ក្នុងដំណើរការបង្កើតគ្រោងឆ្អឹងជាបឋមៗនៃសេចក្តីព្រាងក្រមប្រតិបត្តិ COC ដែលគេ ទន្ទឹងជាយូរមកហើយនោះ ប្រទេសចិននិងអាស៊ានកាលពីខែមុនបានបញ្ចប់សេចក្តីព្រាងជាគ្រោងឆ្អឹងនេះមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៥០ក្នុងប្រទេសហ្វីលីពីន ស្របពេលដែលក្រុមអ្នកតាមដានការវិវត្តក្នុងតំបន់នានារំពឹងថា បញ្ហាជម្លោះទាំងឡាយ ក្នុងដែនសមុទ្រចិន ដែលជាក្តីបារម្ភរបស់តំបន់និងពិភពលោកនោះ នឹងត្រូវកាត់បន្ថយ ឬអាចទប់ស្កាត់បាន។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់បានអះអាងថា ប្រទេសហ្វីលីពីនដែល ជាប្រធានអាស៊ានមានការជំរុញគម្រោងក្រមប្រតិបត្តិស៊ីអូស៊ី ដូចជាចិនដែរ ក្រៅពី មានទំនាក់ទំនងល្អជាមួយចិនជាងពេលមុនៗ។
«អញ្ចឹងទេ វាអាចទៅមុខបាន គ្រាន់តែយកអ្វីដែលយើងបានព្រមព្រៀងគ្នាពីមុនមក បញ្ជូលនូវ Hotline និង Cues ហ្នឹង វាជាខ្លឹមសារមួយដែលសំខាន់ដែរ ដើម្បីបញ្ជៀស ជម្លោះជាយថាហេតុណាមួយ»។
លោកបានបន្ថែមថា គ្រោងឆ្អឹងនៃសេចក្តីព្រាងក្រមប្រតិបត្តិ ស៊ីអូស៊ី វាមិនខុសឆ្ងាយពី សេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ប៉ុន្មានទេ។ លោក បន្តថា គម្រោងសេចក្តីព្រាងក្រមប្រតិបត្តិនេះទំនងជារាប់បញ្ចូលចំណុចជាច្រើនរួម ទាំងប្រព័ន្ធទំនាក់ទំនងបន្ទាន់ រវាងរដ្ឋមន្ត្រីការបរទេសហៅថាHotline Communication ដែលមានន័យថា នៅពេលមានការអ្វីកើតឡើងនឹងមានទំនាក់ទងរវាងរដ្ឋមន្ត្រីការ បរទេស ឬក៏កងនាវាល្បាតដែនសមុទ្រ ដើម្បីឲ្យគាត់ទាក់ទងគ្នាបញ្ជៀសជម្លោះ ជាយថាហេតុណាមួយ។ ម្យ៉ាងទៀត ក៏ប្រហែលជាបញ្ចូលនូវយន្តការខ្ជូ Code for Unplanned Encounters at Sea ឬ CUES ដែលជាយន្តការមួយដើម្បីបញ្ជៀសជម្លោះនេះដែរ។
លោក ឈាង វណ្ណារិទ្ធបញ្ជាក់ពីមូលហេតុខ្លះដែលចិនចង់ឲ្យតំបន់អាស៊ានស្ងប់ស្ងាត់ បន្តិចសិន ព្រោះចិនកំពុងតែប្រយុទ្ធជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហា សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្សេងៗ បញ្ហាកូរ៉េខាងជើង ដែលចិនមិនចង់ឲ្យកើតមានភាព តានតឹងពីរកន្លែងឬសមរភូមិច្រើន ដែលជារឿងពិបាកគ្រប់គ្រងស្ថានការណ៍។
«អញ្ចឹងទេប្រហែលជាចិនរៀងបន្ទន់ដែរទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងហ្នឹង ដើម្បីយើងអាចមានចំណុចរួមគ្នាមួយដើម្បីសម្រេចបាននូវការចរចាទាក់ទងនឹង គម្រោងស៊ីអូស៊ីហ្នឹង»។
លោកសាស្ត្រាចារ្យ John Ciorciari (ចន ស៊ៀអ័រស៊ៀរី) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាមេរិកបានសង្ស័យពី តួនាទីចិនដែលមានចិត្តចង់សម្រេចឲ្យបានសេចក្តីព្រាងជាគ្រោងឆ្អឹងរបស់ក្រមប្រតិបត្តិ COC។
«ប្រទេសចិននឹងយល់ព្រមទៅលើគម្រោងដែលអាចបត់បែនបាន និង មានលក្ខណៈទន់ខ្សោយល្មម ដែលស្របនឹងគោលជំហររបស់ខ្លួនលើបញ្ហាសំខាន់នៃបូរណភាពរបស់ខ្លួន»។
