ខណៈដែលការរៀបចំចាប់ផ្តើមសម្រាប់សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ឆ្នាំ២០១២ នៅចុងខែនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន(Washinton D.C.) ក្រុមអ្នកជំនាញនៅប្រទេសវៀតណាមនឹងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីអភិវឌ្ឍឯកទេសរបស់ពួកគេ ដោយសារតែថវិការបស់ប្រទេសម្ចាស់ជំនួយកាន់តែស្តួចស្តើងទៅៗ។
ករណីមេរោគអេជអាយវី(HIV)ដំបូងនៅវៀតណាម ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីម៉ិញ(Ho Chi Minh) កាលដើមទសវត្សរ៍ឆ្នាំ១៩៩០។ រយៈពេលដប់ឆ្នាំក្រោយមក ក្រុមគ្រូពេទ្យភាគច្រើនអាចធ្វើបានត្រឹមតែផ្តល់រោគវិនិច្ឆ័យប៉ុណ្ណោះ។ ប៉ុន្តែដោយមានការជួយគាំទ្រពីអង្គការអន្តរជាតិ ជាញឹកញាប់ ការធ្វើរោគវិនិច្ឆ័យលែងដូចជាការដាក់ទោសប្រហារជីវិតទៀតហើយ។
ដោយមានការបណ្តុះបណ្តាលនិងធនធានមកពីទីភ្នាក់ងារសកលលោកជាច្រើន ក្រុមវេជ្ជបណ្ឌិតវៀតណាម បានចាប់ផ្តើមគ្រប់គ្រងថ្នាំពន្យារអាយុប្រឆាំងនឹងជំងឺនេះកាលពីឆ្នាំ២០០៥។ ក្រុមគ្រូពេទ្យនិយាយថា បន្ទាប់ពីការព្យាបាល អ្នកជំងឺទទួលបានសុខភាពល្អឡើងវិញ អាចត្រលប់ទៅប្រកបការងារនិងរស់នៅស្ទើរតែដូចធម្មតាវិញ។
ប៉ុន្តែក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យម វៀតណាមអាចឈប់ពឹងផ្អែកលើការគាំទ្រពីខាងក្រៅទៀតហើយ។ វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ គីញ (Nguyen Van Kinh) គឺជាអ្នកស្រាវជ្រាវឈានមុខម្នាក់លើមេរោគអេជអាយវីឬជំងឺអេដស៍នៅវៀតណាម។
«រាល់សកម្មភាពសម្រាប់ការព្យាបាលនៅវៀតណាម ទទួលបានការគាំទ្រពីគម្រោង ដែលគាំទ្រមកពីខាងក្រៅ។ ប៉ុន្តែរយៈកាលក្រោយមក គម្រោងទាំងនោះបានបញ្ចប់។ ដូច្នេះជនជាតិវៀតណាមត្រូវតែពឹងលើខ្លួនឯងវិញម្តង។»វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ គីញ (Nguyen Van Kinh)
លោក គីញ មានប្រសាន៍ថា នេះជាផ្នែកមួយនៃហេតុផលដែលក្រុមអ្នកជំនាញខាងសុខាភិបាលក្នុងប្រទេសនេះបានបង្កើតអង្គភាពព្យាបាលមេរោគអេជអាយវីនិងជំងឺអេដស៏វៀតណាម(Vietnam Clinical HIV/AIDS Society) ដែលត្រូវបានស្គាល់ថា«វីចាស»(VCHAS)។ អង្គភាពនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺអាមេរិក(U.S. Centers