លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនដោយចំហ និងសម្ងាត់នៅក្នុងការរកច្រកចេញក្នុងទំនាស់ស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយបានច្រានចោលការចោទប្រកាន់ដែលថាកម្ពុជា បានធ្វើឲ្យមានការរាំងស្ទះនៅក្នុងការចេញសេចក្តីការណ៍រួមរបស់អាស៊ានចំពោះទំនាស់ដ៏ស្រួចស្រាល់នេះ។
លោក ប្រាក់ សុខុនបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្តីការក្រសួងបរទេសនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ ថា កម្ពុជាបានរក្សាការពារនូវជំហរ ត្រឹមត្រូវរបស់ខ្លួន ដែលថាមិនកាន់ជើងភាគីណាមួយដែលកំពុងមានទំនាស់ក្នុងសមុទ្រចិនខាងត្បូងជាពិសេស គឺទំនាស់រវាងចិន និងប្រទេសហ្វីលីពីន។
«តើកម្ពុជាបានធ្វើអ្វីនៅក្នុងរឿងហ្នឹង? ទីមួយ បានរក្សាការពារនូវជំហរ ត្រឹមត្រូវរបស់ខ្លួន ដែលថា មិនកាន់ជើងខាងណា ហើយពិសេសបានរួមចំណែក ដ៏សំខាន់ នៅក្នុងការបញ្ចៀស សភាពការណ៍នៅសមុទ្រចិនខាងត្បូងនេះ កុំឲ្យធ្លាក់ទៅក្នុងភាពដុនដាបជាងនេះ តាមរយៈការសម្រុះសម្រួលភាគីដែលពាក់ព័ន្ធទាំងអស់នោះ»។
លោកបន្តថា ប្រទេសហ្វីលីពីន បានយល់ព្រមជាឯកតោភាគីថា ខ្លួនមិនបញ្ចូល ពាក្យមួយឃ្លាដែលសរសេរថា «គោរពដោយពេញលេញនូវដំណើរការផ្លូវច្បាប់ និងការទូត» ដែលសំដៅដល់សាលដីកាចេញដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី ១២ ខែកក្កដា ទៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសជាសមាជិកអាស៊ាន។ សេចក្តីថ្លែងការណ៍រួមនេះបានចេញនៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃអាទិត្យទី២៤ ខែកក្កដានេះ។
លោកអះអាងថា ការដកពាក្យមួយឃ្លានេះចេញ បានទម្លុះទម្លាយភាពទ័លច្រករវាងភាគីពាក់ព័ន្ធនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូងនេះ។
កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ប្រទេសចិន ដែលជាអ្នកផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងយោធា និងជាប្រទេសវិនិយោគដ៏ធំមួយនៅប្រទេសកម្ពុជា បានកោតសរសើរដល់ជំហរអនុប្បវាទរបស់កម្ពុជា ចំពោះសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលកាត់សេចក្តីឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសនេះ។
ការកោតសរសើរនេះ ត្រូវបានធ្វើឡើងដោយ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនក្នុងជំនួបទ្វេភាគីក្រៅផ្លូវការរវាងលោក និងរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន ខណៈដែលពួកគេចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវកាលពីពេលថ្មីៗនេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះ គឺជាជំនួបផ្លូវការដំបូងបង្អស់មួយ គិតចាប់តាំងពីតុលាការអាជ្ញាកណ្តាលអន្តរជាតិទីក្រុងឡាអេចេញសាលដីការបស់ខ្លួន។
នៅមុនការកោតសរសើររបស់លោក Wang Yi លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីពាក់កណ្តាលខែកក្កដាថា ប្រទេសចិនបានសន្យានឹងផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់គាំទ្រវិស័យជាច្រើននៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ។
ការប្រកាសផ្តល់ជំនួយរបស់ចិនចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨នេះធ្វើឡើងគឺបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ (The Hague) ចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីទាក់ទងនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹង។ តុលាការបានចាត់ទុកថា ចិនគ្មានសិទ្ធស្របច្បាប់ចំពោះអំណះអំណាងទាក់ទងនឹងភស្តុតាងប្រវត្តិសាស្ត្រនោះទេ។ តែចិនក៏មិនទទួលស្គាល់សាលដីការបស់តុលាការដែរ។
