សត្វមូសបានសម្លាប់មនុស្សរាប់រយពាន់នាក់រាល់ឆ្នាំ ដោយបានចម្លងមេរោគដែលបង្កឲ្យមានជំងឺដូចជាជំងឺគ្រុនចាញ់ គ្រុនឈាមនិងគ្រុនលឿង។ ឥឡូវនេះអ្នកស្រាវជ្រាវបានប្រើសំឡេងនេះដើម្បីបង្កើតជាកម្មវិធីទូរស័ព្ទថ្មីមួយឬឧបករណ៍ដែលប្រើប្រព័ន្ធ Android ឬ iOS ដែលនឹងជួយត្រួតពិនិត្យថាតើសត្វល្អិតដ៏ប្រល័យនេះមកពីទីណា។
អ្នកស្រី Haripriya Vaidehi Narayanan និយាយថា អ្នកណាដែលមានទូរស័ព្ទចល័តអាចជួយដោះស្រាយបញ្ហាជំងឺទាំងនោះ ដោយប្រើកម្មវិធី Abuzz ដើម្បីកំណត់ប្រភេទសត្វមូស។
«បើសិនជាពួកគេឃើញសត្វមូសមួយក្បាលនៅជុំវិញ ពួកគេអាចបើកទូរស័ព្ទបើកកម្មវិធី App ហើយលើកទូរស័ព្ទតម្រង់ទៅជិតមូសហើយចុចប៊ូតុងថត»។
អ្នកស្រី Narayanan បានចាប់ផ្តើមធ្វើការលើគម្រោងនេះកាលពីអ្នកស្រីជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Stanford។ ឥឡូវអ្នកស្រីធ្វើការផ្នែកការសិក្សាប្រព័ន្ធការពារសព៌ាង្គកាយប្រឆាំងនឹងមេរោគ (Immunology) នៅសាកលវិទ្យាល័យ California ក្នុងទីក្រុង Los Angeles។
«ដូច្នេះនៅពេលនោះ នៅពេលដែលសត្វមូសបានបក់ស្លាបរបស់វាហើយចាប់ផ្តើមហើរ វានឹងបង្កើតសំឡេងនោះ សំឡេងដ៏គួរឲ្យរំខានហើយវាជាសំឡេងដែលកម្មវិធី Abuzz នឹងថតទុក»។
ជំងឺជាច្រើនដែលកើតចេញពីសត្វមូសមិនមានវិធីព្យាបាលឬវ៉ាក់សាំងនោះទេ ដូច្នេះការផ្តោតលើសត្វមូសគឺជាវិធានការល្អបំផុតដើម្បីគ្រប់គ្រងជំងឺនេះ។
«បើសិនជាយើងនឹងដោះស្រាយជំងឺដែលបង្កដោយសត្វមូស ដូចជាជំងឺគ្រុនចាញ់ ឬគ្រុនឈាមជំហានសំខាន់បំផុតគឺត្រូវដឹងថាសត្វមូសមកពីណា»។
ប៉ុន្តែការតាមដានសត្វមូស តាមទម្លាប់ធម្មតាអាចត្រូវការពេលវេលាច្រើនហើយថ្លៃ ដោយសារវាត្រូវការកម្លាំងពលកម្មច្រើនដើម្បីចាប់វា និងអ្នកវិទ្យាសាស្ត្រដែលត្រូវបានបណ្តុះបណ្តាលដើម្បីកំណត់ប្រភេទសត្វល្អិតដ៏តូចនេះ។
សត្វមូសមានចំនួនប្រហែល ៣.៥០០ ពូជខុសៗគ្នា ប៉ុន្តែមានពូជតែចំនួន៤០ប៉ុណ្ណោះ ដែលគ្រោះថ្នាក់ដល់មនុស្ស។ នេះបើយោងតាមលោក Manu Prakash សាស្ត្រាចារ្យជីវៈវិស្វកម្មនៃសាកលវិទ្យាល័យ Stanford និងជាអ្នកស៊ើបអង្កេតចម្បងរបស់គម្រោងនេះ។
«នៅខាងក្រោយផ្ទះរបស់អ្នក តើអ្នកមានសត្វមូសមួយក្បាលដែលរំខានឬក៏អ្នកមានសត្វមូសដែលអាចបង្កគ្រោះថ្នាក់?»
