«ពុកម៉ែបងប្អូនទាំងអស់គ្នា ឆាប់ក្រោកឡើងចេញទៅក្រៅវិញទៅ... ទៅ! ប៉ា.... ប៉ា.... ប៉ា....ប៉ា មកវិញមក»។ នេះជាសម្រែករបស់ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលស្រែកហៅឪពុករបស់ខ្លួនដែលកំពុងត្រូវបានខ្មែរក្រហមបណ្ដើរយកទៅសម្លាប់ក្នុងឈុតមួយនៃខ្សែភាពយន្តថ្មីរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃសៅរ៍ជាលើកដំបូងនៅខេត្តសៀមរាប។
ក្រោយការបញ្ចាំងបានបញ្ចប់ និស្សិតសាកលវិទ្យាល័យUniversity of South East Asiaក្នុងខេត្តសៀមរាប កញ្ញា លួន ពន្លឺ សង្ឃឹមថា ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ នឹងជួយឲ្យយុវជនដឹងពីផលលំបាកនៃសង្គ្រាម និងចងចាំអតីតកាលដ៏ជូរចត់ ដើម្បីជៀសវាងមិនឲ្យអតីតកាលដ៏រន្ធត់ និងខ្មៅងងឹតនោះត្រឡប់មកវិញ។
«រឿងហ្នឹងគឺល្អមែនទែន។ ខ្ញុំមើលហើយរំជួលចិត្ត។ អញ្ចឹងសង្ឃឹមថាពេលដែលក្មេងៗបានមើលរឿងហ្នឹងហើយ សង្ឃឹមថាគាត់អាចជួយធ្វើយ៉ាងម៉េចឲ្យប្រទេសរបស់យើងរីកចម្រើនទៅមុខ មិនឲ្យជួបរឿងបែបហ្នឹងតទៅទៀត»។
«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាខ្សែភាពយន្តដែលបានប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់លោកស្រី អ៊ឹង លឿង ជាអ្នកនិពន្ធសៀវភៅដែលបានរៀបរាប់ពីដំណើរជីវិតពិតដ៏ឈឺចាប់របស់លោកស្រីក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកស្រី អ៊ឹង លឿង ដែលទើបមានអាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ត្រូវនិរាសព្រាត់ប្រាស់ពីសាច់ញាតិ។ ដំបូងបង្អស់ លោកស្រីបានបាត់បង់ឪពុក ក្រោយមកបានបាត់បង់ម្ដាយ និងបងប្អូនសាច់ញាតិផ្សេងទៀតជាបន្តបន្ទាប់។
លោកស្រី Angelina Jolie ដែលជាតារាហូលីវូដដ៏ល្បីល្បាញ បានដឹកនាំផលិតរឿងនេះឲ្យទៅជាខ្សែភាពយន្តហូលីវូដ និងបានចាក់បញ្ចាំងជាលើកដំបូងនៅព្រះលានជល់ដំរីក្នុងទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង១.០០០នាក់។
ក្នុងពេលកំពុងទស្សនាខ្សែភាពយន្តដែលបង្ហាញពីអតីតកាលដ៏ជូរចត់ក្នុងរបបខ្មែរក្រហម ប្រជាពលរដ្ឋមួយចំនួនជាពិសេសស្ត្រី បានបង្ហូរទឹកភ្នែក និងក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។
អ្នកស្រី តាន់ សូរើយ ជាពលរដ្ឋរស់នៅខេត្តសៀមរាប លើកឡើងថា ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីស្ថានភាពពិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលអ្នកស្រីធ្លាប់បានឆ្លងកាត់អស់រយៈពេលជាង៣ឆ្នាំ។
«រឿងនេះល្អ មានតម្លៃសម្រាប់ប្រទេសយើងច្រើនណាស់ ឲ្យគេដឹងថាខ្មែរយើងមានការលំបាក ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមមក យើងបាក់បែកគ្នា យើងទាស់ទែងគ្នា។ ធ្វើឲ្យបរទេសចេះតែលូកដៃចូលមក ធ្វើឲ្យយើងទទួលឥទ្ធិពលពីការលូកដៃមក ធ្វើឲ្យខ្មែរយើងវិនាសព្រាត់ប្រាស់គ្នា»។
ស្ត្រីវ័យជិត៧០ឆ្នាំរូបនេះបន្ថែមថា តាមរយៈខ្សែភាពយន្តនេះ អ្នកស្រីរំពឹងថាប្រទេសផ្សេងៗលើពិភពលោក នឹងស្គាល់កម្ពុជាបានកាន់តែច្បាស់ ព្រមទាំងរំពឹងថាពួកគេអាចជួយកម្ពុជាដែលជាប្រទេសទើបងើបពីសង្គ្រាមដ៏ខ្មៅងងឹតនេះ បានកាន់តែច្រើន។