លោកបានបន្តថា ស្ថានការណ៍ក្នុងតំបន់និងនយោបាយអាមេរិកស្មុគស្មាញបានផ្តល់អំណោយផលដល់ចិនច្រើនសម្រាប់កិច្ចការតំបន់ផងដែរ។
«ក្រមប្រតិបត្តិ COC អាចផ្តល់ផលប្រយោជន៍ចំពោះគម្រោងដែលផ្អែកលើច្បាប់ដើម្បី ដោះស្រាយជម្លោះដែនសមុទ្រ តែការយល់ព្រមពិភាក្សាអំពីក្រមប្រតិបត្តិ ស៊ីអូស៊ី របស់ប្រទេសចិននេះ គឺមិនមែនជាទង្វើបែបសម្រុះសម្រួលដ៏ចាំបាច់នោះទេ។ ក្រមប្រតិបត្តិដែលចងក្រងនឹងមានសារៈប្រយោជន៍ដល់ក្រុមប្រទេសអាស៊ានដែលទាមទារកម្មសិទ្ធិ គឺអាស្រ័យលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ក៏ដូចជាហេតុការណ៍នានានៅលើទីតាំង ដោយផ្ទាល់។ ឥទ្ធិពលចិនបានកើនឡើង នៅពេលដែលចិនពង្រីកការគ្រប់គ្រងជាក់ លាក់លើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ ភាពតានតឹងរវាងអាមេរិកនិងហ្វីលីពីន ហើយការសង្ស័យក្នុងតំបន់អំពីរដ្ឋបាលលោក ត្រាំបានបង្កើតលក្ខខណ្ឌកាន់តែ ប្រសើរឡើងដល់ក្រុងប៉េកាំង»។
លោកសាស្ត្រាចារ្យ John Ciorciari បានបន្ថែមថា៖
«ជាការពិតប្រសិនបើការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រនិងការទូតរបស់អាមេរិកចំពោះតំបន់ អាស៊ានខ្សោយ ក្រុមប្រទេសដែលជាដៃគូទាមទារកម្មសិទ្ធិនឹងមានជំរើសតិចតួចក្រៅ ពីទទួលយកកិច្ចព្រមព្រៀងដែលប្រទេសចិនមានប្រៀបកាន់តែខ្លាំងនោះ។ច្បាស់ជាង នេះទៀតនោះ រឿងនេះហើយដែលជាហេតុផលនាំឲ្យប្រទេសចិនរីករាយក្នុងការចូលរួមពិភាក្សាអំពីស៊ីអូស៊ីនោះ។ វាជាហេតុផលដែលរដ្ឋបាលលោក ត្រាំមិនអាចមានលទ្ធភាពក្នុងការវិលត្រឡប់មកកាន់តំបន់អាស៊ានដែរ ខណៈដែលមានការផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសកូរ៉េខាងជើង ហើយនឹងការប្រឈមមុខក្នុងតំបន់នានាផ្សេងៗ ទៀតនោះ»។
លោក ឈាង វណ្ណារិទ្ធ វិញបានបន្តថា កត្តាដែលធ្វើឲ្យប្រទេសមួយចំនួនស្ងាត់នៅ ឡើយដូចជាម៉ាឡេស៊ី វៀតណាម សីង្ហបូរី គឺដោយសារប្រទេសទាំងហ្នឹងរង់ចាំមើល ទំនាក់ទំនងរបស់អាមេរិក ចិន តើវាវិវត្តទៅដោយរបៀបណា។
«ហើយ ដូណាល់ ត្រាំតាំងពីគាត់ឡើងកាន់តំណែងអត់ទាន់និយាយពាក្យណាប៉ះពាល់ មកដល់អាស៊ានទេ។ អញ្ចឹងប្រហែលជាគាត់មិនយកចិត្តទុកដាក់ជាមួយអាស៊ាន ហើយបណ្តាប្រទេសនៅក្នុងអាស៊ានហ្នឹងក៏មានការព្រួយបារម្ភដែរព្រោះបើអត់មានអាមេរិក មកចូលរួមជាសកម្មទេ អត់មានប្រទេសណាហ៊ាននិយាយខ្លាំងជាមួយចិនបានទេ។ ពីមុនហ៊ាននិយាយខ្លាំងជាមួយចិនបានដោយសារគេមានបង្អែកខ្លះ ឥឡូវគេរង់ចាំមើល គោលជំហររបស់អាមេរិកយ៉ាងម៉េច ហើយទំនាក់ទំនងអាមេរិក ចិនហ្នឹងយ៉ាងម៉េច។ អញ្ចឹងទេប្រទេសតូចៗហ្នឹងក្នុងអាស៊ានហ្នឹងរង់ចាំមើលប្រទេសធំពីរហ្នឹង»។