for Disease Control) តាមរយៈគម្រោងឈ្មោះ គំនិតផ្តួចផ្តើមស្តីពីជំងឺអេដស៍នៃមហាវិទ្យាល័យវេជ្ជសាស្ត្រហាវឺដ(Havard Medical School AIDS Initiative) ដែលជាផ្នែកមួយនៃផែនការសង្គ្រោះបន្ទាន់ដើម្បីបន្ធូរបន្ថយជំងឺអេដស៍របស់ប្រធានាធិបតីអាមេរិក(U.S. President’s Emergency Plan for AIDS Relief)។
លោក គីញ ជាប្រធានអង្គភាពនេះដែលបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីខែមុន។ កិច្ចប្រជុំនេះ ទទួលបានកោតសរសើរថាជាអង្គភាពមួយក្នុងចំណោមអង្គភាពវេជ្ជសាស្ត្រវិជ្ជាជីវៈដំបូងក្នុងប្រទេសវៀតណាម ហើយ លោក គីញ មានសេចក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតរបស់អង្គភាពនេះ។
«អង្គភាពវីចាស មានមុខងារបី។ ទីមួយគឺការបង្កើតបណ្តាញនិងការចែករំលែកបទពិសោធន៍និងការព្យាបាល។ទីពីរគឺពង្រឹងសមត្ថភាពគ្រូពេទ្យនិងអ្នកបច្ចេកទេស ដែលធ្វើការទាក់ទងនឹងការព្យាបាលមេរោគអេជអាយវីនិងជំងឺអេដស៍។ ហើយទីបីយើងព្យាយាមចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិផ្សេងទៀត។»
បើយោងតាមប្រវត្តិសាស្ត្រនៅវៀតណាម មេរោគអេជអាយវីនិងជំងឺអេដស៍បានកើតឡើងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំញៀនតាមរយៈការចាក់តាមសារ៉ាង ប៉ុន្តែទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ និយាយថា ឥឡូវនេះ ការឆ្លងបែបនេះ បានផ្លាស់ប្តូរទៅជាការឆ្លងរោគតាមការរួមភេទវិញ។ ពលរដ្ឋវ័យជំទង់ដែលមានហានិភ័យខ្ពស់នៅក្នុងចម្លងរោគនេះ គឺបុរសដែលរួមភេទជាមួយបុរស។ អត្រាឆ្លងរោគមានចំនួនជិត១៧ភាគរយ។
លោក អៀមុន ម៉ឺហ្វី (Eamonn Murphy) នាយកអង្គការយូអែនអេដស៍វៀតណាម
(Vietnam UNAIDS) និយាយថា បញ្ហាប្រឈមមួយផ្នែកនៅក្នុងការផ្សព្វផ្សាយដល់បុរសទាំងនោះគឺការហាមប្រាមផ្នែកវប្បធម៌។
«នៅតាមផ្នែកជាច្រើននៃប្រទេសវៀតណាម ពួកគេធ្វើដូចជាបញ្ហានេះមិនបានកើតមានឡើងសោះ។ ខ្ញុំចង់និយាយថា គ្មានប្រទេសណាលើលោកមិនមានអឹមអេសអឹម(MSM) ឬក៏ការរួមភេទភេទដូចគ្នាទេ... ខ្ញុំធ្លាប់ទៅតាមបណ្តាខេត្តនានាដែលពួកគេនិយាយថា៖ «អូ៎! យើងមិនមានករណីនេះទេ ទាល់តែទៅទីក្រុងហូជីម៉ិញទើបបានមាន។»
