លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson ក៏នឹងស្វះស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តនៅក្នុងតំបន់ដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងស្ថិតនៅឯកកោ។
បន្ទាប់ពីការព្រមានយ៉ាងខ្លាំងពីប្រទេសចិន វៀតណាម បានផ្អាកការអនុញ្ញាតឲ្យក្រុមហ៊ុនថាមពលខួងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។ ការណ៍នេះជាព្រឹត្តិការណ៍ថ្មីៗបំផុតនៅក្នុងជម្លោះដែលកំពុងកើតមានឡើងនៅផ្លូវទឹកដែលមានការប្រកួតប្រជែងបំផុតរបស់ពិភពលោកដែលត្រូវបានគេជឿជាក់ថាសម្បូរទៅដោយប្រភពធនធានធម្មជាតិ។
លោករដ្ឋមន្រ្តីការបរទេសមកពីសមាគមប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ានត្រូវគេរំពឹងនឹងផ្តល់ការយល់ព្រមដល់គម្រោងក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូងនៅពេលដែលពួកអស់លោកជួបប្រជុំគ្នានៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។
ខណៈដែលគម្រោងការងារនោះប្តេជ្ញាចិត្តដល់កិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា គម្រោងការងារនោះក៏ត្រូវបានគេមើលឃើញថាបានបន្ទន់ទៅតាមឥទ្ធិពលរបស់ចិន ពីព្រោះតែក្រមប្រតិបត្តិនោះមិនតម្រូវឲ្យអនុវត្តទៅតាមផ្លូវច្បាប់។
សហរដ្ឋអាមេរិកនឹងបន្តជំរុញឲ្យមានយន្តការដំណោះស្រាយជម្លោះហើយនឹងលើកដំកើងសេរីភាពនៃការធ្វើនាវាចរណ៍។ លោកស្រី Susan Thornton ឧបការីរងស្តីទីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកនិយាយថា៖ «សកម្មភាពធ្វើឲ្យមានអស្ថិរភាពដូចជាការចាក់ដីពង្រីកកោះសិប្បនិម្មិតនិងការសាងសង់ទីតាំងយោធារបស់ចិននៅក្នុងតំបន់មានជម្លោះ ធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងសម្រាប់តំបន់ដើម្បីដោះស្រាយការខ្វែងគំនិតទាំងអស់នោះដោយសន្តិវិធី»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ចង់ធ្វើការជាមួយចិនដើម្បីដោះស្រាយការខ្វែងគំនិតគ្នានានាដោយមិននាំឲ្យមានជម្លោះដោយចំហរ។ក្នុងចំណោមកិច្ចការទាំងនោះគឺបង្កើនការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង។លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានថ្លែងថា៖ «មិនមានអនាគតដែលកូរ៉េខាងជើងកាន់កាប់អាវុធនុយក្លែអ៊ែ ឬមានលទ្ធភាពដើម្បីដឹកជញ្ជូនអាវុធនុយក្លេអ៊ែទាំងនោះទៅឲ្យប្រទេសណាមួយនៅក្នុងតំបន់ទេ។ ក្នុងការទប់ស្កាត់ យើងបានស្វះស្វែងធ្វើជាដៃគូជាមួយប្រទេសចិន។ ចិនមានសកម្មភាពខាងសេដ្ឋកិច្ចចំនួន៩០ភាគរយជាមួយកូរ៉េខាងជើង»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson នឹងធ្វើការថ្លឹងថ្លែងជាមួយប្លុកតំបន់អាស៊ីអាគ្នេយ៍ដើម្បីស្វះស្វែងរកការធានាមកពីប្លុកនោះដើម្បីធ្វើឲ្យ រដ្ឋាភិបាលក្រុងព្យូងយ៉ាងឯកកោដោយធ្វើយ៉ាងណាកុំឲ្យមានការយល់ឃើញថា បញ្ហាកូរ៉េខាងជើងបានគ្របដណ្តប់លើការព្រួយកង្វល់របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។ លោក Gregory Poling នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរ ជាតិនិយាយថា៖ «ហើយតាមការពិតគឺថា បញ្ហាកូរ៉េខាងជើងមិនសូវសំខាន់សម្រាប់ម៉ាឡេស៊ី វៀតណាមនិងប្រទេសហ្វីលីពីន ដូចបញ្ហាសមុទ្រចិនខាងត្បូងដែលស្ថិតទ្វាមុខរបស់ពួកគេ»។
អ្នកជំនាញផ្សេងទៀតព្រមានថា សម្ព័ន្ធមិត្តក្នុងតំបន់កំពុងចាប់ផ្តើមជឿជាក់ថា ពួកគេអាចមិនបានទទួលការគាំទ្រពិតប្រាកដពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ។
លោកBill Haytonមកពីអង្គការChatham House បាននិយាយតាមប្រព័ន្ធ Skypeថា៖ «សម្ព័ន្ធមិត្តក្នុងតំបន់មានអារម្មណ៍ថា គេមិនអាចពឹងផ្អែកលើរដ្ឋបាលរបស់លោកត្រាំដើម្បីការពារផលប្រយោជន៍របស់វៀតណាមនៅក្នុងការប្រឈមមុខនោះបានទេ ដូច្នេះវាជាសញ្ញាមួយថា រដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការព្រួយកង្វល់ថា រដ្ឋបាលរបស់លោកត្រាំមិនបានយកចិត្តទុកដាក់នៅក្នុងការការពារផលប្រយោជន៍របស់ពួកគេ»។
ក្រៅពីសន្តិសុខផ្លូវនាវាចរណ៍និងការធ្វើឲ្យឧបទ្វីកូរ៉េគ្មានអាវុធនុយក្លេអ៊ែ គេនិយាយថា ការប្រឆាំងភេរវកម្មនៅក្នុងតំបន់ក៏បានស្ថិតនៅពីលើគេក្នុងរបៀបវារៈរបស់សមាគមអាស៊ានដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន