នៅមុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់ក្នុងរយៈពេលតែប្រាំថ្ងៃទៀតប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃអង្គារនេះ បានថ្លែងប្រាប់ក្រុមយុវជនកម្ពុជាពីគោលនយោបាយការបទេសអព្យាក្រឹតរបស់កម្ពុជា ក្នុងការរក្សាតុល្យភាពអំណាចរវាងមហាអំណាចចិននិងអាមេរិក។
ថ្លែងទៅកាន់ក្រុមយុវជនជាង៤០០នាក់នៃសហភាពសហព័ន្ធយុវជនរបស់កូនប្រុសលោក ហ៊ុន សែន លោក ប្រាក់ សុខុន បានរៀបរាប់ពីការងើបឡើងវិញរបស់ប្រទេសកម្ពុជា ក្រោយការដួលរលំនៃសម័យអង្គរ ការចេញផុតពីអាណានិគមនិយមបារាំង របបខ្មែរក្រហម និងការច្បាំងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមវិលត្រឡប់មកវិញ រហូតដល់ប្រទេសកម្ពុជាមានឯកភាពជាតិមកដល់សព្វថ្ងៃនេះ បន្ទាប់ពីការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយហេតុកម្ពុជា ប្រកាន់យកជំហរនយោបាយអព្យាក្រឹតក្នុងកិច្ចការនយោបាយបរទេសរបស់ខ្លួន ប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមនិងជម្លោះ សឹងតែរលាយខ្លួនមួយនេះ រក្សាបានសន្តិភាពអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ក្រោយការបោះឆ្នោតជាតិរៀបចំដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣។
លោក ប្រាក់ សុខុន បានបន្ថែមថា៖
«ឥឡូវហ្នឹងយើងទៅមានស្អី ឥឡូវយើងប្រកាន់នយោបាយ អព្យាក្រឹត្យតាំងពី១៩៩៣ មកដល់ម៉ោងហ្នឹង ២៤ ឆ្នាំ ហើយ មានអីឯណ៎ា! មានសង្គ្រាមទេ? អត់ទេ ពីសង្គ្រាមរប៉េះរប៉ោះ ស្បែកខ្លាហ្នឹង ឥឡូវមកដល់ប្រទេស ឯកភាពជាតិទាំងមូលហើយតើ! សុខសន្តិភាពរហូតហើយតើ! មានស្អី?»។
នៅពេលឆ្លើយសំណួររបស់អ្នកចូលរួមដែលបានសួរអំពីការណ៍ដែលកម្ពុជាអាចធ្លាក់ក្នុងភ្លើងសង្គ្រាមវិញម្តងទៀត ប្រសិនបើមានជម្លោះក្នុងតំបន់ ដែលមានប្រទេសមហាអំណាចពាក់ព័ន្ធ លោកប្រាក់ សុខុន ពន្យល់ថា គោលនយោបាយអព្យាក្រឹតនឹងមិននាំកម្ពុជាវិលទៅរកសង្គ្រាមនោះទេ ប្រសិនបើមិនមានការជ្រៀតជ្រែកពីបរទេស។
«ខ្ញុំសូមកែបន្តិច មិនមែនការប្រកាន់នយោបាយអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធហ្នឹងនាំឲ្យប្រទេស មានសង្គ្រាមទេ មិនមែនទេ ដោយសារតែគេចាក់ប្រទេសកម្ពុជាយើងឲ្យចូលបក្សសម្ព័ន្ធហ្នឹងហើយ ដែលកើតសង្គ្រាមនោះ។ រដ្ឋប្រហារលន់ នល់។ ដោយសារតែគេទើសទែង ហើយចុះរបបលន់ នល់ចូលទៅ ជាមួយអាមេរិកឈប់ចូលបក្សសម្ព័ន្ធ បានសន្តិភាពទេ? មានណាប្រាំឆ្នាំ រួញទៅៗ នៅសល់តែទីក្រុងភ្នំពេញហ្នឹង ច្បាំងមួយប្រទេស ងាប់អស់ប៉ុន្មានសែន?»
