ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៧ខែធ្នូនេះបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដោយមានសិស្សចំនួនជាង១១ម៉ឺននាក់បានចុះឈ្មោះប្រឡងក្នុងនោះបេក្ខជនចំនួនពីរនាក់ដែលឆ្លងជំងឺកូវីដ១៩ត្រូវដាក់ឲ្យប្រឡងដាច់ដោយឡែកនៅមណ្ឌលព្យាបាលជំងឺនិងថែទាំសុខភាព។
ការប្រឡងបាក់ឌុបដែលមានរយៈពេលពីរថ្ងៃនេះធ្វើឡើងខណៈមានការរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាលើកដំបូងលើបេក្ខជនមុនការប្រឡងចាប់ផ្តើម។កាលពីឆ្នាំ២០២០ ការប្រឡងបាក់ឌុបត្រូវបានផ្អាក ហើយរដ្ឋាភិបាលបានប្រកាសឲ្យសិស្សដែលបានចុះឈ្មោះប្រឡងទាំងអស់ជាប់ជាស្ថាពរដោយមិនកំណត់និទ្ទេស។
រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន ប្រាប់អ្នកសារព័ត៌មានក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិនៅថ្ងៃទី២៧ខែធ្នូនេះថា បេក្ខជនប្រឡងចំនួនពីរនាក់ដែលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩គឺជាកីឡាករការ៉ាត់តេដូដែលរដ្ឋាភិបាលបានបញ្ជូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្ថាន( Kazakhstan)ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះបន្ថែមថា បេក្ខជនទាំងពីរនាក់នោះតម្រូវឲ្យប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ដែលមានទីតាំងនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិនក្រោមការចាត់ចែងរបស់មន្រ្តីអប់រំ។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា៖ «ដោយសារតែសហព័ន្ធកីឡាការ៉ាត់តេនេះបញ្ជូនបេក្ខជនហ្នឹងទៅចូលរួមប្រកួតការ៉ាត់តេនៅកាហ្សាក់ស្តង់ (Kazakhstan) ហើយពេលត្រឡប់មកវិញទើបធ្វើតេស្តដឹងថា មានពីរនាក់ឈឺ ហើយពីរនាក់ហ្នឹងចំអ្នកដែលត្រូវប្រឡងទៀតដូច្នេះក្រសួងអនុញ្ញាតឲ្យប្រឡងតាមអនុសាសន៍របស់សម្តេចគឺនៅមណ្ឌលព្យាបាលតែម្តង»។
លោកបន្ថែមថាសម្រាប់វិញ្ញាសារបស់បេក្ខជនដែលមានជំងឺកូវីដ១៩នឹងត្រូវកែជាពិសេសដោយមានការការពារតាមវិធានសុខាភិបាល។
«ទាំងអនុរក្សទាំងអីហ្នឹងគឺគាត់ពាក់ស្រោមដៃ ហើយសន្លឹកកិច្ចការគឺនឹងដាក់ច្រកចូលក្នុងថង់កៅស៊ូរហូតដល់ពេលប្រឡងចប់គឺបិទយកមកកែពិសេស។ មានន័យថាត្រូវយកដាក់ក្នុងម៉ាស៊ីនសម្លាប់មេរោគហើយបន្ទាប់មកគឺយើងឲ្យគ្រូពិសេសយកមកកែពីរនាក់តែម្តង...ត្រូវប្រុងប្រយ័ត្នជាងសន្លឹកកិច្ចការធម្មតា។មានន័យថាអ្នកកែត្រូវពាក់ស្រោមដៃពាក់ម៉ាសហើយបើចាំបាច់គឺពាក់អាវPPE[អាវការពារ]ទៀត»។