ថ្វីដិ្បតតែលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានការពារអព្យាក្រិតភាពរបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកម្ពុជាមិនមែនជាភាគីពាក់ព័ន្ធនឹងជម្លោះនេះក្តី លោក ឈាង វណ្ណារិទ្ធ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ វីអូអេ នាល្ងាចថ្ងៃសុក្រនេះថា កម្ពុជាពិបាកនឹងប្រកាន់ជំហរឯករាជ្យរបស់ខ្លួនឲ្យស្ថិតនៅកណ្តាលបានពេញលេញនៅក្នុងជម្លោះនេះ ដោយសារតែកម្ពុជាបានពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ច និងជំនួយរបស់ប្រទេសចិន។
លោកថា កម្ពុជាត្រូវកាត់បន្ថយការផ្តេកផ្តួលរបស់ខ្លួនទៅលើដង្ហើមសេដ្ឋកិច្ចចិន ប្រយោជន៍រក្សាអព្យាក្រិតភាពរបស់ខ្លួននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលចិនមានជាមួយប្រទេសសមាជិកក្នុងតំបន់អាស៊ានមួយចំនួន។
«វិធីសាស្ត្រដែលអាចជំរុញឲ្យយើងមានហៅថា ភាពអព្យាក្រិតដ៏ឥតលំអៀងនោះ ទាល់តែយើងមានដៃគូពាណិជ្ជកម្មឲ្យបានច្រើន ដៃគូសេដ្ឋកិច្ចឲ្យច្រើន ហើយបើយើងពឹងតែដៃគូសេដ្ឋកិច្ចលើចិនខ្លាំងពេក យើងពិបាកនឹងមានហៅថា ឯករាជ្យភាព ប្រាកដប្រជាមួយ»។
ការថ្លែងបញ្ជាក់ជំហរកម្ពុជាក្នុងទំនាស់សមុទ្រចិនខាងត្បូងដោយលោកប្រាក់ សុខុនបានកើតមានឡើង នៅចំពេលដែលលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បានវិលត្រឡប់មកពីប្រទេសចិនវិញ នាថ្ងៃសុក្រនេះដែរ បន្ទាប់ពីលោក បានទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយសភានារសៀលថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្នុងដំណើររបស់លោកទៅកាន់ ប្រទេសចិន លោកហេង សំរិន បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង ទីក្រុងណាននីង និងខេត្តក្វាងស៊ី ជាទីដែលលោក បានជួបពិភាក្សាជាមួយលោក អ៊ី ចឹងសឹង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយតំណាងប្រជាជនចិនទូទាំងប្រទេស លោក ចាង តឺជាំង ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស លោក លី យៀនឆាវ អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ផឹង ឈីងហូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភាប្រជាជនខេត្តក្វាងស៊ី។
លោក ហេង សំរិន បានប្រាប់ភាគីចិន នូវគោលជំហរឥតងាករេរបស់កម្ពុជា ក្នុងការទទួលស្គាល់ប្រទេសចិនតែមួយតាំងពីដើមរៀងមក។
ទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង លោក ហេង សំរិន បានគាំទ្រពេញទំហឹង ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាមិនគាំទ្រ និងប្រឆាំង ចំពោះសេចក្តីថ្លែងការណ៍ណាមួយរបស់អាស៊ាន ដែលគំាទ្រ សាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិទីក្រុងឡាអេ ហើយចាត់ទុកថា ជាបញ្ហាដែលត្រូវដោះស្រាយរវាងភាគីពាក់ព័ន្ធតែប៉ុណ្ណោះ និងសំណូមពរឲ្យភាគីពាក់ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រើប្រាស់យន្តការនៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង(DOC) និងជំរុញការចរចា ដើម្បីធ្វើឲ្យសម្រេចបាននូវក្រមប្រតិបត្តិ (COC)។
ក្រៅពីការលើកឡើងអំពីជំហរកម្ពុជា ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូងនេះ លោកហេង សំរិន បានស្នើទៅសមភាគីចិនឲ្យគាំទ្រសំណើរបស់រដ្ឋសភាដែលបានសុំឲ្យភាគីចិនជួយសាងសង់អគាររដ្ឋបាលរដ្ឋសភាមានកម្ពស់១២ជាន់។ សភាតំណាងប្រជាជនចិនទូទាំងប្រទេស បានសន្យានឹងពាំនាំសំណើនេះទៅរដ្ឋាភិបាលចិន និងក្រសួងពាក់ព័ន្ធ៕