នៅថ្ងៃចុងក្រោយនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មនុស្សម្នាបានមកដើរកំសាន្តនៅផ្សារទំនើបអ៊ីអនដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ នៅកណ្តាលរាជធានីភ្នំពេញ។
នៅរោងកុនមួយក្នុងផ្សារទំនើបនេះ កំពុងចាក់បញ្ចាំងរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរក្រហមមួយច្រើនវេនតៗគ្នា។ នោះគឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាភាពយន្តហូលីវូដជាភាសាខ្មែរទាំងស្រុង ដឹកនាំដោយ តារាហូលីវូដ លោកស្រី អេនជីឡេណា ជូលី (Angelina Jolie) និងផលិតករខ្មែរដ៏ល្បី លោក ប៉ាន់ ឬទ្ធី។ រឿងនេះផ្អែកតាមរឿងពិតពីសៀវភៅជីវប្រវត្តិរបស់ អ្នកស្រី អ៊ឹង លួង តាមរយៈការរៀបរាប់នៃការចងចាំរបស់អ្នកស្រី កាលពីវ័យកុមារ រស់នៅឆ្លងកាត់របបនោះ។
ជារឿយៗនៅ រោងភាពយន្តទំនើបមួយនេះ គេឃើញសុទ្ធតែជាក្រុមយុវជន ដែលជាមិត្តភក្តិ និងគូសង្សារ ហើយនិយមមើលរឿងបរទេស ដូចជារឿងស្នេហា រឿងខ្មោច រឿងកំប្លែងជាដើម ក៏ប៉ុន្តែក្នុងអំឡុងពេលដែលរោងភាពយន្តចាក់បញ្ចាំងរឿងមួយនេះ គឺពោរពេញទៅដោយក្រុមមនុស្សគ្រប់វ័យ ជាពិសេសជាលក្ខណៈគ្រួសារ។
អ្នកដែលទស្សនារឿងនេះ ជាពិសេស អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានមើលឃើញថារឿងនេះជា ឱកាសក្រើនយុវជនជំនាន់នេះឲ្យយល់ស៊ីជម្រៅលើប្រវត្តិគ្រួសារខ្លួន បន្ថែមលើការមើលរឿងកុន។
អ្នកស្រី ព្រាប លីណា ដើរចេញពីរោងកុនជាមួយសមាជិកគ្រួសារ១០ នាក់ ដែលជាកូនៗ និងក្មួយៗរបស់អ្នកស្រី។ ទោះជាអ្នកស្រីនៅមានការចងចាំតិចតួចដោយសារ ពេលនោះអ្នកស្រីអាយុប្រមាណ ៣ ឆ្នាំ ក៏ដោយ អ្នកចាស់ទុំដែលនៅរស់រានមានជីវិតបានរៀបរាប់ដំណាលរឿងក្រុមគ្រួសាររបស់អ្នកស្រីឲ្យអ្នកស្រីស្វែងយល់។ ជាកុសល អ្នកស្រីពុំមានការបាត់បង់បងប្អូនបង្កើតនោះទេ។ តែយ៉ាងណាក៏ដោយ រឿងនេះធ្វើឲ្យអ្នកស្រីនឹកឃើញដល់បទពិសោធន៍របស់ក្រុមគ្រួសារអ្នកស្រីដែលធ្លាប់ឆ្លងកាត់របបវាលពិឃាតមួយនេះ។
អ្នកស្រី លីណា ដែលមានវ័យប្រមាណ ៤០ ឆ្នាំនិយាយថា៖
«មកពីចង់រំឭកថា កាលពីកូនខ្មែរដូចបងនៅតូចៗអញ្ចឹង អាចជួបនឹងហេតុការណ៍ដែលក្មេងជំនាន់ឥឡូវអត់គិតថា រឿងហ្នឹងអាចកើតឡើងទេ។ អញ្ចឹងឲ្យក្មួយៗ ក្មេងៗជំនាន់ក្រោយដឹង កាលមីងនៅក្មេងៗ ត្រូវឆ្លងកាត់ការលំបាកហ្នឹង វេទនាខ្លាំង។ សំខាន់គេចង់និយាយថា ស្តាប់ឮ អត់ដូចបានឆ្លងកាត់ទេ»។
