ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងពីក្តីបារម្ភរបស់លោកចំពោះសារសំឡេងបែកធ្លាយមួយលើបណ្តាញសង្គម ដែលទំនងជាសាររបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សារនោះត្រូវអ្នកជំទាស់មួយចំនួនយល់ថា ជាការគំរាមខ្លាំងក្លាលើសមាជិករបស់គណបក្សជំទាស់។
លោក មាជ សុវណ្ណារ៉ា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងមួយនាថ្ងៃអង្គារនេះថា គណបក្សជំនាន់ថ្មីបារម្ភពីភាពត្រឹមត្រូវនៃសារសំឡេងដែលត្រូវបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះបើសិនសំឡេងនោះជារបស់លោក ហ៊ុន សែន ពិតប្រាដកមែន នោះវាទំនងជាឆ្លុះបញ្ចាំងឱ្យឃើញថា អ្នកនយោបាយជំនាន់មុននៅបន្តមានផ្នត់គំនិតនៃការសងសឹកខាងនយោបាយ។
លោកថ្លែងថា៖ «បើសារហ្នឹងជាសារការណ៍ពិត ឬក៏ជាសារបែបណានៃគំនុំបុគ្គលអ្នកនយោបាយជំនាន់មុនៗ ហើយបន្តមកដល់បច្ចុប្បន្ននៅតែមានការសងសឹកគ្នាក្នុងគំនុំនយោបាយ ខ្ញុំ ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី ក៏ដូចជាសហការីនៃបក្សជំនាន់ថ្មី យើងព្រួយបារម្ភ ហើយយើងខ្វល់ខ្វាយទៅនឹងអ្វីដែលប្រទេសកម្ពុជាបានប្រកាន់នូវគោលជំហរការគោរព គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយធានានិងការពារដល់រដ្ឋធម្មនុញ្ញ»។
អ្នកនយោបាយជំទាស់ចាស់វស្សារូបនេះស្នើឱ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាចចេញមុខបកស្រាយអំពីសុក្រឹតភាពនៃខ្សែអាត់សំឡេងដែលមានការបញ្ជាឱ្យសមាជិកជាន់ខ្ពស់របស់បក្សកាន់អំណាចកាត់ផ្តាច់កម្លាំងមូលដ្ឋានរបស់គណបក្សជំទាស់។
លោកបន្ថែមថា៖ «ខ្ញុំថា អ្វីៗគឺសុំឱ្យប្រមុខនៃបក្សកាន់អំណាច រាជរដ្ឋាភិបាលក្តី ឬក៏ប្រធានគណបក្សប្រជាជនកម្ពុជាហ្នឹង គឺត្រូវបង្ហាញឱ្យជាក់លាក់នូវសេចក្តីថ្លែងការណ៍ ឬក៏សារបែកធ្លាយហ្នឹង បើជាការណ៍ពិតគឺវាធ្វើឱ្យប៉ះពាល់ ផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ ជាការគំរាមកំហែងជាប្រយោលជាចំហណាដល់ អ្នកដែលគេមានគណបក្សនយោបាយស្របច្បាប់មួយ ហើយគេគោរពគោលការណ៍នីតិរដ្ឋ គេគោរពច្បាប់រដ្ឋធម្មនុញ្ញ គោរពច្បាប់គណបក្សនយោបាយ គោរពច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
គណបក្សជំនាន់ថ្មីដែលត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃ១២ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្នុងសារសំឡេងដែលមានរយៈពេលជាង១០នាទី និងត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចបានបញ្ជាទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតាមបណ្តាខេត្តរាជធានី សហការជាមួយជំនួយការរបស់លោកពីររូប គឺលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ឱ្យចុះមូលដ្ឋាន«កម្ទេចគណបក្សប្រឆាំងកុំឱ្យនៅទើសមុខមាត់» និង«ដើម្បីអូសទាញមកបម្រើការផង ដោយការផ្តល់តួនាទី និងតំណែង» និង «ជាពិសេសកម្ទេចរាល់មុខសញ្ញាណាដែលរឹងត្អឹងមិនរណបគណបក្ស ប្រជាជនកម្ពុជា»។