លោក មឺហ្វី និយាយថា ការរើសអើងទៅលើអ្នកដែលផ្ទុកមេរោគអេជអាយវី និងជំងឺអេដស៍មិនមែនជារឿងមិនធម្មតានោះទេ។ អ្នកទាំងនោះ នៅតែផ្លាស់ប្តូរទីលំនៅដោយសារតែទង្វើដែលអ្នកជិតខាងពួកគេប្រតិកម្មចំពោះអ្នកជំងឺអេដស៍។ ហើយកុមារអាចត្រូវបានបដិសេដមិនឱ្យចូលសាលារៀន ដោយសារឪពុកម្តាយពួកគេផ្ទុកមេរោគអេដស៍ បើទោះជាកុមារទាំងនោះមិនបានផ្ទុកក៏ដោយ។
ស្លាកស្នាមទុយស៌នេះក៏ត្រូវបានដឹងថាមានការជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រដែរ ដែលធ្វើការជាមួយអ្នកផ្ទុកមេរោគអេជអាយវីនិងអ្នកជំងឺអេដស៍។ លោកស្រីវេជ្ជបណ្ឌិត ផាមថាញ ធុយ (Pham Thanh Thuy) អ្នកឯកទេសជំងឺអេដស៍ដ៏ឈានមុខម្នាក់នៅឯមន្ទីរពេទ្យបាច មៃ(Bach Mai) ក្នុងទីក្រុងហាណូយ និយាយថា ពេលខ្លះ មានការស្ទាក់ស្ទើរក្នុងចំណោមអ្នកមានវិជ្ជាជីវៈសុខាភិបាលសាធារណៈក្នុងឯកទេសផ្សេងទៀតក្នុងការព្យាបាលអ្នកផ្ទុកមេរោគអេជអាយវីនិងអ្នកជំងឺអេដស៍ ដោយសារតែការខ្វះខាតចំណេះដឹង។
ប៉ុន្តែផ្នែកខ្លះនៃកិច្ចការដែលបានរៀបចំឡើងដោយអង្គភាព វីចាស ត្រូវផ្តល់ការបណ្តុះបណ្តាលដល់ស្ថាប័នមន្ទីរពេទ្យផ្សេងៗទៀត ដូច្នេះបុគ្គលិកវេជ្ជសាស្ត្រអាចយល់បានច្រើនថែមទៀតពីជំងឺនេះ។
«ដោយមានការបណ្តុះបណ្តាលនេះ យើងអាចណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីមេរោគអេជអាយវី។ វគ្គបណ្តុះបណ្តាលនេះអាចជួយពួកគេឱ្យកាត់បន្ថយការរើសអើងហើយវគ្គនេះក៏អាចជួយពួកគេឱ្យជួយពួកយើងវិញដែរក្នុងការព្យាបាលអ្នកជំងឺដែលផ្ទុកមេរោគអេដស៍ ប្រសិនបើពួកគេត្រូវការការថែរក្សាក្រៅតែពីការព្យាបាលមេរោគអេជអាយវីនេះ។ ខ្ញុំចង់និយាយអំពីការថែរក្សានិងការព្យាបាលដោយប្រើប្រាស់មធ្យោបាយមិនមែនសម្រាប់មេរោគអេជអាយវី។ នោះជាកិច្ចការដែលទាក់ទងនឹងបញ្ហាសុខភាពរបស់មនុស្សគ្រប់រូប។»
ដោយសារប្រទេសម្ចាស់ជំនួយត្រៀមឈប់ផ្តល់ជំនួយ ប្រទេសវៀតណាមបានទទួលស្គាល់ថា វិធានការបន្ទាន់គឺត្រូវការជាចាំបាច់ដើម្បីចំណាយទៅលើការព្យាបាលនិងបង្ការ។ រដ្ឋាភិបាលបានបង្កើនមូលនិធិចេញពីថវិការបស់ខ្លួន ដើម្បីចំណាយទៅលើថ្នាំ ដែលត្រូវការចាំបាច់សម្រាប់ការព្យាបាល។ ប៉ុន្តែបើតាម លោកមឺហ្វី នៃយូអិនអេដស៍ បានឱ្យដឹងថា មូលនិធិនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោកនិយាយថា មានការចាំបាច់ក្នុងការកំណត់អាទិភាពចម្បងៗសារជាថ្មីចំពោះធនធានដើម្បីបំពេញគម្លាតនេះ។ ផ្នែកនៃអាទិភាពនេះអាចចេញមកពីការលុបចោលនូវមណ្ឌលស្តារនីតិសម្បទាដ៏ចម្រូងចម្រាស់សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនរបស់ប្រទេសនេះ។