ទោះជាមានការតវ៉ាយ៉ាងណាក្តីតែចិនត្រូវគេដឹងថាបានធ្វើកោះសិប្បនិម្មិតក្នុងដែន សមុទ្រដែលកំពុងមានជម្លោះរួចជាស្រេច ហើយម្យ៉ាងទៀតបានធ្វើឲ្យរដ្ឋាភិបាល ហ្វីលីពីន បច្ចុប្បន្នងាកឆ្ងាយពីការសម្រេចរបស់តុលាការអន្តរជាតិក្នុងទីក្រុងឡាអេហៅថា The Permanent Court of Arbitration ដែលបានកាត់សេចក្តីឲ្យហ្វីលីពីនឈ្នះក្តីកាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅទាក់ទងនឹងការទាមទារកម្មសិទ្ធិនៅ សមុទ្រចិនខាងត្បូងដែរ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលរងសម្ពាធពីអន្តរជាតិ ជាពិសេសមហាអំណាចពិភពលោកនោះ គឺជាតំបន់ទីផ្សារសេដ្ឋកិច្ចទី៥ ក្នុងពិភពលោក ដែលមានផលិតផលសរុបរួមគ្នារហូតដល់ទៅជិត២លានលានកន្លះដុល្លារ។ ប្រទេសទាំង១០នេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និងវៀតណាម។ ប្រទេសនីមួយៗមានផលប្រយោជន៍ រៀងៗខ្លួនពីមហាអំណាចចិននិងអាមេរិក។
បើតាមការអះអាងរបស់លោក មាស នី អ្នកវិភាគមួយរូបក្នុងប្រទេសកម្ពុជាបាន បង្ហាញឲ្យឃើញថាទោះជាប្រទេសចិនកាន់តែមានឥទ្ធិពលខ្លាំងក្នុងតំបន់ដោយគ្មានពេលវិលថយក្រោយហើយកម្ពុជាវិញទោះជាទទួលបានជំនួយពីប្រទេសចិនជាច្រើន ក្នុងមួយឆ្នាំៗក្តី ក៏ត្រូវប្រកាន់ជំហររបស់ខ្លួនមួយ ដែលមិនត្រូវទោរទន់ទៅកាន់ចិនពេក នោះដែរ។
«ខ្ញុំឃើញថាក្នុងប្រវត្តិសាស្ត្រខ្មែរយើង តែកាលណាយើងផ្តួលខ្លួនឯងទៅលើមហាអំណាចណាមួយធ្ងន់ពេកយើងអត់ដែលបានប្រយោជន៍អីទេ»។
លោកបានលើកឧទាហរណ៍ពីរមកបញ្ជាក់ថានៅពេលដែលកម្ពុជាទោរទន់ទៅនឹង ស.រ.អា ក្នុងទសវត្សរ៍១៩៧០ កម្ពុជារងគ្រោះដោយអន្តរាយប្រទេសរបស់ខ្លួន ហើយ ក្រោយមកពេលកម្ពុជាទោរទន់ទៅរកប្រទេសចិនក៏បានធ្វើឲ្យមានសង្គ្រាមកាប់សម្លាប់ ពលរដ្ឋខ្មែររាប់លាននាក់ ហើយទាញប្រទេសខ្មែរឲ្យធ្លាក់ទៅក្នុងរបបកុម្មុយនីស្ត។
«សូម្បីរាល់ថ្ងៃនៅពេលដែលរដ្ឋាភិបាលយើងចាប់ផ្តើមបង្ហាញពីជំហរទៅលើចិននេះ ពលរដ្ឋចាប់ផ្តើមព្រួយបារម្ភគ្រប់គ្នាហើយ ព្រួយបារម្ភអំពីរឿងខ្លាចរដ្ឋាភិបាលហ្នឹង នាំយើងចូលទៅក្រហម បានន័យថានាំយើងចូលទៅក្នុងបក្សកុម្មុយនីស្តឬក៏ដើរទៅ រកលទ្ធិផ្តាច់ការ»។
ប្រទេសអាស៊ានទាំង១០ កំពុងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ដែលមានស្រាប់ ទោះជាភាគីចិនត្រូវគេចោទប្រកាន់ថា មិនបានគោរពតាមជាអចិន្ត្រៃយ៍ក្តី។ ប្រទេសដែលមានការទាមទារកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូង គឺហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងដែនដីតៃវ៉ាន់។ ទោះជាមានជម្លោះយ៉ាងណាក្តី តែអ្នកតាមឃ្លាំមើលស្ថានការណ៍តំបន់បាននិយាយថានៅ សមុទ្រចិនខាងត្បូងមិនមែនមានតែបញ្ហាជម្លោះនៃការទាមទារកម្មសិទ្ធិតែមួយ មុខទេ។ ដែនសមុទ្រនេះនៅមានបញ្ហានៃការនេសាទខុសច្បាប់ ចោរប្លន់លើផ្ទៃ សមុទ្រ បញ្ហាបរិដ្ឋាន និងបញ្ហាផ្សេងទៀត ដែលបណ្តាប្រទេសក្នុងតំបន់ត្រូវការសហការគ្នា ដោះស្រាយមុនពេលដែលក្រមប្រតិបត្តិស៊ីអូស៊ីត្រូវគេតាក់តែងនៅបន្ទាប់ ពីគ្រោងឆ្អឹងនៃសេចក្កីព្រាងក្រមប្រតិបត្តិស៊ីអូស៊ីកើតឡើងនៅឆ្នាំនេះ។គ្រោងឆ្អឹងនៃសេចក្តីព្រាងក្រមប្រតិបត្តិស៊ីអូស៊ី នេះទំនងជាត្រូវដាក់ជូនថ្នាក់ដឹកនាំប្រទេសនិង ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៥០ ក្នុង ប្រទេសហ្វីលីពីន៕