អ្នកស្រីក្រឡេក មើលកូនស្រី និងក្មួយៗរបស់គាត់ ហើយការសន្ទនាអំពីរឿងប្រវត្តិសាស្ត្រនេះចាប់ផ្តើមឡើង នៅក្រៅសាលនៃរោងកុន។
កូនស្រីរបស់អ្នកស្រី គឺកញ្ញា រ៉ាត់ បញ្ញានីតា ដែលមានវ័យជំទង់ បាននិយាយថា ម្តាយរបស់នាង មិនចង់ឲ្យនាងមានការទំរើស ហើយចង់ឲ្យនាង ចេះតស៊ូក្នុងការរស់នៅ ដូចអ្វីដែលម្តាយនាង និងប្រជាពលរដ្ឋខ្មែរដទៃទៀតធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម។
នាងបង្ហាញអារម្មណ៍ក្តុកក្តួល ត្រង់ឈុតដែលកម្មាភិបាលខ្មែរក្រហមបានបំបែកឪពុករបស់ក្មេងស្រី អ៊ឹង លួង ចេញពីគ្រួសារ។
កញ្ញានីតា និយាយថាប្រាប់ VOA យ៉ាងដូច្នេះថា៖
«ព្រោះមើលទៅ យើងក៏ស្រឡាញ់ប៉ា គេក៏ស្រឡាញ់ប៉ាដូចគ្នា អញ្ចឹងក្នុងហ្នឹង យើង មានអារម្មណ៍ម៉េច បើសិនជាប៉ាយើងត្រូវទៅអញ្ចឹង»។
លោក រ៉ាដា រិទ្ធីវុឌ្ឍណ៍ ដែលជាជីដូនមួយរបស់នីតា ដែលមានវ័យប្រហែលគ្នា បានបន្ថែមថា៖
«ដោយសារតែពួកខ្ញុំក្មេង ពួកខ្ញុំកើតអត់ទាន់ ដូច្នេះពេលដែលខ្ញុំមើលទៅអាហ្នឹង ពួកខ្ញុំអាចយល់ច្រើនជាងអី ដែលគ្រាន់តែស្តាប់ឮ»។
នៅក្នុងគ្រួសារនេះ ការពិភាក្សាអំពីបទពិសោធន៍ឆ្លងកាត់សម័យកម្ពុជាប្រជាធិបតេយ្យ ជារឿយៗ ត្រូវបានលើកយកមកនិយាយ នេះបើតាមការសន្ទនាគ្នារវាងសមាជិកគ្រួសារមួយនេះ។
យ៉ាងហោចណាស់មានពលរដ្ឋកម្ពុជាប្រមាណ ១,៧ លាននាក់ ឬ១ក្នុងចំណោម៤នាក់ ស្លាប់នៅសម័យខ្មែរក្រហមដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩។
នៅខាងក្រៅសាលនៃរោងភាពយន្តមួយទៀត នៅក្នុងតំបន់ទួលគោក លោក ញ៉េប ងីវ៉េង មានវ័យ ៦២ឆ្នាំ កំពុងអង្គុយសម្រាកលេងលើសាឡុងពូកមួយជាមួយក្រុមគ្រួសារ។ អង្គុយក្បែរប្រពន្ធ និងកូនប្រុស២ រូប លោក បានប្រាប់ VOA ថា រឿងនេះផ្តល់ការចងចាំរួមរបស់ប្រជាជនខ្មែរ។
ចំពោះលោកផ្ទាល់ រឿងនេះបានរំលឹកលោក អំពីសន្ទនារវាងលោកនិងម្តាយរបស់លោក ដែលលោក ងី វ៉េង និយាយថា ពេលនោះ លោក ពុំជឿ និងពុំបានស្វែងយល់អំពីអត្ថន័យរបស់វា។ លោកថា សន្ទនាស្រដៀងគ្នាដដែលនេះ បានកើតមានរវាងលោក ជាមួយនឹង កូនរបស់លោកដែរ ដែលលោកហៅថា ដូចជា ការ «វិលឡើងវិញម្តងទៀតនៃប្រវត្តិសាស្ត្រ»។