«មណ្ឌលកែប្រែទាំងនោះដូចជាដំរីសម្បុរសយ៉ាងធំដែលខ្ជះខ្ជាយថវិកាច្រើន។ មណ្ឌលទាំងនោះមិនសម្រេចលទ្ធផលដែលមនុស្សគ្រប់រូបកំពុងតែទន្ទឹងរង់ចាំនោះឡើយ ទាក់ទងនឹងការរក្សាសណ្តាប់ធ្នាប់សង្គមឬក៏សុខភាពសាធារណៈ។»
មណ្ឌលទាំងនោះបានទទួលរងការថ្កោលទោសជាអន្តរជាតិ បន្ទាប់ពីមានរបាយការណ៍មួយកាលពីឆ្នាំមុនដែលធ្វើឡើងដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) ដែលបានចោទប្រកាន់មណ្ឌលទាំងនោះពីបទធ្វើពលកម្មដោយបង្ខំ។ លោក មឺហ្វី និយាយថា ឥឡូវនេះ បើទោះបីជាមានអ្នកប្រើប្រាស់ថ្នាំញៀនកាន់តែតិចទៅៗនៅក្នុងមណ្ឌលទាំងនោះក៏ដោយ ពួកគេនៅតែចំណាយថវិកាហើយវាអាចជាការប្រសើរជាង ប្រសិនបើធនធានទាំងនោះត្រូវបានប្រើប្រាស់សម្រាប់វិស័យសុខភាពសាធារណៈ។
លោកនិយាយថា រដ្ឋាភិបាលទទួលស្គាល់ថា មានមធ្យោបាយប្រកបដោយប្រសិទ្ធភាពជាងនេះក្នុងការដោះស្រាយជាមួយអ្នកពឹងផ្អែកលើថ្នាំញៀនហឺរ៉ូអ៊ីន(Heroin) ហើយបានកំណត់គោលដៅផ្តល់ថ្នាំប្រឆាំងនឹងការញៀនថ្នាំដល់មនុស្សចំនួន៨ម៉ឺននាក់នៅត្រឹមឆ្នាំ២០១៥ ដែលកើនឡើងពី១ម៉ឺននាក់សម្រាប់ពេលបច្ចុប្បន្ននេះ។
ស្ថាបនិកទាំងនោះមានសេចក្តីសង្ឃឹមថា អង្គភាព វីចាស នេះ នឹងលើកទឹកចិត្តក្រុមអ្នកមានវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រឱ្យមានមោទកភាពទៅលើការងារដ៏លំបាករបស់ពួកគេនៅក្នុងវិស័យនេះ ដែលមិនមានការពេញនិយម ហើយក៏មិនផ្តល់ប្រាក់ចំណូលខ្ពស់ដែរ ហើយនឹងបង្កើតឱ្យមានការស្រាវជ្រាវនៅក្នុងស្រុកទៀត នៅវៀតណាម។
វេជ្ជបណ្ឌិត ធុយ និយាយថា វៀតណាមបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ក្នុងការដោះស្រាយការរើសអើង ប៉ុន្តែនៅតែមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ បើទោះបីជា អង្គភាព វីចាស នៅមានភាពថ្មីថ្មោងក៏ដោយ លោកស្រីសង្ឃឹមថា អង្គការនេះនឹងជួយក្រុមគ្រូពេទ្យទាំងឡាយឱ្យព្យាបាលពលរដ្ឋ ដែលត្រូវបានហៅថាជា«បិសាចសង្គម»នោះក្នុងនាមជាអ្នកជំងឺ និងផ្តល់ការព្យាបាលនៅពេលណានិងកន្លែងណាដែលពួកគេត្រូវការ៕
ប្រែសម្រួលដោយ ឃួន ធារ៉ា