ការសម្រេចដាក់ឲ្យបេក្ខជនបានប្រឡងដាច់ដោយឡែកពីបេក្ខជនដទៃធ្វើឡើងទៅតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីថ្ងៃអាទិត្យបានស្នើឲ្យអាជ្ញាធរអប់រំសិក្សាធិការរៀបចំឲ្យមានការប្រឡងផ្ទាល់នៅទីតាំងដែលមានការព្យាបាលជំងឺនិងអំពាវនាវឱ្យបេក្ខជននៅមណ្ឌលប្រឡងកុំឲ្យមានការភ័យស្លន់ស្លោ។
ថ្លែងទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជានិងមន្ត្រីទូតក្នុងពេលទទួលយកជំនួយវ៉ាក់សាំងជាង២,៣លានដូសពីរដ្ឋាភិបាលអូស្ត្រាលី លោក ហ៊ុន សែន បានលើកឡើងថា៖ «យើងមិនយកសិស្សទាំងពីររូបនេះដែលបានចេញទៅប្រកួតកីឡាដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡាទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូកមណ្ឌលប្រឡងបាក់ទូកទេ ក៏ប៉ុន្តែយើងនឹងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅនឹងមន្ទីរពេទ្យតែម្តងត្រូវមានគ្រូពេទ្យ ត្រូវមានសាស្ត្រាចារ្យរបស់យើងចូលទៅពិនិត្យនៃការប្រឡងនោះ»។
ចាប់តាំងពីកម្ពុជារងការឆ្លងរាតត្បាតពីជំងឺកូវីដ១៩តាំងពីដើមឆ្នាំ២០២០មកពោលគឺក្នុងរយៈពេលជិតពីរឆ្នាំមកនេះសិស្សនិងនិស្សិតទូទាំងប្រទេសបានផ្លាស់ប្តូរពីការរៀនក្នុងសាលាទៅជាការរៀនតាមអនឡាញជាច្រើនដង។ សិស្សខ្លះប្រឈមនឹងបញ្ហាពាក់ព័ន្ធនឹងកង្វះឧបករណ៍និងសិស្សខ្លះខ្វះខាតអ៊ីនធឺណិតដើម្បីរៀនជាដើម។
លោក សេង ចៅចិត្រ ជាឪពុកដែលកំពុងអង្គុយចាំកូននៅខាងក្រៅវិទ្យាល័យស៊ីសុវត្ថិប្រាប់ VOA ថា លោកមិនបារម្ភអំពីការប្រឡងរបស់កូននោះទេដោយសារកូនប្រុសរបស់លោកនិងសិស្សដែលចូលរួមប្រឡងសុទ្ធតែបានចាក់វ៉ាក់សាំងហើយតាមមណ្ឌលប្រឡងសុទ្ធតែមានវិធានការការពារជំងឺកូវីដ១៩។
បុរសវ័យ៤០ឆ្នាំរូបនេះបន្ថែមថាការសិក្សារបស់កូនប្រុសលោកនៅឆ្នាំនេះភាគច្រើនរៀនតាមប្រព័ន្ធអ៊ីនធឺណិតដូច្នេះលោកចង់ឲ្យកំណែសម្រាប់ការប្រឡងឆ្នាំនេះមានភាពធូរស្រាល។
លោកថ្លែងថា៖ «អត្រានៃការក្មេងរៀនបានតិចៗហើយរៀនតាមអនឡាញទៀត ហើយសម្រាប់ក្មេងយើងនៅតាមស្រុកខេត្តវាអត់អីទេ។ បើតាមតំបន់ខ្លះវិទ្យាល័យដែរតែមានតាមស្រុកដាច់ស្រយាលអ៊ីចឹងបើរៀនតាមអនឡាញទាំងអស់ក្មេងមិនអាចទទួលបានទាំងអស់ទេអ៊ីចឹងបានថាអត្រាកំណែគួរតែអាចស្រាលបន្តិចទៅ»។
