ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Netanyahu ជួប​ជា​មួយ​លោក​​ Biden នៅ​ខាងក្រៅ​មហាសន្និបាត​អ.ស.ប. ក្រោយ​ការពន្យារ​ពេល​ជាយូរ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu នៅ​ពេល​ដែល​ពួកគេ​ជួប​គ្នា​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៨ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu នៅ​ពេល​ដែល​ពួកគេ​ជួប​គ្នា​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៨ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣។

ប្រធានាធិបតីសហរដ្ឋ​អាមេរិកលោក​Joe Biden ជួបជា​មួយនាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​លោក​Benjamin ​Netanyahu នៅបូរី New York កាល​ពី​ថ្ងៃ​ពុធដើម្បី​ពិភាក្សា​គ្នាអំពី​ការពង្រីកការ​តាំងលំនៅដ្ឋាន​របស់អ៊ីស្រាអែល​ក្នុង​តំបន់ West Bank ដែល​អ៊ីស្រាអែល​កាន់កាប់​និងអំពី​ការប៉ុនប៉ង​សើរើ​ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​អ៊ីស្រាអែល​ ដែល​ពួក​អ្នករិះគន់​និយាយ​ថា​គំរាមកំហែង​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ។

តាមធម្មតា​ ពួក​មេដឹកនាំ​អ៊ីស្រាអែល​ត្រូវ​បានអញ្ជើញ​ឲ្យ​មកសេតវិមាន​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្តាហ៍ក្រោយ​ចូល​កាន់​តំណែង តែ​លោក Biden ​ទើប​តែ​បាន​ជួបទ្វេភាគី​លើក​ទីមួយ​ជា​មួយ​លោក Netanyahu ​នៅពេល​៩ខែ​ក្រោយ​នាយក​រដ្ឋមន្ត្រីរូប​នេះ​បង្កើត​រដ្ឋាភិបាលស្តាំ​ជ្រុល​របស់​លោក។ ការប្រព្រឹត្តិ​របស់រដ្ឋាភិបាល​ប្រកាន់​នយោបាយតឹង​រ៉ឹង​របស់លោក Netanyahu លើ​ជនជាតិ​ប៉ាឡេស្ទីន​និង​ការ​ប្រឹងប្រែងបន្ថយ​អំណាចតុលាការ​ត្រូវបានយល់ឃើញថា​ជា​ហេតុផល​ឱ្យលោក Biden ​ពន្យារ​ពេល​ជំនួប​នេះ។

ដោយនិយាយយោង​ដល់​ទំនាក់ទំនង​បួនទសវត្សរ៍​របស់លោកជា​មួយ​លោក Biden លោក ​Netanyahu ​បានថ្លែង​ថា​«មិត្តភាព​របស់​យើងមាន​យូរយា​មក​ហើយ​ហើយ​អាចមានយូរ​តទៅទៀត‍»។

ឥស្សរជន​ទាំង​ពីរនាក់នេះបានពិភាក្សា​គ្នា​អំពីលទ្ធភាព​នៃការធ្វើឱ្យ​ទំនាក់ទំនង​រវាងអ៊ីស្រាអែល​និង​អារ៉ាប៊ី សាអ៊ូឌីតមាន​ភាពធម្មតា​ប្រក្រតី​ឡើងវិញ​និង​អំពី​ការពង្រីក​កិច្ចព្រមព្រៀង​ Abraham ឆ្នាំ២០២០​នៃ​រដ្ឋបាលលោក Trump ដែល​បានសម្រួល​ឱ្យ​មាន​ចំណងទាក់ទងការទូតរវាង​អ៊ីស្រាអែលនិង​ប្រទេស​អារ៉ាប់​ជិតខាង​ គឺ​ប្រទេស​បារ៉ែន​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ ហើយបន្ទាប់មកជាមួយ​ប្រទេសម៉ារ៉ុក​និង​ស៊ូដង់។

ជាច្រើន​ខែមកហើយ រដ្ឋបាល​លោក Biden បាន​ធ្វើការចរចាដាច់ដោយឡែក​ពីគ្នា​ជា​មួយ​ពួក​អារ៉ាប៊ី សាអ៊ូឌីត​និង​អ៊ីស្រាអែលដើម្បីចាប់ផ្តើម​ការងារធ្វើឱ្យ​ទំនាក់ទំនង​គ្នាមាន​ភាពធម្មតា​ប្រក្រតី។ រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​សង្ឃឹម​ថាកិច្ចព្រមព្រៀង​មួយ​បែប​នេះ​អាច​នាំ​ឱ្យ​តំបន់មជ្ឈិមបូព៌ា​មានស្ថិរភាព​ជាងមុន​និង​ធ្វើឱ្យ​អារ៉ាប៊ី​សាអ៊ូឌីតមានភាព​ជិត​ស្និទ្ធជាងមុនជា​មួយ​សហរដ្ឋ​អាមេរិកក្នុងការប្រកួតប្រជែងជាមួយ​ប្រទេស​ចិន។​

អ៊ីស្រាអែលនឹងទទួលផល​ល្អខាង​នយោបាយ​និង​សេដ្ឋកិច្ច​ពី​ទំនាក់ទំនង​ធម្មតា​ប្រក្រតីជា​មួយប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេស​អារ៉ាប់​សំខាន់​មួយ​និង​ជា​ប្រទេស​មាន​មតិ​ខ្លាំង​ក្នុង​ពិភព​អារ៉ាប់។ កិច្ចព្រមព្រៀង​នេះអាចនាំ​ឱ្យមានការទទួលស្គាល់​ពី​ប្រទេស​ឥស្លាមធំៗ​ទៀត មានរួមប្រទេស​ឥណ្ឌូណេស៊ី​និង​ប្រទេស​ម៉ាឡេស៊ី-ដែល​ជា​ជ័យជំនះធំ​មួយរបស់លោក Netanyahu៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG