ក្រុមអ្នកវិភាគនិយាយថា ព្រឹត្តិការណ៍ខ្លះដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលរួមកាលពីសប្តាហ៍មុន ទំនងជាពិធីដែលនាំឲ្យងាយមានការឆ្លងជំងឺកូវីដ១៩ ហើយដែលនេះបានសន្សល់ទុកនូវដាននៃអ្នកដែលបានឆ្លងយ៉ាងច្រើន ហើយដែលកំពុងធ្វើឲ្យពិបាកកំណត់ថា តើអ្នកណាបានចម្លងអ្នកណា។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកប្រធានាធិបតី បានចូលរួមការរៃអង្គាសប្រាក់ នៅឯសណ្ឋាគាររបស់លោក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកស្រី Ronna McDaniel ប្រធានគណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ ដែលបានស្ថិតនៅក្នុងពិធីនោះ បានធ្វើតេស្តវិជ្ជមាន មានជំងឺកូវីដ១៩។
នៅថ្ងៃបន្ទាប់ សេតវិមានបានធ្វើជាម្ចាស់ផ្ទះរៀបចំពីធីសម្រាប់លោកស្រីចៅក្រម Amy Coney Barrett ដែលជាអ្នកបានទទួលបានការតែងតាំងពីលោក Trump ដើម្បីជំនួសចៅក្រមតុលាការកំពូល Ruth Bader Ginsburg ដែលបានទទួលមរណភាព។
សមាជិកព្រឹទ្ធសភាពីរនាក់ ដែលបានចូលរួមពិធីនោះគឺលោក Thom Tillis នៃរដ្ឋ North Carolina និងលោក Mike Lee មកពីរដ្ឋ Utah រួមជាមួយលោក John Jenkins សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Notre Dame បានរាយការណ៍ថា ពួកគេបានឆ្លងជំងឺកូវីដ១៩។
នៅឯការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតី កាលពីថ្ងៃអង្គារ ក្នុងទីក្រុង Cleveland រដ្ឋ Ohio លោកស្រី Melania Trump ភរិយាលោកប្រធានាធិបតី និងកូនរបស់លោក Trump បានអង្គុយក្នុងសាលដោយមិនមានការពាក់ម៉ាស់ ទោះបីវេជ្ជបណ្ឌិតមកពីគ្លីនិកក្រុង Cleveland បានឲ្យម៉ាស់ទៅពួកគេក៏ដោយ។
លោក Bill Stepien នាយកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានរាយការណ៍ថា លោកធ្វើតេស្តឃើញមានជំងឺកូវីដ១៩ ក្រោយពីលោកបានធ្វើដំណើរទៅក្រុង Cleveland។
កាលពីថ្ងៃពុធ លោកប្រធានាធិបតីបានធ្វើដំណើរទៅរដ្ឋ Minnesota ដើម្បីចូលរួមពិធីរៃអង្គាសថវិកាមួយ ដោយត្រូវអមដំណើរដោយជំនួយការកំពូលម្នាក់របស់លោក គឺអ្នកស្រី Hope Hicks។
អ្នកស្រី Hicks បានធ្លាក់ខ្លួនឈឺពេលត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ ហើយអ្នកស្រីក៏បានធ្វើដំណើរជាមួយលោក Trump នៅក្រុង Cleveland ដែរ។ អ្នកស្រី Hope Hicks ត្រូវបានរាយការណ៍ថា បានធ្វើតេស្តឃើញមានកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃមុនការប្រកាសរបស់លោក Trump និងភរិយាលោក ថា អ្នកទាំងពីរក៏ធ្វើតេស្តវិជ្ជមានមានវីរុសនេះ៕