អ្នកជំនាញកំពូលផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ២ រូប បានធានាដល់ពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺនេះនឹងមានក្នុងពេលឆាប់ៗនេះ ប៉ុន្តែពួកគេបានព្រមានថា ការណ៍ដែលមិនប្រុងប្រយ័ត្នជាមុនក្នុងការការពារខ្លួនពីការឆ្លងជំងឺនេះ មុនពេលដែលមានវ៉ាក់សាំង អាចនឹងបង្កឲ្យមានមហន្តរាយ។
លោកឧត្តមនាវីឯក Brett Giroir ប្រធានផ្នែកធ្វើតេស្តជំងឺកូវីដ១៩ នៅសេតវិមាន បានបញ្ជាក់ថា វ៉ាក់សាំងចំនួនពីរ ដែលឥឡូវនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារម្ហូបអាហារនិងឱសថ គឺជា «វ៉ាក់សាំងសង្គ្រោះជីវិត»។ លោកបានបន្ថែមថា «វ៉ាក់សាំងទាំងនេះនឹងជួយបញ្ចប់ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩»។
ប៉ុន្តែលោកបានថ្លែងថា៖ «រហូតដល់ពេលដែលគេអាចចែកចាយវ៉ាក់សាំងបានទូលំទូលាយ ពលរដ្ឋអាមេរិកាំងត្រូវធ្វើកិច្ចការដែលត្រឹមត្រូវ ដូចជាពាក់ម៉ាស់ និងមិនត្រូវទៅកន្លែងខាងក្នុងអាគារណាដែលមានមនុស្សច្រើនកុះករជាដើម»។
លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងកម្មវិធី «This Week» របស់ទូរទស្សន៍ ABC ថា «ជំនួយនឹងមកដល់ក្នុងពេលឆាប់ៗនេះ» ហើយការផ្គត់ផ្គង់វ៉ាក់សាំងវគ្គដំបូងប្រហែលជាមាននៅត្រឹមពាក់កណ្ដាលខែធ្នូ។
លោកFauci អំពាវនាវឲ្យមន្ត្រីថ្នាក់រដ្ឋ និងថ្នាក់ក្រុងទាំងអស់ «បិទបារ ប៉ុន្តែបន្ដបើកសាលារៀន» ដើម្បីរក្សា «កម្រិតនៃការឆ្លងតាមសហគមន៍ឲ្យនៅទាប»។
ការវាយតម្លៃនេះត្រូវបានធ្វើឡើង នៅពេលដែលករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនដល់ជាង ១៣ លានករណីកាលពីថ្ងៃសុក្រ គឺក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះក្រោយពីករណីឆ្លងនេះកើនដល់ចំនួន ១២ លានករណី។
ជំងឺកូវីដ១៩ នេះ បានឆក់យកជីវិតពលរដ្ឋអាមេរិកជាង ២៦៦.០០០ នាក់ ដែលច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
អ្នកឆ្លងជំងឺនេះជាង ៩១.០០០ នាក់ ឥឡូវនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក ដែលជាចំនួនមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ហើយអ្នកជំងឺជាង ១៨.០០០ នាក់កំពុងស្ថិតនៅក្នុងបន្ទប់ព្យាបាលដិតដល់បន្ទាន់៕