ចំណែកយុវសិស្ស ហេង ស៊ីថា យល់ថា ខ្សែភាពយន្តនេះនឹងជួយឲ្យពិភពលោកបានដឹងកាន់តែច្បាស់ពីការពិតដែលប្រជាជនកម្ពុជាឆ្លងកាត់ក្នុងរបបដ៏ជូរចត់ ដែលត្រូវបានគេស្គាល់ថារបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។
«ខ្ញុំយល់ថាក្នុងសម័យនោះពិតជាខ្មៅងងឹតដូចម៉ាក់ គាត់ធ្លាប់និយាយប្រាប់។ ហើយខ្ញុំមានអារម្មណ៍ថាពិតជាខ្លោចផ្សា ដែលសម័យនោះបានកើតឡើងក្នុងប្រទេសកម្ពុជា ហើយសម្រាប់ខ្ញុំអត់ចង់ឲ្យព្រឹត្តិការណ៍ហ្នឹងកើតឡើងម្ដងទៀតទេ»។
លោកស្រី Angelina Jolie ដែលមានកូនប្រុសចិញ្ចឹមម្នាក់ជាជនជាតិខ្មែរផងនោះ បានថ្លែងក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នៅល្ងាចថ្ងៃសៅរ៍ ថា លោកស្រីផលិត និងដាក់បញ្ចាំងខ្សែភាពយន្តនេះជាលើកដំបូងលើទឹកដីអង្គរ គឺដើម្បីជាការអរគុណដល់ប្រទេសកម្ពុជាដែលបានផ្ដល់ជីវិតថ្មីដល់លោកស្រី និងបានធ្វើឲ្យលោកស្រីក្លាយទៅជាម្ដាយដ៏ល្អម្នាក់។
តារាហូលីវូដដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រកាលពីជាង១០ឆ្នាំមុនរូបនេះបញ្ជាក់ថា៖
«ខ្សែភាពយន្តនេះមិនមែនផលិតឡើងដោយផ្ដោតលើសង្គ្រាមក្នុងពេលអតីតកាលនោះទេ ប៉ុន្តែវាជាការរំឮកឡើងវិញពីការតស៊ូ និងការប្រឹងប្រែង រួមទាំងទេពកោសល្យសម្ដែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសទៅទៀត ខ្សែភាពយន្តនេះគឺជាការបង្ហាញពីការអរគុណរបស់ខ្ញុំទៅកាន់កម្ពុជា។ ប្រសិនបើគ្មានកម្ពុជា ខ្ញុំប្រហែលជាមិនអាចក្លាយជាម្ដាយម្នាក់បានទេ។ កម្ពុជាជាផ្នែកមួយនៃបេះដូងរបស់ខ្ញុំ ហើយបេះដូងរបស់ខ្ញុំនឹងតែងតែនៅក្នុងប្រទេសកម្ពុជាជានិច្ច»។
បន្ទាប់ពីការដាក់បញ្ចាំងក្នុងខេត្តសៀមរាប ភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២១ ខែកុម្ភៈ និងនៅសួនច្បារនាគបាញ់ទឹកក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ហើយនិងចេញផ្សាយនៅលើគេហទំព័របញ្ចាំងខ្សែភាពយន្តដ៏ល្បីល្បាញឈ្មោះថា Netflix នៅខែកញ្ញា ឆ្នាំ២០១៧នេះ។
កញ្ញា លួន ពន្លឺ រំពឹងថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នឹងបានទស្សនាខ្សែភាពយន្តដ៏ល្អនេះគ្រប់គ្នា។
កញ្ញាបញ្ជាក់ថា៖«បើសិនជាយើងយករឿងហ្នឹងទៅផ្សាយនៅខាងក្រៅឲ្យគេឃើញ គេនឹងស្គាល់ខ្មែរយើងកាន់តែច្បាស់។ បន្ទាប់ពីគាត់យកទៅផ្សាយនៅខាងក្រៅហើយ ចង់ឲ្យគាត់យកត្រឡប់មកស្រុកខ្មែរវិញជាសាធារណៈ មិនថាគិតជាសំបុត្រ ឬក៏អត់ក៏ដោយ ដើម្បីឲ្យប្រជាជនបានមើលទាំងអស់គ្នា»។
ប្រជាពលរដ្ឋកម្ពុជាដែលVOA បានសម្ភាសន៍និយាយថា ពួកគេសង្ឃឹមថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យអន្តរជាតិស្គាល់កម្ពុជាបានកាន់តែច្រើន៕
ខាងក្រោមនេះជាទិដ្ឋភាពក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងមុនការដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»