ដើម្បីឆ្លើយនឹងសំណួរនោះ ក្រុមរបស់លោក Prakash បានសម្រេចចិត្តស្តាប់។ នៅពេលដែលសត្វមូសបក់ស្លាបចុះឡើង ពួកវាបង្កើតជាសំឡេងប្លែកនោះ។ គ្រប់ពូជសត្វមូសទាំងអស់បញ្ចេញសំឡេងខុសគ្នាបន្តិចបន្តួច។
អ្នកប្រើប្រាស់ថតសំឡេងសត្វមូសមួយក្បាលតាមរយៈកម្មវិធី Abuzz នៅលើទូរស័ព្ទ។ ត្រឹមតែ១ឬ២ វិនាទីគឺគ្រប់គ្រាន់ហើយ។ កម្មវិធីនោះប្រៀបធៀបសំឡេងនោះនឹងមូលដ្ឋានទិន្នន័យមួយសម្រេចថាតើសត្វមូសនោះ អាចជាពូជអ្វី។
ក្រុមបង្កើតកម្មវិធីនិយាយថា ពួកគេនឹងអាចឃ្លាំមើលមូសបានក្នុងលក្ខណៈទ្រង់ទ្រាយធំជាងមុនដោយសារតែឧបករណ៍មិនថាទូរស័ព្ទដៃឬស្មាតហ្វូនណាមួយ គឺបានស្ថិតនៅក្នុងហោប៉ៅរបស់មនុស្សរាប់ពាន់លាននាក់រួចទៅហើយ។
លោក Prakash និយាយថា៖ «ការឃ្លាំមើលនេះមិនត្រូវការទូរស័ព្ទស្មាតហ្វូនទំនើបទេ គឺគ្រាន់តែទូរស័ព្ទដៃធម្មតាមួយគឺល្អគ្រប់គ្រាន់ហើយ»។
តាមរយៈការប្រមូលទិន្នន័យសត្វមូសពីមនុស្សជាច្រើននៅទូទាំងពិភពលោក កម្មវិធីនេះនឹងបង្កើតជាផែនទីថាតើសត្វមូសដែលមានគ្រោះថ្នាក់មាននៅទីណា។ វានឹងជួយអ្នកវិទ្យាសាស្ត្រនិងអាជ្ញាធរផ្នែកសុខាភិបាលទស្សន៍ទាយថាតើជំងឺអាចផ្ទុះនៅទីណាហើយតើទីណាគួរតែធ្វើការគ្រប់គ្រងសត្វមូស។
លោក Prakash ជឿថាការចូលរួមរបស់សហគមន៍ ប្រភេទនេះគឺជាគន្លឹះដើម្បីដោះស្រាយបញ្ហាធំៗដូចជាជំងឺកើតដោយសារមូស។
លោក Prakash និយាយថា៖ «ចំនួនមនុស្សចូលរួមកាន់ច្រើននឹងធ្វើឲ្យកម្មវិធីនេះកាន់តែប្រសើរ។ ដូច្នេះយើងពិតជារំភើបណាស់ បើសិនជាមានមនុស្សរាប់រយពាន់នាក់ថតសំឡេងមូសរាល់ថ្ងៃជាពិសេសនៅជុំវិញពិភពលោក វានឹងបង្កើតជាសហគមន៍មួយដែលយើងត្រូវការជាចាំបាច់»។
កម្មវិធីទូរស័ព្ទ Abuzz នឹងអាចទាញយក (download) មកប្រើដោយឥតគិតថ្លៃបាននៅក្នុងពេល១ឬ២ខែទៀត។ ដើម្បីដឹងព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ abuzz.stanford.edu ។
អ្នកស្រាវជ្រាវមួយក្រុមទៀតនៅសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស កំពុងបង្កើតកម្មវិធីទូរស័ព្ទស្រដៀងគ្នាហៅថា Mozzwear ដើម្បីស្វែងរកមូសបង្កជំងឺគ្រុនចាញ់តាមរយៈសំឡេងរបស់វា។
ទោះបីជាសំឡេងនេះធ្វើឲ្យពួកយើងទាំងអស់គ្នាប្រញាប់សម្លាប់សត្វល្អិតដ៏គួរឲ្យធុញនេះភ្លាមៗ អ្នកស្រាវជ្រាវនានាសង្ឃឹមថាលោកអ្នកនឹងដកទូរស័ព្ទរបស់អ្នកចេញមក ហើយថតសំឡេងវាជាមុនសិន៕
ប្រែសម្រួលដោយ ទុំ ម្លិះ