ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ជាឧបសគ្គធំមួយសម្រាប់ពួកអ្នកវិទ្យាសាស្ត្រដែលខិតខំបង្ក្រាបជំងឺនេះនៅពេលពួកគេរកមធ្យោបាយដោះស្រាយបញ្ហា បែរជាមានមនុស្សសង្ស័យអំពីវិទ្យាសាស្ត្រនិងសាកសួរអំពីហេតុផលរបស់ពួកគេទៅវិញ។
លោកវេជ្ជបណ្ឌិត Barun Mathema ជាសាស្ត្រាចារ្យជំនួយខាងជំងឺឆ្លងនៅឯសាកលវិទ្យាល័យ Columbia នៅ រដ្ឋNew York។ លោកនិយាយថា«វាជាការនាំឱ្យធ្លាក់ទឹកចិត្ត។ វាជាការនាំឱ្យរកាំចិត្ត។ វាជាការធ្វើឱ្យបាត់បង់ការទុកចិត្ត...មានពួកមនុស្សនិយាយអាក្រក់អំពីក្រុមសហសេវិកក្នុងន័យទូលំទូលាយ។ ហើយពួកយើងបានជួយទប់ទល់នឹងជំងឺនេះដោយគ្មានបានទទួលលាភសក្ការៈអ្វីឡើយ»។
លោក Mathema ថ្លែងថាពួកអ្នកវិទ្យាសាស្ត្របានជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅពេលពួកគេមានកាលវិភាគមមាញឹកស្រេចហើយនោះ តែបានរងការវាយប្រហារទៅវិញ។
លោកបាននិយាយបន្ថែមថា៖ «អ្វីដែលនាំឱ្យទង្គុកចិត្តបំផុតនោះគឺថាមានការរុញច្រានដែលនាំឱ្យមានផលប៉ះពាល់ដល់សេចក្តីសុចរិតរបស់យើង ដូចជាថាមានហេតុផលមួយទៀតនៅពីក្រោយការរកឃើញរបស់យើង»។
លោកវេជ្ជបណ្ឌិត Aroon Glatt ជាអ្នកនាំពាក្យនៃសមាគមខាងជំងឺឆ្លងនៃប្រទេសអាមេរិក។ លោកថ្លែងថា«ខ្ញុំនិយាយថាវាជាការអាម៉ាស់មួយនៅពេលមានអ្វីមួយក្រៅពីគោលដៅវិទ្យាសាស្ត្រជំរុញគោលនយោបាយសម្រាប់ភាគីណាមួយ។ ទោះជាលោកអ្នកជាពួកក្រហម ក្រុមខៀវ ជាអ្នកប្រជាធិបតេយ្យ ជាអ្នកសាធារណរដ្ឋក៏ដោយ...ក៏វិទ្យាសាស្ត្រគួរជាកត្តាជំរុញឱ្យមានសេចក្តីសម្រេចនិងគោលនយោបាយផ្អែកលើវិទ្យាសាស្ត្រ»។
បើតាមសាកលវិទ្យាល័យ Johns Hopkins ថាមកត្រឹមថ្ងៃទី២៤ខែវិច្ឆិកាមានមនុស្សជាង២៥៧.០០០នាក់ក្នុងស.រ.អ.បានស្លាប់ដោយសារវីរុសកូរ៉ូណាហើយមានមនុស្សឆ្លងជំងឺនេះ១២,៤លាននាក់ដែលជាចំនួនច្រើនជាងគេក្នុងពិភពលោក។
លោកវេជ្ជបណ្ឌិត Boris Lushniak ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Maryland។ លោកនិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលខ្លាំងដល់ការឆ្លើយតបភាគច្រើននឹងជំងឺកូវីដ១៩ដែលថាគឺវិទ្យាសាស្ត្ររងការវាយប្រហារហើយមិនមានការពិនិត្យមើលទិន្នន័យទេ»។
លោក Lushniak ដឹងជាងសមាសភាគនយោបាយភាគច្រើនដែលសម្រេចអំពីវិធានការសុខាភិបាលធំៗ។ លោកជាអនុប្រធានប្រតិបត្តិការនៃសេវាសុខាភិបាលសាធារណៈស.រ.អ.ពីខែវិច្ឆិកាឆ្នាំ២០១០ដល់ខែកញ្ញាឆ្នាំ២០១៥និងជាប្រធានស្តីទីនៃសេវានេះពីខែកក្កដា ឆ្នាំ២០១៣ដល់ខែធ្នូឆ្នាំ២០១៤។
លោក Lushniak ពោលថា«វិទ្យាសាស្ត្រអាចលោតមកវិញ។ គេត្រូវយកវិទ្យាសាស្ត្រជាដៃគូម៉ត់ចត់មួយក្នុងការធ្វើសេចក្តីសម្រេច»។
ពួកអ្នកជំនាញព្រមានថាការឆ្លងជំងឺកូវីដ១៩កើនឡើងក្នុងរដូវស្លឹកឈើជ្រុះ។ មានភាពជូរចត់ជាពិសេសគឺថាពួកអ្នកវិទ្យាសាស្ត្រដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មិនមែនជាពួកអ្នកជំនាញទេ។
លោកវេជ្ជបណ្ឌិត Aaron Glatt ក៏ជាសាស្ត្រាចារ្យនិងជាប្រធានផ្នែកជំងឺឆ្លងនៅឯមន្ទីរពេទ្យ Mount Sinai South Nassau នៅ Oceanside រដ្ឋ New York។
