បន្ទាប់មកទៀត កូនផ្កាថ្មដែលទើបតែកកើតរាប់លានត្រូវបានដាក់ទៅលើផ្នែកដែលរងការខូចខាតមួយចំនួននៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef ដោយសារតែផ្នែករងការខូចខាតទាំងនោះប្រហែលជាមិនអាចបង្កើតពូជផ្កាថ្មថ្មីៗបន្ថែមទៀតតាមបែបធម្មជាតិបាននោះទេ។
កូនផ្កាថ្មទាំងនោះត្រូវបានដាក់ទៅក្នុងទ្រុងសំណាញ់ធំៗនៅក្នុងសមុទ្រ ដែលគេអាចតាមដានមើលការលូតលាស់របស់កូនផ្កាថ្មទាំងនោះបាន។
លទ្ធផលដំបូងៗបង្ហាញថា ការសាកល្បងនេះទទួលបានជោគជ័យ។ គេអាចប៉ាន់ប្រមាណបានថា ផ្កាថ្មតូចៗប្រហែលជា ១ រយ បានរស់ធំធាត់ឡើង និងកំពុងសម្របខ្លួនទៅនឹងបរិស្ថានថ្មីរបស់ខ្លួន។
ទ្រុងសំណាញ់ទាំងនោះត្រូវបានគេដាក់គ្របដណ្ដប់លើផ្កាថ្មដែលខូចខាតទំហំ ១ រយម៉ែត្រការ៉េ ហើយជំហានបន្ទាប់នឹងគ្របដណ្ដប់លើតំបន់ថ្មប៉ប្រះទឹកនេះទំហំរាប់គីឡូម៉ែត្រ។
នេះគឺជាលើកទីមួយហើយដែលបច្ចេកវិទ្យាបណ្ដុះពូជដោយមានជំនួយដែលហៅកាត់ថា ART ត្រូវបានគេប្រើនៅក្នុងប្រទេសអូស្ត្រាលី។ ការអនុវត្តវិធីសាស្ត្របង្កាត់ពូជនេះធ្វើតាមការសាកល្បងដោយជោគជ័យមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានជួយថ្មប៉ប្រះទឹកជាច្រើនដែលរងផលប៉ះពាល់ដោយសារការនេសាទ។
លោកសាស្ត្រចារ្យ Harrison បាននិយាយថា ការសាកល្បងទៅលើតំបន់ថ្មប៉ប្រះទឹក Great Barrier Reef នេះ មានដំណើរការល្អ។
លោកនិយាយយ៉ាងដូច្នេះថា៖ «អ្វីដែលយើងធ្វើ គឺប្រមូលពងផ្កាថ្មមួយចំនួន ហើយចិញ្ចឹមកូនផ្កាថ្មល្អិតៗដែលទើបកកើតថ្មីចំនួនរាប់លាន។ បន្ទាប់មក យើងដាក់កូនផ្កាថ្មទាំងនោះចូលទៅក្នុងផ្នែកនៃតំបន់ថ្មប៉ប្រះទឹកដែលមិនមានផ្កាថ្មមានជីវិតរស់នៅច្រើន ដើម្បីបង្កើនអត្រាខ្ពស់ឲ្យផ្កាថ្មអាចរីកលូតលាស់ឡើងវិញបាន។ នេះគឺជាការពិសោធន៍លើកដំបូងអំពីការប្រើបច្ចេកវិទ្យាបណ្ដុះកូនផ្កាថ្មនៅតំបន់ថ្មប៉ប្រះទឹក Great Barrier Reef។ ការងារនេះនៅជាការសាកល្បងនៅឡើយទេនៅពេលនេះ ប៉ុន្តែលទ្ធផលដែលទទួលបានពីការសាកល្បងចុងក្រោយទាំងនេះ អាចឲ្យយើងយល់អំពីរបៀបដែលយើងអាចពង្រីកវិសាលភាពបន្ថែមទៀតលើការស្ដារផ្កាថ្មក្នុងដែនទឹកទំហំរាប់ហិចតានាពេលអនាគត»។
ឧទ្យាន Great Barrier Reef Marine មានទំហំប្រហែលស្មើនឹងប្រទេសជប៉ុន និងមានទំហំធំខ្លាំងដែលគេអាចមើលឃើញឧទ្យាននេះពីដែនអវកាសបាន។ ឧទ្យាននេះជាជម្រកនៃពពួកសត្វសន្ដានខ្យងជាង ៣ ពាន់ប្រភេទ និងត្រីជាង ១ ពាន់ ៦ រយប្រភេទ។
ឧទ្យាននេះមិនត្រឹមតែជារតនសម្បត្តិបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជារតនសម្បត្តិសេដ្ឋកិច្ចផងដែរ ដោយវាអាចបង្កើតចំណូលបានរាប់ពាន់លានដុល្លារអាមេរិក និងផ្ដល់ការងាររាប់ម៉ឺន ដែលការងារភាគច្រើនជាការងារក្នុងវិស័យទេសចរណ៍របស់ប្រទេសអូស្ត្រាលី។
បើយោងតាមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី កាលពី ២ ឆ្នាំមុន តំបន់ថ្មប៉ប្រះទឹក Great Barrier Reef ទំហំពីរភាគបី បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារផ្កាថ្មមានភាពសឹករេចរឹលដែលបណ្ដាលមកពីការឡើងកម្ដៅសីតុណ្ហភាពទឹកសមុទ្រ។
រដ្ឋាភិបាលអូស្ត្រាលីកំពុងប្រើប្រាស់ថវិកាជាង ៣ សែន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Harrison អំពីការបណ្ដុះពូជផ្កាថ្ម ឲ្យមានការវិវឌ្ឍទៅមុខ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