ក្រោយពីកិច្ចប្រជុំកំពូលក្រុមប្រទេសអាស៊ាន នៅទីក្រុងភ្នំពេញ នាឆ្នាំ២០១២ អ្នកវិភាគនានាយល់ថានយោបាយការបទេសរបស់ប្រទេសកម្ពុជា ហាក់ដូចជាលម្អៀងទៅកាន់ប្រទេសកុម្មុយនិស្តចិន ច្រើនជាងប្រទេសមហាអំណាចអាមេរិក។ ម្យ៉ាងទៀតតែចិនបានផ្តល់ជំនួយឥតសំណង នឹងកម្ចីការប្រាក់ទាបរបស់ ជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសដ៏ក្រីក្រក្នុងអាស៊ានមួយនេះ។
ទាក់ទិននឹងការប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាកម្ពុជា លោក ប្រាក់ សុខុន ថ្លែងថា កម្ពុជាជាប្រទេសតូចត្រូវតែព្យាយាមសម្របសម្រួលតាមការបត់បែនរបស់មហាអំណាចទាំងពីរ។
«អញ្ចឹងអព្យាក្រឹត នៅអព្យាក្រឹតរឿងគឺថា យើងប្រៀបថាដូចចិន និងអាមេរិក ជានាវាធំពីរដែលកំពុង បើកបរនៅលើមហាសមុទ្រនេះ។ បើគាត់បើកបរដោយស្រួលទាំងពីរនាក់ហ្នឹងទៅ មិនសូវមានរលកទេ តែបើគាត់ឈ្លោះគ្នារលកធំ ហើយរលកធំប៉ះពាល់នរណា? ប៉ះពាល់អាទូកតូចៗ របស់យើងនេះ កម្ពុជា ហើយនិងប្រទេសផ្សេងៗ ដែលជាទូកតូចៗនេះ»។
លោកថ្លែងបន្តថា កម្ពុជា មិនមានសិទ្ធិអ្វីទៅបញ្ជាប្រទេសមហាអំណាចធំៗទាំងពីរនេះ ទៅធ្វើអ្វីដែលកម្ពុជាចង់បាននោះឡើយ ដូច្នេះកម្ពុជា ចង់ឃើញមហាអំណាចទាំងពីរមានទំនាក់ទំនងល្អ ដែលនឹងហុចប្រយោជន៍ដល់កម្ពុជា និងបណ្តាប្រទេសតូចៗផ្សេងទៀត។ លោកបានកោតសរសើរប្រទេសចិន និងអាមេរិក ដែលជាអ្នកវិនិយោគ ម្ចាស់ជំនួយ និងអ្នកទិញផលិតផលពីកម្ពុជា ដ៏ធំផងដែរ។
បញ្ហាអព្យាក្រឹតភាពនៅតំបន់អាស៊ីអាគ្នេយ៍ ជាបញ្ហារសើបខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភ នៅពេលដែលសម្ដេចសីហនុបានបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិននៅក្នុងឆ្នាំ១៩៥៨។
នៅទសវត្សរ៍ ១៩៥០ ការមិនទទួលស្គាល់ប្រទេសចិនជាចំណុចស្នូលក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតំបន់ចុងបូព៌ា។ នៅពេលដែលសម្ដេចសីហនុនៃប្រទេសកម្ពុជា និងព្រះអង្គម្ចាស់ Souvanna Phouma ដែលជានាយករដ្ឋមន្ត្រីឡាវនាសម័យនោះ ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសចិន មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការអាក់អន់ចិត្ត។
នេះបើតាមបទសម្ភាសន៍មួយធ្វើឡើង ដោយ VOA ជាមួយលោក William J. Rust អ្នកជំនាញខាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបោះពុម្ពសៀវភៅមួយក្បាលមានចំណងជើងថា៖ «លោកប្រធានាធិបតី Eisenhowerនិងកម្ពុជា៖ ការទូត សកម្មភាពសម្ងាត់ និងប្រភពនៃសង្គ្រាមឥណ្ឌូចិនលើកទីពីរ»។
លោក ឈាង វណ្ណារិទ្ធិ អ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានស្រាវជ្រាវ ISEAS YUSOF ISHAKដែលមានទីតាំងនៅក្នុងប្រទេសសឹង្ហបុរី និងធ្វើការសិក្សាស្រាវជ្រាវអំពីទំនោរសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះ ថា ទោះជាកម្ពុជា ប្រកាសថាខ្លួនមានគោលនយោបាយអព្យាក្រឹត តែប្រទេសនេះនៅតែត្រូវគេមើលឃើញមានភាពលម្អៀងបន្តិចបន្តួចទៅកាន់ប្រទេសចិន។
លោក ឈាង វណ្ណារិទ្ធិ បានបន្ថែមថា៖
«ការអនុវត្តជាក់ស្តែងនៅក្នុងគោលនយោបាយការបរទេសកម្ពុជាយើងគឺ ហៅថា នៅមានលំអៀងទៅខាងចិនខ្លះ ក្នុងន័យផលប្រយោជន៍សេដ្ឋកិច្ច ហើយយើងរាងដាច់ឆ្ងាយពីសហរដ្ឋអាមេរិក ដោយសារមានហៅថា ភាពចម្រូងចម្រាស ក៏ដូចជាភាពខុសគ្នាទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យហ្នឹងជាដើម ដូច្នេះហ្នឹងគឺជាបញ្ហារាំងស្ទះមួយ ដែលពុំអាចអនុញ្ញាតឲ្យកម្ពុជា និងសហរដ្ឋអាមេរិកធ្វើការល្អជាមួយគ្នា ឬក៏មានទំនាក់ទំនងល្អជាមួយគ្នា»។
អ្នកស្រាវជ្រាវរូបនេះថ្លែងបន្តថា កម្ពុជា នៅតែអាចរក្សាជំហរអព្យាក្រឹតក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួនបាន ហើយអាចបន្ថយការពឹងផ្អែកទៅលើប្រទេសចិនបាន ប្រសិនបើកម្ពុជា រក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងទៀត ដែលព្យាយាមបង្កើនទំនាក់ទំនងនយោបាយអន្តរជាតិរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
