គណបក្សជំនាន់ថ្មីដែលត្រូវបានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា បានទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដា។
សកម្មជនដែលត្រូវបានចាប់ខ្លួនទាំងនោះរួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៊ានមុន្នី និងលោក សាន សិទ្ធ។ ពួកគេត្រូវបានចោទពីបទញុះញង់ឱ្យមានការរើសអើង និងបង្កភាពវឹកវរដល់សន្តិសុខសង្គម ក្រោយធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកអំពីគុណវិបត្តិ និងគុណសម្បត្តិមួយចំនួន ដែលអាចកើតចេញពីកិច្ចសហការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA)។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ របស់គណបក្សជំនាន់ថ្មីបានបញ្ជាក់ថា៖ «តុលាការគួរគិតពិចារណាប្រកបដោយករុណាធម៌ ទម្លាក់ចោលនូវបទចោទនិងដោះលែងសកម្មជនទាំងនោះឱ្យពួកគេមានសិទ្ធិសេរីភាពឡើងវិញដោយការអនុគ្រោះខ្ពស់ក្នុងនាមជាខ្មែរ រួមជាតិសាសន៍តែមួយ ហើយអ្វីៗគ្រប់យ៉ាងនោះគឺជាការគិតគូរផលប្រយោជន៍រួមជាតិតែមួយ គ្រាន់តែប្រើវិធីសាស្ត្រនិងរូបភាពនៃផ្លូវដើរដោយប្រើទស្សនៈផ្សេងគ្នាប៉ុណ្ណោះ ដែលស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
បើតាមគណបក្សជំនាន់ថ្មី សកម្មភាពរបស់ពួកគេជាការចូលរួមកិច្ចការសង្គមស្របតាមច្បាប់ ពោលគឺពួកគេគ្រាន់តែចូលរួមសម្តែងមតិដើម្បីជាការស្ថាបនា និងលើកកម្ពស់សិទ្ធិចូលរួមចំណែកបណ្តុះបណ្តាលធនធានយុវជន និងពលរដ្ឋទូទៅនៃប្រទេសកម្ពុជា ឱ្យបានយល់ដឹងបន្ថែមនូវតថភាពសង្គមជាតិ តាមរយៈការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកនាំពាក្យគណបក្សជំនាន់ថ្មីលោក នី សោភ័ណ្ឌ ប្រាប់វីអូអេបន្ថែមថា៖«គណបក្សជំនាន់ថ្មីយើងគិតថា រដ្ឋាភិបាល … ស្នើសុំឱ្យរដ្ឋាភិបាលពិចារណាលើកលែងទោសឱ្យពួកគាត់ដើម្បីឱ្យមានឯកភាពជាតិខ្មែរ សាមគ្គីភាពគ្នា ភាតរភាពក្នុងនាមជាខ្មែរដូចគ្នាដើម្បីជជែកគ្នានៅលើគោលជំហរមួយគឺថាកម្តល់ជាតិជាធំ»។
យ៉ាងណាក៏ដោយ មន្ត្រី និងថ្នាក់ដឹកនាំប្រទេសកម្ពុជាយល់ថា ការលើកឡើងរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺលើសពីសេរីភាពនៃការបញ្ចេញមតិ។
គួររំឭកថា ក្រោយការចាប់ខ្លួនអ្នករិះគន់ពាក់ព័ន្ធនឹងកិច្ចសហការនៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាប្រកាសថា កម្ពុជាបានសម្រេចដកខ្លួនចេញពីគម្រោងដ៏ចម្រូងចម្រាសនោះ។ ការប្រកាសដកខ្លួនពីកិច្ចសហការនោះកើតឡើងបន្ទាប់ពីមានការប្រឆាំងជាច្រើននៅក្រៅប្រទេស។
លោក ហ៊ុន សែន ចាត់ទុកថា ការដកខ្លួននេះគឺជា «ការដកអាវុធ» ចេញពីដៃក្រុមប្រឆាំងដែលបានយករឿងតំបន់ត្រីកោណអភិវឌ្ឍន៍នេះមកវាយប្រហាររដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធនឹងការទទូចរបស់គណបក្សជំនាន់ថ្មី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការស្នើសុំរបស់គណបក្សជំនាន់ថ្មីមិនមានឥទ្ធិពលខាងផ្លូវច្បាប់លើការសម្រេចរបស់តុលាការឡើយ។
លោកថ្លែងថា៖ «ជាគោលការណ៍ច្បាប់ផ្អែកទៅលើរដ្ឋធម្មនុញ្ញ នីតិវិធីផ្លូវច្បាប់របស់កម្ពុជា វាមិនមានឥទ្ធិពលអ្វីទៅលើស្ថាប័នតុលាការទេ។ មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញមូលដ្ឋាន សក្ខីកម្មឱ្យបានរឹងមាំនូវការដោះបន្ទុក តតាំងបទចោទអ្វីដែលសមត្ថកិច្ចមាន»។
បើតាមអ្នកនាំពាក្យរូបនេះ ការស្នើសុំរបស់គណបក្សជំនាន់ថ្មីគឺជាការប្រើប្រាស់សិទ្ធិ និងជារូបភាពដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។
នៅក្នុងសំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់យកទៅឃុំខ្លួន។
អង្គការទាំងពីរបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «យ៉ាងហោចណាស់មនុស្ស ៥៩ នាក់ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ដែលរួមមានសកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀត ព្រមទាំងកុមារមួយចំនួនទៀត នៅតែត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ ដោយគ្រាន់តែពួកគេបង្ហាញទស្សនៈដោយសន្តិវិធី។ អាជ្ញាធរគួរតែទម្លាក់ចោលភ្លាមៗរាល់ការចោទប្រកាន់»៕
វេទិកាបញ្ចេញមតិ