ចំណែកអ្នកស្រី ចាន់ វន្នី ដែលមានកូនស្រីកំពុងប្រឡងដែរនោះលើកឡើងថា បើទោះបីជាកូនស្រីអ្នកស្រីឆ្លងកាត់ការរៀននិងប្រឡងក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ក្តីប៉ុន្តែអ្នកស្រីនៅជឿជាក់ថា កូនស្រីរបស់អ្នកស្រីនឹងប្រឡងជាប់។អ្នកស្រីបន្ថែមថាអ្នកស្រីក៏មានការបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ផងដែរ។ទោះជាយ៉ាងណាអ្នកស្រីមានសុទិដ្ឋិនិយមថា វិធានការការពារផ្នែកសុខាភិបាលនៅតាមមណ្ឌលប្រឡងធ្វើឲ្យអ្នកស្រីមិនសូវបារម្ភខ្លាំងទេអំពីសុវត្ថិភាពសុខភាពរបស់កូន។
អ្នកស្រីថ្លែងថា៖ «បារម្ភហានិភ័យខ្លាំងដែរប៉ុន្តែយើងប្រាប់កូនថាគប្បីការពារ។ យើងត្រូវតែសម្អាតខ្លួនសម្អាតដៃជើងសព្វបែបយ៉ាង។ យើងការពារខ្លួនយើងទៅណា៎ក្មួយ។ ការភ័យព្រួយបារម្ភដែរក្នុងជំងឺកូវីដយើង...ប៉ុន្តែយើងពុះពារប្រឹងខ្លួនយើងខ្លះសម្អាតខ្លួនយើងខ្លះវាចៀសចេញឆ្ងាយពីយើងដែរជំងឺហ្នឹង»។
នៅតាមមណ្ឌលប្រឡងនីមួយៗគេឃើញមានម៉ាស៊ីនវាស់កម្តៅនិងអាល់កុលសម្អាតដៃព្រមទាំងមានអ្នកចាំពិនិត្យខ្លួនរបស់បេក្ខជននៅក្លោងទ្វារចូលផងដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយាវី លើកឡើងថាការប្រឡងបាក់ឌុបឆ្នាំនេះមានភាពប្រសើរ បើទោះបីរៀបចំឡើងអំឡុងពេលមានករណីឆ្លងជំងឺកូវីដ១៩មួយចំនួនក្តី។ ប៉ុន្តែអ្នកស្រីសង្កេតឃើញថាបេក្ខជនប្រឡងមួយចំនួនមានការភ័យបារម្ភដោយសារមិនច្បាស់អំពីលក្ខខណ្ឌនៃការអនុញ្ញាតឲ្យចូលប្រឡង។
អ្នកស្រីពន្យល់ថា៖ «អ្វីដែលខ្ញុំបានឃើញស្ថានភាពពីម្សិលមិញក៏ដូចជាព្រឹកនេះឃើញក្មួយៗសិស្សានុសិស្សដែលគាត់ប្រឡងហ្នឹងគាត់ភ័យដោយសារតែមានការបិទអាស្ទិកគ័រនៅជាប់កាតប្រឡងហ្នឹង។ ខ្លះគាត់អត់បានទទួលគាត់ភ័យ។ ឃើញមានព័ត៌មានគាត់ផ្ញើមកខ្ញុំគាត់មានការព្រួយបារម្ភក្នុងការចូលប្រឡង»។
កាលពីខែធ្នូឆ្នាំ២០២០លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សិស្សានុសិស្សដែលប្រឡងបាក់ឌុបនាពេលនោះជាប់ជាស្ថាពរដោយសារពិបាករៀបចំការប្រឡងថ្នាក់ទី១២ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។ ក្រសួងអប់រំក៏បានប្រកាសថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិនាឆ្នាំ២០២០កំណត់ឲ្យជាប់ជាស្ថាពរចំពោះបេក្ខជនដែលបានចុះឈ្មោះប្រឡងដោយពុំមានការកំណត់និទ្ទេសទេនាពេលនោះ៕