«យើងអាចធ្វើទៅបាន ពីព្រោះថាក្នុងកាលៈទេសៈនេះ គឺមានអាស៊ាន ដែលជាសសរស្ដម្ភមួយដ៏សំខាន់ នៅក្នុងតំបន់ ហើយយើងមានបណ្តាប្រទេសផ្សេងៗទៀត ដែលគេចាប់អារម្មណ៍ខ្ពស់ចំពោះកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសជប៉ុន។ យើងឃើញថា ប្រទេសជប៉ុន អូស្ត្រាលី ហើយនឹងឥណ្ឌា គឺជាតួអង្គថ្មី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ យើងគិតថា ប្រសិនបើជាមានប្រទេសធំៗច្រើនចាប់អារម្មណ៍ចំពោះកម្ពុជា ចាប់អារម្មណ៍ចំពោះតំបន់អាស៊ីអាគ្នេយ៍ យើងអាចថា តំបន់យើងនេះ អាចមានលំនឹង និងភាពអព្យាក្រឹតល្អជាងសម័យ សង្គ្រាមត្រជាក់ ក្នុងទសវត្សរ៍ទី ៦០ និង ៧០នោះបាទ»។
ក្នុងបាឋកថានយោបាយការបរទេសក្នុង និងក្រៅប្រទេសនៅចំពោះមុខយុវជនរាប់រយនាក់ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លោក ប្រាក់ សុខុន ក៏បានរំឭកឡើងវិញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការស្វែងរកសន្តិភាពពិតប្រាកដមកដល់ប្រទេសកម្ពុជា។
នៅមុនការអធិប្បាយអំពីស្ថានភាពនយោបាយនៅកម្ពុជា លោកប្រាក់ សុខុន បានពន្យល់ក្រុមយុវជនអំពីបម្រែបម្រួលនៃស្ថាននយោបាយសកល ក្រោយការបញ្ចប់ទៅនៃសង្គ្រាមលោក លើកទីពីរ រួមមានការកើតឡើងសង្គ្រាមត្រជាក់ និងការប្រែប្រួលដ៏ជ្រាលជ្រៅនៃតុល្យការកម្លាំង និងការរៀបចំឡើងវិញនូវប្រព័ន្ធអភិបាលកិច្ចពិភពលោក ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅនៅឆ្នាំ១៩៩១។ ក្រោយការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់នោះ មានការងើបឡើងនៃតួអង្គថ្មីៗ ក្នុងប្រព័ន្ធដឹកនាំនយោបាយ សេដ្ឋកិច្ច នយោបាយ ពិភពលោក ដែលរួមមានប្រទេស ប្រេស៊ីល ប្រទេសរុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។
តាមបទបង្ហាញរបស់លោក ប្រាក់ សុខុន បានឲ្យដឹងថា អាមេរិកនៅតែមានឧត្តមភាពលើសគេ ខាងនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវប្បធម៌ តែអាមេរិករងនូវវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបំណុលសាធារណៈ ដែលបណ្តាលមកពីការជាប់ផុងក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកចុះខ្សោយ ឯប្រទេសផ្សេងទៀតក៏ឡើងខ្លាំង។
ដោយឡែក សម្រាប់លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ថ្លែងប្រាប់ VOAថាលោកយល់ថា នយោបាយការបរទេសកម្ពុជា បានបរាជ័យជាច្រើនជំនាន់មកហើយ។ លោកមានប្រសាសន៍ថា បើធៀបនឹងប្រទេសក្បែរខាងកម្ពុជាគឺថៃ និងវៀតណាម បានអនុវត្តគោលនយោបាយការបរទេសដោយស្មើភាព នាំឲ្យលំហូរជាច្រើននៃវិនិយោគទុនបរទេស តែសម្រាប់កម្ពុជា គឺចិនបានក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាដោយហេតុថាប្រទេសក្រីក្រនេះខកខានមិនបានអនុវត្តនយោបាយការបរទេសដោយឈរលើគោលការណ៍សមភាព។
«អីចឹង ការណ៍ដែលយើងពឹងទៅលើតែមហាអំណាចមួយនេះ គឺយើងអាចមានការខាតបង់ ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យនយោបាយ។ នយោបាយបានន័យថា យើងត្រូវតែកាន់ជើងចិនបានចិនសប្បាយចិត្ត។ វិស័យសេដ្ឋកិច្ចវិញ គឺចិនត្រូវក្តោបក្តាប់សេដ្ឋកិច្ចនៅស្រុកខ្មែរទាំងអស់»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងថា រដ្ឋាភិបាលកម្ពុជានឹងខិតខំបង្កើនធនធានមន្ត្រីការទូតដែលមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីការពារផលប្រយោជន៍ជាតិឥតងាករេលើសមរភូមិការទូត ហើយថា មន្រ្តីការទូតទាំងនោះនឹងការពារកេរ្តិ៍ឈ្មោះ និងកិត្យានុភាព របស់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា៕