នៅក្នុងសញ្ញាមួយថាសហរដ្ឋអាមេរិកស្តាប់ពួកប្រទេសកំពុងអភិវឌ្ឍន៍នៅភាគខាងត្បូងរបស់សាកលលោក (Global South) លោកប្រធានាធិបតី Joe Biden បាននិយាយអំពីកង្វល់របស់ពួកគេ ទោះជាលោកប្រមូលការគាំទ្រអ៊ុយក្រែននៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអ.ស.ប.កាលពីថ្ងៃអង្គារក៏ដោយ។
លោក Biden បានមានប្រសាសន៍ថា៖ «រុស្ស៊ីមានជំនឿថាពិភពលោកនឹងអស់កម្លាំងពលំហើយអនុញ្ញាតឱ្យខ្លួនរំលោភអ៊ុយក្រែនដោយគ្មានផលវិបាក។ តែ ខ្ញុំសួរអស់លោក លោកស្រីថា៖ បើយើងបោះបង់ចោលគោលការណ៍ស្នូលនៃធម្មនុញ្ញអ.ស.ប. តើរដ្ឋជាសមាជិកណាមួយក្នុងអង្គការនេះមានការទុកចិត្តថាពួកគេត្រូវបានការពារឬទេ? បើយើងអនុញ្ញាតឱ្យអ៊ុយក្រែនត្រូវបែងចែក តើឯករាជ្យនៃប្រទេសជាតិណាមួយអាចត្រូវធានាបានឬទេ?»
លោក Biden បានចំណាយពេលភាគច្រើននៃសុន្ទរកថា លោកដោយលោកបានគូសបញ្ជាក់ការជឿនលឿននៅក្នុងការកាត់បន្ថយភាពក្រីក្រ ការសិក្សាអប់រំនិងការថែទាំសុខភាព នៅពេលលោកទទួលស្គាល់សេចក្តីត្រូវការឱ្យមានការជឿនលឿនតទៅទៀតនិងឱ្យមានកំណែទម្រង់ផងដែរ។ លោកបានគូសបញ្ជាក់សារៈសំខាន់នៃស្ថាប័នពហុភាគីដូចជាអ.ស.ប.ហើយលោកបានអំពាវនាវឱ្យមានការពង្រីកភាពជាមេដឹកនាំនិងសមត្ថភាពដើម្បីដោះស្រាយបញ្ហាជាឧបសគ្គសាំញ៉ាំនៃសតវត្សរ៍ទី២១។
លោក Biden បានមានប្រសាសន៍អំពីវិបត្តិធាតុអាកាស សេចក្តីត្រូវការការអភិវឌ្ឍសាកល ជម្លោះនៅប្រទេសហៃទី សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ហើយលោកបាននិយាយដោយស្រគត់ស្រគុំតែមានភាពផ្សះផ្សាអំពីការប្រកួតប្រជែងជាមួយប្រទេសចិន នៅមុនលោកបរិហាររិះគន់ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនថាជាការរំលោភលើគោលការណ៍ស្នូលនៃធម្មនុញ្ញអ.ស.ប. គឺការហាមប្រាមច្បាស់លាស់ប្រឆាំងនឹងការវាយយកដែនដីប្រទេសជាតិមួយទៀតដោយកម្លាំង៕