«មានអារម្មណ៍ថា ចេះតែនឹកឃើញថាខ្មែរយើងមិនគួរដល់ថ្នាក់ប៉ុណ្ណឹងណា។ មិននឹកស្មានថាមានភាពសម្បូរសប្បាយហើយ ស្រាប់តែទៅជាអញ្ចឹងទៅកើត។ ខ្ញុំចេះតែខ្លាចអញ្ចឹង។ កាលពីម្តាយខ្ញុំនិយាយរឿងជំនាន់ឥស្សរៈ ខ្ញុំក៏មិនសូវជឿគាត់ដែរ។ ដូចគាត់ថាបាយជាប់កន្ទុយឆ្កែ រត់តាមបេះមកវិញ។ ខ្ញុំអត់សូវជឿគាត់ទេ។ ព្រោះគាត់តាំងពីជំនាន់សង្គ្រាមលោកលើកទី២នោះ ខ្ញុំមិនសូវជឿគាត់ទេ។ ដល់ជំនាន់ខ្ញុំ មានអញ្ចឹងមែន។ រួចដល់ជំនាន់កូនខ្ញុំ វាក៏មិនសូវជឿដែរ»។
លោកយល់ឃើញថា ក្មេងជំនាន់នេះគួរយកចិត្តទុកដាក់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្ថានការណ៍បន់បែនរបស់វា។
អ្នកស្រី ស៊ុយ ស៊ីវទីង វ័យ ៥៨ ឆ្នាំ ដើរកាន់ដៃគ្នាជាមួយកូនប្រុស មកអង្គុយលើសាឡុងក្បែរនោះ។ អ្នកស្រីលើកឡើងថា ភាពយន្តមួយនេះបញ្ចាំងចំរដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាគ្រួសារអ្នកស្រីតែងតែជួបជុំនៅស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយជជែកគ្នាបង្ហាញសេចក្តីនឹករលឹកទៅម្តាយឪពុកនិងជីដូនជីតាដែលបានចែកឋានទៅនៅក្នុងសម័យសង្គ្រាម។
«រឿងអស់នេះសុទ្ធតែនិយាយមកហើយ។ កាលភ្ជុំ ទៅជុំគ្នានៅស្រុកហ្នឹងក៏យើងបានលើកវាមកនិយាយថ្មីៗនឹងទៀត ពេលជួបជុំបងប្អូននៅស្រុក យើងនាំគ្នារំឭកអំពីរឿងកាលពីជំនាន់ប៉ុលពតនិងកាលពីដាច់ពីប៉ុលពត»។
និយាយបណ្តើរអង្អែលដៃខ្លួនឯងបណ្តើរ អ្នកស្រីប្រាប់ថាខ្សែភាពយន្តខ្នាតធំមួយនេះ បានធ្វើឲ្យអ្នកស្រីមានអារម្មណ៍ព្រឺសម្បុរ។ អ្នកស្រីស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវ បានបណ្តេញចេញពីរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ១៩៧៥ នោះ។
«ដែលចងចាំគឺពេលដែលគេដេញចេញពីភ្នំពេញ។ ខ្លួនខ្ញុំនឹកពេលចេញទៅគឺអត់មានយកអីទេ ខ្ញុំយកតែសៀវភៅទៅទេ។ ជំនាន់ហ្នឹងខ្ញុំទើបតែជាង ១០ឆ្នាំ។ មើលបណ្តើរខ្ញុំប្រាប់កូនខ្ញុំបណ្តើរថាម៉ាក់ដូចគ្នាអញ្ចឹង ចេញទៅយកតែសៀវភៅ ព្រោះខ្លាចត្រឡប់មកវិញរៀនអត់ទាន់គេ។ ដល់ពេលហើយអត់បានមកវិញទៅ យកបោះចោលអស់ទៅ»។
នៅមុខសាលនៃរោងភាពយន្តដដែល យុវជន ឡាយ ម៉ាឬទ្ធី អាយុ ១៦ ឆ្នាំ ជាសិស្សវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានមកមើលរឿងនេះជាមួយមិត្តរួមថ្នាក់។ ពួកគេចង់ដឹងអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហមបន្ថែមពីអ្វីដែលពួកគេធ្លាប់រៀននៅក្នុងថ្នាក់។
រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានធ្វើឲ្យយុវជន ម៉ា ឬទ្ធី មើលឃើញពីអ្វីដែលកើតចំពោះប្រជាជនកម្ពុជា នាសម័យនោះ។
«ខ្មែរជំនាន់ហ្នឹង រាងពិបាកដែរ គេធ្វើបាប គេធ្វើទារុណកម្ម ធ្វើស្រែចម្ការ កម្ទេចវត្តអារាមចោល ទៅធ្វើស្រែចម្ការទាំងអស់»។
មិត្តភក្តិម្នាក់ទៀតរបស់ឬទ្ធី ដែលមានអាយុស្របាលគ្នា គឺយុវជន សឹង ចន្ត្រា បានរៀបរាប់អំពីអ្វីដែលខ្លួនមិននឹកស្មានថា បានកើតមានឡើងនៅសម័យខ្មែរក្រហម។
«វាមិនអាចមានប៉ូលីស [កម្មាភិបាលខ្មែរក្រហម] មកចាប់ប្រជាជន ហើយនិងកាប់សម្លាប់ប្រជាជនពេញហ្នឹង»។
មិនមែនគ្រប់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម សុទ្ធតែបានជាសះស្បើយផ្នែកផ្លូវចិត្ត និងនិយាយដោយបើកជំហ ពីបទពិសោធឆ្លងកាត់របបនេះឡើយ។
ជាក់ស្តែង កញ្ញា ចាន់ លីដា ដែលមានវ័យ ២៨ឆ្នាំ ជាអ្នកធ្វើការផ្សព្វផ្សាយទីផ្សារអនឡាញម្នាក់បាននិយាយថា ឪពុកម្តាយរបស់នាង បានបដិសេធមកមើលរឿងនេះតាមការអញ្ជើញរបស់នាង។
«ធ្លាប់សួរដែរ គាត់ថាគាត់ខ្ជិលមកមើលណាស់ ប្រហែលគាត់ខ្ជិលនឹកឃើញរឿងដើម។ កាលពីមុនធ្លាប់ឮម៉ាក់និយាយដែរ ព្រោះពួកគាត់ធ្លាប់ឆ្លងកាត់ មកមើលទៅឃើញចូល [ត្រូវសាច់រឿង] ច្រើន។ ខ្ញុំគិតថាប្រសិនបើខ្ញុំនៅជំនាន់នោះបែបអត់រស់ទេ មើលទៅ។ ព្រោះមើលទៅវាដូចជាវេទនា។ យើងត្រូវធ្វើការហើយ អាហារអត់គ្រប់គ្រាន់អញ្ចឹង»។
កញ្ញា លីដា បានបន្ថែមថា ក្រោយពីមើលរឿងនេះ នាងចាប់ផ្តើមយល់អំពីភាពលំបាករបស់ ឪពុកម្តាយ ដែលចាប់ផ្តើមពីដៃទទេ ក្រោយរបបនេះ។
កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ គណកម្មាធិការជ្រើសរើសភាពយន្តសម្រាប់ពានរង្វាន់ Oscar នៅកម្ពុជាបានជ្រើសរើសរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដើម្បីដាក់ប្រកួតសម្រាប់ផ្នែកពានរង្វាន់ផលិតកម្មភាពយន្តជាភាសាបរទេសល្អបំផុត ទូទាំងសាកលលោក។
កន្លងមកទូរទស្សន៍ខ្មែរបានចាក់បញ្ចាំងភាពយន្តនានាអំពីសម័យខ្មែរក្រហម ទាំងផលិតកម្មខ្មែរនិងផលិតកម្មបរទេស ដែលជាឱកាសឲ្យក្រុមគ្រួសារខ្មែររំឭកឡើងវិញនិងចែករំលែករឿងរ៉ាវរបស់ខ្លួនក្នុងគ្រួសារ៕