមានធនធានគ្រប់គ្រាន់ដើម្បីចូលរៀនតាមអ៊ីនធឺណិតឬមេរៀនវីដេអូដែលផ្តល់ដោយក្រសួងអប់រំយុវជន និងកីឡានិងភាគីពាក់ព័ន្ធផ្សេងទៀត។ នេះប៉ះពាល់យ៉ាងខ្លាំងដល់ឱកាសសិក្សារបស់ពួកគេដែលធ្វើឲ្យវិសមភាពផ្នែកអប់រំនៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់វីអូអេថា នៅចំពេលដែលមានការបើកសាលារៀនឡើងវិញនេះ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា។
លោកបញ្ជាក់ថា៖ «យោងលើលទ្ធផលអាចទទួលយកបាននៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមកចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និងកីឡាពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។ ការពង្រីកវិសាលភាពនេះត្រូវ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ចំនួន២គឺ ភូមិសាស្ត្រដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់»។
លោក រស់ សុវាចា បន្តថា ការបើកសាលារៀននេះត្រូវធ្វើដោយអនុលោមតាមនិយាមនិងសេចក្ដីណែនាំយ៉ាងខ្ជាប់ខ្ជួន ដែលចេញដោយក្រសួងសុខាភិបាលផងដែរ ដើម្បីធានាសុវត្ថិភាពសិស្សនិស្សិតនិងបុគ្គលិកសិក្សា៕