សារសំឡេងជាង១០នាទី ដែលត្រូវបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នោះថ្លែងថា ទន្ទឹមនឹងការបំផ្លាញជើងក្រោមរបស់គណបក្សជំទាស់ មន្ត្រីរបស់គណបក្សកាន់អំណាចទាំងនៅថ្នាក់កណ្តាល និងថ្នាក់ខេត្ត ជាពិសេសថ្នាក់ខេត្តត្រូវទាក់ទាញកម្លាំងជើងក្រោមរបស់គណបក្សជំទាស់មកចូលធ្វើការជាមួយគណបក្សកាន់អំណាច។
សារនោះបន្ថែមថា៖ «សុំបញ្ជាក់ថា យុទ្ធសាស្ត្ររបស់យើងគឺយកបានមួយ រក្សាមួយ ហើយបើប្រឆាំង ងើបមួយ វាយមួយ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់។ បើប្រឆាំង ងើបមួយ វាយមួយ។ បើថា ចុះចូល ចូលមួយ យកមួយ ថែទាំមួយ ឱ្យក្លាយទៅជាសន្លឹកឆ្នោតមួយសន្លឹក កុំចាំដល់កៀកបោះឆ្នោតបានយើងធ្វើ គឺជាកំហុស»។
លោក ហ៊ុន សែន បន្តថា ការត្រៀមកៀរគរកម្លាំងពីគណបក្សជំទាស់គឺជាការរាំងខ្ទប់មិនឱ្យអ្នកប្រឆាំងបានចូលរួមការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ ហើយអាចកសាងកម្លាំងដែលជាក្រុមប្រឹក្សាឃុំសង្កាត់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា អាជ្ញាធរគួរបើកការស៊ើបអង្កេតលើសារសំឡេងដែលគេសង្ស័យថា ជាសំឡេងរបស់មេដឹកនាំបក្សកាន់អំណាច ហើយត្រូវបានចែករំលែកលើបណ្តាញសង្គម។ លោកថា អាជ្ញាធរគួរស៊ើបអង្កេតដើម្បីកាត់បន្ថយអំពើហិង្សាដែលអាចកើតឡើង ដូចករណីមុនៗ នៅពេលអតីតនាយករដ្ឋមន្ត្រីមានប្រតិកម្មជាមួយនឹងពាក្យសម្តីមានចរិតហិង្សា។
លោកថ្លែងថា៖ «បើសិនជាសំឡេងហ្នឹងជារបស់អតីតនាយករដ្ឋមន្ត្រីទៅទៀត ខ្ញុំជឿជាក់ថា គ្មានអ្នកណាហ៊ានប៉ះពាល់ទេ។ អ៊ីចឹង ផ្ទុយទៅវិញ មិនត្រឹមតែមិនប៉ះពាល់ទេ គឺអ្នកនៅក្រោមបង្គាប់បញ្ជាហ្នឹងទៅអនុវត្តទៅទៀត។ អ៊ីចឹង យើងជាក់ស្តែង យើងឃើញហើយ មានការកើតហេតុកន្លងមក មានការវាយដំទៅលើសកម្មជនបក្សប្រឆាំង របួសស្នាមធ្ងន់ធ្ងរ មានទាំងស្លាប់ទៅទៀត។ អ៊ីចឹងសំឡេងហ្នឹង គប្បីមានការស៊ើបអង្កេត»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា មន្ត្រីដែលបម្រើការឱ្យអតីតនាយករដ្ឋមន្ត្រីអាចចេញមកបំភ្លឺជាសាធារណៈថា តើសំឡេងដែលបែកធ្លាយថ្មីៗនេះជាសំឡេងពិតឬយ៉ាងណា ហើយបើមិនមានការបំភ្លឺទេ សាធារណជននឹងយល់ថា សំឡេងនោះជាសំឡេងផ្លូវការរបស់លោក ហ៊ុន សែន។ លោកបន្ថែមថា កម្ពុជាគួរគោរពតាមគោលការណ៍ច្បាប់ដែលខ្លួនផ្តល់សច្ចាប័នក្នុងការអនុវត្តប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំគិតថា បើមានបរិយាកាសបែបនេះកើតឡើង វាមិនអំណោយផលច្រើនសម្រាប់ប្រព័ន្ធសេរីភាពនៃការបោះឆ្នោត ដោយសេរី ដោយយុត្តិធម៌ ហើយបរិយាកាសប្រជាធិបតេយ្យលំហនយោបាយ សេរីភាពនយោបាយនៅកម្ពុជា វាត្រូវបានគំរាមកំហែង។ វាទាមទារឱ្យកម្ពុជាហ្នឹងធ្វើការកែតម្រូវតាមគោលការណ៍ច្បាប់ដែលខ្លួនឱ្យសច្ចាប័នទើបខ្ញុំគិតថា វាមានយន្តការមួយបង្ហាញថា កម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការលើកស្ទួយប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ គ្រាន់តែជាការលែងលោ្ខន ប្រជាធិបតេយ្យ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា លោកមិនអាចបញ្ជាក់ថា តើសារសំឡេងនោះជារបស់លោក ហ៊ុន សែន ឬយ៉ាងណាទេ។ ទោះជាយ៉ាងណា លោកថា សារសំឡេងនោះមិនមែនជាការគំរាមកំហែងខាងនយោបាយទេ ពោលគឺពលរដ្ឋមានសិទ្ធិចូលរួមសកម្មភាពនយោបាយជាមួយគណបក្សនយោបាយណាក៏បាន វៀរលែងតែការដើរតាមគោលនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។
លោកថ្លែងថា៖ «ចង់ប្រជាពលរដ្ឋណាដើរតាមគណបក្សនយោបាយណា អាហ្នឹងជាសិទ្ធិរបស់ពលរដ្ឋ ក៏ប៉ុន្តែចំពោះគោលនយោបាយរបស់គណបក្សប្រជាជន គឺយើងដឹងហើយថា ទណ្ឌិត សម រង្ស៊ីជាមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដូច្នេះហើយបងប្អូនណាក៏ដោយ សកម្មជនណាក៏ដោយ ដែលដើរតាមនយោបាយរបស់ទណ្ឌិតសម រង្ស៊ី ដែលជាមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហ្នឹង គឺខុសច្បាប់ហើយ។ អ៊ីចឹងបើបងប្អូនចូលទៅដើរតាមនយោបាយសម រង្ស៊ី ហើយធ្វើសកម្មភាពបម្រើនយោបាយឧបាយកលរបស់សម រង្ស៊ី អាហ្នឹងគឺជាអ្នកមានទោស ពីព្រោះយើងដើរតាមក្រុមឧទ្ទាមក្រៅច្បាប់»។
សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន យល់ថា សារគំរាមខាងនយោបាយមិនគួរកើតមានក្នុងស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ព្រោះវាអាចទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ដែលតាមដានជាប់លាប់លើនយោបាយក្នុងប្រទេសកម្ពុជា ដែលប្រជាធិបតេយ្យស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ តែនៅត្រូវការការបណ្តាក់ទុនពីក្រៅប្រទេស ក្នុងនោះក៏មានប្រទេសនៅលោកសេរីដែលផ្តល់តម្លៃជាធំលើការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ហើយជំនួយគាំទ្រផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ក៏ច្បាស់ ជាមានការពិចារណា ហើយនឹងសម្ពាធផ្សេងៗ ច្បាស់ជាមានមកលើប្រទេសកម្ពុជាហ្នឹង។ ម៉្លោះហើយ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋខ្មែរហ្នឹង»។
ចំណែកអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប លោក គង់ មុនីកា ថ្លែងថា លោកមិនចាប់អារម្មណ៍លើសារសំឡេងបែកធ្លាយដែលគេសង្ស័យថា ជារបស់អតីតនាយករដ្ឋមន្ត្រីនោះទេ តែលោកបារម្ភអំពីការបន្តបំភិតបំភ័យសកម្មជនគណបក្សជំទាស់ ហើយលោកចង់ឃើញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យបានត្រឹមត្រូវដើម្បីលើកស្ទួយដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕
វេទិកាបញ្ចេញមតិ