តាមការយល់ឃើញរបស់លោក Glatt ថាផ្នែកមួយនៃបញ្ហានេះគឺថាបណ្តាញព័ត៌មានសង្គមបានបង្កើនសំឡេងពួកជនដែលគ្មានគុណវុឌ្ឍិក្នុងការបញ្ចេញមតិអំពីបញ្ហាវិទ្យាសាស្ត្រ។
លោកវេជ្ជបណ្ឌិត Aaron Glatt មានប្រសាសន៍ថា«ការណ៍នេះធ្វើឱ្យខ្ញុំព្រួយបារម្ភពីព្រោះខ្ញុំមិនកាន់ខាងណាអំពីបញ្ហានេះទេ។ ខ្ញុំមិនលម្អៀងឬប្រឆាំងនឹងកូវីដទេ។ ខ្ញុំមិនលម្អៀងឬប្រឆាំងនឹងការព្យាបាលណាមួយទេ។ ខ្ញុំចង់វាយតម្លៃការព្យាបាលនិងធ្វើការសន្និដ្ឋានថាតើការព្យាបាលទាំងនេះមានប្រសិទ្ធភាពឬទេ។ មានតែពួកមនុស្សមានបទពិសោធន៍និងពួកអ្នកជំនាញទេដែលមានសិទ្ធិបញ្ចេញមតិ»។
ជាជាងត្រូវបានយល់ឃើញថាជាបញ្ហាសុខភាព ការពាក់ម៉ាស់ដើម្បីពន្យឺតការរាលដាលនៃជំងឺកូវីដ១៩បានត្រូវយកមកធ្វើជារឿងនយោបាយ។ ជនជាតិអាមេរិកាំងខ្លះបានជ្រើសរើសមិនពាក់ម៉ាស់ថាជាសេចក្តីថ្លែងការណ៍នយោបាយមួយដែលជាហេតុការណ៍មួយធ្វើឱ្យសហគមន៍អ្នកវិទ្យាសាស្ត្រស្រឡាំងកាំង។
លោកវេជ្ជបណ្ឌិត Barun Mathema មានប្រសាសន៍ថា«ស.រ.អ.នឹងមានការឆ្លើយតបប្លែកពីនេះប្រសិនបើមានយន្តហោះទម្លាក់គ្រាប់បែក២៥គ្រឿងមកធ្វើការវាយប្រហារ។ វាមិនមែនជាការណ៍សំខាន់ទេអំពីនិន្នាការនយោបាយ លោកអ្នកត្រូវតែរួបរួមគ្នាហើយនេះជាអ្វីដែលយើងត្រូវការ។ ការបែកបាក់គ្នាមិនមែនជាអ្វីដែលលោកអ្នកត្រូវការឱ្យមានក្នុងពេលមានសង្គ្រាមទេ ហើយក៏ដូចគ្នាណាស់ដែរក្នុងពេលមានការរាតត្បាតជំងឺ»។
លោក Mathema និយាយថាពួកអ្នកវិទ្យាសាស្ត្របានដឹងអំពីការផ្ញើសារនិងសេចក្តីត្រូវការពន្យល់អំពីទស្សនៈវិទ្យាសាស្ត្រតាមវិធីដែលពួកជនសាមញ្ញអាចយល់ដោយងាយ។
លោកថ្លែងថា«យើងទាំងអស់គ្នាគួរប្រកាន់យករបៀបមួយនៃការនិយាយទាក់ទងគ្នាអំពីទស្សនៈមូលដ្ឋានស្តីពីវិទ្យាសាស្ត្រនិងសុខភាព។ គមនាគមន៍ជាអ្វីដែលយើងតែងតែធ្វើមិនត្រូវហើយនេះមិនមែនជាបំណងអាក្រក់ទេ។ ខ្ញុំយល់ថានេះជាមេរៀនសំខាន់មួយ...ដែលអាចនាំឱ្យមានការមិនទុកចិត្តគ្នា»។
ផលវិបាកមួយក្នុងបណ្តាផលវិបាកទាំងឡាយដោយអចេតនានៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩គឺថាសាធារណជនមានការយល់ជាងមុនអំពីវិទ្យាសាស្ត្រនិងកម្រិតរបស់វា។
លោក Lushniak និយាយថា«ខ្ញុំសង្ឃឹមថាមនុស្សមានជំនឿលើវិទ្យាសាស្ត្រច្រើនជាងមុនគឺថាការធ្វើសេចក្តីសម្រេចរបស់យើងជាច្រើនផ្អែកលើព័ត៌មាននិងទិន្នន័យហើយថាយើងមានបំណងនឹងកែប្រែការណ៍នេះដោយនិយាយថាកាលពីដំបូងឡើយយើងបានប្រាប់លោកអ្នកកុំឱ្យពាក់ម៉ាស់ហើយនៅពេលនេះខ្ញុំនិយាយប្រាប់លោកអ្នកឱ្យពាក់ម៉ាស់វិញ។ ដូច្នេះ ខ្ញុំយល់ថាមនុស្សនឹងយល់ជាងមុនអំពីលក្ខណៈនិងសោភ័ណភាពនៃវិទ្យាសាស្ត្រនិងកម្រិតរបស់វាផងដែរ»។
លោក Glatt បានថ្លែងបន្ថែមថា«ខ្ញុំសង្ឃឹមថាយើងអាចធ្វើឱ្យខ្លួនយើងរើបពីស្ថានភាពនេះនឹងដាក់វិទ្យាសាស្ត្រជាថ្មីក្នុងតំណែងប្រកបដោយកិត្តិយសដែលខ្លួនធ្លាប់មាននៅពេលដែលខ្ញុំពេញវ័យ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